Thursday, January 21, 2010

អ្នកតម្បាញក្រមាមិនប្រាថ្នាឲ្យកូនដើរតាមគន្លងអាជីពរបស់ខ្លួន

ចំណាយពេលពីរទសវត្សរ៍ជាមួយនឹងកីតម្បាញបូរាណ និងមួយទសវត្សរ៍ជាមួយនឹងកីតម្បាញម៉ាស៊ីន អ្នកស្រី សឹម អាត ចង់ឲ្យកូនៗរបស់គាត់វៀសចាកពីមុខរបរនេះ

ដោយ អ៊ូ មុំ

យើងនឹងឮសូរសម្លេងកីតម្បាញនៅតាមបណ្តាភូមិជាច្រើន ប្រសិនបើយើងធ្វើដំណើរតាមម៉ូតូ កាត់ស្ពានព្រះមុនីវង្ស ប្រហែលជា ១ ម៉ោងកាត់តាម វត្តចំប៉ា ក្នុងភូមិជ្រោយអំពិល ឃុំក្បាលកោះ ស្រុកកៀនស្វាយ ក្នុងខេត្តកណ្តាល។
នៅប្រទេសកម្ពុជា អ្នកតម្បាញជាច្រើន កំពុងតែត្បាញអំបោះដែលមានពណ៌ខុសៗគ្នា នៅក្រោមផ្ទះឈើ បុរាណជាច្រើនក្នុងភូមិជ្រោយអំពិល ខណៈពេលដែលប្រទេសជាច្រើនទៀតនៅលើពិភពលោក មានរោងចក្រតម្បាញរួចទៅហើយ ដើម្បីផលិតក្រមា និងសម្ភារៈផ្សេងៗទៀត។
អ្នកស្រី សឹម អាត អាយុ ៥៧ ឆ្នាំ បានក្លាយជាអ្នកស្នងដំណែងជាអ្នកត្បាញក្រមា តាំងពីគាត់អាយុ ១៧ ឆ្នាំមកម្លេះ។ អ្នកស្រី សឹម អាត ហើយនឹងបងប្អូន ៤ នាក់របស់គាត់រៀនត្បាញក្រមាពីឪពុកម្តាយតាំងពីគាត់នៅក្មេងម្លេះ។
បន្ទាប់ពីត្បាញក្រមាអស់រយៈពេលជាច្រើនឆ្នាំរួចមក អ្នកស្រី សឹម អាត ក៏ដូចជាប្រជាជនដទៃទៀតដែលសុទ្ធតែបានឆ្លងកាត់ជំនាន់ ប៉ុល ពត។ ក្រោយរបបនេះដួលរលំ គាត់បានវិលត្រឡប់មកចាប់អាជីបដើមរបស់ខ្លួនវិញនៅក្នុងឆ្នាំ ១៩៨៤។ អ្នកស្រី បានធ្វើការអភិវឌ្ឍ ដោយភ្ជាប់កីតម្បាញជាមួយនឹងម៉ាស៊ីនតាំងពីឆ្នាំ ១៩៩៩ មកម្ល៉េះ នៅពេលដែលមាន ការតភ្ជាប់អគ្គីសនីនៅក្នុងភូមិរបស់គាត់រហូតមកទល់ពេលនេះ។
អ្នកស្រី សឹម អាត បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា៖ «កាលពីមុន យើងត្បាញក្រមា ដោយប្រើកីតម្បាញចាស់ៗដែលធាក់នឹងជើង ហើយអាចផលិតក្រមាត្រឹម១០ ទៅ២០ក្រមាប៉ុណ្ណោះក្នុងមួយថ្ងៃ ប៉ុន្តែឥឡូវនេះ យើងអាចត្បាញក្រមាដែលល្អបំផុតពី ៣០ ទៅ៤០ ក្នុងមួយថ្ងៃ ដែលអាចជួយឲ្យយើងចំណេញពេលវេលា និងថាមពល»។
ចាប់ពីម៉ោង ៦ ព្រឹកដល់ម៉ោង ១១ និង ៣០ នាទីថ្ងៃត្រង់ មានម៉ាស៊ីតម្បាញចំនួន ៨ កំពុងដំណើរការក្រោមការគ្រប់គ្រងរបស់មនុស្ស ៥ នាក់ នៅក្រោមផ្ទះរបស់ អ្នកស្រី សឹម អាត។
ក្នុងរដូវច្រូវកាត់ ពីខែធ្នូ ដល់មេសា ដែលជារយៈពេលលក់ដាច់ជាងគេនោះ សឹម អាត អាចលក់ក្រមាប្រហែល ២៤០ ក្នុងមួយថ្ងៃ។
សឹម អាត បានត្បាញក្រមាមានក្រឡាប្លែកៗ និងទំហំផ្សេងៗគ្នា។ សម្រាប់ក្រមាសាច់ធម្មតាមួយ គាត់អាចលក់បានក្នុងតម្លៃពី ១៣០០ រៀលទៅ ១៨០០ រៀល។ យោងតាមសម្ដីរបស់គាត់ នៅក្នុងភូមិជ្រោយអំពិល គេច្រើនត្បាញក្រមាសាច់ធម្មតាតែប៉ុណ្ណោះ។
ទោះបីជាការប្រើប្រាស់ក្រមាទទួលការពេញនិយមច្រើននៅជនបទស្រែចម្ការក៏ដោយ ក៏អតិថិជនរបស់ អ្នកស្រី សឹម អាតភាគច្រើន គឺជាឈ្មួញរកស៊ីមកពីរាជធានីភ្នំពេញ។
ក្រៅពីអាជីពជាអ្នកត្បាញក្រមា អ្នកស្រី សឹម អាត ក៏ជាកសិករមួយរូបដែរ។ អ្នកតម្បាញមានបទពិសោធជាង ៣០ ឆ្នាំរូបនេះ ជឿថា កាលពីសម័យមុន ទោះបីជាគេប្រើកីតម្បាញបូរាណក៏ដោយ ក៏គេអាចរកចំណូលផ្គត់ផ្គង់គ្រួសារបានគ្រប់គ្រាន់ដែរ។
អ្នកស្រី សឹម អាត បានឲ្យដឹងថា៖ «នេះជាកិច្ចការនៅផ្ទះ ដែលផ្តល់ភាពងាយស្រួលដល់ខ្ញុំក្នុងការមើលថែកូន។ របរនេះអាចចិញ្ចឹមពួកយើងបាន យើងផ្គត់ផ្គង់ឲ្យកូនទៅសាលា»។
ថ្វីត្បិតតែកូនទាំងបួនរបស់ សឹម អាត សុទ្ទតែរៀនចេះត្បាញក្រមា ប៉ុន្តែគាត់មិនចង់ឲ្យកូនៗរបស់ខ្លួនបន្តអាជីពនេះឡើយ ព្រោះវាមិនមានជាការងារងាយស្រួលនោះទេ។
អ្នកស្រី សឹម អាត បានសម្គាល់ឃើញថា ឧបសគ្គក្នុងរបបត្បាញក្រមាគឺតម្លៃវត្ថុធាតុដើមខ្ពស់ និងពិបាករកអ្នកត្បាញ ប៉ុន្តែផលិតផលសម្រេចលក់បានក្នុងតម្លៃថោកប៉ុណ្ណោះ។
អ្នកស្រី បានឲ្យដឹងថា៖ «សេដ្ឋកិច្ចរបស់យើងកំពុងធ្លាក់ចុះ ហើយតម្លៃក្រមានៅទីផ្សារក៏មិនស្ថិតស្ថេរដែរ»។
គាត់បានពន្យល់ទៀតថា៖ «ប្រសិនបើមានការងារល្អជាងនេះ ខ្ញុំនឹងឈប់ត្បាញទៀតហើយ ព្រោះ ការងារនេះចំណាយកម្លាំងច្រើន តែទទួលចំណូលតិច»។
សព្វថ្ងៃ កូនទាំងបួនរបស់អ្នកស្រី សឹម អាត កំពុងតែរៀនសូត្រ និងធ្វើការ នៅរាជធានីភ្នំពេញ ដូច្នេះពួកគេមិនអាចឆ្លៀតពេលជួយកិច្ចការត្បាញក្រមានៅផ្ទះឡើយ។
អ្នកស្រី សឹម អាត បានពោលថា៖ «អ្នកត្បាញទាំងអស់មកពីតំបន់ជនបទ ដូចជាខេត្តព្រៃវែង ស្វាយរៀង ជាដើម។ ប៉ុន្តែឥឡូវពិបាករកអ្នកត្បាញណាស់ ព្រោះពួកគេសុខចិត្តទៅធ្វើការនៅរោងចក្រកាត់ដេរឯភ្នំពេញវិញប្រសើរជាង»។

No comments:

Post a Comment

Followers