Thursday, July 1, 2010

ការ​ប្រគំ​តន្រ្តី​របស់​យុវ​និស្សិត​ដើម្បី​បង្ហាញ​ពី​ស្នាដៃ​បង្កើត​ដោយ​ខ្លួន​ឯង នា​ចុង​សប្តាហ៌​នេះ​!

ដោយ អ៊ូ មុំ



ទោះ​បី​ជា​មិន​ទាន់​មាន​ឱកាស​ក្នុង​ការ​ផលិត​បទ​ចំរៀង​របស់​ខ្លួន​ទៅ​ក្នុង​ថាស​ចំរៀង ក៏​ក្រុម​យុវ​និស្សិត​មួយ​ក្រុម ដែល​ស្រឡាញ់​វិស័យ​សិល្បះ​និង​ចង់​បង្កើត​ស្នាដៃ​ដោយ​ខ្លួន​ឯង​បាន​ប្រមូល​ផ្តុំ​បង្កើត​ជា​ក្រុម​ចំរៀង​ផ្ទាល់​ខ្លួន ដើម្បី​បញ្ចេញ​សមត្ថភាព​របស់​ខ្លួន​នៅ​លើវិស័យ​តែង​និពន្ធ​លេង​ឧបករណ៌​តន្រ្តី និង​ឧបករណ៌​ខ្មែរ​បុរាណ ។

បទ​ចំរៀង​ថ្មីៗ​និពន្ធ​ដោយ​ខ្លួន​ឯង ជាមួយ​នឹង​បទ​ភ្លេង​កែច្នៃ​ដែល​បន្លឺ​ឡើង​យ៉ាង​រងំ​ចេញ​ពី​ឧបករណ៌ ហ្គីតា លាយ​ឡំ​គ្នា​នឹង​ឧបករណ៌​ខ្មែរ​បុរាណ​នឹង​ត្រូវ​បាន​បង្ហាញ​នា​ល្ងាច​ថ្ងៃ​សៅរ៍​នេះ​ដោយ​និស្សិត​វ័យ​ក្មេង​ដែល​បាន​បញ្ចប់​ការ​សិក្សា និង​កំពុង​បន្ត​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​ចំនួន​៦​រូប ។

យុវ​និស្សិត​វ័យ​២០​ឆ្នាំ ឈ្មោះ “អ៊ួន បឋម” ហៅ ”សាយ” គឺ​ជា​និស្សិត​ឆ្នាំ​ទី​២ នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​និតិសាស្ត្រ និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច​បាន​ឲ្យ​ដឹង​ថា “ការ​បង្កើត​ក្រុម​តន្រ្តី​នេះ​ឡើង គឺ​ដោយ​សារ​តែ​ឧប​និស្ស័យ​របស់​ពួក​​ខ្ញុំ​ផង និង​ចង់​បង្កើត​បរិយា​កាស​សប្បាយ​នៅ​ពេល​ទំនេរ​ពី​ការ​សិក្សា​ផង ដោយ​ធ្វើ​អ្វី​ដែល​មាន​ប្រយោជន៌​ដល់​សង្គម ដូច​ជា​ការ​និពន្ធ​បទ​ភ្លេងបទ​ចំរៀង​ថ្មីៗ និង​ច្រៀង​ដោយ​ខ្លួន​ឯង​ជា​ដើម​។”

សាយ​ដែល​ជា​ប្រធាន​ក្រុម​តន្រ្តី​នេះ​មាន​ស្រុក​កំណើត​នៅ​ខេត្ត​រតនគីរី​ជាមួយ​នឹង​សមាជិក​រួម​ក្រុម​ម្នាក់​ឈ្មោះ គង់ ដែល​ជា​អ្នក​លេង​ហ្គីតា​បាស ចំណែក​ឯ​សមាជិក​៣​នាក់​ទៀត​ដែល​ជា​អ្នក​លេង​ឧបករណ៌​ភ្លេង​ខ្មែរ​​បុរាណ​គឺ​ជា​សិស្ស និង​និស្សិត​ដែល​មាន​ប្រភព​មក​ពី​សមាគម​សិល្បះ​ខ្មែរ​អមតៈ និង សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បះ និង និស្សិត​ម្នាក់​ទៀត​ដែល​មាន​ជំនាញ​ខាង​ឧបករណ៌​សម័យ ចំណែក​និស្សិត​មក​ពី​ខេត្ត​រតនគីរី​​រូប​នេះ ជា​អ្នក​លេង​ហ្គីតា​ផង ច្រៀង​ចំរៀង​ផង​។

សាយ​បាន​រំលឹក​ឡើង​ថា កាល​ដែល​គេ​មាន​គំនិត​បង្កើត​ក្នុង​ការ​បង្កើត​ក្រុម​តន្រ្តី​នេះ​ឡើង​ដោយ​សារ​តែ​បង​ប្អូន​៣​នាក់​ផ្សេង​ទៀត​របស់​គេ គឺ​ជា​អ្នក​ដែល​មាន​និស្ស័យ​ខាង​សិល្បះ ។ ទោះ​បី​ជា​ពួក​គេកំពុង​ប្រកប​របរ​ផ្សេងៗ ក្រៅ​ពី​អាជីព​សិល្បះ​នេះ​ក៏​ដោយ ក៏​ពួក​គេ​តែង​តែ​យក​ពេល​ទំនេរ​ផ្ទាល់​ខ្លួន​ជួប​ជាមួយ​មិត្ត​ភក្តិ​ដែល​មាន​ឧបនិស្ស័យ​ប្រហាក់​ប្រហែល​គ្នា ដើម្បី​បង្កើត​អ្វី​ដែល​ថ្មី តួ​យ៉ាង​ដូច​ជា​បង​ប្រុស​របស់​សាយ ដែល​បាន​តែង​បទ​ចំរៀង​ថ្មី​ៗ​ជា​ច្រើន​ជាមួយ​នឹង​មិត្ត​ភក្តិ​របស់​គាត់​ដូច​គ្នា​។

ដោយ​មាន​ការ​សហការ​ពី​ឆាយនីសហោស និង​ក្រុម​កុន​ខ្មែរ កូន​ខ្មែរ បទ​ចំរៀង​ថ្មី​ៗ ៥​បទ​បែប​យុវវ័យ របស់​សាយ និង​បទ​ចំរៀង​ជា​ច្រើន​បទ​ទៀត​ពី​សមាគម​សិល្បះ​ខ្មែរ​អមតៈ នឹង​ត្រូវ​បាន​លើក​យក​មក​ច្រៀង​នា​ឱកាស​នោះ។

ផលិតករ​​ខ្មែរ បារាំង លោក ជូ ដាវី គឺ​ជា​អ្នក​សម្រប​សម្រប​កម្មវិធី​ប្រគំ​តន្រ្តី​នេះ និង​ជា​អ្នក​បង្កើត​ក្រុម​កុន​ខ្មែរ កូន​ខ្មែរ ឲ្យ​ដឹង​ថា “បើ​ទោះ​បី​ជា​ខ្ញុំ​មិន​អាច​ស្តាប់​យល់​ទាំង​ស្រុង នូវ​អត្ថន័យ​បទ​ខ្មែរ​ក៏​ដោយ ប៉ុន្តែ​ខ្ញុំ​គិត​ថា វា​ជា​រឿង​កំរ​ណាស់​ដែល​កូន​ខ្មែរ​អាច​បង្កើត​នូវ​សាច់​ភ្លេង បទ​ចំរៀង ព្រម​ទាំង​ច្រៀង​បាន​យ៉ាង​ពិរោះ​មិន​ចាញ់​អ្នក​ចំរៀង​អាជីព​ឡើយ​។ លោក​បន្ត​ថា​ “ខ្ញុំ​សង្ឃឹម​ថា នឹង​មាន​ឱកាស​សហការ​រៀបចំ​ព្រឹត្តិការណ៌​បែបនេះ​ម្តង​ទៀត​នៅ​ពេល​ខាង​មុខ។”
ទាក់ទង​នឹង​វិស័យ​សិល្បះ​របស់​ខ្មែរ សាយ យល់​ឃើញ​ថា “វិស័យ​បទ​ចំរៀង មិន​ទាន់​អាច​និយាយ​បាន​ថា​រីក ចំរើន​នោះ​ទេ ពោល​គឺ​ទន់​ខ្សោយ​ណាស់​ដោយ​សារ​តែ​យើង​នៅចំលង​បទ​គេ​នៅ​ឡើយ ទោះ​បី​ជា​ច្រៀង​ពិរោះ​យ៉ាង​ណា​ក៏​ដោយ បទ​គេ​នៅ​តែ​ជា​បទ​គេ​ដដែល​។”

ក្នុង​នាម​ជា​កូន​ខ្មែរ​មួយ​រូប​ដែល​ស្នេហា​វិស័យ​សិល្បះ សាយ​បាន​ផ្តាំ​ផ្ញើ​ដល់​គ្រប់​ស្ថាប័ន​ទាំង​អស់​​ឲ្យចេះ​លើក​ស្ទួយ​វិស័យ​សិល្បះ​ខ្មែរ​តាម​រយៈ​ការ​គាំទ្រ​ស្នាដៃ​ខ្មែរ និង​មិន​លួច​​ចំលង​ស្នាដៃ​គ្នា​ដើម្បី​ផល​ប្រយោជន៌​ផ្ទាល់​ខ្លួន ជា​ពិសេស​ត្រូវ​ចេះ​ឲ្យ​តម្លៃ​ដល់​សិល្បករ ហើយ​សិល្បករ​ទៀត​សោត​ត្រូវ​ប្រព្រឹត្ត​ខ្លួន​ឲ្យ​ល្អ​ដល់​សង្គម ចំណែក​ឯ​ក្រុមហ៊ុន និង​ផលិតករ​នានា​ត្រូវ​ព្យាយាម​និពន្ធ​ស្នាដៃ​ដោយ​ខ្លួន​ឯង ទើប​មាន​ការ​គាំទ្រ​បាន​យូរ​អង្វែង​។

លោក​អ្នក​អាច​ចូល​រួម ការ​ប្រគំ​តន្រ្តី​នេះដោយ​សេរី ពី​ម៉ោង ៧ និង ៣០នាទី ល្ងាច រហូត​ដល់​ម៉ោង​៩​យប់​នៅ​ឆាយនីស​ហោស ផ្ទះ​លេខ​៤៥ ផ្លូវ​ស៊ី​សុវត្តិ ទល់​មុខ​កំពង់ផែ​ក្រុង​ភ្នំពេញ ដើម្បី​ឲ្យ​បាន​ដឹង​ច្បាស់​ថា ក្រុម​និស្សិត​ខ្មែរ​យើង​មាន​ស្នាដៃ​ពិសេស​ដល់​កំរិត​ណា ក្នុង​ការ​បង្កើត​ស្នាដៃ​ផ្ទាល់​ខ្លួន​ដើម្បី​អភិវឌ្ឍ​សិល្បះ​ខ្មែរ​ឲ្យ​រីក​ចំរើន​។

រក​ឃើញ​ម្ចាស់​ពាន​រង្វាន់​ការ​ប្រលង​តែង​និពន្ធ​ពាន​រង្វាន់​ឧកញ៉ា​ វិបុលរាជ នូកន

ដោយ អ៊ូ មុំ

បើទោះបីជាវិស័យតែងនិពន្ធនៅប្រទេសកម្ពុជាមិនសូវជាមានការអភិវឌ្ឍន៌ខ្លាំង​គួរ​ឲ្យ​កត់​សម្គាល់​ដូច​អារ្យ​ប្រទេស​នានា​នៅ​លើ​សកលលោកក៏ដោយ ក៏អ្នកនិពន្ធខ្មែរជាច្រើនដែលមានមនសិការជាតិ នៅតែខំប្រឹងប្រែងប្រមែប្រមូលចំណេះដឹង និង​គំនិត​ផ្សេងៗមកចងក្រងជាសៀវភៅ ដើម្បី​ផ្សព្វ​ផ្សាយ​បំរើ​ដល់​សង្គម​ជាតិ​ជា​ពិសេស​គឺ​តាម​រយៈ​ការ​ចូល​រួម​ប្រលង​ប្រជែង​ស្នាដៃ​អក្សរសិល្ប៍ខ្មែរនានានៅក្នុងប្រទេសកម្ពុជា។

នេះជាលើកទី១១ហើយ សំរាប់​ការ​ប្រលង​ជ្រើស​រើស​ស្នាដៃ​តែង​និពន្ធ​ប្រចាំ​ឆ្នាំ​ដែល​រៀបចំ​ឡើង​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រ​​សិល្បះ​និងត្រូវបានប្រកាសជាផ្លូវការនូវអ្នកជាប់ជ័យលាភី ឧកញ៉ា វិបុលរាជ នូកន ឆ្នាំ២០០៩នៅឯបណ្ណាល័យជាតិ កាល​ពីព្រឹកថ្ងៃពុធ ។


ឯកឧត្តមថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បះ បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី​នេះថា វា​​ជា​​រឿង​​ដែល​​គួរ​​ឲ្យ​មោទនភាព​​មួយដោយសារតែយើងមើលឃើញថាទំពាំងកំពុងតែស្នងឫស្សីជាបន្តបន្ទាប់ហើយ។

ឯកឧត្តម បានលើកឡើងថា “ ចំណេះដឹងអាចទទួលបានពីពីរចំណុចផ្សេងគ្នាគឺពីការងារ និងសាលា​រឺ​សាកល​វិទ្យាល័យ ហើយ​​អ្វី​ដែលសំខាន់គឺការយកចំណេះដឹងទាំងនោះទៅ បំរើដល់ផលប្រយោជន៌ជាតិ។”

លោកស្រី រស់ សុខុន អនុប្រធាននាយកដ្ឋានសៀវភៅ និងការអាន នៃក្រសួងវប្បធម៌ និង វិចិត្រ​សិល្បះ​បាន​មាន​ប្រសាសន៌​ថា “ដោយសារតែជំងឺអេដស៌គឺជាបញ្ហាដ៏ធំនៅក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្ន ដូច្នេះ​ការ​ប្រលង​ប្រជែង​លើក​នេះ គឺ​បានផ្អែកលើប្រធានបទ “បង្ការជំងឺអេដស៌ គឺជួយអភិវឌ្ឍសង្គម”។

លោកស្រីបានបន្តថា ស្នាដៃទាំងអស់ដែលត្រូវបានយកមកចូលរួមក្នុងការប្រកួតនេះមាន ៦៥% ដែលជាអ្នកនិពន្ធចាស់ និង​៣៥% ជាអ្នកនិពន្ធថ្មី ដែលចំនួនសរុបក្នុងចំណោម៥៩ស្នាដៃ និងត្រូវបានឆ្លងកាត់ការត្រួតពិនិត្យនិងវាយតម្លៃ ពីរដង លើកទី១ ដោយគណៈកម្មាមកពីនាយកដ្ឋានសៀវភៅ និងការអាន និងលើកទី២ ពិនិត្យ​និង​ផ្តល់​ពិន្ទុ​សំរេច​ដោយ​គណៈ​កម្មា​កំនែ​ទំរង់ដែលមានជំនាញមកពីសាលាវិចិត្រសិល្បះ និង សាកលវិទ្យាល័យវិចិត្រសិល្បះ ព្រមទាំងក្រសួងវប្បធម៌ និងវិចិត្រសិល្បះ។

ក្នុងចំនោមម្ចាស់ជ័យលាភីប្រុស៤ នាក់ និងស្រី២នាក់ លោកយូ សុភា ដែលជាគ្រូបង្រៀន នៅ​សាលា​ភូមិ​ភាគ​ខេត្ត​កំពង់ចាម​បានទទួលចំណាត់ថ្នាក់លេខ១ នៃប្រលោមលោក ដែលមានចំណងជើងថា “គ្មានទៀតឡើយ” ។ ចំណាត់​ថ្នាក់​លេខ២ គឺ“រឿង ទំព័រជីវិតថ្មី” របស់លោក ប៊ូ បូរ៉ា។ ចំណាត់ថ្នាក់លេខ ៣ គឺ “រឿង សង្សារគ្រូបង្រៀន” របស់ លោក ស៊ុយ វ៉ាន់សាក់ ។ ចំណាត់ថ្នាក់លេខ ៣ស្ទួន គឺ “រឿងស្តាយ អើយស្តាយ” របស់លោក ពៅ ថុង។
ចំណាត់​ថ្នាក់លេខ៤គឺ “រឿង ខ្សែលោហិត” របស់អ្នកស្រី ចាន់ មណី និង ចំណាត់ថ្នាក់លេខ ៥ គឺ “រឿង ចំណារដួងចិត្តព្រហ្មលិខិតអាថិ៍កំបាំង” របស់កញ្ញា អ៊ូច ជាសុភារី។

លោក យូ សុភា ម្ចាស់ជ័យលាភីលេខ ១ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ប្រលោម​លោក​នេះ​និពន្ធ​ឡើង​ដើម្បី​ដឹកនាំ​អារម្មណ៌​របស់​អ្នកអានឲ្យយល់ដឹងពីការបង្ការជំងឺអេដស៌ តាមរយៈការបញ្ឈប់រឺកាត់បន្ថយការប្រើប្រាស់ថ្នាំញៀន ការ​ធ្វើ​ចំណាក​ស្រុក​ជាដើម ដែលអាចធ្វើឲ្យសង្គមមានការរីកចំរើនតាមរយៈការបង្ការទាំងនេះ។
លោកបានបន្តថា ចំពោះ​វិធី​នៃ​ការ​តែង​និពន្ធ​ខ្ញុំ​បាន​ធ្វើការ​ផ្តុំ​បញ្ចូល​គ្នា​រវាង​ការ​មើល​ឃើញ​ពី​ជីវិត​ពិតៗ​នៅ​ក្នុង​សង្គម និង​​ការ​បង្កើត​​តួ ឲ្យ​មាន​លក្ខណៈ​ជា​ប្រលោម​និយម ប៉ុន្តែបែបតថភាព និងផ្តល់ប្រយោជន៌ដល់សង្គម។

ទោះបីជាយ៉ាងនេះក៏ដោយ ក៏លោកយូ សុភា យល់ឃើញថា “ទំរង់នៃរឿងដែលទទួលបាន ជ័យលាភីរបស់ខ្ញុំ នៅ​មិន​ទាន់​អាច​ទុក​ជាស្នាដៃសំរាប់ឲ្យកូនចៅជំនាន់ក្រោយយកទៅបញ្ចូលក្នុងកម្មវិធីសិក្សានៅឡើយ ដោយ​សារ​តែ​វា​មាន​លក្ខណៈ​ប្រលោម​និយម និងមិនមែនជាជីវិតពិតទាំងស្រុង។”

អ្នកនិពន្ធវ័យ៣០ឆ្នាំនេះបានលើកឡើងថា “ឧទាហរណ៌​ដូច​ជា​រឿង​ព្រះ​អាទិត្យ​ថ្មី​រះ​​លើ​​ដែន​​ដី​​ចាស់​​ដែល​​មាន​​លក្ខណៈ​​បង្ហាញ​ពី​​ការពិតនៅក្នុងសង្គម គឺភាពអយុត្តិធម៌ និង អំពើពុករលួយនៅក្នុងសង្គម ជាដើម ដែល​ខ្ញុំ​ដែល​ជា​អ្នក​និពន្ធ​មិន​ទាន់​ហ៊ាន​លើក​ឡើង និងគណៈកម្មាផ្តល់ពិន្ទុក៏មិនទាន់ហ៊ានវាយតម្លៃនៅឡើយ។”

លោកស៊ុយវ៉ាន់សាក់ ម្ចាស់ជ័យលាភីលេខ៣ បានឲ្យដឹងថា លោកមាននិស្ស័យខាងតែងនិពន្ធប្រលោមលោកបែបអប់រំ ជាង​បែបស្នេហាយុវវ័យ។ អ្នកនិពន្ធវ័យ៣២ ឆ្នាំរូបនេះបាន លើក​​ឡើង​​អំពី​​ការ​​រើស​​អើង​​ទៅ​​លើ​​មុខ​​របរ​​គ្រូ​​បង្រៀន​​នៅ​​ក្នុង​សង្គម​​ខ្មែរ និង​មូល​ហេតុ​ផ្សេងៗ​ដែល​នាំ​ឲ្យ​ក្លាយ​ខ្លួន​ទៅ​ជា​ចំណី​នៃ​មេរោគ​អេដស៌​តាម​រយៈ​ប្រលោម​លោក​កំរាស់​២៦០​ទំព័រ A4 សរសេរ​​ដោយ​ដៃ​របស់​លោក ដែល​មាន​ចំណង​ជើង​ថា សង្សារ​គ្រូ​បង្រៀន ។

លោកវ៉ាន់សាក់ ដែលចង់ក្លាយជាអ្នកនិពន្ធបែបប្រវត្តិសាស្ត្រមួយរូប ទៅថ្ងៃអនាគតបានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍ថា “សំរាប់​អក្សរសិល្ប៍​បច្ចុប្បន្ន ខ្ញុំមើលឃើញថា សព្វថ្ងៃ​នេះ​ក្រសួង​អប់រំ​នៅ​តែ​លើក​យក​រឿង​ចាស់ៗ​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម​មក​សិក្សា​នៅឡើយ ។” លោកបានលើកឡើងផងដែរថា “ខ្ញុំ​គិត​ថា​ដើម្បី​ការ​អភិវឌ្ឍន៌​នៃ​អក្សរសិល្ប៍​បច្ចុប្បន្ន​ក្រសួង​គួរ​តែ​លើក​យករឿងរបស់អ្នកនិពន្ធល្បីៗសព្វថ្ងៃមកសិក្សាផងដែរ។”

យោងតាមរបាយការណ៌ របស់ នាយកដ្ឋានសៀវភៅ និងការអាន ស្នាដៃ​ជា​ច្រើន​ពុំ​បាន​ឆ្លើយ​តប​ទៅ​នឹង​គោល​បំណង​របស់​ក្រសួង និងមិនត្រូវតាមប្រធានបទដែលបានដាក់ជូន ។ មានរឿងខ្លះអ្នកនិពន្ធប្រើប្រាស់ពាក្យសំដីអសុរស ប្រាស​ចាក​សីលធម៌។ ក្នុង​សាច់​រឿង​នីមួយៗ​អ្នក​និពន្ធ​ចេះ​លើក​យក​តថភាព​សង្គម​បច្ចុប្បន្ន​មក​បង្កើត​ជា​សាច់​រឿង​ក៏​ប៉ុន្តែ​អ្នក​និពន្ធ​ពុំ​ទាន់​ចេះបកស្រាយ​សាច់រឿងឲ្យសមហេតុសមផលដែល​ធ្វើ​ឲ្យ​ខ្លឹម​សារ​រឿង​ខ្វះ​សីល​សោភ័ណ បង្កើត​រឿង​តូចៗ​ច្រើន​ពេក ព្រម​ទាំង​សរសេរ​ទៅ​តាម​មនោសញ្ចេតនា អណ្តែតអណ្តូងច្រើនពេក។

មិនតែប៉ុណ្ណោះ ដើម្បីឲ្យក្លាយទៅជាអ្នកនិពន្ធដែល​ជោគ​ជ័យ ប្រធាននាយកដ្ឋានសៀវភៅ និង​​ការ​​អាន​​​ក៏​​​បាន​​​ផ្តាំ​​​ផ្ញើ​​​ដល់​​​អ្នក​និព​ន្ធ​​ក្រោយៗ​ដែល​យក​ស្នាដៃ​មក​ប្រកួត​ប្រជែង​ឲ្យ​ធ្វើការ​កែ​ប្រែ​ចំពោះ​ចំណុច​ខ្វះចន្លោះ​ទាំងអស់​នេះ និង​​ព្យាយាម​​សរសេរ​សំរាប់​​ការ​អប់រំ បណ្តុះ​អំពើ​ល្អ និង​ការ​កែ​ប្រែ​ជីវិត​ទៅ​រក​ផ្លូវ​ល្អ ជា​ជាង​សរ​សេរ​ដើម្បី​បង្អួត​សមត្ថភាព​របស់​ខ្លួន​។

Tuesday, February 2, 2010

អ្នក រួច ជីវិត ពី របប ខ្មែរ ក្រហម ប្រើ ផ្ទាំង គំនូរ ដើម្បី បង្ហាញ ពី អារម្មណ៍ ផ្ទាល់ ខ្លួន

ដោយ អ៊ូ មុំ

ចាប់​ផ្តើម​ពី​ការ​ស្រមើ​ស្រមៃ​អំពី​ភាព​អត់​ឃ្លាន និង​ការ​តស៊ូ​ធ្វើការ​ដើម្បី​រស់​រាន​មាន​ជីវិត​ពី​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុល​ពត លោក ឆាត ភាសាត អាយុ​៤០​ឆ្នាំ​បាន​កែច្នៃ​អារម្មណ៍​របស់​ប្រជាជន​ខ្មែរ​ដែល​រង​ទុក្ខ ក្នុង​របប​ខ្មែរ​ក្រហម ឲ្យ​ទៅ​ជា​រូប​គំនូរ ដែល​មនុស្ស​ភាគ​ច្រើន មិន​អាច​យល់​ពី​អត្ថន័យ​របស់​វា​បាន​។ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ លោក ភាសាត ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​អ្នក​ដែល​បាន​ទិញ​គំនូរ​របស់​លោក ដោយ​សារ​តែ​ផ្ទាំង​គំនូរ​ទាំង​នោះ​អាច​ធ្វើ​ឲ្យ​ពួក​គេ​រំជួល​ចិត្ត​រក​ស្មាន​មិន​ត្រូវ​។



មិន​ដូច​ជា​អ្នក​រស់​រាន​ជីវិត​ពី​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុលពត​ដទៃ​ទៀត ដែល​បាន​លាត​ត្រដាង​ពី​ទុក្ខ​វេទនា​របស់​ពួក​គេ បាន​រយៈ​ការ​និយាយ​ឬ ការ​សរសេរ​ជា​សៀវភៅ​លោក ភាសាត បាន​បង្ហាញ​ពី​ទុក្ខ​វេទនា​​របស់​ខ្លួន​នៅ​ក្នុង​របប​នោះ តាម​រយៈ​ផ្ទាំង​គំនូរ​ទោះ​បី​ជា​គាត់​មិន​ធ្លាប់​បាន​រៀន​អ្វី​សោះ​អំពី​ការ​គូរ​រូប​ក្តី។

ទុក្ខវេទនា និងភាពសោកសង្រេង របស់ប្រជាជនកម្ពុជាក្នុងរបប៣ឆ្នាំ៨ខែ២០ថ្ងៃ នេះ បាន​ដក់​ជាប់​ក្នុង​ខួរ​ក្បាល​របស់​លោក ភាសាត ដែល​បន្ទាប់​មក លោកបានរំលេចទុក្ខវេទនាទាំងនោះឲ្យក្លាយទៅជាផ្ទាំងគំនូរប្រកបដោយអត្ថន័យ។ ភាសាត​និយាយ​ថា​ «ពេលដែលខ្ញុំចាប់ផ្តើមគូររូបខ្ញុំចង់តែចង់គូររូបមុខ មនុស្សជាមួយនឹងអារម្មណ៍ផ្សេងៗគ្នាតែម្តង»។

កាលពីវ័យ៧ឆ្នាំ ជាមួយនឹងឪពុកម្តាយនិងបងប្អូន៨នាក់ផ្សេងទៀត ភាសាតបានសង្កេតឃើញថា នៅក្នុងរបបប៉ុលពត ប្រទេស​កម្ពុជា​ពិត​ជា​បាន​កែ​ប្រែមុខមាត់ទាំងស្រុងតែម្តង ។

លោក​បាន​និយាយ​ថា៖ «ដោយសារតែភ្លើងសង្រ្គាម ប្រទេសកម្ពុជាមានអ្នកក្រីក្រច្រើនជាងមុន។ ខ្ញុំគិតថា ឥឡូវនេះ កម្ពុជា​កំពុង​តែ​មាន​ការអភិវឌ្ឍន៍ខ្លះដែរ ប៉ុន្តែអភិវឌ្ឈន៍តែផ្នែកខ្លះប៉ុណ្ណោះ ព្រោះប្រទេស យើង​នៅ​មាន​អ្នក​ខ្លះ​មាន​កប់​ពពក និង​អ្នកក្ររហូតរកបាយស៊ីគ្មាន»។

លោក​បានបន្តថា៖ «ពេលដែលខ្ញុំនៅក្មេង សង្គមខ្មែរទាំងមូល គឺជាគ្រួសារមួយដ៏ល្អ ប៉ុន្តែបន្ទាប់ពី របប​ប៉ុល​ពត​បាន​ចូល​មក​ដល់ខ្មែរក្រហមបានបង្ខំឲ្យយើងរស់នៅផ្សេងៗពីគ្នា ហើយ​ពួក​យើង​មិន​ត្រូវ​បាន​អនុញ្ញាត្ត​ឲ្យ​បញ្ចេញ​យោបល់​អ្វី​ទាំង​អស់​ប្រសិន​បើ​យើង​ចង់​រស់​តទៅ​ទៀត​»។



លោកភាសាតបានបន្ថែមទៀតថា៖ «រស់នៅក្នុងរបបប៉ុលពត ខ្ញុំគ្មានសំលេងអ្វីទាល់តែសោះនៅក្នុងសង្គម រហូតដល់ថ្ងៃដែលខ្ញុំបានចាកចេញពីកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក ទើបគេអនុញ្ញត្តិឲ្យខ្ញុំ និយាយ ចេញនូវអ្វីដែលខ្ញុំចង់និយាយ ប៉ុន្តែពេលដែលខ្ញុំត្រឡប់មកស្រុកខ្មែរវិញ (នៅឆ្នាំ១៩៩៤) ខ្ញុំត្រូវបានគេប្រាប់ដដែលថា ឲ្យនៅស្ងៀមល្អជាង»។

លោក ភាសាត បានទៅកាន់សហរដ្ឋអាមេរិកកាលពីឆ្នាំ១៩៨១ ក្នុងនាមជាជនភៀសខ្លួន ដែលកាលនោះលោកមានអាយុ១០ឆ្នាំប៉ុណ្ណោះ។ គាត់ត្រូវបានគេអនុញ្ញត្តិឲ្យចូលរៀនក្នុងសាលាមួយនៅសហរដ្ឋអាមេរិក។ ភាសាតបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកចិត្តសាស្រ្តសង្គមនៅសហរដ្ឋអាមេរិក។

លោក ភាសាត អាចនិយាយភាសារខ្មែរបានយ៉ាងស្ទាត់ជំនាញ ប៉ុន្តែលោកនិយាយថា លោកខ្មាស់អៀនណាស់ដែលោកជាជនជាតិខ្មែរម្នាក់តែមិនចេះសរសេរអក្សរខ្មែរ។ លោកបានប្រាប់ថា៖ «ខ្ញុំនឹងព្យាយាម រៀនសរសេរភាសាខ្មែរ ដើម្បីអាចសរសេរពីខ្សែជីវិតរបស់ខ្ញុំ នៅក្នុងជំនាន់ប៉ុលពតបាន»។

ភាសាត បានសរសេរសៀវភៅកំនាព្យមួយក្បាលជាភាសាអង់គ្លេស អំពីជំនាន់ប៉ុលពតដែលមាន ចំណងជើងថា «After »(បន្ទាប់មក) ហើយសៀវភៅនេះ បានបោះពុម្ភផ្សាយនៅសហរដ្ឋអាមេរិកកាលពីឆ្នាំ២០០៩។

ទាក់ទងនឹងរូបគំនូររបស់លោក មកទល់ពេលនេះ លោក ភាសាត បានគូររូបបានប្រហែលចំនួន៥០០ ផ្ទាំងហើយ តាំងពីឆ្នាំ២០០០ នៅពេលដែលគាត់មិនអាចលាក់រូបភាពទាំងនេះបានក្នុងខួរក្បាល របស់គាត់តទៅទៀត។

លោក ភាសាត បាននិយាយទាំងញញឹមលាយឡំនឹងទុក្ខព្រួយថា៖ «ខ្ញុំបានបង្កើតរូបភាពទាំងនោះ ដើម្បីបង្ហាញពីអ្វីដែលខ្ញុំ ចង់និយាយចេញពីបេះដូងរបស់ខ្ញុំ។ ខ្ញុំគូររូបទាំងនេះ ដើម្បីធ្វើជាមនុស្ស និងមិត្តភ័ក្រ ដែលខ្ញុំអាចនិយាយរឿងអ្វីផ្សេងៗប្រាប់ពួកគេបាន។

លោករំពឹងទុកថា យ៉ាងហោចណាស់ សាលាក្តីខ្មែរក្រហម ក៏អាចរកយុត្តិធម៌ខ្លះ ជូនជនរងគ្រោះខ្មែរបាន។ ភាសាត បាននិយាយថា «ទាហានខ្មែរក្រហមបានបំផ្លាញ អ្វីៗគ្រប់យ៉ាងរបស់កម្ពុជា។ ហើយអ្វីដែលសំខាន់ជាងគេនោះ គឺពួកវាបានបំផ្លាញបេះដូងនិងអារម្មណ៍ដ៏ល្អរបស់យើងដែលជាជនជាតិខ្មែរធ្លាប់មាន។»

«ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំគិតថា សាលាក្តីខ្មែរក្រហមមិនគួរចំណាយលុយច្រើនដូចនេះទេ។ ខ្ញុំយល់ថា ពួកគេគួរតែយកលុយខ្លះដែលទុកសម្រាប់ដំណើរការការកាត់ក្តីនេះ ទៅអភិវឌ្ឈន៍វិស័យអប់រំ នៅក្នុងប្រទេសកម្ពុជាវិញ ជាការប្រសើរជាង ជាពិសេស ការអប់រំដែលទាក់ទងទៅនឹងរបបប៉ុលពត»។

រូបគំនូររបស់លោក ភាសាត ប្រហែល១០០ផ្ទាំង ដែលមានបំណងជើងថា «ឯកវាទនៃមនុស្សគ ថ្លង់» កំពុងត្រូវបានគេដាក់តាំងពិពណ៌នៅមជ្ឈមណ្ឌលវប្បធម៌បារាំងចាប់ពីថ្ងៃទី២៨ខែមករា ដល់ថ្ងៃទី២៨ខែកុម្ភៈ ។

ប្រែសំរួលដោយ គង់ សុគន្ធ

ប្រវត្តិនៃពិធីបុណ្យមាឃបូជាក្នុងទំនៀមទម្លាប់ព្រះពុទ្ធសាសនា

ដោយ អ៊ូ មុំ

«មាឃបូជា» គឺជាពិធីបុណ្យនៃព្រះពុទ្ធសាសនាសុទ្ធសាធ ដែលប្រារព្ធឡើងដើម្បីរំលឹកដល់ថ្ងៃដែលព្រះពុទ្ធបានកំណត់កាលចូលព្រះបរិនិព្វាន នាថ្ងៃពេញបូណ៍មីខែមាឃ ។ តើហេតុអ្វី បានជាពុទ្ធសាសនិកយកថ្ងៃពេញបូណ៍មី ខែមាឃនេះ ជាថ្ងៃសំខាន់សម្រាប់ព្រះពុទ្ធសាសនា?

លោកអាចារ្យ លឹម លឿម ជាបុគ្គលិកក្រុមជំនុំព្រះត្រៃបិដក នៃវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ បានមានប្រសាសន៌ថា៖ “ថ្ងៃពេញបូណ៍មី ខែមាឃ ត្រូវបានចាត់ទុកជាថ្ងៃដ៏មហាអភិលក្ខិតសម្រាប់ពុទ្ធបរិស័ទទាំងគ្រហស្ថ ទាំងបុព្វជិតគ្រប់ប្រទេសដែល កាន់ព្រះពុទ្ធសាសនា ដើម្បីរៀបគ្រឿងសក្តារបូជាព្រះរតនត្រ័យ និងសូត្រធម៌រំលឹកដល់ថ្ងៃនោះជាប្រពៃណីរៀងមក»។

លោកអាចារ្យ បានបន្តថា ព្រះពុទ្ធទ្រង់កំណត់កាលបរិច្ឆេទ នៅថ្ងៃពេញបូណ៌មី ខែមាឃ ជាវេលាប្រជុំធំ (ចតុរង្គសន្និបាត) នៅកន្លែងបឋមពោធិកាល និងជាឆ្នាំដំបូងដែលព្រះអង្គបានត្រាស់ នាព្រះជន្ម ៣៥ ឆ្នាំ ហៅថា វស្សាទី១។ ចំណែកថ្ងៃពេញបូណ៌មី ខែមាឃ កាលទ្រង់ដាក់ព្រះជន្មាយុសង្ខារនៅក្នុងបច្ឆិមពោធិកាលនោះ គឺវេលាមុន ៣ខែ ដែលព្រះអង្គចូលព្រះរាជនិព្វាន នាព្រះជន្មគម្រប់ ៨០ព្រះវស្សា ហៅថា វស្សាទី ៤៥។

ចំណុចសំខាន់នៃបុណ្យមាឃបូជា
លោកអាចារ្យ លឹម លឿម បានប្រាប់ថា ពិធីបុណ្យមាឃបូជាមាន ២យ៉ាង ដែលយើងគួរចងចាំ៖ ទី១គឺ ព្រះពុទ្ធទ្រង់និមន្តភិក្ខុសង្ឃទាំងអស់ដែលជាសាវ័ក (សិស្ស) ដើម្បីទូន្មានសំដែងប្រាប់ពីខប្រតិបត្តិ។ វេលានោះជាវេលាប្រជុំធំប្រកបដោយអង្គ ៤ ហៅថា ចតុរង្គសន្និបាត គឺនៅថ្ងៃពេញបូណ៌មីខែមាឃ ដែលមានព្រះអរហន្ត ១២៥០ អង្គ គឺក្រុមបុរាណជដិល ១០០០ ក្រុម អគ្គសាវ័ក ២៥០ អង្គ បានមកជួបជុំឯងៗ ដោយញាណដោយគ្មាននរណានិមន្តឡើយហើយព្រះអរហន្តទាំងនោះសុទ្ធតែសម្រេចអភិញាណ៦និងជាឯហិភិក្ខុ ។

ទី២ គឺរំលឹកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធបរមគ្រូទ្រង់ប្រជុំសាវ័ក ហើយទ្រង់ប្រកាសព្រះជន្មាយុសង្ខាររបស់ព្រះអង្គ។ មុនថ្ងៃបរិនិព្វាន ៣ខែ គឺថ្ងៃពេញបូណ៌មី ខែមាឃដែលព្រះអង្គទ្រង់ប្រថាប់នៅបាវាលចេតិយ។ វេលានោះមានក្រុងមារមកនិមន្តព្រះអង្គឲ្យបរិនិព្វាន ព្រះអង្គមានព្រះបន្ទូលថា នែ មារកំបាប! អ្នកកុំចាំបាច់ខ្វល់ខ្វាយ មិនយូរប៉ុន្មានទេ នៅតែ៣ខែទៀត គឺដល់ថ្ងៃពេញបូណ៌មីខែពិសាខខាងមុខនេះ តថគតនឹងបរិនិព្វានហើយ។ វេលាដែលព្រះអង្គដាក់ព្រះជន្មាយុសង្ខារនោះ មានការកគ្រើករំពើកញាប់ញ័រផែនដីគួរឲ្យភ្លកភ្លឹក ព្រឺរោមព្រឺស្បែក ទាំងមហាមេឃក៏ទូរទឹមផ្គរលាន់ឮកងរំពងពេញមហាមេឃជាមហាអស្ចារ្យ។

របៀបប្រារព្ធពិធីមាឃបូជា
តាមរយៈឯកសារព្រះរាជពិធីទ្វាទសមាស ភាគទី៣ដែលរៀបរៀងដោយគណៈកម្មការធម្មវិន័យការផ្សាយរបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ បុណ្យមាឃបូជាប្រែថា បុណ្យថ្វាយគ្រឿងសក្ការៈចំពោះព្រះរតនត្រ័យ ត្រង់ថ្ងៃពេញបូណ៌មី។

ក្នុងថ្ងៃពេញបូណ៌មី ខែមាឃលោកអាចារ្យត្រូវរៀបចំដូចខាងក្រោម៖ ពេលព្រឹកអាចារ្យត្រូវប្រកាសដំណឹង
ប្រាប់កម្មវិធីនិងពេលវេលាដល់ពុទ្ធបរិស័ទឲ្យបានដឹងគ្រប់ៗគ្នាអំពីមាឃបូជា។ លោកអាចារ្យត្រូវរៀបចំបោស សំអាតព្រះពុទ្ធរូប ដើមពោធិ៍ព្រឹក្ស ព្រះបរមសារីរិកធាតុ។ ប្រកាសប្រាប់ពុទ្ធបរិស័ទឲ្យមានគ្រឿងសក្ការបូជា មានផ្កាស្រស់ ជ័រទៀនតូចធំគ្រឿងក្រអូបផ្សេងៗតាមដែលមានដើម្បីបូជាក្នុងពេលប្រារព្ធពិធី។

ក្នុងវត្តអារាមលោកអាចារ្យត្រូវរៀបចំភ្លើងប្រទីបជ្វាលា (អគ្គិសនីចង្កៀងសម្រាប់បំភ្លឺនៅពេលយប់ប្រារព្ធពិធី)។ក្រាលអាសនៈសម្រាប់ព្រះសង្ឃឲ្យបានសមរម្យជាងកន្លែងសម្រាប់ឧបាសក ឧបាសិកា បរិស័ទ។ ពេលវេលា
ប្រារព្ធពិធីចូលមកដល់ លោកអាចារ្យត្រូវជួបជុំពុទ្ធបរិស័ទ នមសិកាព្រះរតនត្រ័យពិស្តាររឺសង្ខេបតាមសមគួរដល់ពេលវេលា។ លោកអាចារ្យត្រូវនាំពុទ្ធបរិស័ទសមាទានសីល។

ពិធីប្រកាសមាឃបូជា

លោកអាចារ្យត្រូវតែជាអ្នកស្ទាត់ជំនាញក្នុងការអានអក្សរបាលី និងអក្សរសំរាយជាភាសាខ្មែរ គឺអានបាលីនិងប្រវត្តិនៃពិធីបុណ្យមាឃបូជាឲ្យបានច្បាស់ៗមួយសង្កាត់ម្តងៗឲ្យពុទ្ធមហាជនចទាំងអស់ថាតាមព្រមៗគ្នា ដើម្បីរំលឹកដល់ព្រះពុទ្ធដែលបានចូលបរិនិព្វាន ប៉ុន្តែទ្រង់បានប្រតិស្ឋាន ព្រះរិសុទ្ធោវាទ គឺព្រះធម៌វិន័យ ក៏បរិសុទ្ធវិសេស ទុកជាតំណាងព្រះអង្គ និងព្រះគុណព្រះអង្គ និងសូមទ្រង់ព្រះមេត្តាទទួលនូវគ្រឿងសក្ការៈរបស់យើងខ្ញុំ។

លុះចប់ពិធីប្រកាសមាឃបូជាហើយ ព្រះសង្ឃទាំងអស់នមស្ការព្រះរតនត្រ័យតាមវិធីត្រៃប្រណម និងធម៌សម្រាប់នមស្ការផ្សេងៗទៀត តាមដែលអាចសូត្របានគ្រប់ព្រះអង្គ។ គាថាហើយនិមន្តធម្មកថិកសម្តែងធម៌ ទេសនា។ លុះចប់ធម៌ទេសនាហើយ ពុទ្ធបរិស័ទណា ចង់សូត្របទផ្សេងៗដែលស្របនឹងបុណ្យនេះក៏សូត្រ ទៅចុះ។

យោងតាមលោក អាចារ្យ លឹម លឿម ជាបុគ្គលិកក្រុមជំនុំព្រះត្រៃបិដក នៃវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ កន្លែងសំខាន់សម្រាប់ពិធីបុណ្យមាឃបូជានេះ គឺនៅក្រោមដើមពោធិ៍ព្រឹក្ស និងនៅទីតាំងសិរីកធាតុ គឺនៅ
លើភ្នំអដ្ឋរស្ស ក្រៅពីនេះ ការប្រារព្ធពិធីបុណ្យមាឃបូជាក៏ត្រូវបានប្រារព្ធនៅគ្រប់បណ្តាវត្តទាំងអស់ផងដែរ។

លើសពីនេះទៅទៀត នៅពុទ្ធមណ្ឌលកម្ពុជាក៏នឹងមានប្រារព្ធពិធីមាឃបូជា នៅតាមទីកន្លែងផ្សេងៗដែលមានរៀបចំទៅតាមពុទ្ធប្រវត្តិ នៅលើដីចំនួន ១០៧ ហិចតា។ ព្រះភិក្ខុជាតមេធី យឺនបញ្ញាវណ្ណ ទីប្រឹក្សានាយកប្រតិបត្តិនៃសមាគមធម្មទូតពុទ្ធមណ្ឌលកម្ពុជា បានមានពុទ្ធដីកាថា នៅក្នុងពុទ្ធមណ្ឌលកម្ពុជានឹងមានក្រុមកាយរិទ្ធនារី និងនិស្សិតមកជួយបោសសម្អាតនៅក្នុងទីធ្លា និងទីកន្លែងដែលត្រូវប្រារព្ធពិធី។ ព្រះភិក្ខុបានមាន
ពុទ្ធដីកាបន្តថា ពិធីបុណ្យនឹងប្រារព្ធឡើង នៅក្នុងក្រោមដើមពោធិ៍ព្រឹក្ស ក្បែរស្ទឹងនេរញ្ញរា និង នៅវត្តមហាវន្ត នៅក្នុងពុទ្ធមណ្ឌលកម្ពុជា ដែលបានរៀបចំឡើងទៅតាមពុទ្ធប្រវត្តិ។

ព្រះភិក្ខុបានមានដីកាថា ពុទ្ធបរិស័ទជាច្រើននឹងទៅចូលរួមពិធីបុណ្យមាឃបូជា ដូច្នេះពុទ្ធបរិស័ទខ្លះអាចនឹងមានសទ្ធាជ្រះថ្លាស្នាក់នៅស្តាប់ធម៌ទាល់ភ្លឺ ប៉ុន្តែដោយពុទ្ធមណ្ឌលកម្ពុជាកំពុងនៅមានការខ្វះខាតធនធានជាច្រើន ដូច្នេះ ព្រះភិក្ខុសូមអំពាវនាវដល់ពុទ្ធបរិស័ទឲ្យនាំយកកន្ទេល ខ្នើយ និងចង្ហាន់ទៅតាមអធ្យាស្រ័យផងចុះ។

Thursday, January 21, 2010

អ្នកឈ្នះកម្មវិធី «អ្នកជាបុរសពិត» ចែករំលែកបទពិសោធន៍ទាក់ទងទៅនឹងកិច្ចការរបស់ស្រ្តីនៅក្នុងសង្គមកម្ពុជា

ដោយ អ៊ូ មុំ

កម្មវិធី«អ្នកជាបុរសពិត» បានជ្រើសរើសលោក ឈួន សុជាតិ ជាអ្នកឈ្នះកាលពីថ្ងៃ អាទិត្យ ទី២៧ ខែកញ្ញ នៅស្ថានីយ៍ទូរទស្សន៍ ប៉ុស្តិ៍ លេខ៩។ លោក ឈួន សុជាតិ អាចយកឈ្នះចិត្តរបស់ទស្សនិជនខ្មែរដែលមានឱកាសផ្ញើរសារគាំទ្រអ្នកចូលរួមប្រកួតនៅក្នុងកម្មវិធីថ្មីមួយនេះ ហើយនៅទីបញ្ចប់លោកអាចយកឈ្នះចិត្ត
អ្នកផ្តល់ពិន្ទុដែលបានពិនិត្យដំណាក់កាលប្រកួតទាំង១១របស់បេក្ខជននីមួយៗ។បន្ថែមលើជ័យជំនះដ៍ត្រចេះត្រចង់នេះ សុជាតិ ក៏ទទួលបានប្រាក់៣.០០០ ដុល្លារអាមេរិក និងម៉ូតូហុងដា ហនណែត២.៥00 cc មួយគ្រឿងជាការលើកទឹកចិត្តផងដែរ។

តាំងតែពីគាត់មានអាយុជាង១០ឆ្នាំម្ល៉េះ សុជាតិ បានចាត់ចែងកិច្ចការផ្ទះ ឲ្យគ្រួសាររបស់គាត់ជាពិសេសសម្រាប់ប្អូនប្រុសទាំង៣នាក់របស់គាត់។

ដោយសារតែ សុជាតិ បានឃើញគ្រួសាររបស់គាត់បែកបាក់គ្នាដោយបញ្ហាជាច្រើន បទពិសោធន៍នេះបានធ្វើបង្រៀនគាត់ឲ្យចេះវិធីបញ្ជៀសបញ្ហាច្រំដែលនេះ និងអាចធ្វើឲ្យគ្រួសារថ្មីមួយមានសុភមង្គលបាន។
ក្នុងនាមជាបុគ្គលិកបច្ចេកវិទ្យាព័ត៌មានវិទ្យាមួយរូបនៅក្រុមហ៊ុន ដឹផ្លេស ( The Place Company) សុជាតិ បានប្រាប់អ្នកយកព័ត៌មានយើងថា ៖ «ក្នុងនាម ជាបុរសម្នាក់ យើងគួរតែយល់ពីការលំបាករបស់ស្រ្តី ហើយត្រូវតែផ្តល់តម្លៃដល់គាត់ទាំងក្នុងកិច្ចការផ្ទះ និងកិច្ចការខាងក្រៅផ្ទះ ជាពិសេសយើងត្រូវលើកទឹកចិត្តឲ្យគាត់ចូលរួមក្នុងកិច្ចការសង្គម»។

ខាងក្រោមនេះជាបទសម្ភាសន៍រវាងអ្នកយកព័ត៌មាន ភ្នំពេញ ប៉ុស្តិ៍ និងលោក ឈួន សុជាតិ។

តើមុនដំបូង កម្មវិធី «អ្នកជាបុរសពិត» នេះ អាចធ្វើឲ្យលោកចាប់អារម្មណ៍តាមរបៀបណា?

នៅពេលដែលខ្ញុំបានឃើញការប្រកាសអំពីការប្រកួតនេះ នៅតាមទស្សវដ្តី អង្គរធំ ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើរូបភាពបុរស កំពុងកាន់វែកឆាធ្វើការក្នុងផ្ទះបាយ និងការដើរផ្សងព្រេងនៅក្នុងព្រៃជាដើម។ខ្ញុំចូលចិត្តរូបនេះដោយសារតែខ្ញុំមានបទពិសោធន៍ច្រើននៅក្នុងកិច្ចការនេះ ខ្ញុំចង់សាកល្បងវា និងចែករំលែកបទពិសោធន៍របស់ខ្ញុំជាមួយអ្នកដទៃ។

តើលោកទទួលបានបទពិសោធន៍អ្វីខ្លះនៅក្នុងការប្រកួតនេះ?

នេះជាកម្មវីធីអប់រំមួយសម្រាប់បុរសឲ្យពួកគាត់យល់ពីកិច្ចការមួយចំនួនរបស់ស្រ្តី ដូចជា ការចំអិនម្ហូប និងការមើលថែទាំកូនជាដើម។ទោះបីជាយ៉ាងណាក៏ដោយ ក្នុងនាមជាបុរសយើងត្រូវតែជំនះឲ្យបាននៅដំណាក់
កាលទាំង១១ដែលខ្ញុំមិនអាចចងចាំទាំងអស់បាននោះទេ។ វាមានដូចជាការរស់នៅឆ្ងាយពីក្រុមគ្រួសារ ការសមយុទ្ធនៃកងទ័ពនៅលើសមរភូមិប្រយុទ្ធ ការបួសជាព្រះសង្ឃ និងការការពារខ្លូនយើងឲ្យឆ្ងាយពីជំងឺអេដស៍ ជាដើម។ ខ្ញុំគិតថាកិច្ចការរបស់ស្រ្តីមិនមែនជាការងាយស្រួលសម្រាប់បុរសដែលមិនធ្លាប់មានបទពិសោធន៍នោះទេ។

ក្នុងចំណោមដំណាក់កាលទាំងអស់ តើដំណាក់កាលមួយណា ដែលលំបាកចំពោះអ្នកជាងគេ?

ដោយសារតែខ្ញុំជាបុរសដែលធ្លាប់មានបទពិសោធន៍ក្នុងកិច្ចការនេះពីមុននោះ ខ្ញុំមិនគិតថាវាជាការលំបាកចំពោះខ្ញុំនោះទេ។ប៉ុន្តែខ្ញុំសូមជំរាបថាកិច្ចការរបស់ស្រ្តី មិនមែនជាការងាយស្រួលសម្រាប់បុរសនោះទេ ហើយកិច្ចការរបស់បុរសក៏មិនមែនជាការងាយស្រួលសម្រាប់ស្រ្តីនោះដែរ។ខ្ញុំចង់និយាយថាប្រសិនបើស្រ្តីធ្លាប់មានបទពិសោធន៍ក្នុងកិច្ចការបុរស ពួកគេក៏អាចធ្វើកិច្ចការបុរសបានដូចគ្នាដែរ។

តើដំណាក់កាលមួយណាដែលលោកចូលចិត្តជាងគេ? ព្រោះអ្វី?

ខ្ញុំចូលចិត្តដំណាក់កាលចូលទៅក្នុងផ្ទះខ្មោចជាងគេ ព្រោះវាបានផ្តល់អត្តន័យយ៉ាងជ្រាលជ្រៅដល់ពួកយើង។វាមិនគ្រាន់តែផ្តល់ឱកាសឲ្យបុរសបានបង្ហាញពីសមត្តភាពដែលមិនខ្លាចខ្មោចរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានប្រៀបធៀបការវាយដំរបស់ស្វាមី ឬបុរសទៅលើស្រ្តីផងដែរ។ខ្ញុំគិតថាដំណាក់កាលនេះវាបានអប់រំបុរសដែលមានអំណាចជាងស្រ្តី កុំឲ្យពួកគេធ្វើបាបគ្រូសារ ឬរំលោភសិទ្ធរបស់ស្រ្តីដែលមានអំណាចតិចតួចជាង។

សម្រាប់យោបល់របស់លោកផ្ទាល់ តើហេតុអ្វីបានជាគណៈកម្មាធិការ ជ្រើសរើសលោកជាអ្នកឈ្នះនៅក្នុង
កម្មវិធី«អ្នកជាបុរសពិត» នេះ?

នៅក្នុងការជ្រើសរើសដំបូង គណៈកម្មាធិការ បានប្រាប់ឲ្យពួកយើងស្វែងរកអ្វីមួយដើម្បីបង្ហាញថា យើងជាបុរសពិត។នៅពេលនោះខ្ញុំបានដាក់រូបថតរបស់ខ្ញុំដែលខ្ញុំបានជ្រើសរើសដោយផ្ទាល់ដៃ ដែលរូបថតនោះបានពិពណ៌នាអំពីបទពិសោធន៍ជាច្រើននៅក្នុងជីវិតរបស់ខ្ញុំនៅកន្លែងផ្សេងៗជាច្រើន ដូចជានៅ សាលា នៅកន្លែងធ្វើការ និងនៅវាលស្រែចាប់តាំងពីខ្ញុំនៅក្មេងរហូតមកដល់ពេលនេះ។ខ្ញុំគិតថា គណៈកម្មាធិការ បានចាប់អារម្មណ៍លើរូបខ្ញុំដោយសារតែចំនុចខាងលើនេះឯង។

សរុបមក ខ្ញុំគិតថា ខ្ញុំមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញរាល់កិច្ចការទាំងអស់នេះ។

ចំនុចដែលធ្វើឲ្យខ្ញុំទទួលបានជោគជ័យគឺ ការសាមគ្គីគ្នា។ទោះបីខ្ញុំនៅក្មេងក៏ដោយ ខ្ញុំយល់ច្បាស់ណាស់ថា អ្វីជាគ្រួសារ។ដោយសារតែខ្ញុំបានរស់នៅក្នុងគ្រួសារដែលមានជីវភាពយ៉ាប់យឺត ខ្ញុំដឹងអំពីបញ្ហាលំបាកនានា ជាពិសេសគឺខ្ញុំយល់ពីអារម្មណ៍របស់ម្តាយខ្ញុំ។

តើអ្នកយល់ឃើញយ៉ាងណា ចំពោះស្ថានភាពស្រ្តីនៅក្នុងប្រទេសកម្ពុជា នៅពេលបច្ចុប្បន្ន?

ខ្ញុំគិតថាឥឡូវនេះ ស្រ្តីមានការងារក្នុងតំណែងខ្ពស់ជាងមុន និងច្រើនជាងមុនក្នុងសង្គម ដោយសារតែរាជរដ្ឋាភិបាលរបស់យើងបានផ្តល់លទ្ធភាពដល់ពួកគាត់ច្រើនជាងមុន។ប៉ុន្តែនៅក្នុងគ្រួសារសិទ្ធិរបស់ស្រ្តីនៅតែទាបជាងបុរសដដែល ដោយសារតែស្រ្តីភាគច្រើនគ្រាន់តែជាមេផ្ទះប៉ុណ្ណោះ ដូច្នេះហើយបុរសតែងតែមើលស្រាលសមត្ថភាពរបស់ស្រ្តីដែលមិនអាចធ្វើការនៅខាងក្រៅផ្ទះបាន។

តើលោកគិតថាអ្វីខ្លះដែលបុរសគួរតែត្រូវធ្វើការផ្លាស់ប្តួរចំពោះស្រ្តីនៅក្នុងសង្គមខ្មែរ?

ខ្ញុំគិតថា ក្នុងនាមយើងជាបុរស យើងគួរតែយល់អំពីការលំបាករបស់ស្រ្តី ព្រោះកិច្ចការរបស់ស្រ្តីមិនមែនជារឿងងាយស្រួលដូចបុរសភាគច្រើនបានគិតនោះទេ។ផ្ទុយទៅវិញ យើងជាបុរសត្រួវតែផ្តល់លទ្ធភាពដល់ស្រ្តី ហើយលើកទឹកចិត្តឲ្យពួកគាត់ចូលរួមក្នុងកិច្ចការសង្គម ទោះបីពួកគាត់ជាស្រ្តីមេផ្ទះ ឬជាអ្នកធ្វើការនៅខាងក្រៅក៏ដោយ។ ប្រសិនជាយើងអាចធ្វើបាន យើងនឹងមានសុភមង្គលនៅក្នុងគ្រួសារ និងការអភិវឌ្ឍន៍សង្គមក្នុងពេលតែមួយជាក់ជាមិនខាន។

តើក្រោយពីទទួលបានជ័យលាភី លោកនឹងធ្វើការងារអ្វីខ្លះសំរាប់តំណែងជា «បុរសពិត » នេះ?
ខ្ញុំមានគំនិតចង់ធ្វើការងារខ្លះៗសំរាប់កម្មវិធីដែរ តែសព្វថ្ងៃមិនមានការងារអ្វីពីអ្នកឧបត្ថម្ភកម្មវិធីនៅឡើយហើយខ្ញុំមានយោបល់ចង់ឲ្យកម្មវិធីនេះ នៅតែបន្តស្វែងរកបេក្ខជនមកប្រកួតប្រជែង ដើម្បីពង្រឹងសមត្ថភាពឲ្យពួកគាត់ឲ្យយល់ពីភារកិច្ចរបស់ខ្លួន និងលើកតម្លៃដល់ការងារស្រ្តីនៅក្នុងសង្គម ។ លើសពីនេះតាមរយកម្មវិធីនេះ ខ្ញុំក៏ចង់បន្តការសិក្សាថ្នាក់អនុបណ្ឌិតដើម្បីពង្រឹងសមត្ថភាពរបស់ខ្ញុំ ជួយការងារក្នុងសង្គមជាតិផងដែរ ។

ប្រែសម្រួលដោយ គង់ សុគន្ធ

រោងភាពយន្ត4D ជាកន្លែងទាក់ទាញចិត្តយុវវ័យក្មេងៗនៅទីក្រុងភ្នំពេញ

ដោយ អ៊ូ មុំ

តើខ្សែភាពយន្តប្រភេទណាដែលធ្វើឲ្យអ្នករន្ធត់ចិត្តខ្លាំងបំផុតនៅក្នុងជីវិតរបស់អ្នក? តាមពិតអ្វីដែលកើតឡើងនៅក្នុងខ្សែភាពយន្ត មិនអាចធ្វើឲ្យអ្នកមានអារម្មណ៌ដូចជារឿងពិតទេ ។ ប៉ុន្តែអ្នកអាចសាកល្បង ស្វែងរកអារម្មណ៍រន្ធត់ពិតៗ នៅរោងភាពយន្ត4D។ តើរោងភាពយន្ត4Dមាននៅទីណា?

4D នឹងនាំអ្នកទៅក្នុងពិភពមួយដែលអ្នកចង់ក្នុងចំណោមពិភពទាំង៩នៃខ្សែភាពយន្តបែបរន្ធត់ដោយអ្នកគ្រាន់តែអង្គុយនៅលើកៅអីក្នុងរោងភាពយន្តនោះប៉ុណ្ណោះ ហើយអ្នកមិនចាំបាច់កាច់ចង្កូតវាដោយខ្លួនឯងទេ ប៉ុន្តែកៅអីទាំងនោះនឹងនាំអ្នកទៅកាន់អារម្មណ៍រន្ធត់ស្ទើរលស់ព្រលឹងដោយស្វ័យប្រវត្តិ ដោយខ្លួនអ្នកផ្ទាល់មានអារម្មណ៍ថាជាតួឯកម្នាក់នៅក្នុងខ្សែភាពយន្តនោះ។

កញ្ញា យឹម សុភ័ក្រ អាយុ២១ឆ្នាំ ដែលជាបុគ្គលិកក្នុងរោងភាពយន្តនោះ បាននិយាយថា៖ «ពាក់វែនតា អាចធ្វើឲ្យរូបភាពនៅក្នុងខ្សែភាពយន្តនោះរីកធំនៅជិតវែនតារបស់យើង ។ គ្រាន់តែអង្គុយលើកៅអី ក្នុងបន្ទប់ខ្សែភាពយន្តនោះ ហើយដាក់ដៃរបស់អ្នកនៅបង្កាន់ដៃកៅអី នឹងធ្វើឲ្យអ្នកមានអារម្មណ៍ រលាក់ ឬ ញ័រ ហាក់បីដូចជាអ្នកនៅលើផ្លូវរលាក់ពិតប្រាកដមួយ ឬនៅលើទូកដែលគ្លីងគ្លោងៗអញ្ចឹង»។

ខ្សែភាពយន្ត4D បានដាក់បញ្ចាំងតាមផ្ទាំងក្រណាត់សនៅចំពោះអ្នកលេង៤នាក់ ដែលលេងក្នុងខ្សែភាពយន្តមួយនៅក្នុងបន្ទប់តែមួយ។ ជួនកាលពួកគេស្រែកជាមួយនឹងភាពរន្ធត់ ហើយមនុស្សប្រុសម្នាក់បានស្រែកថា«គេចពីពីងពាងនោះ ឬ«វាមកហើយ»។

សិស្សសាលាវិទ្យាល័យព្រះសីសុវតិ្ថម្នាក់ឈ្មោះ គាង សុខ សំណាង និងមិត្តភ័ក្ររបស់នាងបានចូលលេងនៅក្នុងខ្សែភាពយន្តលេខ៧ ដែលជាខ្សែភាពយន្តរន្ធត់ជាងគេបំផុតក្នុងចំណោមខ្សែភាពយន្តទាំង៩នៅក្នុងរោងភាពយន្ត 4D នេះ។

បន្ទាប់ពីចេញពីបន្ទប់ភាពយន្ត4Dមួយស្របក់មក សំណាងដែលមានទឹកមុខស្លេកស្លាំង ជាមួយនឹង ការនិយាយសំលេងខ្សាវៗ ហើយសើចទាំងភិតភ័យ នៅតែបញ្ចុះបញ្ចូលឲ្យមិត្តរបស់នាងដទៃទៀតឲ្យចូលលេងក្នុងខ្សែភាពយន្តនោះម្តងទៀត។ ប្រហែលជាខ្សែភាពយន្ត4D អាចធ្វើឲ្យយុវវ័យជាច្រើន ដូចជារូបនាង ញៀនហើយមើលទៅ។

ខ្សែភាពយន្ត4D ដែលជាខ្សែភាពយន្តភ័យបះសក់ មានបញ្ចាំងនៅផ្សារទំនើបសុរិយាជាន់ទី៥ នៅជិតក្លិបជិះស្គី សូរិយា។ 4Dជា ខ្សែភាពយន្តដំបូងគេបង្អស់នៅប្រទេសកម្ពុជា ហើយទើបតែដាក់បញ្ចាំងកាលពីថ្ងៃទី១១ខែ វិច្ឆិកា ប៉ុណ្ណោះ តែអាចទាក់ទាញយុវវ័យជាច្រើន នៅក្នុងទីក្រុងភ្នំពេញ។

នៅពេលគេសួរថាតើបន្ទប់នៅក្នុងរោងភាពយន្ត4D នោះក្តៅទេ? សំណាង ឆ្លើយថា៖ «ទេ! ប៉ុន្តែជួនកាលទៅយើងមានអារម្មណ៍ថាក្តៅ ជួនកាលមានខ្យល់ខ្លាំង ឬត្រជាក់ អាស្រ័យតាមឈុត ឆាកនៅក្នុងខ្សែភាពយន្តនោះ ហើយវាអាចធ្វើឲ្យអ្នកបែកញើសជោកខ្លួនដោយសារឈុតឆាក ដ៍គួរឲ្យរន្ធត់នៅក្នុងខ្សែភាពយន្តនោះ។ ដូច្នេះហើយបានជាដាក់ឈ្មោះថា ភាពយន្ត 4D ពិភពបះសក់»។

សូម្បីតែសិស្សសាលាអាយុ១៣ឆ្នាំម្នាក់ឈ្មោះ ណាំ ទីវ័ន្ត ដែលធ្លាប់ចូលលេងក្នុងខ្សែភាពយន្តនោះ ពីរបីដង រួចហើយជាមួយមិត្តភ័ក្ររបស់ប្អូននោះ ក៏នៅតែចង់មកលេងវាម្តងទៀត។
ទីវ័ន្តនិយាយថា៖ «ខ្ញុំគិតថា វាអាចធ្វើឲ្យខ្ញុំរំភើបចិត្ត។ ខ្ញុំមិនដែលគិតថា វាធ្វើឲ្យប៉ះពាល់ដល់ អារម្មណ៍ និងការសិក្សារបស់ខ្ញុំនោះទេ»។

កញ្ញា យឹម សុភ័ក្រ ដែលជាបុគ្គលិកក្នុងរោងភាពយន្តនោះបាននិយាយថា៖ «ខ្ញុំមិនអាចប្រាប់ពីចំនួនអ្នកចូលមើលខ្សែភាពយន្តនោះទេ ព្រោះវាជាការសំងាត់ និងជាយុទ្ធសាស្រ្តទីផ្សាររបស់យើង។ ប៉ុន្តែអ្នកលក់ដូរម្នាក់នៅក្បែរនោះម្នាក់ សុំមិនបញ្ចេញឈ្មោះបាននិយាយថា៖ «ខ្ញុំសង្កេតឃើញថា សូម្បីតែថ្ងៃច័ន្ទ ដែលជាថ្ងៃមានភ្ញៀវតិចបំផុត នៅផ្សារសូរិយា ក៏រោងភាពយន្ត4D កំរអត់មនុស្ស ណាស់។ នៅតែមានអ្នករង់ចាំចូលទៅទស្សនាក្នុងភាពយន្ត4D នេះជានិច្ច»។

មនុស្សម្នាក់ចំណាយ៣ដុល្លារអាមេរិក ក្នុងមួយរឿង ដែលមានរយៈពេល៧នាទី ឬ៨នាទី អាស្រ័យទៅតាមសាច់រឿង។ ខ្សែភាពយន្តនេះ គេនាំយកមកពីប្រទេសកូរ៉េ ប៉ុន្តែ4D នៅកម្ពុជាមិនស្តែងដូច4D របស់កូរ៉េនោះទេ។

ជនជាតិកូរ៉េម្នាក់ឈ្មោះ គីម ហ៊ីស៊ុន បាននិយាយថា នាងចូលចិត្ត ភាពយន្ត4Dនេះណាស់ ។ «ខ្ញុំគិតថា 4D គឺជាមធ្យោបាយមួយដ៏ល្អ សំរាប់ការអប់រំ នៅប្រទេសកូរ៉េ ជាពិសេសវាអាចទាក់ទាញការចាប់អារម្មណ៌ពីកុមារតូចៗក្នុងការអប់រំពួកគេ ។ »

ហ៊ីស៊ុនបន្តថា «ប៉ុន្តែខ្ញុំមានការងើងឆ្ងល់ថា ហេតុអ្វីបានជាជនជាតិថៃ និងកម្ពុជា ចូលចិត្តមើលរឿងខ្មោច? ខ្ញុំគិតថា រឿងខ្មោច រឺរឿងរន្ធត់ភ័យខ្លាចអាច ធ្វើឲ្យប៉ះពាល់ដល់អារម្មណ៌ក្មេងៗបំផុត តែនេះប្រហែលជាពួកគេមានជំនឿខ្លាំងទៅលើអប្បិយជំនឿជាងពួកខ្ញុំហើយមើលទៅ ។»

ប្រែសម្រួលដោយ គង់ សុគន្ធ

អ្នកតម្បាញក្រមាមិនប្រាថ្នាឲ្យកូនដើរតាមគន្លងអាជីពរបស់ខ្លួន

ចំណាយពេលពីរទសវត្សរ៍ជាមួយនឹងកីតម្បាញបូរាណ និងមួយទសវត្សរ៍ជាមួយនឹងកីតម្បាញម៉ាស៊ីន អ្នកស្រី សឹម អាត ចង់ឲ្យកូនៗរបស់គាត់វៀសចាកពីមុខរបរនេះ

ដោយ អ៊ូ មុំ

យើងនឹងឮសូរសម្លេងកីតម្បាញនៅតាមបណ្តាភូមិជាច្រើន ប្រសិនបើយើងធ្វើដំណើរតាមម៉ូតូ កាត់ស្ពានព្រះមុនីវង្ស ប្រហែលជា ១ ម៉ោងកាត់តាម វត្តចំប៉ា ក្នុងភូមិជ្រោយអំពិល ឃុំក្បាលកោះ ស្រុកកៀនស្វាយ ក្នុងខេត្តកណ្តាល។
នៅប្រទេសកម្ពុជា អ្នកតម្បាញជាច្រើន កំពុងតែត្បាញអំបោះដែលមានពណ៌ខុសៗគ្នា នៅក្រោមផ្ទះឈើ បុរាណជាច្រើនក្នុងភូមិជ្រោយអំពិល ខណៈពេលដែលប្រទេសជាច្រើនទៀតនៅលើពិភពលោក មានរោងចក្រតម្បាញរួចទៅហើយ ដើម្បីផលិតក្រមា និងសម្ភារៈផ្សេងៗទៀត។
អ្នកស្រី សឹម អាត អាយុ ៥៧ ឆ្នាំ បានក្លាយជាអ្នកស្នងដំណែងជាអ្នកត្បាញក្រមា តាំងពីគាត់អាយុ ១៧ ឆ្នាំមកម្លេះ។ អ្នកស្រី សឹម អាត ហើយនឹងបងប្អូន ៤ នាក់របស់គាត់រៀនត្បាញក្រមាពីឪពុកម្តាយតាំងពីគាត់នៅក្មេងម្លេះ។
បន្ទាប់ពីត្បាញក្រមាអស់រយៈពេលជាច្រើនឆ្នាំរួចមក អ្នកស្រី សឹម អាត ក៏ដូចជាប្រជាជនដទៃទៀតដែលសុទ្ធតែបានឆ្លងកាត់ជំនាន់ ប៉ុល ពត។ ក្រោយរបបនេះដួលរលំ គាត់បានវិលត្រឡប់មកចាប់អាជីបដើមរបស់ខ្លួនវិញនៅក្នុងឆ្នាំ ១៩៨៤។ អ្នកស្រី បានធ្វើការអភិវឌ្ឍ ដោយភ្ជាប់កីតម្បាញជាមួយនឹងម៉ាស៊ីនតាំងពីឆ្នាំ ១៩៩៩ មកម្ល៉េះ នៅពេលដែលមាន ការតភ្ជាប់អគ្គីសនីនៅក្នុងភូមិរបស់គាត់រហូតមកទល់ពេលនេះ។
អ្នកស្រី សឹម អាត បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា៖ «កាលពីមុន យើងត្បាញក្រមា ដោយប្រើកីតម្បាញចាស់ៗដែលធាក់នឹងជើង ហើយអាចផលិតក្រមាត្រឹម១០ ទៅ២០ក្រមាប៉ុណ្ណោះក្នុងមួយថ្ងៃ ប៉ុន្តែឥឡូវនេះ យើងអាចត្បាញក្រមាដែលល្អបំផុតពី ៣០ ទៅ៤០ ក្នុងមួយថ្ងៃ ដែលអាចជួយឲ្យយើងចំណេញពេលវេលា និងថាមពល»។
ចាប់ពីម៉ោង ៦ ព្រឹកដល់ម៉ោង ១១ និង ៣០ នាទីថ្ងៃត្រង់ មានម៉ាស៊ីតម្បាញចំនួន ៨ កំពុងដំណើរការក្រោមការគ្រប់គ្រងរបស់មនុស្ស ៥ នាក់ នៅក្រោមផ្ទះរបស់ អ្នកស្រី សឹម អាត។
ក្នុងរដូវច្រូវកាត់ ពីខែធ្នូ ដល់មេសា ដែលជារយៈពេលលក់ដាច់ជាងគេនោះ សឹម អាត អាចលក់ក្រមាប្រហែល ២៤០ ក្នុងមួយថ្ងៃ។
សឹម អាត បានត្បាញក្រមាមានក្រឡាប្លែកៗ និងទំហំផ្សេងៗគ្នា។ សម្រាប់ក្រមាសាច់ធម្មតាមួយ គាត់អាចលក់បានក្នុងតម្លៃពី ១៣០០ រៀលទៅ ១៨០០ រៀល។ យោងតាមសម្ដីរបស់គាត់ នៅក្នុងភូមិជ្រោយអំពិល គេច្រើនត្បាញក្រមាសាច់ធម្មតាតែប៉ុណ្ណោះ។
ទោះបីជាការប្រើប្រាស់ក្រមាទទួលការពេញនិយមច្រើននៅជនបទស្រែចម្ការក៏ដោយ ក៏អតិថិជនរបស់ អ្នកស្រី សឹម អាតភាគច្រើន គឺជាឈ្មួញរកស៊ីមកពីរាជធានីភ្នំពេញ។
ក្រៅពីអាជីពជាអ្នកត្បាញក្រមា អ្នកស្រី សឹម អាត ក៏ជាកសិករមួយរូបដែរ។ អ្នកតម្បាញមានបទពិសោធជាង ៣០ ឆ្នាំរូបនេះ ជឿថា កាលពីសម័យមុន ទោះបីជាគេប្រើកីតម្បាញបូរាណក៏ដោយ ក៏គេអាចរកចំណូលផ្គត់ផ្គង់គ្រួសារបានគ្រប់គ្រាន់ដែរ។
អ្នកស្រី សឹម អាត បានឲ្យដឹងថា៖ «នេះជាកិច្ចការនៅផ្ទះ ដែលផ្តល់ភាពងាយស្រួលដល់ខ្ញុំក្នុងការមើលថែកូន។ របរនេះអាចចិញ្ចឹមពួកយើងបាន យើងផ្គត់ផ្គង់ឲ្យកូនទៅសាលា»។
ថ្វីត្បិតតែកូនទាំងបួនរបស់ សឹម អាត សុទ្ទតែរៀនចេះត្បាញក្រមា ប៉ុន្តែគាត់មិនចង់ឲ្យកូនៗរបស់ខ្លួនបន្តអាជីពនេះឡើយ ព្រោះវាមិនមានជាការងារងាយស្រួលនោះទេ។
អ្នកស្រី សឹម អាត បានសម្គាល់ឃើញថា ឧបសគ្គក្នុងរបបត្បាញក្រមាគឺតម្លៃវត្ថុធាតុដើមខ្ពស់ និងពិបាករកអ្នកត្បាញ ប៉ុន្តែផលិតផលសម្រេចលក់បានក្នុងតម្លៃថោកប៉ុណ្ណោះ។
អ្នកស្រី បានឲ្យដឹងថា៖ «សេដ្ឋកិច្ចរបស់យើងកំពុងធ្លាក់ចុះ ហើយតម្លៃក្រមានៅទីផ្សារក៏មិនស្ថិតស្ថេរដែរ»។
គាត់បានពន្យល់ទៀតថា៖ «ប្រសិនបើមានការងារល្អជាងនេះ ខ្ញុំនឹងឈប់ត្បាញទៀតហើយ ព្រោះ ការងារនេះចំណាយកម្លាំងច្រើន តែទទួលចំណូលតិច»។
សព្វថ្ងៃ កូនទាំងបួនរបស់អ្នកស្រី សឹម អាត កំពុងតែរៀនសូត្រ និងធ្វើការ នៅរាជធានីភ្នំពេញ ដូច្នេះពួកគេមិនអាចឆ្លៀតពេលជួយកិច្ចការត្បាញក្រមានៅផ្ទះឡើយ។
អ្នកស្រី សឹម អាត បានពោលថា៖ «អ្នកត្បាញទាំងអស់មកពីតំបន់ជនបទ ដូចជាខេត្តព្រៃវែង ស្វាយរៀង ជាដើម។ ប៉ុន្តែឥឡូវពិបាករកអ្នកត្បាញណាស់ ព្រោះពួកគេសុខចិត្តទៅធ្វើការនៅរោងចក្រកាត់ដេរឯភ្នំពេញវិញប្រសើរជាង»។

វិចិត្រករខំតស៊ូដើម្បីក្តីស្រម៉ៃរបស់ខ្លួនក្លាយជាការពិត

ដោយ អ៊ូ មុំ

នៅក្នុងព្រះវិហារវត្តដ៏ធំមួយដែលមិនទាន់ត្រូវបានកសាងរួចជាស្ថាពរនៅឡើយ កំប៉ុងថ្នាំពណ៌ចំនួន៤ -៥ ដាក់តំរៀបគ្នានៅកៀនជញ្ជាំងលើកៅអីវែងមួយ ដែលណន សារ៉ាន់កំពុងអង្គុយផ្ចិតផ្ចង់គូរវាសជញ្ជាំងជាមួយនឹងជក់ថ្នាំពណ៌របស់គាត់ ដើម្បីចេញជារឿងព្រេងបែបពុទ្ធប្រវត្តិដ៏គួរឲ្យជក់ចិត្តបំផុតនៅលើជញ្ជាំងខាងក្នុងនៃព្រះវិហារវត្តមួយនៃខេត្តកំពង់ឆ្នាំង។

អ្នកដំណើរដែលចូលទៅទស្សនាព្រះវិហារដែលកំពុងកសាងនោះតុបតែងដោយគំនូរបន្ថែមនោះខ្លះកំពុងទុចដំណើរ ដោយសារភ្លឹកមើលស្នាដៃវិចិត្រករខ្មែរ ជាពិសេសគឺរូបព្រះភ័ក្រ្តដ៏ស្លូតបូត និងទឹកមុខស្រស់ថ្លាមានពន្លឺភ្លឺចិញ្ចែងចិញ្ចាចរបស់ព្រះពុទ្ធនៅក្នុងព្រះវិហារមួយនៃខេត្តកំពង់ឆ្នាំង។

លោក ណន សារ៉ាន់ គឺជាវិចិត្រករតែមួយគត់ប្រចាំភូមិទួលខ្សាច់ ឃុំជ្រៃបាក់ ស្រុក រលា ផ្អៀរ ខេត្តកំពង់ឆ្នាំង ដែលបានសិក្សាផ្នែកគំនូរទេសភាព និងការធ្វើប៉ាណូវគ្គខ្លីប៉ុណ្ណោះ ។ ដោយសារតែឧបនិស្ស័យ និងទេពកោសល្យពីកំណើតដែល តំរូវឲ្យសារ៉ាន់បានក្លាយជាជាងគំនូរពុទ្ធប្រវត្តិ បន្ទាប់ពីគាត់បានទៅរៀននៅសាលាគំនូរឯកជនមច្ឆាទេពនៃខេត្តបាត់ដំបងចំនួន៧ខែមក នៅឆ្នាំ២០០៥។

សារ៉ាត់បាននិយាយថា “ខ្ញុំមិនដែលបានសិក្សាពីគំនូរពុទ្ធប្រវត្តិនេះទេ តែដោយសារតែខ្ញុំធ្លាប់បួសរៀន និងបានយល់ដឹងខ្លះៗពីពុទ្ធប្រវត្តិ ទើបធ្វើឲ្យខ្ញុំបែកគំនិតទៅគូររូបតាមជញ្ជាំងព្រះវិហារដូច្នេះទៅ។”

សារ៉ាត់បង្ខំចិត្តបញ្ឈប់ការសិក្សារបស់គាត់ត្រឹមថ្នាក់ទី៦ និងបានបួសរៀនបានជិត២ឆ្នាំ ដោយសារតែគ្រួសារគាត់មានជីវភាពខ្វះខាតពេក ។

សារ៉ាត់ដែលមានអាយុ២៧ឆ្នាំបានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ថា “ការគូរគំនូរមិនមានការលំបាកអ្វីទេសំរាប់ខ្ញុំ ដោយសារតែវាជាចំណូលចិត្តរបស់ខ្ញុំ ប៉ុន្តែអ្វីដែលលំបាកនោះគឺការរកការងារធ្វើ ។”

សារ៉ាត់អាចគូរគំនូរពុទ្ធប្រវត្តិបានតាំងពីវគ្គសុបិន្តនិម្មិតរហូតដល់ វគ្គព្រះពុទ្ធចូលព្រះរាជនិព្វាន។

ដោយសារតែការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ទើបធ្វើឲ្យប្អូនស្រីតែមួយគត់របស់សារ៉ាត់បង្ខំចិត្តបញ្ឈប់រៀនដែរ និងកំពុងធ្វើការងារនៅរោងចក្រមួយកន្លែង ហើយពួកគេកំពុងរស់នៅជាមួយម្តាយជាមេផ្ទះ និងឪពុករបស់ពួកគេជាអ្នករត់ម៉ូតូឌុប ។

ទោះបីជាយ៉ាងនេះក្តី សារ៉ាត់មិនចង់បញ្ឈប់ក្តីសង្ឃឹមរបស់គាត់ដែលធ្វើជាវិចិត្រករដ៏ល្បីមួយរូបនៃព្រះរាជាណាចក្រកម្ពុជានោះទេ មិនតែប៉ុណ្ណោះ សារ៉ាត់មានបំណងចង់បើកហាងគូរគំនូរនិង ធ្វើប៉ាណូដែលនឹងចំណាយដើមទុនយ៉ាងតិច ប្រាំពាន់ដូល្លាអាមេរិក។

ចំពោះគំនូរដែលលំបាកសំរាប់សារ៉ាត់នោះ គឺត្រូវវគ្គផ្ចាញ់មារព្រោះដោយសារត្រូវមានតួអង្គច្រើន ហើយពិបាករៀបប្លង់ ជាពិសេសគឺមុខយក្សមិនដែលឃើញមានពិតនៅក្នុងសង្គម ហើយវាត្រូវការ ភាពច្នៃប្រឌិតយ៉ាងខ្លាំងទៅលើគំនូរនេះ។

សារ៉ាត់អាចគូរគំនូរបែបព្រះពុទ្ធសាសនានេះ បានត្រឹម១ម៉ែត ទៅ២ម៉ែតការ៉េ ដែលអាចរកប្រាក់ចំណូលបានពី១០ដូល្លាទៅ ១៣ដូល្លាក្នុងមួយម៉ែតការ៉េ។ ប៉ុន្តែសារ៉ាត់បានបញ្ជាក់ថា គាត់មិនបានទទួលការងារជាប់លាប់ជាប្រចាំនោះទេ។

សារ៉ាត់បានបន្តថា “ដោយសារតែខ្ញុំគឺជាវិចិត្រករថ្មី និងឆ្លងកាត់បទពិសោធន៌ព្រមទាំងការសិក្សាបានតិច ទើបធ្វើឲ្យខ្ញុំមានការលំបាកក្នុងការទាក់ទងការងារជាមួយបណ្តាវត្តផ្សេងៗនៅក្នុងស្រុករបស់ខ្ញុំដើម្បីទទួលការងារ។”

សារ៉ាត់បានប្រាប់ថា “បើតាមជីវភាពនិង ការងាររបស់ខ្ញុំ វាជាការលំបាកណាស់ ក្នុងការបើកហាងនេះ ប៉ុន្តែជំហានដំបូងខ្ញុំសន្សំលុយជាមុនសិន។”

សារ៉ាត់តាំងចិត្តថានឹងសន្សំប្រាក់ឲ្យបានដើម្បីបើកហាង ដោយការទៅធ្វើការនៅប្រទេសកូរ៉េ តាមរយៈការការប្រលងរបស់ក្រសួងការងារ ។ បើទោះជាមានក្តីសង្ឃឹមតិចតួចក៏ពិតមែន តែសារ៉ាត់ នៅតែព្យាយាមដោយការទៅសិក្សាភាសាកូរ៉េជារៀងរាល់ថ្ងៃ ដើម្បីដាក់ពាក្យធ្វើទៅធ្វើការនៅប្រទេសកូរ៉េនៅខែមេសាខាងមុខនេះ។

ទោះបីជាយ៉ាងណាក៏សារ៉ាត់បានប្រាប់ថា “ខ្ញុំមិនចង់ចាកចេញពីប្រទេសកំណើតរបស់ខ្ញុំទេ បើសិនជាខ្ញុំអាចរកការងារសន្សំប្រាក់បានលឿននៅក្នុងប្រទេសកម្ពុជា។ “

ផលិតករវ័យក្មេង និយាយថា វិស័យខ្សែភាពយន្តខ្មែរនៅតែរស់រានជានិច្ច

ខ្សែភាពយន្តថ្មីមួយបង្ហាញស្ថានភាពនៃអ្នកផ្ទុកមេរោគអេដស៍

ដោយ អ៊ូ មុំ

បច្ចុប្បន្នវិស័យខ្សែភាពយន្តខ្មែរ ស្ទើរតែត្រូវបានបាត់មុខពីសង្គមកម្ពុជាទៅហើយ បន្ទាប់ពីរោងភាពយន្តជាច្រើននោះត្រូវបានបិទទ្វារ។ តែទោះបីជាយ៉ាងនេះក៏ដោយ ក៏នៅមានផលិតករមួយចំនួន ដែលស្រលាញ់វិស័យភាពយន្ត និងមានទេពកោសល្យក្នុងការផលិតខ្សែភាពយន្ត នៅតែតស៊ូផលិតខ្សែភាពយន្តមួយចំនួនមានលទ្ធភាព ដើម្បីលើកស្ទួយឧស្សាហកម្មខ្សែភាពយន្តខ្មែរឲ្យរស់ឡើងវិញ។

បន្ទាប់ពីក្រុម «កុនខ្មែរ កូនខ្មែរ» បានផលិតឈុតឆាកខ្លីៗជាច្រើននៃរឿងពេជ្រកូនភ្លោះរួចមក អ្នកនិពន្ធ វ័យក្មេងជនជាតិខ្មែរម្នាក់ បានអភិវឌ្ឍន៍គំនិតរបស់គាត់ពីការសរសេររឿងប្រលោមលោក ទៅរកការផលិតខ្សែភាពយន្តមួយ ដែលមានរយៈពេល១ម៉ោង និង៤៥នាទី ដើម្បីលើកស្ទួយឧស្សាហកម្មខ្សែភាពយន្ត និង សិល្បៈខ្មែរ ឲ្យរស់រានមានជីវិតឡើងវិញ។

លោក កៅ សីហា ផលិតករ របស់ផលិតកម្មខ្សែភាពយន្តថ្មីមួយ បាននិយាយនៅក្នុងពិធីក្រុងពាលីនៃបើកការគ្រោងថតខ្សែភាពយន្តមួយថា៖ «ខ្ញុំមិនរំពឹងថានឹងទទួលបានផលផលចំណេញពីការផលិតខ្សែភាពយន្តនេះទេ ប៉ុន្តែបើវាធ្វើឲ្យខ្ញុំ ចំណេញ ខ្ញុំនឹងផលិតខ្សែភាពយន្តបន្ទាប់មួយទៀត»។

លោក សីហាបានឲ្យដឹងទៀតថា ខ្សែភាពយន្តនេះនឹងបង្ហាញពីបញ្ហាផ្សេងៗនៅក្នុងសង្គម ដែលជា ចំណុចអប់រំជាច្រើនសម្រាប់ប្រជាជនទូទៅ។ រឿងនេះផ្តោតសំខាន់ទៅលើស្ថានភាពរបស់អ្នកផ្ទុកមេរោគអេដស៍ បុរសស្រលាញ់បុរសដូចគ្នា និង ការរើសអើងទៅលើអ្នកកើតអេដស៍។

ផលិតករដដែលនេះ បានបន្ថែមទៀតថា៖ «ខ្សែភាពយន្តនេះ និយាយអំពីគ្រួសារមួយដែលម្តាយម្នាក់បានរត់ចោលពីស្វាមី និងកូនៗរបស់នាង ដោយសារតែភាពក្រីក្រ និងស្វាមីរបស់នាង ឆ្លងមេរោគ អេដស៍។ ជាងនេះទៅទៀត ខ្សែភាពយន្តនេះ ក៍ផ្តោតទៅលើ បុរសដែលស្រលាញ់បុរសដូចគ្នា ដែលភាគច្រើនកំពុងប្រឈមមុខនឹងជំងឺអេដស៍»។

លោក សីហា បានឲ្យដឹងទៀតថា ខ្សែភាពយន្តនេះ ត្រូវបានផលិតឡើង ដើម្បីអប់រំស្រ្តីខ្មែរមួយក្រុមតូច ដែលយកចិត្តទុកដាក់ជ្រុលពេកអំពីភាពស៊ីវិល័យ ប៉ុន្តែបែជាមិនយកចិត្តទុកដាក់អំពីគ្រួសាររបស់ខ្លួន។ លោក សីហា បានពន្យល់ថា៖ «កូនៗអាចងាយនឹង ដើរផ្លូវខុស ប្រសិនបើពួកគេខ្វះការយកចិត្តទុក ដាក់ពីឪពុកម្តាយ ជាពិសេសគឺម្តាយតែម្តង។ ខ្ញុំចង់ពន្យល់ថា សុភមង្គលក្នុងគ្រួសារមួយ មិនមែនស្ថិត នៅលើលុយតែមួយមុខទេ។ រឿងសំខាន់ គឺតស៊ូទាំងអស់គ្នាដើម្បីអនាគតកូន»។

លោកបានបន្ថែមទៀតថា៖ «ចំនុចមួយទៀតនៅក្នុងខ្សែភាពយន្តនេះ គឺសេចក្កីស្នេហា រវាងបុរស ស្រាលាញ់បុរសដូចគ្នាដែលនឹងមិនផ្តល់លទ្ធផលល្អទេនៅទីបញ្ចប់»។ ផលិតករអាយុ២៨ឆ្នាំរូបនេះ គ្រោងនឹងដាក់ឈ្មោះផលិតកម្មរបស់លោកថា «រតនៈមហាសាល» ហើយខ្សែភាពយន្តដំបូងរបស់គាត់ មានចំណងជើងថា«ស្នេហាមួយនៅវិទ្យាល័យ»។ ខ្សែភាពយន្តនេះនឹងប្រើរយៈពេលថត ១ខែ និង ថវិការ ៣០,០០០ ដុល្លារសហរដ្ឋអាមេរិក។

កញ្ញា គៀត សុវណ្ណា ឡាង ដែលត្រូវបានគេជ្រើសរើសជាតួឯកស្រីនៅក្នុងខ្សែភាពយន្តនេះ បាននិយាយថា នាង ពេញចិត្តក្នុងការសម្តែងជាតួនាង «ធីតា» ដែលជាឈ្មោះតួឯកស្រីក្នុងរឿងនេះ។ កញ្ញា បាននិយាយថា៖ «ខ្ញុំគិតថា តួនាង«ធីតា» នេះ អាចមានរូបសម្បត្តិនិង ចរិតស្រដៀងនឹងខ្ញុំ ពោលជាក្មេងស្រីសុភាពរាបសារម្នាក់ ទើបអ្នកដឹកនាំរឿងសំរេចឲ្យខ្ញុំដើរតួនេះ »។

កញ្ញា គៀត សុវណ្ណាឡាង គឺជាបេក្ខនារីជាប់លេខម្នាក់ ក្នុងចំណោមស្រីស្អាតទាំង១០ (Freshy girls) ប្រចាំឆ្នាំ២០០៨។ លោក សីហា បាននិយាយថា សុវណ្ណា ឡាង ត្រូវបានជ្រើសរើសជាតួឯក បន្ទាប់ពី លោកបានឃើញនាងមាន សមត្ថភាពខ្ពស់ ក្នុងការសម្តែងឲ្យផលិតកម្មមួយចំនួន ដូចជា ហង្សមាស ប៊ិកមែន និងបណ្តាញស្ថានីយ៍ទូរទស្សន៍ ស៊ីធីអិន ជាដើម។

សីហា បានឲ្យដឹងទៀតថា៖ «ទស្សនិកជនជាច្រើន នឹងមានការភ្ញាក់ផ្អើលជាមួយនឹងតួឯកប្រុស គឺ លោក ជា វណ្ណារិទ្ធ ដែលធ្លាប់តែដើរតួជាបុរស ស្លូតចិត្តល្អ ប៉ុន្តែក្នុងខ្សែភាពយន្តនេះ គាត់សម្តែងជាតួ «បងធំ» ដែលសមទៅនឹងជំនាញរបស់គាត់ជាគ្រូបង្ហាត់តៃខ្វាន់ដូរមួយរូប»។

គម្រោងនៃការផលិតខ្សែភាពយន្ត នឹងឆ្លុះបញ្ចាំងពីឧស្សាហកម្មខ្សែភាពយន្តកម្ពុជា ដែលនៅមិនទាន់ បាត់បង់នៅឡើយ។ សីហា បាននិយាយទៀតថា៖ «ខ្ញុំនឹងព្យាយាមឲ្យអស់ពីសមត្ថភាពរបស់ខ្ញុំ ដើម្បី ធ្វើឲ្យខ្សែភាពយន្តនេះ មានគុណភាពល្អ»។ គាត់បាននិយាយទៀតថានេះជាលើកទី១ហើយដែលបាន ប្រឡូកខ្លួនក្នុងការផលិតខ្សែភាពយន្ត។

កាលពីមុន លោក សីហា ធ្លាប់ជួយក្នុងការផលិត ស្ប៉ត ខ្លីៗឲ្យក្រសួងអប់រំយុវជន និង កីឡា។
លោកធ្លាប់ទទួលបានជ័យលាភីលេខ១ក្នុងការប្រកួតរឿងប្រលោមលោកប្រចាំតំបន់ទន្លេមេគង្គលើកទី១ កាលពីខែ កុម្ភៈ ឆ្នាំ២០០៩។ សីហា បាននិយាយថា ក្រៅពីនេះ លោកក៏ធ្លាប់ជាសិស្សជំនាន់ទី១ នៃសមាគម អ្នកនិពន្ធខ្មែរ ក្នុងវគ្គបណ្តុះបណ្តាលអ្នកនិពន្ធ នឹងដឹកនាំរឿងផងដែរ ។

ប្រែសំរួល គង់ សុគន្ធ

រកឃើញអ្នកទទួលជ័យលាភីក្នុងការប្រកួតជ្រើសរើសអ្នកបង្ហាញម៉ូដ ស្បាយ ប្រចាំឆ្នាំ២០០៩ ហើយ!

ដោយ អ៊ូ មុំ

ខណៈពេលដែលចង្វាក់តន្រ្តីញាប់ៗឮៗ បានបន្លឺសម្លេងលើឆាកនៅជាន់ទី២របស់សណ្ឋារគារ ណាហ្គា វើល បេក្ខនារី និងបេក្ខជន នីមួយៗ បានបង្ហាញខ្លួននៅលើឆាកជាមួយនឹងស្ទីលដើរម៉ូដ និងសម្លៀកបំពាក់ស្ទីល
ថ្មីៗតែមួយគ្មានពីរបស់ពួកគេ។ រូបសម្ជស្សដ៏ស្រស់សោភា បូកផ្សំ នឹងភាពក្លាហានរបស់ពួកគេ បានអង្រួនចិត្តទស្សនិកជនរាប់រយនាក់នៅពីមុខពួកគេ ឲ្យអត់ទ្រាំទះដៃស្វាគមន៍ពួកគេមិនបាន រហូតមានអ្នកខ្លះស្រែកហ៊ោរកញ្ជ្រាវយ៉ាងសប្បាយរីករាយទទួលអ្នកដើរម៉ូដដែលពួកគេពេញចិត្ត។

រយៈពេលជាង៣ម៉ោងបានកន្លងផុតទៅ ការជ្រើសរើសអ្នកបង្ហាញម៉ូដ ស្បាយ ឆ្នាំ២០០៩ បានឈានដល់ទីបញ្ចប់ បន្ទាប់ពីបេក្ខនារី និងបេក្ខជន២០នាក់បានប្រកួតគ្នាកាលពីល្ងាចថ្ងៃសុក្រ។បេក្ខនារី និងបេក្ខជនទាំងអស់ត្រូវបានជ្រើសរើសដោយផ្អែកលើស្ទីលដើរម៉ូដរបស់ពួកគេដែលបានផ្សាយបន្តផ្ទាល់នៅទូរទស្សន៍ប៉ុស្តិ៍ លេខ៣នៅថ្ងៃនោះដែរ។

បន្ទាប់ពីឈ្នះនៅក្នុងការប្រកួតនេះ បេក្ខនារី និងបេក្ខជន៦រូប នឹងចុះកុងត្រាជាឲ្យ ក្រុមហ៊ុនអាយ ផ្លែនណិត
( i Planet Company) ដើម្បីផ្សព្វផ្សាយនៅផលិតផលមួយចំនួនរបស់ក្រុមហ៊ុនដែលបានឧបត្តម្ភក្នុងការរៀបចំការប្រកួតនេះ។

លោក Bunkert Ang An Nuay Siri អ្នកចាត់ការទូទៅរបស់ក្រុមហ៊ុន អាយ ផ្លែនណិត បាននិយាយថា៖ «លក្ខ័ខ័ណ្ឌរបស់អ្នកដែលឈ្នះក្នុងការដើរម៉ូដនេះ គឺការសម្តែងរបស់ពួកគេ ដោយត្រូវមើលតាមរយៈការបង្ហាញម៉ូដ និងរូបថតបង្ហាញម៉ូដរបស់ពួកគេ។ ពួកគេត្រូវយល់ដឹងពីរបៀបបង្ហាញខ្លួនឲ្យមានការចាប់អារម្មណ៌ ទាំងមកលើខ្លួនគេជាអ្នកផ្សព្វផ្សាយ ទាំងផលិតផលដែលនៅជិតខ្លួន រឺផលិតផលដែលពួកគេត្រូវបង្ហាញ ជាក់ស្តែងដូចជា សំលៀកបំពាក់ដែលពួកគេបានបង្ហាញលើឆាកជាដើម។

ចំណាត់ថ្នាក់លេខ១ផ្នែកនារីបានទៅលើ បេក្ខនារី ពាក់ផ្លាក អេហ្វ ណាញ (F9) យ៉ាន់ គុំផា អាយុ២៣ឆ្នាំ កំពស់ ១,៧៧សង់ទីម៉ែត្រ ទង្ងន់៥២ គីឡូក្រាម។ចំណាត់ថ្នាក់លេខ១ផ្នែកបុរស បានទៅលើបេក្ខជនពាក់ផ្លាក អឹម ណាញ (M9) ឈុន ហាំង ជួរ អាយុ១៦ឆ្នាំ កំពស់ ១,៨៥ សង់ទីម៉ែត្រ ទង្ងន់៧៤គីឡូក្រាម។

ចំណាត់ថ្នាក់លេខ២ផ្នែកនារី បានទីលើបេក្ខនារីពាក់ផ្លាក អេហ្វ ដប់មួយ (F11) ដួង ភក្រ្តា កំពស់ ១,៧១ សង់ទីម៉ែត្រ ទង្ងន់៥០ គីឡូក្រាម។ ចំណាត់ថ្នាក់លេខ២ ផ្នែកបុរស បានទៅលើបេក្ខជន
ដែលពាក់ផ្លាក អឹម ដប់មួយ (F11) ហូ ប៉ូ សេង កំពស់ ១,៨០ សង់ទីម៉ែត្រ ទង្ងន់៧០ គីឡូក្រាម។

ចំណាត់ថ្នាក់លេខ៣ផ្នែកនារី បានទៅលើបេក្ខនារីដែលពាក់ផ្លាក អេហ្វ ធូ (F២) លី សុផា លីនដា កំពស់ ១,៧១ សង់ទីម៉ែត្រ ទង្ងន់៤៣ គីឡូក្រាម។ ចំណាត់ថ្នាក់លេខ៣ផ្នែកបុរសបានទៅលើបេក្ខជនដែលពាក់ផ្លាក អឹម ហ្វាយ (M5) ចាន់ រតនៈ សំបូរ កំពស់ ១,៨១ សង់ទីម៉ែត្រ ទង្ងន់៦៤ គីឡូក្រាម។

ដើម្បីមានសិទ្ធចូលរួមការប្រកួតដើរម៉ូដនេះ បេក្ខជន និងបេក្ខនារី ត្រូវមានអាយុចន្លោះពី១៦ទៅ២៥ឆ្នាំ ហើយបុរសត្រូវមាមកំពស់ចាប់ពី១,៧៥ សង់ទីម៉ែត្រឡើងទៅ ហើយបេក្ខនារីត្រូវមានកំពស់ចាប់ពី១,៦៥ សង់ទីម៉ែត្រឡើងទៅ។ ការប្រកួតនេះមិនអនុញ្ញត្តិឲ្យ តារាភាពយន្ត តារាសម្តែងខារ៉ាអូខេ ឬអ្នកចំរៀងចូលរួមនោះទេ ព្រោះពួកគេទាំងនោះមានប្រជាប្រិយភាពខ្លាំង នឹងងាយស្រួលឈ្នះ ក្នុងការប្រកួតនេះប្រសិនជាពួកគេត្រូវអនុញ្ញតិ្តឲ្យចូលរួមប្រកួត។

លោក Bunkert បានឲ្យដឹងថា៖ «មុនដំបូង យើងបានទទួលបេក្ខជន និងបេក្ខនារី ជាង២,០០០ នាក់ឲ្យចូល
រួមការប្រកួតនេះ ប៉ុន្តែក្នុងការជ្រើសរើសនៅតង់ទី១ យើងចម្រាញ់យកបេក្ខជន និងបេក្ខនារីតែ៣០០នាក់
ប៉ុណ្ណោះ»។

លោក Bunkert បានបន្ថែមទៀតថា៖ «ការប្រកួតដើរម៉ូដនេះ គឺដើម្បីជ្រើសរើសយកតារាបង្ហាញម៉ូដថ្មីបំផុតសំរាប់កម្ពុជា។ដូចគ្នានេះដែរ ការប្រកួតនេះ ក៏ធ្វើឡើងដើម្បីលើកកំពស់ស្នាដៃអ្នកឆ្នៃម៉ូដសម្លៀកបំពាក់ខ្មែរ ដែលមានតាំងពីការឆ្នៃម៉ូដសម្លៀកបំពាក់ទំនើប រហូតដល់ការច្នៃម៉ូដសម្លៀកបំពាក់តាមបែបប្រពៃណី ដែលធ្វើពីសរសៃសូត្រ ដោយស្នាដៃរបស់ខ្មែរពិតៗ»។

ការប្រកួតដើរម៉ូដ ស្បាយ ប្រចាំឆ្នាំ២០០៩ នេះ ត្រូវបានរៀបចំឡើង ដោយក្រុមហ៊ុន អាយ ផ្លែនណិត សហការណ៍ជាមួយទូរទស្សន៍ ប៉ុស្តិ៍ លេខ៣ នឹងចូលរួមឧបត្តម្ភដោយក្រុមហ៊ុនមួយចំនួនដូចជា ក្រុមហ៊ុនភេសជ្ជៈ ស្បាយ (Spy) ក្រុមហ៊ុន Systema ក្រុមហ៊ុនសាប៊ូដុសខ្លួន Shokubutsu សណ្ឋារគារ Naga World ហាងកែសម្ផស្ស ស៊ីនឌី (Cindy) និង ក្រុមហ៊ុន LG ជាដើម។

សំបុត្រចូលទស្សនាពិសេសមានតម្លៃ១០០ដុល្លារអាមេរិក ហើយសំបុត្រធម្មតាមានតម្លៃ១ដុល្លារប៉ុណ្ណោះ។សំបុត្រពិសេសសម្រាប់តែភ្ញៀវថ្នាក់លើដែលអាចទទួលទានអាហារពេលល្ងាចពិសេសនៅក្បែរឆាកប្រកួត
ផងដែរ។

ប្រែសម្រួលដោយ គង់ សុគន្ធ

យុវសិស្សមួយក្រុមចង់ដាសកំណាព្យខ្មែរឲ្យរស់ឡើងវិញ

ដោយ អ៊ូ មុំ

ដោយសារឥទ្ធិពលពីសម័យទំនើប យុវវ័យកម្ពុជាជាច្រើនមិនបានផ្តោតចំណាប់អារម្មណ៍ទៅលើតន្ត្រីបូរាណ ចម្រៀងប្រពៃណី ឬកំណាព្យកាព្យឃ្លោងអ្វីឡើយ។ យ៉ាងណាមិញ មានយុវវ័យមួយក្រុមដែលមានគ្នា ៣០ នាក់ បានកំពុងតែសិក្សាអំពីកំណាព្យខ្មែរ នៅវិទ្យាល័យបាក់ទូក ជារៀងរាល់ព្រឹកថ្ងៃអាទិត្យ។

តើហេតុអ្វីបានជាពួកគេចង់ក្រេបយកចំណេះដឹងពីកំណាព្យខ្មែរ? តើគោលបំណងនៃការសិក្សាកំណាព្យខ្មែរមានអ្វីខ្លះ?
សម្លេងខ្លុយដ៏ពីរោះលន្លង់លន្លោចបានបន្លឺឡើងស្របគ្នាជាមួយនឹងសំនៀងសូត្រកំណាព្យខ្មែរដ៏មានអត្ថន័យ ដើម្បីអប់រំដល់ក្មេងជំនាន់ក្រោយ នាព្រឹកថ្ងៃអាទិត្យកន្លងទៅនេះ។

លោកគ្រូ យ៉ាន បូរិន្ទ ជាអ្នកបង្ហាត់បង្រៀនកំណាព្យខ្មែរ បានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍ថា លោកកំពុងបង្រៀនវិធីសូត្រកំណាព្យ តែងកំណាព្យ និងផ្លុំខ្លុយតាមសំណូមពររបស់សិស្សានុសិស្ស។
លោកគ្រូបង្រៀនកំណាព្យរូបនេះបានឲ្យដឹងថា៖ «សិស្សទាំងនេះផ្ទាល់ជាអ្នកបង្កើតកម្មវិធីសិក្សាដោយខ្លួនឯង ដោយពួកគេគ្រាន់តែអញ្ជើញខ្ញុំឲ្យមកបង្រៀនពួកគេ ដោយបង់នូវកម្រៃតាមលទ្ធភាពរបស់ពួកគេ»។

អតីតគ្រូបង្រៀនវ័យ ៦១ ឆ្នាំ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ រូបនេះ បានចូលនិវត្តន៍រួចហើយក៏ពិតមែន ប៉ុន្តែលោកបានព្យាយាមចែករំលែកពេលវេលា ២ ម៉ោង ជារៀងរាល់ព្រឹកថ្ងៃអាទិត្យដើម្បីបង្ហាត់បង្ហាញថ្នាក់ពិសេសនេះ ដែលចាប់ផ្ដើមដំណើរការចាប់ពីថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០០៩ កន្លងទៅ។

នៅក្នុងទស្សនៈវិស័យរបស់គាត់ លោកគ្រូ បូរិន្ទ ក៏ចង់បន្ថែមនូវថ្នាក់បង្រៀនដូរតន្ត្រី នៅក្នុងកម្មវិធីសិក្សាថ្នាក់វិទ្យាល័យផងដែរ ដូចជានៅតាមបណ្ដាប្រទេសមួយចំនួន ប៉ុន្តែលោកបានឲ្យដឹងថា ប្រទេសកម្ពុជានៅមានកង្វះខាតខាងធនធានមនុស្សដែលមានការយល់ដឹងខាងតន្ត្រីនេះ។

លោកបានបន្ថែមថា៖ «នៅប្រទេសមួយចំនួន សិស្សវិទ្យាល័យយ៉ាងហោចណាស់ក៏ចេះលេងឧបករណ៍តន្ត្រីខ្លះៗដែរ។ សម្រាប់ប្រទេសកម្ពុជាយើង វាទាមទារពេលវេលាយូរឆ្នាំទៅមុខទៀត ក្នុងការបញ្ចូលម៉ោងសិក្សាតន្ត្រីទៅក្នុងកម្មវិធីសិក្សា»។

យ៉ាងណាមិញ លោកគ្រូ បូរិន្ទ ក៏មានមោទនភាពដែរដោយសារសិស្សដែលមករៀនកំណាព្យជាមួយគាត់សុទ្ធសឹងតែមានទេពកោសល្យខាងវិស័យនេះ គួបផ្សំនឹងការតាំងចិត្តខ្ពស់ក្នុងការរៀនសូត្រ។
លោកគ្រូបានកោតសរសើរដល់សិស្សទាំងនោះទៀតថា៖ «ពួកគេថែមទាំងឆាប់ចាប់បានជាងនិសិ្សតដែលខ្ញុំធ្លាប់បង្រៀននៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈទៀតផង»។
ក្លឹបកំណាព្យនេះ ត្រូវបានបង្កើតឡើងដោយសិស្សវិទ្យាល័យបាក់ទូកមួយក្រុម។

ប្អូនប្រុស សីហា ឧត្តម អាយុ ១៥ ឆ្នាំ គឺជាស្ថាបនិកមួយរូបក្នុងចំណោមសិស្សដទៃទៀត បានឲ្យដឹងថា៖ «យើងបានបង្កើតក្លិបកំណាព្យនេះ ដោយសារយើងចង់លើកតម្កើងវិស័យកំណាព្យខ្មែរដែលមិនសូវមានវត្តមានក្នុងសង្គមខ្មែរ ពីព្រោះបច្ចុប្បន្នមិនមានសាលាបង្រៀនកំណាព្យខ្មែរនៅរាជធានីភ្នំពេញឡើយ»។
ឧត្តម និងមិត្តទាំងបីរបស់គេ ធ្លាប់បានទទួលជ័យលាភីក្នុងការប្រកួតកំណាព្យផ្នែកកំណាព្យប្រចាំរាជធានីលើប្រធានបទប្រឆាំងនឹងគ្រឿងញៀន កាលពីខែមិថុនា កន្លងទៅនេះ។

សីហា ឧត្តម ដែលបានទទួលចំណាត់ថ្នាក់លេខ ១ ពីការប្រកួត បានឲ្យដឹងទៀតថា សមាជិកក្លិបរបស់ខ្លួន កំពុងតែខិតខំព្យាយាម ដើម្បីលើកកម្ពស់វិស័យកំណាព្យខ្មែរដល់សិស្សទាំងក្នុងសាលា និងក្រៅសាលា។
ជួនកាលសមាជិកក្លិបក៏មានឱកាសសម្ដែងជំនាញរបស់ខ្លួនទៅកាន់សាធារណជនផងដែរជាពិសេសគឺនៅក្នុងបរិវេណសាលារៀនពួកគេផ្ទាល់តែម្ដង។

ឧត្តម បានឲ្យដឹងថាៈ «ជួនកាលពេលគោរពទង់ជាតិ យើងសុំការអនុញ្ញាតិពីនាយកសាលាដើម្បីសូត្រកំណាព្យដែលបង្កប់នូវអត្ថន័យអប់រំឲ្យសិស្សទាំងឡាយខិតខំរៀនសូត្រ»។
ចំណែក ប្អូនស្រី ឈីវ រចនា អាយុ ១៥ ឆ្នាំ ដែលជាសមាជិកក្លឹប និងធ្លាប់ទទួលបានជ័យលាភីលេខ ៤ ពីការប្រឡងសូត្រកំណាព្យនោះ មានបំណងប្រាថ្នាចង់ចាប់យកអាជីពជាគ្រូពេទ្យនាពេលអនាគត ប៉ុន្តែយ៉ាងណាមិញនាងនៅតែចង់សិក្សាពីកំណាព្យខ្មែរ។

រចនា បានលើកឡើងថា៖ «ប្រសិនបើអ្នកណាម្នាក់ចាប់អារម្មណ៍នឹងកំណាព្យ សូមកុំខ្វល់អំពីសម្លេងរបស់យើងថាពីរោះឬមិនពីរោះនោះ។ យ៉ាងហោចណាស់ក៏យើងអាចស្វែងយល់ពីកំណាព្យខ្មែរជាច្រើនក្នុងសម័យកាលរុងរឿង ដែលមានតម្លៃជាងតន្ត្រីសម័យទៅទៀត»។

លោកគ្រូ យ៉ាន បូរិន្ទ ជឿជាក់ថា ប្រទេសកម្ពុជាមានកំណាព្យច្រើនជាងគេបំផុតនៅក្នុងពិភពលោក។ លោកបានបញ្ជាក់ថា៖ «សហការីរបស់ខ្ញុំ រួមទាំងខ្ញុំបានរកឃើញថា ខ្មែរយើងមានកំណាព្យចំនួន ៦០ ប្រភេទ ហើយយើងនៅតែជឿថានៅមានបន្តទៀត»។

លោកគ្រូ បូរិន្ទ បានស្នើឲ្យអ្នកដែលបម្រើការងារទាក់ទងនឹងវិស័យវប្បធម៌ ជួយឲ្យយកចិត្តទុកដាក់លើអត្តសញ្ញាតិរបស់ជាតិ ឧទាហរណ៍ដូចជាការផលិតនូវតន្ត្រី និងចម្រៀង ប្រពៃណី ដូចជាយីកេ អាយ៉ៃ និងភ្លេងមហោរីជាដើម។

លោកគ្រូ បានអះអាងថា៖ «ខ្ញុំមិនជឿថាគ្មានអ្នកណាម្នាក់ទិញតន្ត្រីប្រពៃណីនោះទេ ព្រោះមានមនុស្សច្រើនណាស់ធ្លាប់បានសុំឲ្យខ្ញុំផលិតនូវបទកំណាព្យរបស់ខ្ញុំ»។
លោកបានមានប្រសាសន៍ទៀតថា៖ «ប្រសិនបើប្រជាជនកម្ពុជាមិនព្យាយាមថែរក្សាវប្បធម៍របស់ខ្លួនទេនោះ តើអ្នកណានឹងថែរក្សាឲ្យយើង?»។

Monday, December 28, 2009

ស្តេចសៀករបស់ជប៉ុនមកសម្តែងនៅកម្ពុជា

ដោយ អ៊ូមុំ

ទស្សនិកជនភាគច្រើនប្រហែលជាមិនចង់ឲ្យចក្ខុរបស់ពួកគេរំលងក្រសែភ្នែកដ៏ទាក់ទាញ និងសម្រស់ផ្ទៃមុខដ៏ស្រស់ផូផង់របស់ម្ចាស់ក្សត្រី ថិងកូ (Tenko)លាយឡំជាមួយនឹងផ្សែងពណ៌ស និងភ្លើងពណ៌ក្រហមដ៏ស្រទន់ ដែលអាចនិយាយបានថាជាការបោកបញ្ចោតមួយដើម្បីទាក់ទាញអារម្មណ៍របស់អ្នកទស្សនាឲ្យផ្តោតទៅលើការសម្តែងសៀករបស់នាង។

តាមពិតទៅម្ចាស់ក្សត្រី ថិងកូ គ្រាន់តែជារហស្សនាមតារាសម្តែងសៀកជនជាតិជប៉ុនដ៏ល្បីមួយរូបតែប៉ុណ្ណោះ។ នាងជាស្រ្តីដំបូងដែលទទួលបានពានរង្វាន់ជាអ្នកសម្តែងសៀកដ៏ប៊ិនប្រសព្វជាងគេ បំផុតប្រចាំឆ្នាំ ពីវិទ្យាល័យសៀក និងវិទ្យាសាស្រ្តនៅសហរដ្ឋអាមេរិក(Academy of Magic and Science in the United State) ដូចគ្នានឹងតារាសម្តែងសៀកមួយចំនួនទៀតដែរគឺ លោក David Copperfield លោក Doung Henning លោក Siegried និង លោក Roy ជាដើម។

ម្ចាស់ក្សត្រី ថិងកូ នឹងមកសម្តែងនៅក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃទី២០រហូតដល់២២ ខែមករា ឆ្នាំ២០១០ នៅសណ្ឋាគារ ណាហ្គាវើល ក្នុងទីក្រុងភ្នំពេញ។ នៅក្នុងសន្និសិទ្ធកាសែតមួយ នៅសណ្ឋាគារ ណាហ្គាវើល នៅថ្ងៃទី២៣ខែធ្នូឆ្នាំ២០០៩ ម្ចាស់ក្សត្រី ថិងកូ បាននិយាយថា នេះជាលើកទី១ហើយ ដែលនាង និងក្រុមរបស់នាងបានមកសម្តែងនៅឥណ្ឌូចិន។

ម្ចាស់ក្សត្រី ថិងកូ ដែលមិនអនុញ្ញត្តិឲ្យគេសួរពីឈ្មោះពិត និងអាយុរបស់នាង បានឲ្យដឹងទៀតថា៖ «អ្នកចាត់ការរបស់ខ្ញុំ មានគម្រោងមកកាន់ទីនេះដើម្បីសម្តែងសៀក។ ខ្ញុំចាប់អារម្មណ៍ប្រជាជនក្មេងៗនៅកម្ពុជា ហើយខ្ញុំកំពុងតែសង្កេតមើលការចាប់អារម្មណ៍របស់ពួកគេ។ ខ្ញុំកំពុងគិតថាតើខ្ញុំត្រូវលើកឈុតឆាកប្រភេទណាមកសម្តែងដើម្បីទាក់ទាញការចាប់អារម្មណ៍របស់ពួកគេ»។

ម្ចាស់ក្សត្រី ថិងកូ បង្ហាញខ្លូនជាលើកដំបូងក្នុងប្រទេសជប៉ុនជាអ្នកចម្រៀង ប៉ុប និងជាតារាខ្សែភាពយន្ត។ បន្ទាប់ពីមរណៈភាពរបស់លោក ហីគីតា ថិងកូ (Hikita Tenko)ដែលជាអ្នកសិល្បករ និងអ្នកលេងសៀករហស្សកម្មដ៏ល្បីឈ្មោះក្នុងប្រទេសជប៉ុន ម្ចាស់ក្សត្រី ថិងកូ ត្រូវបានជ្រើសរើសក្នុងចំណោមកូនសិស្សរបស់លោក ឲ្យធ្វើជាអ្នកបន្តវេន និងប្រើឈ្មោះលោក ហីគីតា ថិងកូ។

នៅថ្ងៃនេះ ថិងកូ ហីគីតាទី២ ត្រូវបានគេទទួលស្គាល់ដោយឈ្មោះលើឆាករបស់នាង ដែលគេតែងតែហៅថា ម្ចាស់ក្សត្រី ថិងកូ ហើយការសម្តែងរបស់នាងមានវត្តមានពេសពេញពិភពលោក ពោលគឺជាមធ្យមប្រហែលជា៣០០ លើកក្នុង១ឆ្នាំៗ។

ក្នុងឆ្នាំ១៩៩៥ ម្ចាស់ក្សត្រី ថិងកូ បានក្លាយទៅជា គំរូនៃវីរៈនារីក្នុងគំនូរជីវចលដែលផលិតនៅសហរដ្ឋអាមេរិកដែលមានចំណងជើងថា ម្ចាស់ក្សត្រី ថិងកូ និង អ្នកអភិរក្សសៀករហ័សកម្ម(Tenko and the Guardian of the Magic)។

ម្ចាស់ក្សត្រី ថិងកូ កំពុងតែជួយជ្រោមជ្រែងការផលិតសកម្មភាពរបស់អ្នកសម្តែងសៀក រហស្សកម្មសម្រាប់ MA ដែលជាក្រុមតន្រ្តីប៉ុបដ៏មានប្រជាប្រិយរបស់ជប៉ុន ហើយ ថិងកូ ក៏បានចូលរួមក្នុងគម្រោងវិនិយោគជាច្រើនតាមរយៈការអភិវឌ្ឍន៍ទីក្រុង និងការឧបត្តម្ភ កីឡាអាជីពជាដើម។

ថិងកូ បាននិយាយទៀតថា «កាលពីមុន ខ្ញុំបានបង្រៀនសៀកដល់មនុស្សក្មេងៗនៅក្នុងប្រទេសចិន ហើយឥឡូវនេះ ខ្ញុំក៏មានបំណងបង្រៀនក្មេងកម្ពុជាផងដែរ។»

ប្រសិនបើយើងមើលនាងពីចង្ងាយ ថិងកូ មើលទៅដូចក្មេងស្រីដែលមានវ័យជាង២០ឆ្នាំ ដែលអាយុនេះ ហាក់បីដូចជាក្មេងពេកសម្រាប់ការសម្តែង ។ ប៉ុន្តែបើយើងមើលឲ្យជិតជាងនេះ វាពិបាកស្មាន អាយុរបស់នាងណាស់ ព្រោះសម្រស់របស់នាងហាក់ដូចជាមិនចាស់តាមអាយុកាលទាល់តែសោះ បើគួបផ្សំទៅនឹងអត្តចរិកទន់ភ្លន់ រួសរាយគួរឲ្យចូលចិត្តថែមទៀតនោះ។

ថិងកូ បានពន្យល់ថា៖ «ការសម្តែងនេះ មិនទាក់ទងទៅនឹងមន្តអាគម វេទមន្ត ឬអារក្សអ្នកតាស្អីទេព្រោះប្រសិនបើអ្នកមើលពីខាងឆ្វេង ខាងស្តាំ ឬមើលពីក្រោយ វាគ្រាន់តែជាការលេងសៀកតែប៉ុណ្ណោះ»។

លោក អ៊ែរិក ចាន់ អគ្គនាយករងទទួលបន្ទុកផ្នែកទីផ្សារនៅសណ្ឋាគារ ណាហ្គាវើល បាននិយាយថា៖ «តាមរយៈព្រឹត្តិការណ៍ដ៏ល្បីនេះ យើងសង្ឃឹមថានឹងអាចទាក់ទាញភ្ញៀវទេសចរជប៉ុន ព្រោះការសម្តែងរបស់ម្ចាស់ក្សត្រី ថិងកូ ក្នុងប្រទេសកម្ពុជា ក៏នឹងត្រូវបានចាក់ផ្សាយក្នុងប្រទេសជប៉ុនផងដែរ»។

ការសម្តែងនេះ ចាប់ផ្តើមនៅម៉ោង៦ និង៣០ នាទីល្ងាច ចាប់ពីថ្ងៃទី២០ រហូតដល់ថ្ងៃទី ២២ ខែ មករាឆ្នាំ២០១០។ សំបុត្រGold Class ម្លៃ៦៥ដុល្លារអាមេរិក និង៧៥ដុល្លារសម្រាប់ Platinum Class បូករួមនឹងការញុំអាហារពេលល្ងាចដែលមានម្ហូប៤មុខផងដែរ។ សំបុត្រចូលទស្សនាអាចរកទិញបាន នៅកន្លែងលក់សំបុត្រសណ្ឋាគារ ណាហ្គាវើល ឬតាមទូរស័ព្ទ ០២៣ ២១៦ ៨៣៤-6 ៕
បែ្រសំរួលដោយ គង់ សុគន្ធ

“ពេជ្រកូនភ្លោះ” ខ្សែភាពយន្តស្នាដៃរួមថ្មី

ដោយ អ៊ូ មុំ
ដោយសារតែការស្រឡាញ់ចូលចិត្ត វិស័យខ្សែភាពយន្ត សិស្ស និស្សិត៦០នាក់បានព្យាយាមលះបង់ពេលវេលា កំលាំងកាយ ចិត្តរបស់ខ្លួន ដើម្បីកសាងជាសមិទ្ធផលរួមគ្នាលើចូលរួមក្នុងការផលិតជាខ្សែភាពយន្តមួយ ដែលមានចំណងជើងថា “ពេជ្រកូនភ្លោះ” ដោយបានដាក់ឈ្មោះក្រុមរបស់ខ្លួនថា “កុនខ្មែរ កូនខ្មែរ” ។
ការចំណាយពេលអស់រយៈពេល៨ខែ ទាំងការសរសេរ ថត និងកាត់ត ធ្វើឲ្យក្រុម “កុនខ្មែរ កូនខ្មែរ” អាចផលិតជាខ្សែភាពយន្តបែបកំសាន្តមួយដោយបញ្ចូលជាឈុតឆាកកំប្លែង និងបង្កប់នូវភាពច្នៃប្រឌិតខ្ពស់ថែមទៀត។
លោកដាវី ជូ ផលិតករភាពយន្តបារាំងអាយុ២៥ឆ្នាំ បានបង្កើតគំរោងនេះឡើង ដោយការថតភាពយន្តនេះ លោកចង់បង្ហាញថាយុវជនខ្មែរ ទោះបីជាពួកគេមានស្ថានភាពរស់នៅខុសគ្នាក៏ដោយ ក៏ពួកគេអាច បង្កើតខ្សែភាពយន្តរួមគ្នាបានដែរ ។
“ភាពយន្តនេះបង្ហាញថា យុវវ័យទាំងអស់នេះបានស្វែងរកសំលេងតែមួយហើយបានជួយផ្តល់គំនិតថ្មី និងប្លែកៗ ឲ្យគ្នាទៅវិញទៅមក គឺវាបង្កប់នូវអត្ថន័យយ៉ាងច្រើនទៅលើការសហការគ្នា មិត្តភាព និងការយល់ចិត្តគ្នារវាង យុវជននៅប្រទេសកម្ពុជា ។”
លោកដេវី ជូ គំរោងនេះបានបន្តថា “ខ្ញុំធ្លាប់ឃើញគំរោងបែបនេះ នៅប្រទេសបារាំងតាំងពី៨ឆ្នាំមុន ទើបខ្ញុំ មានគំនិតបញ្ចូលក្រុមសិស្ស និស្សិតដែលស្រឡាញ់វិស័យកុនទាំងអស់ឲ្យរៀនពីមូលដ្ឋានគ្រឹះនៃកុន ហើយចេះធ្វើការងាររួមគ្នា តាមរយៈស្នាដៃលើកដំបូងរបស់ខ្លួន។”
ដោយមានអ្នកការសហការពីសិស្ស និស្សិតនិង ការផ្តល់ជាទីតាំងថតពីសាលាផ្េងៗគ្នា ទាំងក្រុមការងារ និងតួសំដែងសរុបប្រហែល១០០នាក់ ត្រូវធ្វើការងាររួមគ្នាសឹងតែរាល់ថ្ងៃ ក្នុងនោះមានផលិតករ១៤នាក់និង មកពីសាលាផ្សេងៗគ្នា ដូចជាអង្គការមិត្តសំលាញ់ សាលារ៉ៃយំ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៌ សាលាលីមកុកវិញ សាលាបារាំងនិង សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្ប ជាដើម។
លោកដេវី ជូបានឲ្យដឹងថា “ការផលិតខ្សែភាពយន្តនេះគឺ យើងមិនមានជំនួយរឺ កញ្ចប់ថវិការផ្ទាល់ខ្លួនឡើយ។ យើងមានត្រឹមការស្ម័គ្រចិត្តចូលរួមផលិតនិងសំដែង ពីសិស្ស និស្សិត និងការសហការពីខាងសាលា និងទីកន្លែងផ្សេងៗ ក្រៅពីនេះ យើងក៏បានទទួលការផ្គត់ផ្គង់នៅពេលថត និងបញ្ជាំងពី ដេប៉ាតឺម៉ង់ ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៌ ខ្លះនិងមួយចំនួនពីអង្គការមិត្តសំលាញ់អន្តរជាំតិសរុបប្រហែល៥០០ដូល្លាប៉ុណ្ណោះ ។”
ក្នុងការផលិតនេះ ក្រុមទាំងអស់មានចំនួន១៤ក្រុមដោយក្នុងនោះក្រុមនីមួយៗត្រូវសរសេរឈុតឆាករៀងៗខ្លួន ផ្អែកលើឈុតឆាករបស់ក្រុមមុនៗ ។
ទោះបីជាសាច់រឿងពីឈុតឆាកមួយទៅឈុតឆាកមួយហាក់ដូចជាពុំសូវសមហេតុផល ប៉ុន្តែសាច់រឿងហាក់ដូចជាបង្កប់នូវ ភាពច្នៃប្រឌិត ដែលក្រុមទាំងអស់អាចបង្កើតបានជាសាច់រឿងមួយ ដែលផ្តល់ចំនាប់អារម្មណ៌ដល់អ្នកទស្សនា។
សន សិដ្ឋភាព និស្សិតឆ្នាំទី៤ផ្នែកស្ថាបត្យកម្មនៃសាកលវិទ្យាល័យន័រតុន ក៏បានចូលរួមធ្វើជា អ្នកកាន់កាម៉ារ៉ា ពេលខ្លះ ធ្វើជា អ្នកគ្រប់គ្រងសំលេង និង ជំនួយការដឹកនាំជាដើម បានឲ្យដឹងថា ប្អូនមានចំណាប់អារម្មណ៌យ៉ាងខ្លាំងទៅលើការផលិតកុនព្រោះជាជំនាញទាក់ទងនឹងសិល្បះដូចជាជំនាញស្ថាបត្យកម្មដែរ ។
សិដ្ឋភាពនិយាយថា “ការផលិតកុនគឺផ្អែកលើឩបនិស្ស័យទៅលើការផលិតការសរសេរ សេណារីយ៉ូឲ្យបានច្បាស់លាស់និងមានភាពច្នៃប្រឌិតខ្ពស់ ព្រមទាំងភាពអំណត់អត់ធន់ព្រោះការ ផលិតត្រូវការការចំណាយពេលវេលា និងជួបប្រទះការលំបាកច្រើនទើបសំរេចបានជាលទ្ធផល ។”
បច្ចុប្បន្ន ប្រទេសកម្ពុជាមិនមានជាសាលាបង្ហាត់ផ្នែកភាពយន្តធំដុំនៅឡើយទេ ដោយយើងឃើញមានត្រឹមតែ ការ សិក្សាមូលដ្ឋានគ្រឹះនៃការផលិតកុននៅ ដេប៉ាតឺម៉ង់ ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៌ និងការបង្ហាត់ជំនាញដឹកនាំរឿងនៅសាកលវិទ្យាល័យវិចិត្រសិល្បៈនិង ការគំរោងបង្កើតការសិក្សាផ្នែកកុននៅសាលាលីមកុកវិងជាដើម ។
ទោះបីជាមិនសូវមានសាលាដើម្បីបង្ហាត់ជំនាញផលិតខ្សែភាពយន្តក៏ដោយ ក៏លោកដាវី ជូ និយាយថា ខ្ញុំជឿជាក់ថា យុវជនជាច្រើនចាប់ អារម្មណ៌លើជំនាញនេះ ហើយក្នុងចំណោមពួកគេមានខ្លះថែមទាំងមានអាចបញ្ចេញទេពកោសល្យរបស់ខ្លួនលើជំនាញនេះថែមទៀតផង គ្រាន់តែពួកគេគ្មានឩកាសប៉ុណ្ណោះ ។ ខ្ញុំជឿជាក់ថា យើងអាចពង្រឹងវិស័យសិល្បះ របស់យើងបាន បើសិនជាពួកគេមានឳកាសកាន់តែច្រើន ។
ខ្សែភាពយន្តដែលមានចំណងជើងថា ពេជ្រកូនភ្លោះត្រូវបានដាក់បញ្ចាំងនៅមជ្ឍមណ្ឌលបារាំងនៅថ្ងៃសៅរ៌ ទី២៦ ខែកញ្ញា និងថ្ងៃទី០៣ តុលាខាងមុខនេះ នៅរោងកុនលុច្យវេលាម៉ោង៥រសៀល។

មុននឹងឈានដល់ពិធីរៀបអាពាហ៌ពិពាហ៌ សាម៊ីខ្លួនទាំងសងខាងព្រមទាំងមាតាបិតាត្រូវរៀបចំអ្វីខ្លះ?

ដោយ អ៊ូ មុំ

ពិធីរៀបអាពាហ៌ពិពាហ៌គឺជាកាតព្វកិច្ចមួយរបស់មាតាបិតា ដើម្បីរៀបចំទុកដាក់កូនចៅឲ្យមានគូស្រករ ជាពិសេសវាគឺជា ទំនៀមទំលាប់ប្រពៃណីខ្មែរដ៏ផូផង់តាំងពីបរមបុរាណមកដែលមិនអាចកាត់ផ្តាច់បាន ។ ចំណែក ការរៀបអាពាហ៌ពិពាហ៌ក៏ជាកាតព្វកិច្ចមួយចាំបាច់របស់កូនប្រុសស្រី ដើម្បីបង្ហាញពីការដឹងគុណដល់អ្នកមានគុណវិញនៅពេលដែលពួកគេចង់មានគូស្រករ តាមរយការប្រព្រឹត្តទៅតាមគន្លងទំនៀមទំលាប់់ប្រពៃណីខ្មែរដែលជាការផ្តល់កិតិ្តយសដ៏ថ្លៃថ្នូរសំរាប់ក្រុមគ្រួសាររបស់ពួកគេ ។

ទោះបីជាមកដល់ពេលបច្ចុប្បន្នដែលជាសម័យរីកចំរើនយ៉ាងណា ក៏គេនៅតែសង្កេតឃើញថា ការរៀបអាពាហ៌ពិពាហ៌ទៅតាមទំនៀមទំលាប់ខ្មែរ នៅតែជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរទូទៅ ដើម្បីបង្ហាញពីការស្រឡាញ់ចំពោះបុគ្គលដែលពួកគេគិតថានឹងអាចកសាងអនាគតជាមួយ ទោះបីជាវាមានលក្ខណរៀងស៊ាំញ៉ាំ និងត្រូវចំណាយថវិការអស់ច្រើនក៏ដោយ ។

មុននឹងឈានដល់ពិធីរៀបអាពាហ៌ពិពាហ៌ សាម៊ីខ្លួនទាំងសងខាងព្រមទាំងមាតាបិតាត្រូវរៀបចំអ្វីខ្លះ?

តាមរយéកសាររបស់ ខ្មែរជំនាន់ដើមមានពិធីចែវចូវ និងពិធីស្តីដណ្តឹង៣ដង គឺទី១ គ្រាន់តែអនុញ្ញាតឲ្យផ្លូវដើរឡើងចុះ ទី២ អនុញ្ញាតឲ្យទំនាក់ទំនងពឹងពាក់ និងទី៣ អនុញ្ញាតឲ្យកូនប្រុសទៅជាមួយ ។ បន្ទាប់មកទើបមានពិធីស៊ីស្លា ដោយមានការរកហោរាគន់គូរ រកពេលាល្អដើម្បីរៀបការ ។ ចំពោះសម័យបច្ចុប្បន្ន គ្រួសារខ្លះមានតែការសាកសួរ និងចូលស្តីដណ្តឹងតែម្តង ចំណែកគ្រួសារខ្លះទៀតមានតែការសាកសួរចិត្តកូនប្រុសស្រីយល់់ព្រម រឺយ៉ាងណាហើយ ចាត់ចែងរកពេលារៀបការតែម្តង ។

អ្នកស្រី អានសុខលាង ដែលជាអាជីករនៅផ្សារអូឬស្សី បានរៀបចំពិធីមង្គលការដល់កូនប្រុសស្រីរបស់អ្នកស្រី អស់បីនាក់មកហើយ ។ អ្នកស្រីបានមានប្រសាសន៌ថា កូនប្រុសស្រីរបស់អ្នកស្រីភាគច្រើនបានត្រឹមតែការសាកសួរ បន្ទាប់មកគឺរកវេលាល្អដើម្បីស្តីដណ្តឹង ដោយមានពេលខ្លះមានជំនូនបន្តិចបន្តួចគ្រាន់ទ្រាប់ដៃ និងកំណត់រកវេលារៀបការតែម្តង ។ អ្នកស្រីបន្តថា ពួកគេទាំងអស់នោះពុំត្រូវបានភ្ជាប់ពាក្យនោះទេ គឺនៅថ្ងៃមង្គលការពួកគេត្រូវហែរជំនូនចូលតែម្តង ។

ក្នុងនាមជាចាស់ទុំមួយរូបដែល គោរពនិងស្រឡាញ់ទំនៀមទំលាប់ ប្រពៃណីខ្មែរ អ្នកស្រីសុខលាង បានមានប្រសាសន៌ថា អ្នកស្រីមិនចូលចិត្តភ្ជាប់ពាក្យកូនទុកនោះទេ ព្រោះខ្លាចមានបញ្ហាទៅថ្ងៃមុខ ។ សំរាប់ក្រុមគ្រួសារខាងប្រុស ពួកគេមិនសូវជាមានការលំបាក និងរវល់ច្រើនដូចជាក្រុមគ្រួសារខាងស្រីឡើយ ។

ក្រោយពីការសាកសួរត្រូវចិត្តគ្នាទាំងសងខាងហើយ អ្នកស្រីសុខលាង បានមានប្រសាសន៌ថា ក្រុមគ្រួសារទាំងសងខាងត្រូវធ្វើការពិភាក្សាលើប្រាក់ខាន់ស្លាដែលគេនិយមហៅថា ថ្លៃទឹកដោះ ព្រមទាំងការចំណាយផ្សេងៗនៅក្នុងពិធីមង្គលការ។ បន្ទាប់មកគេត្រូវពិភាក្សាទៅការរកវេលាល្អដើម្បីភ្ជាប់ពាក្យ រឺរៀបការ និងការទៅធ្វើតេស្តឈាម ។

ការធ្វើតេស្តឈាមអាចធ្វើទៅច្រើនដង ក្នុងករណីសង្ស័យ ។ បន្ទាប់ពីរកវេលាល្អតាមរយការគន់គូរបស់ហោរារួចមក ក្រុមគ្រួសារទាំងសងខាងត្រូវវិភាគរកសំអាងការ ចុងភៅ ភោជនីយដ្ឋាន និងពិភាក្សា ដោយចែកការងារខ្លះឲ្យខាងប្រុសជួយ ហើយចំណែកខាងស្រីត្រូវរៀបចំតុបតែងផ្ទះ រកអ្នកកំដរ គិតគូរកត់ឈ្មោះភ្ញៀវ និងបោះពុម្ពធៀបការជាដើម ។

មានគ្រួសារខាងប្រុសខ្លះជូនតែប្រាក់ខាន់ស្លាប៉ុណ្ណោះ គេទុកឲ្យខាងស្រីជាអ្នកចាត់ចែងទាំងអស់ ដោយគេសុំតែចូលខ្លួន មករៀបការប៉ុណ្ណោះក៏មានដែរ ។ អ្នកស្រីបានបន្តថា វាអាស្រ័យទៅលើការពិភាក្សាព្រមព្រៀងគ្នាតែប៉ុណ្ណោះ ។

អ្នកនាង ទូច សាម៉ៃ ដែលទើបនឹងរៀបការកាលពីចុងខែតុលាកន្លងទៅបានប្រាប់ភ្នំពេញប៉ុស៌្តថា ខ្ញុំជាខាងស្រីត្រូវចាត់ចែងគ្រប់បែបយ៉ាងដូចជា ការកក់សំអាងការ ចុងភៅ ហាងតុ តុបតែងផ្ទះ រកអ្នកកំដរ និងបោះពុម្ពធៀបជាដើម ។ ដោយសារការរវល់នឹងការងារពេក ស្វាមីខ្ញុំបានត្រឹមតែជួយចែកធៀបការតែប៉ុណ្ណោះ ។

កូនកំលោះ និងកូនក្រមុំគួរតែរៀបចំពិធីរៀបអាពាហ៌ពិពាហ៌មុនយ៉ាងតិច២ទៅ ៣ខែ និងចែកធៀបការ អញ្ជើញភ្ញៀវយ៉ាងតិច មួយសប្តាហ៌ រឺពីរសប្តាហ៌មុនថ្ងៃរៀបការ ដើម្បីឲ្យភ្ញៀវបានកាត់សំលៀកបំពាក់ រឺអ្នកដែលនៅតាមខេត្តអាចរៀបចំធ្វើដំណើរមកចូលរួមទាន់ពេល ។ នេះបើតាមគំនិតរបស់អ្នកស្រី អានសុខលាង ។

អ្នកស្រី អាន សុខលាង បានបន្ថែមថា គេក៏អាចចាត់ចែងរៀបការបានតែក្នុងរយពេល២សប្តាហ៌រឺ ១០មុនពេលរៀបការដែរ បើសិនជាចាំបាច់ គ្រាន់តែវាអាចមានការប្រថុចញ៉ុច ហើយម្យ៉ាងទៀត នៅភ្នំពេញសព្វថ្ងៃនេះយើងពិបាករកជួលហាងណាស់ លុះត្រាតែបានកក់មុន១ រឺ ២ខែ ។

ចំណែកការជួលសំអាងការ និងអ្នកភ្លេងផ្សេងៗ អ្នកនាងសៀ សុខហាក់ដែលទើបនឹងរៀបការចុងខែតុលាថ្មីៗនេះ ក៏បាន ផ្តល់យោបល់ថា អ្នកនាងបានជួលសំអាងការមួយកំផ្លេ ដែលមានទាំងអាចារ្យ អ្នកកាត់សក់ អ្នកចំរៀង ឡានដឹកកូនកំលោះ កូនក្រមុំ មេក្រូ តុបតែងផ្ទះ របស់សំអាងការ ស្រីអូន ម្តុំផ្សារដើមគរ ដែលមានផ្តល់ជូននូវការម៉ាស្សាខ្លួនខាត់ស្បែកមួយដងដោយឥតគិតថ្លៃផងដែរ។

សុខហាក់និយាយថា វាហាក់ដូចជាធូរថ្លៃជាងការដែលយើងជ្រើសរើសផ្សេងៗគ្នា ប៉ុន្តែបើសិនជាយើងមិនចង់បានបែបនេះយើងក៏អាចជ្រើសរើសយកអាចារ្យ រឺអ្នកចំរៀងដែលយើងពេញចិត្តដោយគិតតម្លៃផ្សេងពីនេះដែរ ។

កម្ពុជាកំពុងធ្វើការពិចារណាដើម្បីធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតម៉ូតសក់អាស៊ីប៉ាស៊ីភិច នៅឆ្នាំ ២០១១

ដោយ អ៊ូ មុំ

ទោះបីជាប្រទេសកម្ពុជា មិនមានសមាគមជាងច្នៃម៉ូតសក់ និងអ្នកកែសម្ជស្សថ្នាក់ជាតិក៏ដោយ ប៉ុន្តែក្នុងចំណោម គណកម្មាការ នៃការប្រកួតប្រជែងច្នៃម៉ូតសក់ និង កែសម្ជស្ស អាស៊ីប៉ាស៊ីភិច (APHCA) ក៏មានជនជាតិកម្ពុជាម្នាក់ បានចូលរួមក្នុងការដាក់ពិន្ទុ វាយតម្លៃ ផងដែរ ។

ការប្រលងប្រជែងអន្តរជាតិច្នៃម៉ូតសក់សម្រាប់សហគមអ្នកច្នៃម៉ូតសក់ និងកែសម្ជស្ស អាស៊ីប៉ាស៊ីភិច លើកទី ១៣ ដែលត្រូវបានប្រារព្ធធ្វើឡើង កាលពីខែតុលា ឆ្នាំ ២០០៩ កន្លងទៅ នៅក្នុងទីក្រុងម៉ានីល ក្រោមអធិបតីភាពរបស់លោកជំទាវ គ្លេរីយ៉ា ម៉ាហ្គាប៉ាកាល់ អារ៉ូយូ Gloria M. Arroyo ប្រធានាធិបតី ហ្វីលីពីន បានបានអញ្ជើញ អ្នកស្រី សុន ហៀង ដែលជាជាងច្នៃម៉ូតសក់ និងកែសម្ជស្សខ្មែរមួយរូប ចូលរួមធ្វើជាគណកម្មាការ ដាក់ពិន្ទុលើការប្រកួត ។

មិនតែប៉ុណ្ណោះ សហគមអ្នកច្នៃម៉ូតសក់ និងកែសម្ជស្ស អាស៊ីប៉ាស៊ីភិច គ្រោងនឹងធ្វើពិធីប្រកួតប្រជែងនៅប្រទេសកម្ពុជានៅឆ្នាំ ២០១១ ផងដែរ ។

អ្នកស្រី ស៊ុន ហៀង ដែលជានាយិការនៃសាលាកែសម្ជស្ស គ្រីស្ទីណា បានមានប្រសាសន៌ថា « វាគឺជាកិត្តិយសរបស់ប្រទេសកម្ពុជា ដែលគឺជាប្រទេសមួយ ដែលស្ថិតក្នុងចំណោមប្រទេសអាស៊ី និង អាស៊ីប៉ាស៊ីហ្វិច ផ្សេងៗទៀត ដែលមានវត្តមាននៅទីនោះ ក្នុងឋានៈជាគណកម្មាការវាយតម្លៃ»។

អ្នកស្រី បាននិយាយបន្តទៀតថា « ខ្ញុំបានទទួលបទពិសោធន៍ច្រើនជាមួយនឹងអាជីពរបស់ខ្ញុំ និងអាចសិក្សាពីការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រលងប្រជែងនាពេលខាងមុខផងដែរ »។

មុននឹងត្រូវបានបានក្លាយជាសមាជិករបស់ សហគមអ្នកច្នៃម៉ូតសក់ និងកែសម្ជស្ស អាស៊ីប៉ាស៊ីភិច អ្នកស្រីបានបញ្ជាក់ថា សាលាកែសម្ជស្ស គ្រីស្ទីណា ត្រូវបានចុះត្រួតពិនិត្យ និងកត់សំគាល់ដោយ រដ្ឋលេខាធិការនៃ សហគមអ្នកច្នៃម៉ូតសក់ និងកែសម្ជស្ស អាស៊ីប៉ាស៊ីភិច អស់រយៈពេលពីរឆ្នាំ ។

អ្នកស្រី សុន ហៀង អាយុ ៣០ឆ្នាំ ត្រូវបានទទួលការបណ្តុះបណ្តាលតាំងពីអាយុ ១៧ ឆ្នាំមក ដោយចំណាយថវិការជាច្រើនរបស់ក្រុមគ្រួសារអ្នកស្រី ដើម្បីបណ្តុះបណ្តាលខ្លួនឲ្យក្លាយជាជាងច្នៃម៉ូតសក់ និងកែសម្ជស្សអាជីពមួយរូប តាមរយៈវគ្គបណ្តុះបណ្តាលក្នុងស្រុក និងក្រៅស្រុក ជាច្រើនដូចជា ប្រទេស កូរ៉េ អាឡឺម៉ង់ ជប៉ុន បារាំង និងប្រទេសនៅអាស៊ី ប៉ាស៊ីហ្វិចដទៃទៀត និងថែមទាំងបានទទួលពានរង្វាន់ជាជើងឯកបានយ៉ាងច្រើនសម្រាប់ ការប្រកួតប្រជែងលើឆាកអន្តរជាតិទៀតផង។

តាមរយ´ការត្រួតពិនិត្យ លើអាជីព និងបទពិសោធន៍របស់អ្នកស្រីសុន ហៀង ប្រទេសកម្ពុជាក៏បានក្លាយជាសមាជិកមួយ នៃ សហគមអាស៊ីប៉ាស៊ីភិចនេះ ក្នុងឆ្នាំ ២០០៧ នៅប្រទេសជប៉ុន។ ប៉ុន្តែតាំងពីឆ្នាំ ២០០៥ អ្នកស្រី ស៊ុន ហៀង ក៏ត្រូវបានអញ្ជើញជាអ្នកវាយតម្លៃ ក្នុងការប្រកួតរបស់សហគមនេះនៅក្នុងប្រទេសជាច្រើនផងដែរ ។

គោលបំណងរបស់សមាគម ត្រូវបានអ្នកស្រីសុន ហៀងវាយតម្លៃថា «វាជាការដោះដូរវប្បធម៌គ្នា និងការអភិវឌ្ឍន៍ម៉ូតសក់»។ អ្នកស្រី បានបន្តនិយាយថា« ដោយសារតែ សេដ្ឋកិច្ច នយោបាយ និងប្រព័ន្ធផ្សេងៗទៀត ត្រូវបានអភិវឌ្ឍន៍ ដូច្នេះម៉ូតសក់ ក៏គួរតែត្រូវបានអភិវឌ្ឍន៍ផងដែរ បន្ទាប់ពីការអភិវឌ្ឍលើសុខុមាលភាពរបស់ប្រជាជន »។

សុន ហៀង និង លោក កុល ធីដា ដែលជាស្វាមីរបស់គាត់ ធ្លាប់បានស្នើសុំ ទៅមន្ទីរអប់រំ យុវជន និងកីឡា ដើម្បីបើកសហគមអ្នកច្នៃម៉ូតសក់ និងកែសម្ជស្សកម្ពុជា ប៉ុន្តែនៅមិនទាន់មានការឆ្លើយតបមកវិញនៅឡើយ។

យ៉ាងណាក៏ដោយ លោកកុល ធីតា បាននិយាយថា កម្ពុជាអាចនឹងមានឱកាស ដើម្បីធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រលងប្រជែងនាឆ្នាំ ២០១១ ខាងមុខ ប្រសិនបើនឹងមានថវិការ និងអ្នកជួយឧបត្ថម្ភគ្រប់គ្រាន់។ លោកបានបន្តថា « ខ្ញុំតាំងចិត្តធ្វើជាម្ចាស់ផ្ទះសម្រាប់ប្រកួតនៅពេលខាងមុខឲ្យបាន ដើម្បីកិត្តិយសរបស់ប្រទេសកម្ពុជា»។

លោកបានបន្តទៀតថា «ការប្រលងប្រជែងត្រូវចំណាយថវិការអស់ច្រើនណាស់។ ប្រទេសដទៃទៀតមានភាពងាយស្រួលជាងប្រទេសយើង ពីព្រោះពួកគេមានរោងចក្រផលិតគ្រឿងកែសម្ជស្សជាច្រើន ជាអ្នកជួយឧបត្ថម្ភកម្មវិធីរបស់ពួកគេ។ យើងកំពុងពិចារណាយ៉ាងខ្លាំងក្នុងបញ្ហានេះ »។

ប្រៀបធៀបទៅនឹងប្រទេសដទៃទៀត ប្រទេសកម្ពុជា គឺជាប្រទេសដែលមានវប្បធម៌ និងប្រពៃណី រឹតត្បិតបន្តិច។
ទោះបីជាយ៉ាងនេះក៏ដោយ ក៏អ្នកស្រី សុន ហៀងថ្លែងថា « យើងក៏ជាអ្នកលេងម៉ូតមិនធម្មតាដែរ ពីព្រោះប្រជាជនកម្ពុជាភាគច្រើន គឺជាយុវវ័យ។ លើសពីនេះ ខ្មែរយើងក៏មានប្រវត្តិនៃការតុបតែងខ្លួនដ៏ល្អឥតខ្ចោះ ដូចជាការបួងសក់ និង សម្លៀកបំពាក់តាមបែបប្រពៃណី ដែលអាចធ្វើការប្រកួតប្រជែងផងដែរ »។

មកទល់ពេលនេះ មានសិស្សចំនួន ១៨០០ នាក់ បានបញ្ចប់ការសិក្សារបស់ពួកគេពីសាលា កែសម្ជស្ស គ្រីស្ទីណា ។

អ្នកស្រី ស៊ុន ហៀង បានឲ្យដឹងថា « ពីព្រោះប្រទេសកម្ពុជា បានសុខសន្តិភាពមកហើយ ប្រជាជនភាគច្រើន ក៏កំពុងយកចិត្តទុកដាក់ថែរក្សាសុខភាព និងសម្ជស្សរបស់ពួកគេ »។ អ្នកស្រីបាននិយាយបន្តទៀតថា « ការបើកសាលាកែសម្ជស្សអាជីព ក៏អាចជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជាផងដែរ ពីព្រោះសិស្សដែលរៀនចប់ នឹងអាចរកការងារល្អបានធ្វើ និងប្រាក់ចំណូលច្រើន»។

ប្រែសំរួលដោយ ខុន វីរៈ

សាកល្បងទស្សន៌ទាយជោគជតា

ដោយ ចូអិល ខ្វិនប៊ី និង រាយការណ៌បន្ថែម ដោយអ៊ូ មុំ

តាមអប្បិយជំនឿរបស់ខ្មែរ មិនអនុញ្ញាតឲ្យថតរូបបីនាក់ឡើយ។ ប្រជាជនខ្មែរ មានជំនឿថា មនុស្សដែលនៅកណ្តាលនៃរូបថតដែលមានគ្នាបីនាក់ គឺត្រូវបានមានទំនាយថាអាចស្លាប់មុនអាយុកាល និងនាំមកតាមន័យត្រង់ទៅនឹងឃ្លាមួយ « ដកចេញរូបអ្នកដែលនៅកណ្តាលគេ »។

ពីសត្វចម្លែកទៅបន្តោងអាថ៌កំបាំង ដែលមានដូចជាលេខនាំសំណាង រូបសត្វសាក់បង្ហាញពីវេទមន្ត និងរូបសត្វសាក់ធម្មតា ប្រជាជនខ្មែរភាគច្រើន បានងប់ងល់នឹងជំនឿដែលមិនសមហេតុផលនេះយ៉ាងខ្លាំង ។ វប្បធម៌នេះ បានជះឥទ្ធិពលខ្លាំងជាមួយនឹងភាពមិនសមតាមតក្កវិទ្យា ។

លោក មៀច ប៉ុណ្ណ ជាអតីតសាស្រ្តាចារ្យនៅវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យជាតិ បាននិយាយ ថា គ្រូទាយ កំពុងតែគ្រប់គ្រងពាណិជ្ជកម្មរបស់ពួកគេនៅទីនេះអស់រយៈពេលជាង២ពាន់ឆ្នាំមកហើយ។ដូចដែលលោកបានមានប្រសាសន៌ថា «នៅពេលព្រះពុទ្ធ បានចាប់កំនើតក្នុង គ.ស ឆ្នាំ៦២៣ ឪពុកម្តាយរបស់គាត់ បានអញ្ជើញគ្រូទាយកាន់សាសនាព្រាហ្មណ៍ចំនួន៨នាក់ ដើម្បីទាយពីអនាគតរបស់កូនប្រុសគាត់ » ។

សព្វថ្ងៃនេះ ប្រជាជនខ្មែរភាគច្រើន (CIA និយាយថា ៩៦.៤ ភាគរយ) គឺជាអ្នកកាន់ពុទ្ធសាសនា។ ជាមួយនឹងពាក្យកម្ម មានន័យថាសម្រេចអំពីជោគវាសនារបស់ពួកគេ និងមានប្រជាជនជាច្រើនបានមកជួបជុំគ្នាដើម្បីទាយពីជោគវាសនារបស់ពួកគេ ។

សកម្មភាពនៃទម្លាប់នេះ ត្រូវបានប្រើសម្រាប់គ្រូទាយទាំងអស់ដូចជា គ្រូទាយ គ្រូធ្មប់ តារាមាត្រ លេខវិទូ រូបអារក្ស អាថ៌កំបាំង ប្រាជ្ញាញាណ មនុស្សមានភ្នែក និងត្រចៀកទិព្វ និងគ្រូក្លែងក្លាយ។ វាគឺជាឧស្សាហកម្មដែលអាចរកកម្រៃបានច្រើននៅទីផ្សាររបស់ប្រទេសកម្ពុជា។

លោក ផាប ស៊ីណា មានអាយុ ២៧ ឆ្នាំ គឺជាជំនួយការរបស់នាយកអង្គការក្រៅរដ្ឋាភិបាលមួយ បាននិយាយថា «ប្រជាជនខ្មែរជាច្រើន មានជំនឿទៅលើវា (អាចមានសមត្ថភាពដឹងពីអនាគតបាន) ទោះបីពួកគេមិនបានទៅរកវាក៏ដោយ » ។

គ្រូទាយខ្មែរអាចទាយ អំពីជំនួញ សំណង់ផ្សេងៗ ការទិញនិងវិនិយោគ ភាពស្រុះស្រួលគ្នារវាងប្តី និងប្រពន្ធ មិត្តភាព និងជម្លោះ អាចបញ្ជាក់ពេលវេលាដែលយើងអាចមានសំណាង។ អ្នកផ្សងសំណាង ថែមទាំងស្វែងរកការណែនាំទៅលើលេខឆ្នោតទៀតផង។

ចំពោះគុណវិបត្តិ សេចក្តីណែនាំពិតជាពិបាកយល់ ។ លោក ផាប ស៊ីណា ពាក់បន្តោងនាំសំណាងដើម្បីការពារពីអំពើអន្តរាយផេ្សងៗ។ គាត់និយាយថា « អំពើធ្មប់ អាចធ្វើឲ្យមនុស្សស្អប់ និងស្រលាញ់គ្នាទៅវិញទៅមក ឬក៏ថែមទាំងអាចសម្លាប់គ្នាទៀតផង » ។

អ្នកប្រហែលជាចង់ដឹងចង់ឃើញដូចជាខ្ញុំដែរ ខ្ញុំប្រហែលជាអាចមានភ័ព្វសំណាងរបស់ខ្ញុំ ដែលបានប្រាប់ជាលើកដំបូង ។

នៅទីក្រុងភ្នំពេញ គ្រូទាយជាច្រើន រៀបចំរោងនៅកណ្តាលវាល និងដាក់តាំងជាមួយនឹងវិជ្ឈលេខបាតដៃនៃរហស្សវិទ្យាសាស្រ្ត កង់តារាសាស្រ្ត និងសញ្ញាចក្ររាសី នៅតាមទីកែងសាធារណៈ ទីផ្សារ ឬ លានដើរលេងសាធារណៈ។ រោងរបស់គ្រូទាយដទៃទៀត ស្ថិតនៅតាមមាត់ទន្លេ ឬ ក្បែរវត្តជាមួយនឹងតុបត់ ឬ ក្រាលកំរាលនៅលើដី ដែលមានធូប ទៀន បៀរ ដកចេញពីកាបូបរបស់គាត់ ។

«លោកតាថ្មអណ្តែត»បានឆ្លើយតបយ៉ាងអាថ៌កំបាំងសម្រាប់ ទស្សនាវដ្តីព្រះច័ន្ទ និងកម្មវិធីសិរីសួស្តី ពត៌មានរបស់ ទូរទស្សន៌អប្សរារហូតកម្មវិធីនោះត្រូវបានផ្អាកដោយសារតែមិនមានអ្នកឧបត្ថម្ភកម្មវិធី ។
លោកតាថ្មអណ្តែត បានដាក់បង្ហាញព័ត៌មានជឿជាក់របស់គាត់នៅលើ បដាពណ៌លឿងខ្ចីនៅរានហាលមុខផ្ទះ ដែលគាត់បានទស្សន៌ទាយ។ គាត់បានដាក់រហ័សនាមខ្លួនéងថា លោកតាថ្មអណ្តែត ដោយសារគាត់បានរកឃើញថ្មអណ្តែតទឹកមួយនៅលើភ្នំឧត្តុង្គ។ ឈ្មោះពិតរបស់គាត់ត្រូវបានគេស្គាល់ថា ឡុង បូរ៉ា ។ គាត់និយាយថា គាត់ទទួលអតិថិជនបានពី ២០ ទៅ ៣០ នាក់ក្នុងមួយថ្ងៃ។

ប្រហែលជា គាត់បានចាកចេញនៅពេលដែលខ្ញុំទៅដល់ ប៉ុន្តែគាត់បានត្រលប់មកវិញ នៅពេលខ្ញុំបានទូរស័ព្ទទៅគាត់ មិនមែនដោយប្រើទូរចិត្ត គាត់បានមកដល់ដូចយើងបានកំណត់ទុក។ « លោកតា » (ដែលមានអាយុ ៣១ ឆ្នាំ គឺជានិស្សិតឆ្នាំ ទីបី) បានបោយដៃហៅខ្ញុំទៅ តុមុខរានហាលនោះ ព្រះស្ថូបជំនឿជាច្រើន ដែលជាបញ្ញាតិនៃព្រះពុទ្ធ ព្រាហ្មណ៍ និងទេវតាចិន។

សេចក្តីក្លាហានរបស់ខ្ញុំ កំពុងមួម៉ៅបន្តិចម្តងៗមុនពេលនេះ។ ឡុង បូរ៉ា មានត្របកភ្នែកមមីរ។ វាបានផ្តល់ឲ្យគាត់នូវបរិយាកាសផ្សេង ពិតប្រាកដណាស់ គឺជាចំនុចលក់នៅក្នុងជួរខ្សែការងាររបស់គាត់។ ខ្ញុំត្រូវបានស្នើសុំឲ្យសាប់បៀ បន្ទាប់មកចែកបៀ និងរើសយកបៀមួយគូ។ ឡុង បូរ៉ា បន្ទាប់មកបានសុំសញ្ញាចក្ររាសីចិននៃឆ្នាំកំណើតរបស់ខ្ញុំ (ឆ្នាំរោង )។

ឡុង បូរ៉ា បានសិក្សាកតិសញ្ញាមួយចំនួន និងចាប់ផ្តើមរៀបរាប់ចំពោះការអានរបស់គាត់ និងបានទទួលយកឯកតានមិនចូលចិត្តដែលបានប្រើប្រាស់ដោយព្រះសង្ឃពុទ្ធសាសនាកំឡុង ពេលធ្វើសក្ការៈបូជា និងមានសម្លេងហ៊ឹមៗនៅពិធីរបស់ពួកគេ ។ លោក ផាប ស៊ីណា បានបកប្រែថាៈ

«កាលពីមុន អ្នកមានការភាន់ច្រលំ ពិបាកចិត្ត និងតានតឹងច្រើន ព្រោះអ្នកមានរឿងជាច្រើនដែលត្រូវគិត»
ជាការពិត ប៉ុន្តែយើងមិនបានគិតច្រើនពេកនោះទេ? សាប់បៀបន្ថែមទៀត និងសម្លេងហ៊ឹមៗ។
« អ្នកកំពុងមានគម្រោងចង់សួរខ្ញុំនូវរឿងអ្វីមួយ ប៉ុន្តែអ្នកមិនច្បាស់ប្រសិនបើមិនទាន់បានត្រៀមខ្លួននៅឡើយ »។

មហោស្របសិល្បះ និងការផ្សព្វផ្សាយព័ត៌មាននៅតាមប្រទេសនៃដងទន្លេមេគង្គ

ដោយ អ៊ូ មុំ

មហោស្របសិល្បះ និងការផ្សព្វផ្សាយព័ត៌មាននេះ បង្កើតឡើងក្នុងគោលបំណង ដើម្បីផ្លាស់ ប្តូរវប្បធម៌ និងអភិវឌ្ឍគំនិតថ្មីក្នុងការប្រើប្រាស់ការផ្សព្វផ្សាយព័ត៌មានតាមរយះសិល្បះ នៅតាម ប្រទេសនៃដងទន្លេមេគង្គដូចជា ប្រទេសកម្ពុជា វៀតណាម ថៃ ភូមា ឡាវ និងចិន មិនតែប៉ុណ្ណោះក៏មានប្រទេសផ្សេងទៀតនៃសមាជិកអាស៊ាន ដូចជាហ្វីលីពីន និងឥណ្ឌូនេស៊ី ចូលរួមផងដែរ។

លោក ម៉ៅ កុសល នាយកអង្គការ ហ្វាពន្លឺសិល្បះ នៃខេត្តបាត់ដំបង និងជាអ្នករៀបចំ មហោស្របនេះ បានមាន ប្រសាសន៌ថា មហោស្របនេះ អាចផ្តល់ឪកាសដល់សិល្បករ មកពីប្រទេសផ្សេងៗគ្នា បានសិក្សាពីគ្នាទៅវិញទៅមកតាមរយះ ការសំដែងសិល្បះ សន្និសិទ្ធសារព័ត៌មាន និងសិក្ខាសាលាជាដើម ។

លោកបានបន្តទៀតថា ការច្របាច់បញ្ចូលគ្នានៃវប្បធម៌ក៏អាចបង្កើតជាទំរង់សិល្បះថ្មីមួយ ដែលអាចប្រើប្រាស់សំរាប់កែប្រែសង្គមដូចជា ការផ្សព្វផ្សាយអំពីជំងឺអេដស៌ ថ្នាំញៀន ការជួញដូរមនុស្ស ការរំលោភបំពានលើកុមារជាដើម ពីព្រោះសិល្បះមិនសំរាប់តែ ការកំសាន្តប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកអប់រំដ៏ចំបងមួយផងដែរ ។

មហាស្រពនេះត្រូវបានរៀបចំឡើងដោយ សមាគមល្ខោនអប់រំរបស់ ហ្វីលីពីន (PETA) សហការជាមួយ អង្គការហ្វាពន្លឺសិល្បះ Save the Children UK និងអង្គការជាដៃគូផ្សេងទៀត។

ឡាយ រតនា គឺជានិសិ្សតផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៌ និងជាប្រធានក្រុមកុមារ និងយុវជន បាននិយាយថា ក្រុមនេះគឺជាផ្នែកមួយនៃមហាស្រពនេះ។

រតនាបាននិយាយថា « ក្រុមយុវវ័យ និងក្មេងៗ ដែលមកពីអនុតំបន់ទន្លេមេគង្គ អាចប្រើប្រាស់ឱកាសនេះ ដើម្បីប្រឹក្សាអំពីបញ្ហារបស់ពួកគេ។ ពួកគេអាចស្គាល់នូវតួនាទីរបស់ពួកគេសម្រាប់សង្គម ពីព្រោះពួកគេមានសិទ្ធ និងតួនាទីនៅក្នុងសង្គម តាមរយៈការសំដែងសិល្បៈ និងប្រព័ន្ធផ្សព្វផ្សាយពត៌មានផងដែរ»។

មហាស្រពនេះនឹងរៀបចំឡើងពីថ្ងៃទី ២៣ ដល់ ២៧ ខែវិច្ឆិការនៅសណ្ឋាគារ កាំបូឌីយ៉ាណាសម្រាប់សន្និសីទសារពត៌មាន និងសិក្ខាសាលាពីម៉ោង ៨ និង ៣០ នាទី ព្រឹក ដល់ម៉ោង ១២ ថ្ងៃត្រង់ និងពេលរសៀលចាប់ពីម៉ោង ១ និង ៣០ នាទី ដល់ម៉ោង ៤ ល្ងាច និងសាលមហាស្រពចតុមុខ សម្រាប់ការសម្តែងសិល្បះចាប់ពីម៉ោង ៦ ល្ងាច ដល់ ៩ យប់។

យោងតាមអ្នករៀបចំមហាស្រពនេះ មានតំណាងមកពីអង្គការជាច្រើន និងក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បណ្តាសារពត៌មាន និងអ្នកឧបត្ថម្ភកម្មវិធីដទៃទៀត ដើម្បីប្រឹក្សានិង ផ្តល់យោបល់ទូទៅ សម្រាប់សិល្បៈ និងវប្បធម៌ ដែលជាប្រព័ន្ធផ្សព្វផ្សាយពត៌មានដ៏មានប្រសិទ្ធភាពនៅក្នុងការអភិវឌ្ឍន៌សង្គម។

ប្រែសំរួលដោយ ខុន វីរះ

ភាពលំបាករបស់ក្មេងរើសសំរាមនិងត្រូវលាតត្រដាងទៅកាន់មហាជន

ឃួន លក្ខិណា និង អ៊ូ មុំ

នៅថ្ងៃទី៨ខែសីហាសប្តាហ៏ក្រោយនេះអង្គការមូលនិធិកុមារនិងលើកយកនូវការសម្តែងល្ខោនមួយរឿងដែលមានចំណងថា ងងឹតទាំងកណ្តាលថ្ងៃ។ សាច់រឿងនេះត្រូវបានលើកឡើងបង្ហាញពីភាពលំបាករបស់កុមាររើសសំរាមនៅទីលានស្ទឹងមានជ័យនិងតាមផ្លូវសាធារណៈផងដែរ។

លោកសួង សុភក្ត្រ័ប្រធានផ្នែកអប់រំសិល្បៈវប្បធម៌នៃអង្គការមូលនិធិកុមារបានមានប្រសាសន៏ជាមួយប៉ុស្តិ៍កាលពីថ្ងៃពុធថា មូលហេតុដែលធ្វើឲ្យយើងបង្កើតល្ខោនភ្ជាប់នូវសាច់រឿងនេះ ក៍ព្រោះតែយើងបានឃើញនូវទិដ្ឋភាពក្មេងៗជាច្រើនដែលកំពុងនាំគ្នាកាយសំរាមនៅស្ទឹងមានជ័យទាំងសកម្មភាពគួរឲ្យអាណិត។

គោលបំណងនៃការផលិតល្ខោននេះឡើងគឺគ្រាន់តែចង់បង្ហាញពីភាពលំបាករបស់ពួកគេនៅក្នុងជីវភាពជាមួយនិងស្ថានភាពកាយសំរាមផងដែរ ហើយយើងក៏សង្ឈឹមថា ពួកគេនិងកាន់តែមានភាពល្អប្រសើរជាងនេះបន្ទាប់ពីពួកគេបានទទួលការជួយសង្គ្រោះពីអង្គការផ្សេងៗនិងការយកចិត្តទុកដាក់របស់រដ្ឋាភិបាលផងដែរ។

ការសំដែងនេះនិងត្រូវចាប់ផ្តើមនៅថ្ងៃទី៨ ខែកញ្ញានៅមហោស្រពចេនឡាវេលាម៉ោង៧ល្ងាច ដោយឥតគិតថ្លៃ។

អង្គការរបស់ខ្ញុំបានបង្កើតឡើងតាំងពីឆ្នាំ២០០៤មកម្ល៉ោះ ក្នុងនោះប្រធានអង្គការគ្រាន់តែមានបំណងចង់ជួយដល់កុមារដែលក្រីក្រនិងរងគ្រោះតែប៉ុណ្ណោះ។

យើងបានទទួលក្មេងចំនួនតែ៤០នាក់ប៉ុណ្ណោះចាប់តាំងពីអង្គការយើងបានបង្កើតដំបូង រហូតមកដល់ពេលនេះយើងបាន ទទួលក្មេងចំនួន៤០០នាក់ពីកន្លែងចាក់សំរាមស្ទឹងមានជ័យនិងកន្លែងសារធារណៈផេ្សងៗទៀត។លោកនិយាយ

យើងបានផ្តល់ការអប់រំសំរាប់ពួកគេទាំងភាសាខ្មែរ ភាសារអង្គគេ្លស់និងផ្គត់ផ្គង់សំភារៈសិក្សាប្រចាំថ្ងៃផងដែរ។

យើងគិតថា កាលពីមុនមកក្មេងរើសសំរាមនៅស្ទឹងមានជ័យអាចមានចំនួនប្រហែលជា១០០០នាក់ដោយនេះយើងមិនទាន់គិតទៅលើក្មេងដែលរើសនៅតាមទីសាធារណៈរឺក្មេងនៅតាមបណ្តាខេត្តផ្សេងទៀតទេ។

យើងមានការគាំទ្រចំពោះពួកគេនៅក្នុងការរៀបចំសំដែងល្ខោនដែលមានការជាប់ទាក់ទងជាមួយនិងក្មេងរើសសំរាមនេះ ប៉ុន្តែការសម្តែងនេះគួរតែត្រូវបានឆ្លងមកអង្គភាពនៃក្រសួងវប្បធម៌ជាមុន ដើម្បីធ្វើការត្រួតពិនិត្យមើលថា តើស្នាដៃនេះវាមានការប៉ះពាល់អ្វីដែរទេ។ អ៊ុក សុជាតិរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិយាយជាមួយប៉ុស្តិ៍

មុននិងឈានទៅរកការជំរុញរឺការលើកទឹកចិត្តទៅកាន់ក្មេងៗគ្រប់តំបន់ដែលកំពុងទទួលរងគ្រោះនៃភាពខ្វះខាត់ទាំងនេះយើងគួរតែគិតអំពីវិបត្តិរបស់ពួកគេជាមុនសិនទើបការជំរុញអាចមានប្រសិទ្ធភាពខ្ពស់ទៅកាន់ពួកគេ។

ការជំរុញមិនអាចចេះតែធ្វើទៅកើតនោះទេប្រសិនបើគ្មានការចូលរួម ប៉ុន្តែយើងអាចសួរថា តើនៅពេលដែលយើងផ្តល់ការអប់រំក្រៅប្រពន្ធ័រឺកម្មវិធីផ្តល់ការអប់រំមិនយកថ្លៃនៅតាមសាលារៀន តើពួកគេពិតជាស្មគ្រ័ចិត្តចង់ចូលរួមដែរទេ។
តាមរយៈការសំដែងល្ខោននេះយើងគ្រាន់តែចង់ឲ្យសាច់រឿងបានបង្កប់នូវអត្ថន័យការផ្សព្វផ្សាយអប់រំដល់កុមារនិងឳពុក
ម្តាយរបស់ពួកគេអំពីសីលធម៌និងការអប់រំនៅកម្ពុជា ដើម្បីការយល់ដឹងទាំងអស់គ្នា។ អ៊ុក សុជាតិនិយាយ

ខ្ញុំយល់ថាការសំដែងល្ខោនដែលទាក់ទងនិងរឿងក្មេងរើសសំរាមវាគឺជារឿងមួយល្អណាស់ ព្រោះដើម្បីបង្ហាញអំពីផលវិ បាករបស់កុមាររើសសំរាមទៅកាន់មហាជនមួយចំនួនទៀតដែលពួកគេអត់បានដឹងអំពីព័ត៌មានរបស់ពួកគេ។ សំ ផល្លា ប្រធានគំរោងរបស់អង្គការ COMPEDនិយាយជាមួយប៉ុស្តិ៍

ដោយមើលឃើញភាពគួរឲ្យអាណិតអាសូរនេះ បច្ចុប្បន្នអង្គការរបស់លោកបានស្វែងរកជំនួយឧបត្ថម្ភដល់ក្មេងចំនួន៦១នាក់ហើយ។

យោងតាមលោកសំ ផល្លាបានឲ្យដឹងថា នៅភ្នំពេញមានអ្នករើសសំរាមច្រើនជាងគេ ដោយសារទីក្រុងភំ្នពេញក្នុងមួយថ្ងៃមានកាកសំណល់សំរាមប្រមាណ១១០០ទៅ១២០០តោន ហើយបើតាមការចុះឈ្មោះរបស់អង្គការ JICA បានឲ្យដឹងថាមានអ្នករើសសំរាមនៅ២០០៤ ប្រហែល ២០០៨នាក់ ចំណែកអ្នករើសជាអចិន្រ្តៃយ៌ប្រហែល៤០០នាក់ និងអ្នកដែលមកតាមម៉ោងជាង១០០០នាក់។ ខណៈពេលដែលខេត្តបាត់ដំបងត្រឹម៥០តោន ហើយអ្នកសំរាមប្រហែលត្រឹមតែ៤០នាក់ ។

លោកសំ ផល្លា ក៏បានបន្តថា ការបិទនិងដូរទីតាំងចាក់សំរាមពីស្ទឹងមានជ័យបានទៅបឹងជើងឯកបានផ្តល់ផលល្អនិងមិនល្អសំរាប់ពួកគេដែរ ដោយសារទី១ផ្អែកទៅលើការបិទនេះធ្វើអោយអ្នករើសសំរាមមិនអាចរកប្រាក់ចំណូលបានដូចពេលមុនៗ ហើយពួកគេត្រូវធ្វើដំណើរឆ្ងាយដើម្បីទៅកាន់ទីលានចាក់សំរាមថ្មី ទី២មានភាពល្អប្រសើរពេលដែលសំរាមត្រូវបិទនៅក្នុងទីក្រុងហើយផ្លាស់ទីចាក់នៅជាយក្រុងដែលមិនសូវប៉ះពាល់ខ្លាំងដល់ប្រជាជនដែលរស់នៅជុំវិញ ។

ការបង្កើតសមាគមន៌យុទ្ទគុនខមត្រូវបានរាំងស្ទះ

ដោយ អ៊ូ មុំ

គេធ្លាប់តែលឺឈ្មោះល្បុក្កតោ ជាក្បាច់គុនបុរាណដ៏ល្បីល្បាញរបស់ខ្មែរ ប៉ុនែ្តក្រោយមក មានគ្រូក្បាច់គុនមួយរូបទៀតដែលអះអាងថារូបលោកជាគ្រូបង្ហាត់ក្បាច់គុនខ្លាំងពូកែពិតបា្រកដរបស់ខែ្មរគឺយុទ្ធគុនខម រឺខមយុទ្ធ។
លោកសំ ចាន់ប៊ុនធឿន ដែលមានវ័យ៦០ឆ្នាំនិងជាប្រធានក្លឹបខេមរៈខ្លាហោះនៅខ័ណ្ឌចាក់អង្រែក្រោមបានមានប្រសាសន៌បា្រប់ឌឺភំ្នពេញប៉ុស៌្តថារូបលោកបានគ្រោងបង្កើតសមាគមន៌យុទ្ធគុនខមអស់រយៈពេលជិត២ឆ្នាំមកហើយប៉ុន្តែមិនទាន់អាចដំណើរការទៅរួចដោយសារខ្វះអ្នកឧបត្ថម្ភធំ។

ល្បុក្កតោដែលជាក្បាច់គុនបុរាណខ្មែរមួយប្រភេទទៀតត្រូវបានដាក់ជាក្បាច់គុនគោលនៅក្នុងសហព័ន្ធយុទ្ធគុនខ្មែរតាំងពីឆ្នាំ២០០៤មកចាប់តាំងពីមានការបង្កើតសហព័ន្ធយុទ្ធគុនខ្មែរជាផ្លូវការមក។ ទោះបីយ៉ាងនេះក៏ដោយ ក៏លោក សំ ចាន់ប៊ុនធឿននៅតែចង់បង្កើតសហព័ន្ធមួយផ្សេងទៀតសំរាប់ដាក់យុទ្ធគុនខម ជាក្បាច់គុនគោលរបស់សហព័ន្ធ ។ប៉ុនែ្តដោយមើលឃើញពីការលំបាកក្នុងការបង្កើតជាសហព័ន្ធ លោកប៊ុនធឿនក៏សំរេចចិត្តប្តូរមកបង្កើតត្រឹមសមាគមន៌វិញដែលមានលក្ខណៈតូចជាងសហព័ន្ធបន្តិច តែទោះជាយ៉ាងនេះក៏ដោយក៏ឃើញថាគំរោងនេះមិនទាន់បានទទួល ជោគជ័យនៅឡើយ។

លោកសាន គឹមស៊ានដែលជាប្រធានសហព័ន្ធយុទ្ធគុនខ្មែរ បានបដិសេធមិនធ្វើអធ្បាធិបាយវែងពីបញ្ហានេះដោយលោកគ្រាន់តែមានប្រសាសន៌ថា ខ្ញុំមិនចង់ដឹងចង់លឺរឿងរបស់គាត់ទៀតទេ យើងបានលុបឈ្មោះរបស់គាត់ចេញពីសមាជិករបស់សហព័ន្ធល្បុក្កតោរបស់យើងកាលពីប៉ុន្មានឆ្នាំមុនហើយ ដោយគាត់មានគោលជំហរផ្សេងពីយើងគាត់ចង់ធ្វើអីជារឿងរបស់គាត់ ខ្ញុំគ្មានសិទ្ធហាមឃាត់គាត់ទេ។

ទោះបីជាមើលឃើញពីការលំបាកដោយសារការខ្វះខាតបច្ចេកទេសផ្នែកផ្លូវច្បាប់ លោកសំ ចាន់ប៊ុនធឿននៅតែអះអាងថា គ្រប់éកសារទាក់ទងនឹងក្បាច់គុនបុរាណខ្មែរគឺយុទ្ធគុនខមនេះយើងបានរៀបចំទាំងស្រុងហើយ។
សព្វថ្ងៃនេះមានសមាជិកចូលរួមក្នុងការបង្កើតសមាគមន៌របស់លោក ប៊ុនធឿនចំនួន១៥ក្លឹបមកពី៨ខេត្តដូចជា ខេត្តកណ្តាល កំពត កែប កំពង់ឆ្នាំង តាកែវ កំពង់ចាម សៀមរាប និងបាត់ដំបង ។

លោកភូមិ ណាគ្រី ដែលជាគ្រូយុទ្ធគុនខមម្នាក់ដែលលោកសំ ចាន់ប៊ុនធឿនគ្រោងនឹងតែងតាំងជាប្រធានសមាគមន៌យុទ្ធគុនខមនេះបានមានប្រសាសន៌ថា ខ្ញុំហ៊ាននិយាយដោយពិតៗថាគ្រូក្បាច់គុនទូទាំងប្រទេសកម្ពុជាសព្វថ្ងៃអត់មានគ្រូណាចេះក្បាច់គុនបុរាណពិតប្រាកដសូម្បីតែម្នាក់ឡើយ ។បើខ្ញុំនិយាយអញ្ជឹងទៅមតិជាតិ និងអន្តរជាតិគេថាខ្ញុំលើកមោទនភាពខ្លួនðង ហើយបង្អាប់អ្នកដទៃ។មិនមែនទេ ។ ខ្ញុំចង់បង្ហាញអោយឃើញថាក្បាច់គុនរបស់ខ្មែរមានវិសាលភាពធំធេងប៉ុណ្ណា។

ទោះបីជាមានប្រសាសន៌យ៉ាងនេះក្តី ក៏លោកណាគ្រី មិនហ៊ានទទួលឋានៈជាប្រធានសមាគមន៌យុទ្ធគុនខម ដោយសារតែលោកគិតគូរពីជីវភាពប្រចាំថ្ងៃរបស់លោកសំខាន់ជាង។ ខ្ញុំអត់ហ៊ានទទួលឋានៈជាប្រធានហ្នឹងទេព្រោះខ្ញុំអត់ចង់បានឋានៈអីទេ ។ ខ្ញុំអត់មានឧកាសគ្រប់គ្រាន់ក្នុងការផ្សព្វផ្សាយវិជ្ជាគុនរបស់ខ្ញុំនោះទេ ព្រោះអីជីវភាពខ្ញុំជាអ្នកក្រីក្រ ខ្ញុំអត់មានពេលគិតពីរឿងក្បាច់គុន ខ្ញុំគិតតែពីរឿងចិញ្ចឹមក្រុមគ្រួសាររបស់ខ្ញុំអោយមានជីវភាពធូរធារដូចគេដូចðង។

ខុសពីលោកណាគ្រី លោកសំ ចាន់ប៊ុនធឿននៅតែរក្សាជំហរដូចដើមក្នុងការបង្កើតសមាគមន៌យុទ្ធគុនខមនេះ។ ខ្ញុំតស៊ូមកយូរហើយ យើងនៅតែធ្វើដំណើរឆ្ពោះទៅមុខជានិច្ច។ កាលដែលយើងធ្វើទៅ ក៏ព្រោះតែមានការគាំទ្រពីទស្សនិកជនច្រើនរាល់ការប្រកួតម្តងៗ។ខ្ញុំសង្ឃឹមថាក្បាច់គុនរបស់ជាតិយើងគឺអត់សាបសូន្យទេបើកាលណាយើងថយក្រោយគឺថាសម្បត្តិដែលវិរបុរសបន្សល់ទុកអោយគឺត្រូវបាត់ចាប់ពេលដែលខ្ញុំត្រូវលះបង់។

លោកសំ ចាន់ប៊ុនធឿន ដែលមានស្រុកកំណើតនៅខេត្តបាត់ដំបង បានផ្លាស់ទីលំនៅមករស់នៅភំ្នពេញជាមួយក្រុមគ្រួសាររបស់លោកដើម្បីផ្សព្វផ្សាយក្បាច់គុនរបស់ខ្មែរជិត១០មកហើយ។លោកប៊ុនធឿនធ្លាប់បានហាត់ក្បាច់គុននេះជាមួយនឹងជីតាទួតរបស់លោក ឈ្មោះអ៊ួម តាំងពីលោកអាយុ១៥ឆ្នាំមក។សព្វថ្ងៃ លោកប៊ុនធឿន បង្ហាត់យុទ្ធគុនខមនេះនៅ សង្កាត់ចាក់អង្រែក្រោម និងកូនប្រុសរបស់លោកក៏បង្ហាត់ក្បាច់គុននេះនៅក្លឹបមួយជិតក្លឹបពិសិដ្ឋសាច់ដុំក្បែរស្តុបបូកគោផងដែរ។

គេហទំព័ររបស់ ឱក សុគន្ធកញ្ញា ធ្វើឲ្យរំជើបរំជួលដល់អ្នកគាំទ្ររបស់នាង

ដោយអ៊ូ មុំ

មិនមានអ្នកចំរៀងកម្ពុជាច្រើនទេ ដែលមានគេហទំព័រផ្ទាល់ខ្លួន ។ ឱក សុគន្ធកញ្ញា គឺជាអ្នកចំរៀងកម្ពុជាទី២ប៉ុណ្ណោះ ដែលមានគេហទំព័រផ្ទាល់ខ្លួន ។

ដោយគ្រាន់តែវាយអក្សរ Aok Sokunkanha ទៅក្នុងGoogle Search រឺ វាយអក្សរ www.aok-sokunkanha.com នៅក្នុង Search គេនឹងអាចទស្សនានូវគេហទំព័ររបស់តារាចំរៀងល្បីវ័យក្មេងនៅកម្ពុជារូបនេះ ។

ឱក សុគន្ធកញ្ញាបានប្រាប់ ដឺភ្នំពេញប៉ុស្ត៌ថា “ខ្ញុំរំភើបចិត្តណាស់ដែលមានទស្សនិកជនជាច្រើនចុះឈ្មោះនៅលើ គេហទំព័ររបស់ខ្ញុំ តាំងពីមុនពេលខ្ញុំប្រកាសគេហទំព័រនេះទៅពួកគាត់ម្ល៉េះ ។”

អ្នកគាំទ្រយ៉ាងស្មោះស្ម័គ្ររបស់ ឱក សុគន្ធកញ្ញា បានតាមដានគ្រប់សកម្មភាពរបស់នាង ដែលជាហេតុ កំរនឹងធ្វើឲ្យព័តមានណាមួយរបស់នាង រំលងផុតពីការតាមដានរបស់ពួកគាត់ណាស់ ។ កញ្ញា សាន ជំនិត អាយុ១៦ឆ្នាំ តែងតែផ្តល់ព័តមានពីរាល់ការប្រគុំតន្រ្តីដែលមាន ឱក សុគន្ធកញ្ញា សំដែងដល់មិត្តភកិ្តរបស់នាង ។

ជំនិតបាននិយាយថា “ជាក់ស្តែងខ្ញុំបានដឹងថា នាងបានប្រកាសគេហទំព័រផ្ទាល់ខ្លួននៅលើកពា្ជក់ ទូរទស្សន៌ ប៉ុស៌្តលេខ៣ កាលពីចុងសប្តាហ៌មុនពេលបុណ្យភ្ជុំបិណ្យកន្លងទៅ ។ “

ជំនិតបន្តថា វេបសាយនេះគួរឲ្យចាប់អារម្មណ៌ណាស់ ព្រោះវាមានបង្ហោះនូវរូបភាព និងបទចំរៀងថ្មីៗរបស់ សុគន្ធកញ្ញា ជាពិសេសនោះគឺមានព័តមាននិងសកម្មភាពចុងក្រោយបំផុតរបស់នាង ។

អ្នកគាំទ្រ ម្នាក់ទៀត គឺយុវជន រ័ត្នសុធា បាននិយាយថា ប្អូនចូលចិត្តទាំងការស្លៀកពាក់ ក្បាច់រាំ និងការតុបតែងមុខ របស់នាង។ ទោះបីជាខ្ញុំមិនអាចបើកគេហទំព័រនេះដោយខ្លួនéងក៏ដោយ ក៏ខ្ញុំមានមិត្តភក្តិដែលគាំទ្រកញ្ញាជួយបើកឲ្យខ្ញុំ ព្រោះពួកយើងចង់ដឹងពីព័តមានថ្មីៗរបស់នាង។

តារាចំរៀងល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាសរូបនេះ បានឲ្យដឹងថា “ខ្ញុំបានស្វែងយល់ពីបច្ចេកវិទ្យានេះពីមិត្តភក្តិរបស់ខ្ញុំជិតមួយឆ្នាំហើយ ពួកគេជាអ្នកជួយបង្កើត និងបន្ថែមអ្វីថ្មីលើគេហទំព័រនេះ ។” “ខ្ញុំក៏បានដឹងថា មនុស្សទូទៅ និងគ្រប់ទីកន្លែងអាចបើកមើលវាបាន ។”

សុគន្ធ កញ្ញា កំពុងព្យាយាមឆ្លៀតពេលទំនេរខ្លះ ដើម្បីផ្តល់ព័តមាន និងរូបភាពប្លែកថ្មីរបស់នាងដាក់លើគេហទំព័ររបស់នាង ជាពិសេសគឺរូបភាពក្រៅឆាកនៅពេលកំពុងធ្វើការ ដូច្នេះហើយទើបនាងប្រាប់ថា “ឥឡូវខ្ញុំមានការងារបន្ថែមមួយទៀត គឺដាក់កាម៉េរ៉ាតាមខ្លួនជាប់ជានិច្ចនៅពេលធ្វើការ ។”

គេហទំព័រនេះ ចែកជា៧ផ្នែកគឺផ្នែក ទំព័រមុខ (Home) ជីវប្រវត្តិ (Profiles) វិចិត្រសាល (Gallery) ព្រឹត្តិការណ៌ (Events) ហាងរបស់ខ្ញុំ (My Shop) ឃ្លាំង (Store) និង ទំនាក់ទំនងយើងខ្ញុំ (Contact Us)។

ក្រៅពីនេះអ្នកទស្សនាក៏អាចជជែកកំសាន្តក៏ដូចជា ផ្ញើសារមកនាង ដោយគ្រាន់តែចូលទៅក្នុងវិចិត្រសាល(Gallery) និងចុះឈ្មោះលើគេហទំព័ររបស់នាង។

សុគន្ធកញ្ញានិយាយថា “ប្រសិនបើទស្សនិកជនទស្សនាគេហទំព័រនេះ ខ្ញុំចង់ឲ្យពួកគាត់ចុះឈ្មោះលើវា ដោយសរសេរព័តមានលំអិតរបស់ពួកគាត់ ដូច្នេះយើងនឹងអាចទាក់ទងគ្នាបាន ។”

ឱក សុគន្ធកញ្ញា គឺជាតារាចំរៀងកម្ពុជាទី២ប៉ុណ្ណោះដែលមានគេហទំព័រផ្ទាល់ខ្លួន បន្ទាប់ពីកញ្ញា សុគន្ធនិសា ដែលជាតារាចំរៀងល្បីនៅផលិតកម្មជាមួយគ្នា ។ ចំណែកកញ្ញា មាសសុខសោភា ដែលបច្ចុប្បន្នជាអ្នកចំរៀងប្រចាំផលិតកម្មសាន់ដេ ក៏ធ្លាប់ប្រកាសBlog របស់ខ្លួនទៅសាធារណជនផងដែរ ។

ទាក់ទងនឹងអាជីពបច្ចុប្បន្ន ឱក សុគន្ធកញ្ញា ប្រាប់ថា នាងកំពុងថតបទចំរៀងពិរោះៗជាច្រើនជាមួយនឹងតារាចំរៀងផ្សេងទៀតប្រចាំផលិតកម្មរស្មីហង្សមាស សំរាប់ទុកសំរាប់ពិធីបុណ្យអ៊ុំទូកខាងមុខនេះ ។

Followers