ដោយ អ៊ូ មុំ
ដោយសារតែការស្រឡាញ់ចូលចិត្ត វិស័យខ្សែភាពយន្ត សិស្ស និស្សិត៦០នាក់បានព្យាយាមលះបង់ពេលវេលា កំលាំងកាយ ចិត្តរបស់ខ្លួន ដើម្បីកសាងជាសមិទ្ធផលរួមគ្នាលើចូលរួមក្នុងការផលិតជាខ្សែភាពយន្តមួយ ដែលមានចំណងជើងថា “ពេជ្រកូនភ្លោះ” ដោយបានដាក់ឈ្មោះក្រុមរបស់ខ្លួនថា “កុនខ្មែរ កូនខ្មែរ” ។
ការចំណាយពេលអស់រយៈពេល៨ខែ ទាំងការសរសេរ ថត និងកាត់ត ធ្វើឲ្យក្រុម “កុនខ្មែរ កូនខ្មែរ” អាចផលិតជាខ្សែភាពយន្តបែបកំសាន្តមួយដោយបញ្ចូលជាឈុតឆាកកំប្លែង និងបង្កប់នូវភាពច្នៃប្រឌិតខ្ពស់ថែមទៀត។
លោកដាវី ជូ ផលិតករភាពយន្តបារាំងអាយុ២៥ឆ្នាំ បានបង្កើតគំរោងនេះឡើង ដោយការថតភាពយន្តនេះ លោកចង់បង្ហាញថាយុវជនខ្មែរ ទោះបីជាពួកគេមានស្ថានភាពរស់នៅខុសគ្នាក៏ដោយ ក៏ពួកគេអាច បង្កើតខ្សែភាពយន្តរួមគ្នាបានដែរ ។
“ភាពយន្តនេះបង្ហាញថា យុវវ័យទាំងអស់នេះបានស្វែងរកសំលេងតែមួយហើយបានជួយផ្តល់គំនិតថ្មី និងប្លែកៗ ឲ្យគ្នាទៅវិញទៅមក គឺវាបង្កប់នូវអត្ថន័យយ៉ាងច្រើនទៅលើការសហការគ្នា មិត្តភាព និងការយល់ចិត្តគ្នារវាង យុវជននៅប្រទេសកម្ពុជា ។”
លោកដេវី ជូ គំរោងនេះបានបន្តថា “ខ្ញុំធ្លាប់ឃើញគំរោងបែបនេះ នៅប្រទេសបារាំងតាំងពី៨ឆ្នាំមុន ទើបខ្ញុំ មានគំនិតបញ្ចូលក្រុមសិស្ស និស្សិតដែលស្រឡាញ់វិស័យកុនទាំងអស់ឲ្យរៀនពីមូលដ្ឋានគ្រឹះនៃកុន ហើយចេះធ្វើការងាររួមគ្នា តាមរយៈស្នាដៃលើកដំបូងរបស់ខ្លួន។”
ដោយមានអ្នកការសហការពីសិស្ស និស្សិតនិង ការផ្តល់ជាទីតាំងថតពីសាលាផ្េងៗគ្នា ទាំងក្រុមការងារ និងតួសំដែងសរុបប្រហែល១០០នាក់ ត្រូវធ្វើការងាររួមគ្នាសឹងតែរាល់ថ្ងៃ ក្នុងនោះមានផលិតករ១៤នាក់និង មកពីសាលាផ្សេងៗគ្នា ដូចជាអង្គការមិត្តសំលាញ់ សាលារ៉ៃយំ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៌ សាលាលីមកុកវិញ សាលាបារាំងនិង សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្ប ជាដើម។
លោកដេវី ជូបានឲ្យដឹងថា “ការផលិតខ្សែភាពយន្តនេះគឺ យើងមិនមានជំនួយរឺ កញ្ចប់ថវិការផ្ទាល់ខ្លួនឡើយ។ យើងមានត្រឹមការស្ម័គ្រចិត្តចូលរួមផលិតនិងសំដែង ពីសិស្ស និស្សិត និងការសហការពីខាងសាលា និងទីកន្លែងផ្សេងៗ ក្រៅពីនេះ យើងក៏បានទទួលការផ្គត់ផ្គង់នៅពេលថត និងបញ្ជាំងពី ដេប៉ាតឺម៉ង់ ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៌ ខ្លះនិងមួយចំនួនពីអង្គការមិត្តសំលាញ់អន្តរជាំតិសរុបប្រហែល៥០០ដូល្លាប៉ុណ្ណោះ ។”
ក្នុងការផលិតនេះ ក្រុមទាំងអស់មានចំនួន១៤ក្រុមដោយក្នុងនោះក្រុមនីមួយៗត្រូវសរសេរឈុតឆាករៀងៗខ្លួន ផ្អែកលើឈុតឆាករបស់ក្រុមមុនៗ ។
ទោះបីជាសាច់រឿងពីឈុតឆាកមួយទៅឈុតឆាកមួយហាក់ដូចជាពុំសូវសមហេតុផល ប៉ុន្តែសាច់រឿងហាក់ដូចជាបង្កប់នូវ ភាពច្នៃប្រឌិត ដែលក្រុមទាំងអស់អាចបង្កើតបានជាសាច់រឿងមួយ ដែលផ្តល់ចំនាប់អារម្មណ៌ដល់អ្នកទស្សនា។
សន សិដ្ឋភាព និស្សិតឆ្នាំទី៤ផ្នែកស្ថាបត្យកម្មនៃសាកលវិទ្យាល័យន័រតុន ក៏បានចូលរួមធ្វើជា អ្នកកាន់កាម៉ារ៉ា ពេលខ្លះ ធ្វើជា អ្នកគ្រប់គ្រងសំលេង និង ជំនួយការដឹកនាំជាដើម បានឲ្យដឹងថា ប្អូនមានចំណាប់អារម្មណ៌យ៉ាងខ្លាំងទៅលើការផលិតកុនព្រោះជាជំនាញទាក់ទងនឹងសិល្បះដូចជាជំនាញស្ថាបត្យកម្មដែរ ។
សិដ្ឋភាពនិយាយថា “ការផលិតកុនគឺផ្អែកលើឩបនិស្ស័យទៅលើការផលិតការសរសេរ សេណារីយ៉ូឲ្យបានច្បាស់លាស់និងមានភាពច្នៃប្រឌិតខ្ពស់ ព្រមទាំងភាពអំណត់អត់ធន់ព្រោះការ ផលិតត្រូវការការចំណាយពេលវេលា និងជួបប្រទះការលំបាកច្រើនទើបសំរេចបានជាលទ្ធផល ។”
បច្ចុប្បន្ន ប្រទេសកម្ពុជាមិនមានជាសាលាបង្ហាត់ផ្នែកភាពយន្តធំដុំនៅឡើយទេ ដោយយើងឃើញមានត្រឹមតែ ការ សិក្សាមូលដ្ឋានគ្រឹះនៃការផលិតកុននៅ ដេប៉ាតឺម៉ង់ ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៌ និងការបង្ហាត់ជំនាញដឹកនាំរឿងនៅសាកលវិទ្យាល័យវិចិត្រសិល្បៈនិង ការគំរោងបង្កើតការសិក្សាផ្នែកកុននៅសាលាលីមកុកវិងជាដើម ។
ទោះបីជាមិនសូវមានសាលាដើម្បីបង្ហាត់ជំនាញផលិតខ្សែភាពយន្តក៏ដោយ ក៏លោកដាវី ជូ និយាយថា ខ្ញុំជឿជាក់ថា យុវជនជាច្រើនចាប់ អារម្មណ៌លើជំនាញនេះ ហើយក្នុងចំណោមពួកគេមានខ្លះថែមទាំងមានអាចបញ្ចេញទេពកោសល្យរបស់ខ្លួនលើជំនាញនេះថែមទៀតផង គ្រាន់តែពួកគេគ្មានឩកាសប៉ុណ្ណោះ ។ ខ្ញុំជឿជាក់ថា យើងអាចពង្រឹងវិស័យសិល្បះ របស់យើងបាន បើសិនជាពួកគេមានឳកាសកាន់តែច្រើន ។
ខ្សែភាពយន្តដែលមានចំណងជើងថា ពេជ្រកូនភ្លោះត្រូវបានដាក់បញ្ចាំងនៅមជ្ឍមណ្ឌលបារាំងនៅថ្ងៃសៅរ៌ ទី២៦ ខែកញ្ញា និងថ្ងៃទី០៣ តុលាខាងមុខនេះ នៅរោងកុនលុច្យវេលាម៉ោង៥រសៀល។
No comments:
Post a Comment