ដោយ អ៊ូ មុំ
ពិធីរៀបអាពាហ៌ពិពាហ៌គឺជាកាតព្វកិច្ចមួយរបស់មាតាបិតា ដើម្បីរៀបចំទុកដាក់កូនចៅឲ្យមានគូស្រករ ជាពិសេសវាគឺជា ទំនៀមទំលាប់ប្រពៃណីខ្មែរដ៏ផូផង់តាំងពីបរមបុរាណមកដែលមិនអាចកាត់ផ្តាច់បាន ។ ចំណែក ការរៀបអាពាហ៌ពិពាហ៌ក៏ជាកាតព្វកិច្ចមួយចាំបាច់របស់កូនប្រុសស្រី ដើម្បីបង្ហាញពីការដឹងគុណដល់អ្នកមានគុណវិញនៅពេលដែលពួកគេចង់មានគូស្រករ តាមរយការប្រព្រឹត្តទៅតាមគន្លងទំនៀមទំលាប់់ប្រពៃណីខ្មែរដែលជាការផ្តល់កិតិ្តយសដ៏ថ្លៃថ្នូរសំរាប់ក្រុមគ្រួសាររបស់ពួកគេ ។
ទោះបីជាមកដល់ពេលបច្ចុប្បន្នដែលជាសម័យរីកចំរើនយ៉ាងណា ក៏គេនៅតែសង្កេតឃើញថា ការរៀបអាពាហ៌ពិពាហ៌ទៅតាមទំនៀមទំលាប់ខ្មែរ នៅតែជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរទូទៅ ដើម្បីបង្ហាញពីការស្រឡាញ់ចំពោះបុគ្គលដែលពួកគេគិតថានឹងអាចកសាងអនាគតជាមួយ ទោះបីជាវាមានលក្ខណរៀងស៊ាំញ៉ាំ និងត្រូវចំណាយថវិការអស់ច្រើនក៏ដោយ ។
មុននឹងឈានដល់ពិធីរៀបអាពាហ៌ពិពាហ៌ សាម៊ីខ្លួនទាំងសងខាងព្រមទាំងមាតាបិតាត្រូវរៀបចំអ្វីខ្លះ?
តាមរយéកសាររបស់ ខ្មែរជំនាន់ដើមមានពិធីចែវចូវ និងពិធីស្តីដណ្តឹង៣ដង គឺទី១ គ្រាន់តែអនុញ្ញាតឲ្យផ្លូវដើរឡើងចុះ ទី២ អនុញ្ញាតឲ្យទំនាក់ទំនងពឹងពាក់ និងទី៣ អនុញ្ញាតឲ្យកូនប្រុសទៅជាមួយ ។ បន្ទាប់មកទើបមានពិធីស៊ីស្លា ដោយមានការរកហោរាគន់គូរ រកពេលាល្អដើម្បីរៀបការ ។ ចំពោះសម័យបច្ចុប្បន្ន គ្រួសារខ្លះមានតែការសាកសួរ និងចូលស្តីដណ្តឹងតែម្តង ចំណែកគ្រួសារខ្លះទៀតមានតែការសាកសួរចិត្តកូនប្រុសស្រីយល់់ព្រម រឺយ៉ាងណាហើយ ចាត់ចែងរកពេលារៀបការតែម្តង ។
អ្នកស្រី អានសុខលាង ដែលជាអាជីករនៅផ្សារអូឬស្សី បានរៀបចំពិធីមង្គលការដល់កូនប្រុសស្រីរបស់អ្នកស្រី អស់បីនាក់មកហើយ ។ អ្នកស្រីបានមានប្រសាសន៌ថា កូនប្រុសស្រីរបស់អ្នកស្រីភាគច្រើនបានត្រឹមតែការសាកសួរ បន្ទាប់មកគឺរកវេលាល្អដើម្បីស្តីដណ្តឹង ដោយមានពេលខ្លះមានជំនូនបន្តិចបន្តួចគ្រាន់ទ្រាប់ដៃ និងកំណត់រកវេលារៀបការតែម្តង ។ អ្នកស្រីបន្តថា ពួកគេទាំងអស់នោះពុំត្រូវបានភ្ជាប់ពាក្យនោះទេ គឺនៅថ្ងៃមង្គលការពួកគេត្រូវហែរជំនូនចូលតែម្តង ។
ក្នុងនាមជាចាស់ទុំមួយរូបដែល គោរពនិងស្រឡាញ់ទំនៀមទំលាប់ ប្រពៃណីខ្មែរ អ្នកស្រីសុខលាង បានមានប្រសាសន៌ថា អ្នកស្រីមិនចូលចិត្តភ្ជាប់ពាក្យកូនទុកនោះទេ ព្រោះខ្លាចមានបញ្ហាទៅថ្ងៃមុខ ។ សំរាប់ក្រុមគ្រួសារខាងប្រុស ពួកគេមិនសូវជាមានការលំបាក និងរវល់ច្រើនដូចជាក្រុមគ្រួសារខាងស្រីឡើយ ។
ក្រោយពីការសាកសួរត្រូវចិត្តគ្នាទាំងសងខាងហើយ អ្នកស្រីសុខលាង បានមានប្រសាសន៌ថា ក្រុមគ្រួសារទាំងសងខាងត្រូវធ្វើការពិភាក្សាលើប្រាក់ខាន់ស្លាដែលគេនិយមហៅថា ថ្លៃទឹកដោះ ព្រមទាំងការចំណាយផ្សេងៗនៅក្នុងពិធីមង្គលការ។ បន្ទាប់មកគេត្រូវពិភាក្សាទៅការរកវេលាល្អដើម្បីភ្ជាប់ពាក្យ រឺរៀបការ និងការទៅធ្វើតេស្តឈាម ។
ការធ្វើតេស្តឈាមអាចធ្វើទៅច្រើនដង ក្នុងករណីសង្ស័យ ។ បន្ទាប់ពីរកវេលាល្អតាមរយការគន់គូរបស់ហោរារួចមក ក្រុមគ្រួសារទាំងសងខាងត្រូវវិភាគរកសំអាងការ ចុងភៅ ភោជនីយដ្ឋាន និងពិភាក្សា ដោយចែកការងារខ្លះឲ្យខាងប្រុសជួយ ហើយចំណែកខាងស្រីត្រូវរៀបចំតុបតែងផ្ទះ រកអ្នកកំដរ គិតគូរកត់ឈ្មោះភ្ញៀវ និងបោះពុម្ពធៀបការជាដើម ។
មានគ្រួសារខាងប្រុសខ្លះជូនតែប្រាក់ខាន់ស្លាប៉ុណ្ណោះ គេទុកឲ្យខាងស្រីជាអ្នកចាត់ចែងទាំងអស់ ដោយគេសុំតែចូលខ្លួន មករៀបការប៉ុណ្ណោះក៏មានដែរ ។ អ្នកស្រីបានបន្តថា វាអាស្រ័យទៅលើការពិភាក្សាព្រមព្រៀងគ្នាតែប៉ុណ្ណោះ ។
អ្នកនាង ទូច សាម៉ៃ ដែលទើបនឹងរៀបការកាលពីចុងខែតុលាកន្លងទៅបានប្រាប់ភ្នំពេញប៉ុស៌្តថា ខ្ញុំជាខាងស្រីត្រូវចាត់ចែងគ្រប់បែបយ៉ាងដូចជា ការកក់សំអាងការ ចុងភៅ ហាងតុ តុបតែងផ្ទះ រកអ្នកកំដរ និងបោះពុម្ពធៀបជាដើម ។ ដោយសារការរវល់នឹងការងារពេក ស្វាមីខ្ញុំបានត្រឹមតែជួយចែកធៀបការតែប៉ុណ្ណោះ ។
កូនកំលោះ និងកូនក្រមុំគួរតែរៀបចំពិធីរៀបអាពាហ៌ពិពាហ៌មុនយ៉ាងតិច២ទៅ ៣ខែ និងចែកធៀបការ អញ្ជើញភ្ញៀវយ៉ាងតិច មួយសប្តាហ៌ រឺពីរសប្តាហ៌មុនថ្ងៃរៀបការ ដើម្បីឲ្យភ្ញៀវបានកាត់សំលៀកបំពាក់ រឺអ្នកដែលនៅតាមខេត្តអាចរៀបចំធ្វើដំណើរមកចូលរួមទាន់ពេល ។ នេះបើតាមគំនិតរបស់អ្នកស្រី អានសុខលាង ។
អ្នកស្រី អាន សុខលាង បានបន្ថែមថា គេក៏អាចចាត់ចែងរៀបការបានតែក្នុងរយពេល២សប្តាហ៌រឺ ១០មុនពេលរៀបការដែរ បើសិនជាចាំបាច់ គ្រាន់តែវាអាចមានការប្រថុចញ៉ុច ហើយម្យ៉ាងទៀត នៅភ្នំពេញសព្វថ្ងៃនេះយើងពិបាករកជួលហាងណាស់ លុះត្រាតែបានកក់មុន១ រឺ ២ខែ ។
ចំណែកការជួលសំអាងការ និងអ្នកភ្លេងផ្សេងៗ អ្នកនាងសៀ សុខហាក់ដែលទើបនឹងរៀបការចុងខែតុលាថ្មីៗនេះ ក៏បាន ផ្តល់យោបល់ថា អ្នកនាងបានជួលសំអាងការមួយកំផ្លេ ដែលមានទាំងអាចារ្យ អ្នកកាត់សក់ អ្នកចំរៀង ឡានដឹកកូនកំលោះ កូនក្រមុំ មេក្រូ តុបតែងផ្ទះ របស់សំអាងការ ស្រីអូន ម្តុំផ្សារដើមគរ ដែលមានផ្តល់ជូននូវការម៉ាស្សាខ្លួនខាត់ស្បែកមួយដងដោយឥតគិតថ្លៃផងដែរ។
សុខហាក់និយាយថា វាហាក់ដូចជាធូរថ្លៃជាងការដែលយើងជ្រើសរើសផ្សេងៗគ្នា ប៉ុន្តែបើសិនជាយើងមិនចង់បានបែបនេះយើងក៏អាចជ្រើសរើសយកអាចារ្យ រឺអ្នកចំរៀងដែលយើងពេញចិត្តដោយគិតតម្លៃផ្សេងពីនេះដែរ ។
No comments:
Post a Comment