Thursday, January 21, 2010

រោងភាពយន្ត4D ជាកន្លែងទាក់ទាញចិត្តយុវវ័យក្មេងៗនៅទីក្រុងភ្នំពេញ

ដោយ អ៊ូ មុំ

តើខ្សែភាពយន្តប្រភេទណាដែលធ្វើឲ្យអ្នករន្ធត់ចិត្តខ្លាំងបំផុតនៅក្នុងជីវិតរបស់អ្នក? តាមពិតអ្វីដែលកើតឡើងនៅក្នុងខ្សែភាពយន្ត មិនអាចធ្វើឲ្យអ្នកមានអារម្មណ៌ដូចជារឿងពិតទេ ។ ប៉ុន្តែអ្នកអាចសាកល្បង ស្វែងរកអារម្មណ៍រន្ធត់ពិតៗ នៅរោងភាពយន្ត4D។ តើរោងភាពយន្ត4Dមាននៅទីណា?

4D នឹងនាំអ្នកទៅក្នុងពិភពមួយដែលអ្នកចង់ក្នុងចំណោមពិភពទាំង៩នៃខ្សែភាពយន្តបែបរន្ធត់ដោយអ្នកគ្រាន់តែអង្គុយនៅលើកៅអីក្នុងរោងភាពយន្តនោះប៉ុណ្ណោះ ហើយអ្នកមិនចាំបាច់កាច់ចង្កូតវាដោយខ្លួនឯងទេ ប៉ុន្តែកៅអីទាំងនោះនឹងនាំអ្នកទៅកាន់អារម្មណ៍រន្ធត់ស្ទើរលស់ព្រលឹងដោយស្វ័យប្រវត្តិ ដោយខ្លួនអ្នកផ្ទាល់មានអារម្មណ៍ថាជាតួឯកម្នាក់នៅក្នុងខ្សែភាពយន្តនោះ។

កញ្ញា យឹម សុភ័ក្រ អាយុ២១ឆ្នាំ ដែលជាបុគ្គលិកក្នុងរោងភាពយន្តនោះ បាននិយាយថា៖ «ពាក់វែនតា អាចធ្វើឲ្យរូបភាពនៅក្នុងខ្សែភាពយន្តនោះរីកធំនៅជិតវែនតារបស់យើង ។ គ្រាន់តែអង្គុយលើកៅអី ក្នុងបន្ទប់ខ្សែភាពយន្តនោះ ហើយដាក់ដៃរបស់អ្នកនៅបង្កាន់ដៃកៅអី នឹងធ្វើឲ្យអ្នកមានអារម្មណ៍ រលាក់ ឬ ញ័រ ហាក់បីដូចជាអ្នកនៅលើផ្លូវរលាក់ពិតប្រាកដមួយ ឬនៅលើទូកដែលគ្លីងគ្លោងៗអញ្ចឹង»។

ខ្សែភាពយន្ត4D បានដាក់បញ្ចាំងតាមផ្ទាំងក្រណាត់សនៅចំពោះអ្នកលេង៤នាក់ ដែលលេងក្នុងខ្សែភាពយន្តមួយនៅក្នុងបន្ទប់តែមួយ។ ជួនកាលពួកគេស្រែកជាមួយនឹងភាពរន្ធត់ ហើយមនុស្សប្រុសម្នាក់បានស្រែកថា«គេចពីពីងពាងនោះ ឬ«វាមកហើយ»។

សិស្សសាលាវិទ្យាល័យព្រះសីសុវតិ្ថម្នាក់ឈ្មោះ គាង សុខ សំណាង និងមិត្តភ័ក្ររបស់នាងបានចូលលេងនៅក្នុងខ្សែភាពយន្តលេខ៧ ដែលជាខ្សែភាពយន្តរន្ធត់ជាងគេបំផុតក្នុងចំណោមខ្សែភាពយន្តទាំង៩នៅក្នុងរោងភាពយន្ត 4D នេះ។

បន្ទាប់ពីចេញពីបន្ទប់ភាពយន្ត4Dមួយស្របក់មក សំណាងដែលមានទឹកមុខស្លេកស្លាំង ជាមួយនឹង ការនិយាយសំលេងខ្សាវៗ ហើយសើចទាំងភិតភ័យ នៅតែបញ្ចុះបញ្ចូលឲ្យមិត្តរបស់នាងដទៃទៀតឲ្យចូលលេងក្នុងខ្សែភាពយន្តនោះម្តងទៀត។ ប្រហែលជាខ្សែភាពយន្ត4D អាចធ្វើឲ្យយុវវ័យជាច្រើន ដូចជារូបនាង ញៀនហើយមើលទៅ។

ខ្សែភាពយន្ត4D ដែលជាខ្សែភាពយន្តភ័យបះសក់ មានបញ្ចាំងនៅផ្សារទំនើបសុរិយាជាន់ទី៥ នៅជិតក្លិបជិះស្គី សូរិយា។ 4Dជា ខ្សែភាពយន្តដំបូងគេបង្អស់នៅប្រទេសកម្ពុជា ហើយទើបតែដាក់បញ្ចាំងកាលពីថ្ងៃទី១១ខែ វិច្ឆិកា ប៉ុណ្ណោះ តែអាចទាក់ទាញយុវវ័យជាច្រើន នៅក្នុងទីក្រុងភ្នំពេញ។

នៅពេលគេសួរថាតើបន្ទប់នៅក្នុងរោងភាពយន្ត4D នោះក្តៅទេ? សំណាង ឆ្លើយថា៖ «ទេ! ប៉ុន្តែជួនកាលទៅយើងមានអារម្មណ៍ថាក្តៅ ជួនកាលមានខ្យល់ខ្លាំង ឬត្រជាក់ អាស្រ័យតាមឈុត ឆាកនៅក្នុងខ្សែភាពយន្តនោះ ហើយវាអាចធ្វើឲ្យអ្នកបែកញើសជោកខ្លួនដោយសារឈុតឆាក ដ៍គួរឲ្យរន្ធត់នៅក្នុងខ្សែភាពយន្តនោះ។ ដូច្នេះហើយបានជាដាក់ឈ្មោះថា ភាពយន្ត 4D ពិភពបះសក់»។

សូម្បីតែសិស្សសាលាអាយុ១៣ឆ្នាំម្នាក់ឈ្មោះ ណាំ ទីវ័ន្ត ដែលធ្លាប់ចូលលេងក្នុងខ្សែភាពយន្តនោះ ពីរបីដង រួចហើយជាមួយមិត្តភ័ក្ររបស់ប្អូននោះ ក៏នៅតែចង់មកលេងវាម្តងទៀត។
ទីវ័ន្តនិយាយថា៖ «ខ្ញុំគិតថា វាអាចធ្វើឲ្យខ្ញុំរំភើបចិត្ត។ ខ្ញុំមិនដែលគិតថា វាធ្វើឲ្យប៉ះពាល់ដល់ អារម្មណ៍ និងការសិក្សារបស់ខ្ញុំនោះទេ»។

កញ្ញា យឹម សុភ័ក្រ ដែលជាបុគ្គលិកក្នុងរោងភាពយន្តនោះបាននិយាយថា៖ «ខ្ញុំមិនអាចប្រាប់ពីចំនួនអ្នកចូលមើលខ្សែភាពយន្តនោះទេ ព្រោះវាជាការសំងាត់ និងជាយុទ្ធសាស្រ្តទីផ្សាររបស់យើង។ ប៉ុន្តែអ្នកលក់ដូរម្នាក់នៅក្បែរនោះម្នាក់ សុំមិនបញ្ចេញឈ្មោះបាននិយាយថា៖ «ខ្ញុំសង្កេតឃើញថា សូម្បីតែថ្ងៃច័ន្ទ ដែលជាថ្ងៃមានភ្ញៀវតិចបំផុត នៅផ្សារសូរិយា ក៏រោងភាពយន្ត4D កំរអត់មនុស្ស ណាស់។ នៅតែមានអ្នករង់ចាំចូលទៅទស្សនាក្នុងភាពយន្ត4D នេះជានិច្ច»។

មនុស្សម្នាក់ចំណាយ៣ដុល្លារអាមេរិក ក្នុងមួយរឿង ដែលមានរយៈពេល៧នាទី ឬ៨នាទី អាស្រ័យទៅតាមសាច់រឿង។ ខ្សែភាពយន្តនេះ គេនាំយកមកពីប្រទេសកូរ៉េ ប៉ុន្តែ4D នៅកម្ពុជាមិនស្តែងដូច4D របស់កូរ៉េនោះទេ។

ជនជាតិកូរ៉េម្នាក់ឈ្មោះ គីម ហ៊ីស៊ុន បាននិយាយថា នាងចូលចិត្ត ភាពយន្ត4Dនេះណាស់ ។ «ខ្ញុំគិតថា 4D គឺជាមធ្យោបាយមួយដ៏ល្អ សំរាប់ការអប់រំ នៅប្រទេសកូរ៉េ ជាពិសេសវាអាចទាក់ទាញការចាប់អារម្មណ៌ពីកុមារតូចៗក្នុងការអប់រំពួកគេ ។ »

ហ៊ីស៊ុនបន្តថា «ប៉ុន្តែខ្ញុំមានការងើងឆ្ងល់ថា ហេតុអ្វីបានជាជនជាតិថៃ និងកម្ពុជា ចូលចិត្តមើលរឿងខ្មោច? ខ្ញុំគិតថា រឿងខ្មោច រឺរឿងរន្ធត់ភ័យខ្លាចអាច ធ្វើឲ្យប៉ះពាល់ដល់អារម្មណ៌ក្មេងៗបំផុត តែនេះប្រហែលជាពួកគេមានជំនឿខ្លាំងទៅលើអប្បិយជំនឿជាងពួកខ្ញុំហើយមើលទៅ ។»

ប្រែសម្រួលដោយ គង់ សុគន្ធ

No comments:

Post a Comment

Followers