Monday, December 28, 2009

កម្ពុជាកំពុងធ្វើការពិចារណាដើម្បីធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតម៉ូតសក់អាស៊ីប៉ាស៊ីភិច នៅឆ្នាំ ២០១១

ដោយ អ៊ូ មុំ

ទោះបីជាប្រទេសកម្ពុជា មិនមានសមាគមជាងច្នៃម៉ូតសក់ និងអ្នកកែសម្ជស្សថ្នាក់ជាតិក៏ដោយ ប៉ុន្តែក្នុងចំណោម គណកម្មាការ នៃការប្រកួតប្រជែងច្នៃម៉ូតសក់ និង កែសម្ជស្ស អាស៊ីប៉ាស៊ីភិច (APHCA) ក៏មានជនជាតិកម្ពុជាម្នាក់ បានចូលរួមក្នុងការដាក់ពិន្ទុ វាយតម្លៃ ផងដែរ ។

ការប្រលងប្រជែងអន្តរជាតិច្នៃម៉ូតសក់សម្រាប់សហគមអ្នកច្នៃម៉ូតសក់ និងកែសម្ជស្ស អាស៊ីប៉ាស៊ីភិច លើកទី ១៣ ដែលត្រូវបានប្រារព្ធធ្វើឡើង កាលពីខែតុលា ឆ្នាំ ២០០៩ កន្លងទៅ នៅក្នុងទីក្រុងម៉ានីល ក្រោមអធិបតីភាពរបស់លោកជំទាវ គ្លេរីយ៉ា ម៉ាហ្គាប៉ាកាល់ អារ៉ូយូ Gloria M. Arroyo ប្រធានាធិបតី ហ្វីលីពីន បានបានអញ្ជើញ អ្នកស្រី សុន ហៀង ដែលជាជាងច្នៃម៉ូតសក់ និងកែសម្ជស្សខ្មែរមួយរូប ចូលរួមធ្វើជាគណកម្មាការ ដាក់ពិន្ទុលើការប្រកួត ។

មិនតែប៉ុណ្ណោះ សហគមអ្នកច្នៃម៉ូតសក់ និងកែសម្ជស្ស អាស៊ីប៉ាស៊ីភិច គ្រោងនឹងធ្វើពិធីប្រកួតប្រជែងនៅប្រទេសកម្ពុជានៅឆ្នាំ ២០១១ ផងដែរ ។

អ្នកស្រី ស៊ុន ហៀង ដែលជានាយិការនៃសាលាកែសម្ជស្ស គ្រីស្ទីណា បានមានប្រសាសន៌ថា « វាគឺជាកិត្តិយសរបស់ប្រទេសកម្ពុជា ដែលគឺជាប្រទេសមួយ ដែលស្ថិតក្នុងចំណោមប្រទេសអាស៊ី និង អាស៊ីប៉ាស៊ីហ្វិច ផ្សេងៗទៀត ដែលមានវត្តមាននៅទីនោះ ក្នុងឋានៈជាគណកម្មាការវាយតម្លៃ»។

អ្នកស្រី បាននិយាយបន្តទៀតថា « ខ្ញុំបានទទួលបទពិសោធន៍ច្រើនជាមួយនឹងអាជីពរបស់ខ្ញុំ និងអាចសិក្សាពីការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រលងប្រជែងនាពេលខាងមុខផងដែរ »។

មុននឹងត្រូវបានបានក្លាយជាសមាជិករបស់ សហគមអ្នកច្នៃម៉ូតសក់ និងកែសម្ជស្ស អាស៊ីប៉ាស៊ីភិច អ្នកស្រីបានបញ្ជាក់ថា សាលាកែសម្ជស្ស គ្រីស្ទីណា ត្រូវបានចុះត្រួតពិនិត្យ និងកត់សំគាល់ដោយ រដ្ឋលេខាធិការនៃ សហគមអ្នកច្នៃម៉ូតសក់ និងកែសម្ជស្ស អាស៊ីប៉ាស៊ីភិច អស់រយៈពេលពីរឆ្នាំ ។

អ្នកស្រី សុន ហៀង អាយុ ៣០ឆ្នាំ ត្រូវបានទទួលការបណ្តុះបណ្តាលតាំងពីអាយុ ១៧ ឆ្នាំមក ដោយចំណាយថវិការជាច្រើនរបស់ក្រុមគ្រួសារអ្នកស្រី ដើម្បីបណ្តុះបណ្តាលខ្លួនឲ្យក្លាយជាជាងច្នៃម៉ូតសក់ និងកែសម្ជស្សអាជីពមួយរូប តាមរយៈវគ្គបណ្តុះបណ្តាលក្នុងស្រុក និងក្រៅស្រុក ជាច្រើនដូចជា ប្រទេស កូរ៉េ អាឡឺម៉ង់ ជប៉ុន បារាំង និងប្រទេសនៅអាស៊ី ប៉ាស៊ីហ្វិចដទៃទៀត និងថែមទាំងបានទទួលពានរង្វាន់ជាជើងឯកបានយ៉ាងច្រើនសម្រាប់ ការប្រកួតប្រជែងលើឆាកអន្តរជាតិទៀតផង។

តាមរយ´ការត្រួតពិនិត្យ លើអាជីព និងបទពិសោធន៍របស់អ្នកស្រីសុន ហៀង ប្រទេសកម្ពុជាក៏បានក្លាយជាសមាជិកមួយ នៃ សហគមអាស៊ីប៉ាស៊ីភិចនេះ ក្នុងឆ្នាំ ២០០៧ នៅប្រទេសជប៉ុន។ ប៉ុន្តែតាំងពីឆ្នាំ ២០០៥ អ្នកស្រី ស៊ុន ហៀង ក៏ត្រូវបានអញ្ជើញជាអ្នកវាយតម្លៃ ក្នុងការប្រកួតរបស់សហគមនេះនៅក្នុងប្រទេសជាច្រើនផងដែរ ។

គោលបំណងរបស់សមាគម ត្រូវបានអ្នកស្រីសុន ហៀងវាយតម្លៃថា «វាជាការដោះដូរវប្បធម៌គ្នា និងការអភិវឌ្ឍន៍ម៉ូតសក់»។ អ្នកស្រី បានបន្តនិយាយថា« ដោយសារតែ សេដ្ឋកិច្ច នយោបាយ និងប្រព័ន្ធផ្សេងៗទៀត ត្រូវបានអភិវឌ្ឍន៍ ដូច្នេះម៉ូតសក់ ក៏គួរតែត្រូវបានអភិវឌ្ឍន៍ផងដែរ បន្ទាប់ពីការអភិវឌ្ឍលើសុខុមាលភាពរបស់ប្រជាជន »។

សុន ហៀង និង លោក កុល ធីដា ដែលជាស្វាមីរបស់គាត់ ធ្លាប់បានស្នើសុំ ទៅមន្ទីរអប់រំ យុវជន និងកីឡា ដើម្បីបើកសហគមអ្នកច្នៃម៉ូតសក់ និងកែសម្ជស្សកម្ពុជា ប៉ុន្តែនៅមិនទាន់មានការឆ្លើយតបមកវិញនៅឡើយ។

យ៉ាងណាក៏ដោយ លោកកុល ធីតា បាននិយាយថា កម្ពុជាអាចនឹងមានឱកាស ដើម្បីធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រលងប្រជែងនាឆ្នាំ ២០១១ ខាងមុខ ប្រសិនបើនឹងមានថវិការ និងអ្នកជួយឧបត្ថម្ភគ្រប់គ្រាន់។ លោកបានបន្តថា « ខ្ញុំតាំងចិត្តធ្វើជាម្ចាស់ផ្ទះសម្រាប់ប្រកួតនៅពេលខាងមុខឲ្យបាន ដើម្បីកិត្តិយសរបស់ប្រទេសកម្ពុជា»។

លោកបានបន្តទៀតថា «ការប្រលងប្រជែងត្រូវចំណាយថវិការអស់ច្រើនណាស់។ ប្រទេសដទៃទៀតមានភាពងាយស្រួលជាងប្រទេសយើង ពីព្រោះពួកគេមានរោងចក្រផលិតគ្រឿងកែសម្ជស្សជាច្រើន ជាអ្នកជួយឧបត្ថម្ភកម្មវិធីរបស់ពួកគេ។ យើងកំពុងពិចារណាយ៉ាងខ្លាំងក្នុងបញ្ហានេះ »។

ប្រៀបធៀបទៅនឹងប្រទេសដទៃទៀត ប្រទេសកម្ពុជា គឺជាប្រទេសដែលមានវប្បធម៌ និងប្រពៃណី រឹតត្បិតបន្តិច។
ទោះបីជាយ៉ាងនេះក៏ដោយ ក៏អ្នកស្រី សុន ហៀងថ្លែងថា « យើងក៏ជាអ្នកលេងម៉ូតមិនធម្មតាដែរ ពីព្រោះប្រជាជនកម្ពុជាភាគច្រើន គឺជាយុវវ័យ។ លើសពីនេះ ខ្មែរយើងក៏មានប្រវត្តិនៃការតុបតែងខ្លួនដ៏ល្អឥតខ្ចោះ ដូចជាការបួងសក់ និង សម្លៀកបំពាក់តាមបែបប្រពៃណី ដែលអាចធ្វើការប្រកួតប្រជែងផងដែរ »។

មកទល់ពេលនេះ មានសិស្សចំនួន ១៨០០ នាក់ បានបញ្ចប់ការសិក្សារបស់ពួកគេពីសាលា កែសម្ជស្ស គ្រីស្ទីណា ។

អ្នកស្រី ស៊ុន ហៀង បានឲ្យដឹងថា « ពីព្រោះប្រទេសកម្ពុជា បានសុខសន្តិភាពមកហើយ ប្រជាជនភាគច្រើន ក៏កំពុងយកចិត្តទុកដាក់ថែរក្សាសុខភាព និងសម្ជស្សរបស់ពួកគេ »។ អ្នកស្រីបាននិយាយបន្តទៀតថា « ការបើកសាលាកែសម្ជស្សអាជីព ក៏អាចជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជាផងដែរ ពីព្រោះសិស្សដែលរៀនចប់ នឹងអាចរកការងារល្អបានធ្វើ និងប្រាក់ចំណូលច្រើន»។

ប្រែសំរួលដោយ ខុន វីរៈ

No comments:

Post a Comment

Followers