Thursday, July 1, 2010

រក​ឃើញ​ម្ចាស់​ពាន​រង្វាន់​ការ​ប្រលង​តែង​និពន្ធ​ពាន​រង្វាន់​ឧកញ៉ា​ វិបុលរាជ នូកន

ដោយ អ៊ូ មុំ

បើទោះបីជាវិស័យតែងនិពន្ធនៅប្រទេសកម្ពុជាមិនសូវជាមានការអភិវឌ្ឍន៌ខ្លាំង​គួរ​ឲ្យ​កត់​សម្គាល់​ដូច​អារ្យ​ប្រទេស​នានា​នៅ​លើ​សកលលោកក៏ដោយ ក៏អ្នកនិពន្ធខ្មែរជាច្រើនដែលមានមនសិការជាតិ នៅតែខំប្រឹងប្រែងប្រមែប្រមូលចំណេះដឹង និង​គំនិត​ផ្សេងៗមកចងក្រងជាសៀវភៅ ដើម្បី​ផ្សព្វ​ផ្សាយ​បំរើ​ដល់​សង្គម​ជាតិ​ជា​ពិសេស​គឺ​តាម​រយៈ​ការ​ចូល​រួម​ប្រលង​ប្រជែង​ស្នាដៃ​អក្សរសិល្ប៍ខ្មែរនានានៅក្នុងប្រទេសកម្ពុជា។

នេះជាលើកទី១១ហើយ សំរាប់​ការ​ប្រលង​ជ្រើស​រើស​ស្នាដៃ​តែង​និពន្ធ​ប្រចាំ​ឆ្នាំ​ដែល​រៀបចំ​ឡើង​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រ​​សិល្បះ​និងត្រូវបានប្រកាសជាផ្លូវការនូវអ្នកជាប់ជ័យលាភី ឧកញ៉ា វិបុលរាជ នូកន ឆ្នាំ២០០៩នៅឯបណ្ណាល័យជាតិ កាល​ពីព្រឹកថ្ងៃពុធ ។


ឯកឧត្តមថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បះ បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី​នេះថា វា​​ជា​​រឿង​​ដែល​​គួរ​​ឲ្យ​មោទនភាព​​មួយដោយសារតែយើងមើលឃើញថាទំពាំងកំពុងតែស្នងឫស្សីជាបន្តបន្ទាប់ហើយ។

ឯកឧត្តម បានលើកឡើងថា “ ចំណេះដឹងអាចទទួលបានពីពីរចំណុចផ្សេងគ្នាគឺពីការងារ និងសាលា​រឺ​សាកល​វិទ្យាល័យ ហើយ​​អ្វី​ដែលសំខាន់គឺការយកចំណេះដឹងទាំងនោះទៅ បំរើដល់ផលប្រយោជន៌ជាតិ។”

លោកស្រី រស់ សុខុន អនុប្រធាននាយកដ្ឋានសៀវភៅ និងការអាន នៃក្រសួងវប្បធម៌ និង វិចិត្រ​សិល្បះ​បាន​មាន​ប្រសាសន៌​ថា “ដោយសារតែជំងឺអេដស៌គឺជាបញ្ហាដ៏ធំនៅក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្ន ដូច្នេះ​ការ​ប្រលង​ប្រជែង​លើក​នេះ គឺ​បានផ្អែកលើប្រធានបទ “បង្ការជំងឺអេដស៌ គឺជួយអភិវឌ្ឍសង្គម”។

លោកស្រីបានបន្តថា ស្នាដៃទាំងអស់ដែលត្រូវបានយកមកចូលរួមក្នុងការប្រកួតនេះមាន ៦៥% ដែលជាអ្នកនិពន្ធចាស់ និង​៣៥% ជាអ្នកនិពន្ធថ្មី ដែលចំនួនសរុបក្នុងចំណោម៥៩ស្នាដៃ និងត្រូវបានឆ្លងកាត់ការត្រួតពិនិត្យនិងវាយតម្លៃ ពីរដង លើកទី១ ដោយគណៈកម្មាមកពីនាយកដ្ឋានសៀវភៅ និងការអាន និងលើកទី២ ពិនិត្យ​និង​ផ្តល់​ពិន្ទុ​សំរេច​ដោយ​គណៈ​កម្មា​កំនែ​ទំរង់ដែលមានជំនាញមកពីសាលាវិចិត្រសិល្បះ និង សាកលវិទ្យាល័យវិចិត្រសិល្បះ ព្រមទាំងក្រសួងវប្បធម៌ និងវិចិត្រសិល្បះ។

ក្នុងចំនោមម្ចាស់ជ័យលាភីប្រុស៤ នាក់ និងស្រី២នាក់ លោកយូ សុភា ដែលជាគ្រូបង្រៀន នៅ​សាលា​ភូមិ​ភាគ​ខេត្ត​កំពង់ចាម​បានទទួលចំណាត់ថ្នាក់លេខ១ នៃប្រលោមលោក ដែលមានចំណងជើងថា “គ្មានទៀតឡើយ” ។ ចំណាត់​ថ្នាក់​លេខ២ គឺ“រឿង ទំព័រជីវិតថ្មី” របស់លោក ប៊ូ បូរ៉ា។ ចំណាត់ថ្នាក់លេខ ៣ គឺ “រឿង សង្សារគ្រូបង្រៀន” របស់ លោក ស៊ុយ វ៉ាន់សាក់ ។ ចំណាត់ថ្នាក់លេខ ៣ស្ទួន គឺ “រឿងស្តាយ អើយស្តាយ” របស់លោក ពៅ ថុង។
ចំណាត់​ថ្នាក់លេខ៤គឺ “រឿង ខ្សែលោហិត” របស់អ្នកស្រី ចាន់ មណី និង ចំណាត់ថ្នាក់លេខ ៥ គឺ “រឿង ចំណារដួងចិត្តព្រហ្មលិខិតអាថិ៍កំបាំង” របស់កញ្ញា អ៊ូច ជាសុភារី។

លោក យូ សុភា ម្ចាស់ជ័យលាភីលេខ ១ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ប្រលោម​លោក​នេះ​និពន្ធ​ឡើង​ដើម្បី​ដឹកនាំ​អារម្មណ៌​របស់​អ្នកអានឲ្យយល់ដឹងពីការបង្ការជំងឺអេដស៌ តាមរយៈការបញ្ឈប់រឺកាត់បន្ថយការប្រើប្រាស់ថ្នាំញៀន ការ​ធ្វើ​ចំណាក​ស្រុក​ជាដើម ដែលអាចធ្វើឲ្យសង្គមមានការរីកចំរើនតាមរយៈការបង្ការទាំងនេះ។
លោកបានបន្តថា ចំពោះ​វិធី​នៃ​ការ​តែង​និពន្ធ​ខ្ញុំ​បាន​ធ្វើការ​ផ្តុំ​បញ្ចូល​គ្នា​រវាង​ការ​មើល​ឃើញ​ពី​ជីវិត​ពិតៗ​នៅ​ក្នុង​សង្គម និង​​ការ​បង្កើត​​តួ ឲ្យ​មាន​លក្ខណៈ​ជា​ប្រលោម​និយម ប៉ុន្តែបែបតថភាព និងផ្តល់ប្រយោជន៌ដល់សង្គម។

ទោះបីជាយ៉ាងនេះក៏ដោយ ក៏លោកយូ សុភា យល់ឃើញថា “ទំរង់នៃរឿងដែលទទួលបាន ជ័យលាភីរបស់ខ្ញុំ នៅ​មិន​ទាន់​អាច​ទុក​ជាស្នាដៃសំរាប់ឲ្យកូនចៅជំនាន់ក្រោយយកទៅបញ្ចូលក្នុងកម្មវិធីសិក្សានៅឡើយ ដោយ​សារ​តែ​វា​មាន​លក្ខណៈ​ប្រលោម​និយម និងមិនមែនជាជីវិតពិតទាំងស្រុង។”

អ្នកនិពន្ធវ័យ៣០ឆ្នាំនេះបានលើកឡើងថា “ឧទាហរណ៌​ដូច​ជា​រឿង​ព្រះ​អាទិត្យ​ថ្មី​រះ​​លើ​​ដែន​​ដី​​ចាស់​​ដែល​​មាន​​លក្ខណៈ​​បង្ហាញ​ពី​​ការពិតនៅក្នុងសង្គម គឺភាពអយុត្តិធម៌ និង អំពើពុករលួយនៅក្នុងសង្គម ជាដើម ដែល​ខ្ញុំ​ដែល​ជា​អ្នក​និពន្ធ​មិន​ទាន់​ហ៊ាន​លើក​ឡើង និងគណៈកម្មាផ្តល់ពិន្ទុក៏មិនទាន់ហ៊ានវាយតម្លៃនៅឡើយ។”

លោកស៊ុយវ៉ាន់សាក់ ម្ចាស់ជ័យលាភីលេខ៣ បានឲ្យដឹងថា លោកមាននិស្ស័យខាងតែងនិពន្ធប្រលោមលោកបែបអប់រំ ជាង​បែបស្នេហាយុវវ័យ។ អ្នកនិពន្ធវ័យ៣២ ឆ្នាំរូបនេះបាន លើក​​ឡើង​​អំពី​​ការ​​រើស​​អើង​​ទៅ​​លើ​​មុខ​​របរ​​គ្រូ​​បង្រៀន​​នៅ​​ក្នុង​សង្គម​​ខ្មែរ និង​មូល​ហេតុ​ផ្សេងៗ​ដែល​នាំ​ឲ្យ​ក្លាយ​ខ្លួន​ទៅ​ជា​ចំណី​នៃ​មេរោគ​អេដស៌​តាម​រយៈ​ប្រលោម​លោក​កំរាស់​២៦០​ទំព័រ A4 សរសេរ​​ដោយ​ដៃ​របស់​លោក ដែល​មាន​ចំណង​ជើង​ថា សង្សារ​គ្រូ​បង្រៀន ។

លោកវ៉ាន់សាក់ ដែលចង់ក្លាយជាអ្នកនិពន្ធបែបប្រវត្តិសាស្ត្រមួយរូប ទៅថ្ងៃអនាគតបានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍ថា “សំរាប់​អក្សរសិល្ប៍​បច្ចុប្បន្ន ខ្ញុំមើលឃើញថា សព្វថ្ងៃ​នេះ​ក្រសួង​អប់រំ​នៅ​តែ​លើក​យក​រឿង​ចាស់ៗ​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម​មក​សិក្សា​នៅឡើយ ។” លោកបានលើកឡើងផងដែរថា “ខ្ញុំ​គិត​ថា​ដើម្បី​ការ​អភិវឌ្ឍន៌​នៃ​អក្សរសិល្ប៍​បច្ចុប្បន្ន​ក្រសួង​គួរ​តែ​លើក​យករឿងរបស់អ្នកនិពន្ធល្បីៗសព្វថ្ងៃមកសិក្សាផងដែរ។”

យោងតាមរបាយការណ៌ របស់ នាយកដ្ឋានសៀវភៅ និងការអាន ស្នាដៃ​ជា​ច្រើន​ពុំ​បាន​ឆ្លើយ​តប​ទៅ​នឹង​គោល​បំណង​របស់​ក្រសួង និងមិនត្រូវតាមប្រធានបទដែលបានដាក់ជូន ។ មានរឿងខ្លះអ្នកនិពន្ធប្រើប្រាស់ពាក្យសំដីអសុរស ប្រាស​ចាក​សីលធម៌។ ក្នុង​សាច់​រឿង​នីមួយៗ​អ្នក​និពន្ធ​ចេះ​លើក​យក​តថភាព​សង្គម​បច្ចុប្បន្ន​មក​បង្កើត​ជា​សាច់​រឿង​ក៏​ប៉ុន្តែ​អ្នក​និពន្ធ​ពុំ​ទាន់​ចេះបកស្រាយ​សាច់រឿងឲ្យសមហេតុសមផលដែល​ធ្វើ​ឲ្យ​ខ្លឹម​សារ​រឿង​ខ្វះ​សីល​សោភ័ណ បង្កើត​រឿង​តូចៗ​ច្រើន​ពេក ព្រម​ទាំង​សរសេរ​ទៅ​តាម​មនោសញ្ចេតនា អណ្តែតអណ្តូងច្រើនពេក។

មិនតែប៉ុណ្ណោះ ដើម្បីឲ្យក្លាយទៅជាអ្នកនិពន្ធដែល​ជោគ​ជ័យ ប្រធាននាយកដ្ឋានសៀវភៅ និង​​ការ​​អាន​​​ក៏​​​បាន​​​ផ្តាំ​​​ផ្ញើ​​​ដល់​​​អ្នក​និព​ន្ធ​​ក្រោយៗ​ដែល​យក​ស្នាដៃ​មក​ប្រកួត​ប្រជែង​ឲ្យ​ធ្វើការ​កែ​ប្រែ​ចំពោះ​ចំណុច​ខ្វះចន្លោះ​ទាំងអស់​នេះ និង​​ព្យាយាម​​សរសេរ​សំរាប់​​ការ​អប់រំ បណ្តុះ​អំពើ​ល្អ និង​ការ​កែ​ប្រែ​ជីវិត​ទៅ​រក​ផ្លូវ​ល្អ ជា​ជាង​សរ​សេរ​ដើម្បី​បង្អួត​សមត្ថភាព​របស់​ខ្លួន​។

No comments:

Post a Comment

Followers