ដោយ អ៊ូ មុំ
ខណៈពេលដែលចង្វាក់តន្រ្តីញាប់ៗឮៗ បានបន្លឺសម្លេងលើឆាកនៅជាន់ទី២របស់សណ្ឋារគារ ណាហ្គា វើល បេក្ខនារី និងបេក្ខជន នីមួយៗ បានបង្ហាញខ្លួននៅលើឆាកជាមួយនឹងស្ទីលដើរម៉ូដ និងសម្លៀកបំពាក់ស្ទីល
ថ្មីៗតែមួយគ្មានពីរបស់ពួកគេ។ រូបសម្ជស្សដ៏ស្រស់សោភា បូកផ្សំ នឹងភាពក្លាហានរបស់ពួកគេ បានអង្រួនចិត្តទស្សនិកជនរាប់រយនាក់នៅពីមុខពួកគេ ឲ្យអត់ទ្រាំទះដៃស្វាគមន៍ពួកគេមិនបាន រហូតមានអ្នកខ្លះស្រែកហ៊ោរកញ្ជ្រាវយ៉ាងសប្បាយរីករាយទទួលអ្នកដើរម៉ូដដែលពួកគេពេញចិត្ត។
រយៈពេលជាង៣ម៉ោងបានកន្លងផុតទៅ ការជ្រើសរើសអ្នកបង្ហាញម៉ូដ ស្បាយ ឆ្នាំ២០០៩ បានឈានដល់ទីបញ្ចប់ បន្ទាប់ពីបេក្ខនារី និងបេក្ខជន២០នាក់បានប្រកួតគ្នាកាលពីល្ងាចថ្ងៃសុក្រ។បេក្ខនារី និងបេក្ខជនទាំងអស់ត្រូវបានជ្រើសរើសដោយផ្អែកលើស្ទីលដើរម៉ូដរបស់ពួកគេដែលបានផ្សាយបន្តផ្ទាល់នៅទូរទស្សន៍ប៉ុស្តិ៍ លេខ៣នៅថ្ងៃនោះដែរ។
បន្ទាប់ពីឈ្នះនៅក្នុងការប្រកួតនេះ បេក្ខនារី និងបេក្ខជន៦រូប នឹងចុះកុងត្រាជាឲ្យ ក្រុមហ៊ុនអាយ ផ្លែនណិត
( i Planet Company) ដើម្បីផ្សព្វផ្សាយនៅផលិតផលមួយចំនួនរបស់ក្រុមហ៊ុនដែលបានឧបត្តម្ភក្នុងការរៀបចំការប្រកួតនេះ។
លោក Bunkert Ang An Nuay Siri អ្នកចាត់ការទូទៅរបស់ក្រុមហ៊ុន អាយ ផ្លែនណិត បាននិយាយថា៖ «លក្ខ័ខ័ណ្ឌរបស់អ្នកដែលឈ្នះក្នុងការដើរម៉ូដនេះ គឺការសម្តែងរបស់ពួកគេ ដោយត្រូវមើលតាមរយៈការបង្ហាញម៉ូដ និងរូបថតបង្ហាញម៉ូដរបស់ពួកគេ។ ពួកគេត្រូវយល់ដឹងពីរបៀបបង្ហាញខ្លួនឲ្យមានការចាប់អារម្មណ៌ ទាំងមកលើខ្លួនគេជាអ្នកផ្សព្វផ្សាយ ទាំងផលិតផលដែលនៅជិតខ្លួន រឺផលិតផលដែលពួកគេត្រូវបង្ហាញ ជាក់ស្តែងដូចជា សំលៀកបំពាក់ដែលពួកគេបានបង្ហាញលើឆាកជាដើម។
ចំណាត់ថ្នាក់លេខ១ផ្នែកនារីបានទៅលើ បេក្ខនារី ពាក់ផ្លាក អេហ្វ ណាញ (F9) យ៉ាន់ គុំផា អាយុ២៣ឆ្នាំ កំពស់ ១,៧៧សង់ទីម៉ែត្រ ទង្ងន់៥២ គីឡូក្រាម។ចំណាត់ថ្នាក់លេខ១ផ្នែកបុរស បានទៅលើបេក្ខជនពាក់ផ្លាក អឹម ណាញ (M9) ឈុន ហាំង ជួរ អាយុ១៦ឆ្នាំ កំពស់ ១,៨៥ សង់ទីម៉ែត្រ ទង្ងន់៧៤គីឡូក្រាម។
ចំណាត់ថ្នាក់លេខ២ផ្នែកនារី បានទីលើបេក្ខនារីពាក់ផ្លាក អេហ្វ ដប់មួយ (F11) ដួង ភក្រ្តា កំពស់ ១,៧១ សង់ទីម៉ែត្រ ទង្ងន់៥០ គីឡូក្រាម។ ចំណាត់ថ្នាក់លេខ២ ផ្នែកបុរស បានទៅលើបេក្ខជន
ដែលពាក់ផ្លាក អឹម ដប់មួយ (F11) ហូ ប៉ូ សេង កំពស់ ១,៨០ សង់ទីម៉ែត្រ ទង្ងន់៧០ គីឡូក្រាម។
ចំណាត់ថ្នាក់លេខ៣ផ្នែកនារី បានទៅលើបេក្ខនារីដែលពាក់ផ្លាក អេហ្វ ធូ (F២) លី សុផា លីនដា កំពស់ ១,៧១ សង់ទីម៉ែត្រ ទង្ងន់៤៣ គីឡូក្រាម។ ចំណាត់ថ្នាក់លេខ៣ផ្នែកបុរសបានទៅលើបេក្ខជនដែលពាក់ផ្លាក អឹម ហ្វាយ (M5) ចាន់ រតនៈ សំបូរ កំពស់ ១,៨១ សង់ទីម៉ែត្រ ទង្ងន់៦៤ គីឡូក្រាម។
ដើម្បីមានសិទ្ធចូលរួមការប្រកួតដើរម៉ូដនេះ បេក្ខជន និងបេក្ខនារី ត្រូវមានអាយុចន្លោះពី១៦ទៅ២៥ឆ្នាំ ហើយបុរសត្រូវមាមកំពស់ចាប់ពី១,៧៥ សង់ទីម៉ែត្រឡើងទៅ ហើយបេក្ខនារីត្រូវមានកំពស់ចាប់ពី១,៦៥ សង់ទីម៉ែត្រឡើងទៅ។ ការប្រកួតនេះមិនអនុញ្ញត្តិឲ្យ តារាភាពយន្ត តារាសម្តែងខារ៉ាអូខេ ឬអ្នកចំរៀងចូលរួមនោះទេ ព្រោះពួកគេទាំងនោះមានប្រជាប្រិយភាពខ្លាំង នឹងងាយស្រួលឈ្នះ ក្នុងការប្រកួតនេះប្រសិនជាពួកគេត្រូវអនុញ្ញតិ្តឲ្យចូលរួមប្រកួត។
លោក Bunkert បានឲ្យដឹងថា៖ «មុនដំបូង យើងបានទទួលបេក្ខជន និងបេក្ខនារី ជាង២,០០០ នាក់ឲ្យចូល
រួមការប្រកួតនេះ ប៉ុន្តែក្នុងការជ្រើសរើសនៅតង់ទី១ យើងចម្រាញ់យកបេក្ខជន និងបេក្ខនារីតែ៣០០នាក់
ប៉ុណ្ណោះ»។
លោក Bunkert បានបន្ថែមទៀតថា៖ «ការប្រកួតដើរម៉ូដនេះ គឺដើម្បីជ្រើសរើសយកតារាបង្ហាញម៉ូដថ្មីបំផុតសំរាប់កម្ពុជា។ដូចគ្នានេះដែរ ការប្រកួតនេះ ក៏ធ្វើឡើងដើម្បីលើកកំពស់ស្នាដៃអ្នកឆ្នៃម៉ូដសម្លៀកបំពាក់ខ្មែរ ដែលមានតាំងពីការឆ្នៃម៉ូដសម្លៀកបំពាក់ទំនើប រហូតដល់ការច្នៃម៉ូដសម្លៀកបំពាក់តាមបែបប្រពៃណី ដែលធ្វើពីសរសៃសូត្រ ដោយស្នាដៃរបស់ខ្មែរពិតៗ»។
ការប្រកួតដើរម៉ូដ ស្បាយ ប្រចាំឆ្នាំ២០០៩ នេះ ត្រូវបានរៀបចំឡើង ដោយក្រុមហ៊ុន អាយ ផ្លែនណិត សហការណ៍ជាមួយទូរទស្សន៍ ប៉ុស្តិ៍ លេខ៣ នឹងចូលរួមឧបត្តម្ភដោយក្រុមហ៊ុនមួយចំនួនដូចជា ក្រុមហ៊ុនភេសជ្ជៈ ស្បាយ (Spy) ក្រុមហ៊ុន Systema ក្រុមហ៊ុនសាប៊ូដុសខ្លួន Shokubutsu សណ្ឋារគារ Naga World ហាងកែសម្ផស្ស ស៊ីនឌី (Cindy) និង ក្រុមហ៊ុន LG ជាដើម។
សំបុត្រចូលទស្សនាពិសេសមានតម្លៃ១០០ដុល្លារអាមេរិក ហើយសំបុត្រធម្មតាមានតម្លៃ១ដុល្លារប៉ុណ្ណោះ។សំបុត្រពិសេសសម្រាប់តែភ្ញៀវថ្នាក់លើដែលអាចទទួលទានអាហារពេលល្ងាចពិសេសនៅក្បែរឆាកប្រកួត
ផងដែរ។
ប្រែសម្រួលដោយ គង់ សុគន្ធ
No comments:
Post a Comment