ខ្សែភាពយន្តថ្មីមួយបង្ហាញស្ថានភាពនៃអ្នកផ្ទុកមេរោគអេដស៍
ដោយ អ៊ូ មុំ
បច្ចុប្បន្នវិស័យខ្សែភាពយន្តខ្មែរ ស្ទើរតែត្រូវបានបាត់មុខពីសង្គមកម្ពុជាទៅហើយ បន្ទាប់ពីរោងភាពយន្តជាច្រើននោះត្រូវបានបិទទ្វារ។ តែទោះបីជាយ៉ាងនេះក៏ដោយ ក៏នៅមានផលិតករមួយចំនួន ដែលស្រលាញ់វិស័យភាពយន្ត និងមានទេពកោសល្យក្នុងការផលិតខ្សែភាពយន្ត នៅតែតស៊ូផលិតខ្សែភាពយន្តមួយចំនួនមានលទ្ធភាព ដើម្បីលើកស្ទួយឧស្សាហកម្មខ្សែភាពយន្តខ្មែរឲ្យរស់ឡើងវិញ។
បន្ទាប់ពីក្រុម «កុនខ្មែរ កូនខ្មែរ» បានផលិតឈុតឆាកខ្លីៗជាច្រើននៃរឿងពេជ្រកូនភ្លោះរួចមក អ្នកនិពន្ធ វ័យក្មេងជនជាតិខ្មែរម្នាក់ បានអភិវឌ្ឍន៍គំនិតរបស់គាត់ពីការសរសេររឿងប្រលោមលោក ទៅរកការផលិតខ្សែភាពយន្តមួយ ដែលមានរយៈពេល១ម៉ោង និង៤៥នាទី ដើម្បីលើកស្ទួយឧស្សាហកម្មខ្សែភាពយន្ត និង សិល្បៈខ្មែរ ឲ្យរស់រានមានជីវិតឡើងវិញ។
លោក កៅ សីហា ផលិតករ របស់ផលិតកម្មខ្សែភាពយន្តថ្មីមួយ បាននិយាយនៅក្នុងពិធីក្រុងពាលីនៃបើកការគ្រោងថតខ្សែភាពយន្តមួយថា៖ «ខ្ញុំមិនរំពឹងថានឹងទទួលបានផលផលចំណេញពីការផលិតខ្សែភាពយន្តនេះទេ ប៉ុន្តែបើវាធ្វើឲ្យខ្ញុំ ចំណេញ ខ្ញុំនឹងផលិតខ្សែភាពយន្តបន្ទាប់មួយទៀត»។
លោក សីហាបានឲ្យដឹងទៀតថា ខ្សែភាពយន្តនេះនឹងបង្ហាញពីបញ្ហាផ្សេងៗនៅក្នុងសង្គម ដែលជា ចំណុចអប់រំជាច្រើនសម្រាប់ប្រជាជនទូទៅ។ រឿងនេះផ្តោតសំខាន់ទៅលើស្ថានភាពរបស់អ្នកផ្ទុកមេរោគអេដស៍ បុរសស្រលាញ់បុរសដូចគ្នា និង ការរើសអើងទៅលើអ្នកកើតអេដស៍។
ផលិតករដដែលនេះ បានបន្ថែមទៀតថា៖ «ខ្សែភាពយន្តនេះ និយាយអំពីគ្រួសារមួយដែលម្តាយម្នាក់បានរត់ចោលពីស្វាមី និងកូនៗរបស់នាង ដោយសារតែភាពក្រីក្រ និងស្វាមីរបស់នាង ឆ្លងមេរោគ អេដស៍។ ជាងនេះទៅទៀត ខ្សែភាពយន្តនេះ ក៍ផ្តោតទៅលើ បុរសដែលស្រលាញ់បុរសដូចគ្នា ដែលភាគច្រើនកំពុងប្រឈមមុខនឹងជំងឺអេដស៍»។
លោក សីហា បានឲ្យដឹងទៀតថា ខ្សែភាពយន្តនេះ ត្រូវបានផលិតឡើង ដើម្បីអប់រំស្រ្តីខ្មែរមួយក្រុមតូច ដែលយកចិត្តទុកដាក់ជ្រុលពេកអំពីភាពស៊ីវិល័យ ប៉ុន្តែបែជាមិនយកចិត្តទុកដាក់អំពីគ្រួសាររបស់ខ្លួន។ លោក សីហា បានពន្យល់ថា៖ «កូនៗអាចងាយនឹង ដើរផ្លូវខុស ប្រសិនបើពួកគេខ្វះការយកចិត្តទុក ដាក់ពីឪពុកម្តាយ ជាពិសេសគឺម្តាយតែម្តង។ ខ្ញុំចង់ពន្យល់ថា សុភមង្គលក្នុងគ្រួសារមួយ មិនមែនស្ថិត នៅលើលុយតែមួយមុខទេ។ រឿងសំខាន់ គឺតស៊ូទាំងអស់គ្នាដើម្បីអនាគតកូន»។
លោកបានបន្ថែមទៀតថា៖ «ចំនុចមួយទៀតនៅក្នុងខ្សែភាពយន្តនេះ គឺសេចក្កីស្នេហា រវាងបុរស ស្រាលាញ់បុរសដូចគ្នាដែលនឹងមិនផ្តល់លទ្ធផលល្អទេនៅទីបញ្ចប់»។ ផលិតករអាយុ២៨ឆ្នាំរូបនេះ គ្រោងនឹងដាក់ឈ្មោះផលិតកម្មរបស់លោកថា «រតនៈមហាសាល» ហើយខ្សែភាពយន្តដំបូងរបស់គាត់ មានចំណងជើងថា«ស្នេហាមួយនៅវិទ្យាល័យ»។ ខ្សែភាពយន្តនេះនឹងប្រើរយៈពេលថត ១ខែ និង ថវិការ ៣០,០០០ ដុល្លារសហរដ្ឋអាមេរិក។
កញ្ញា គៀត សុវណ្ណា ឡាង ដែលត្រូវបានគេជ្រើសរើសជាតួឯកស្រីនៅក្នុងខ្សែភាពយន្តនេះ បាននិយាយថា នាង ពេញចិត្តក្នុងការសម្តែងជាតួនាង «ធីតា» ដែលជាឈ្មោះតួឯកស្រីក្នុងរឿងនេះ។ កញ្ញា បាននិយាយថា៖ «ខ្ញុំគិតថា តួនាង«ធីតា» នេះ អាចមានរូបសម្បត្តិនិង ចរិតស្រដៀងនឹងខ្ញុំ ពោលជាក្មេងស្រីសុភាពរាបសារម្នាក់ ទើបអ្នកដឹកនាំរឿងសំរេចឲ្យខ្ញុំដើរតួនេះ »។
កញ្ញា គៀត សុវណ្ណាឡាង គឺជាបេក្ខនារីជាប់លេខម្នាក់ ក្នុងចំណោមស្រីស្អាតទាំង១០ (Freshy girls) ប្រចាំឆ្នាំ២០០៨។ លោក សីហា បាននិយាយថា សុវណ្ណា ឡាង ត្រូវបានជ្រើសរើសជាតួឯក បន្ទាប់ពី លោកបានឃើញនាងមាន សមត្ថភាពខ្ពស់ ក្នុងការសម្តែងឲ្យផលិតកម្មមួយចំនួន ដូចជា ហង្សមាស ប៊ិកមែន និងបណ្តាញស្ថានីយ៍ទូរទស្សន៍ ស៊ីធីអិន ជាដើម។
សីហា បានឲ្យដឹងទៀតថា៖ «ទស្សនិកជនជាច្រើន នឹងមានការភ្ញាក់ផ្អើលជាមួយនឹងតួឯកប្រុស គឺ លោក ជា វណ្ណារិទ្ធ ដែលធ្លាប់តែដើរតួជាបុរស ស្លូតចិត្តល្អ ប៉ុន្តែក្នុងខ្សែភាពយន្តនេះ គាត់សម្តែងជាតួ «បងធំ» ដែលសមទៅនឹងជំនាញរបស់គាត់ជាគ្រូបង្ហាត់តៃខ្វាន់ដូរមួយរូប»។
គម្រោងនៃការផលិតខ្សែភាពយន្ត នឹងឆ្លុះបញ្ចាំងពីឧស្សាហកម្មខ្សែភាពយន្តកម្ពុជា ដែលនៅមិនទាន់ បាត់បង់នៅឡើយ។ សីហា បាននិយាយទៀតថា៖ «ខ្ញុំនឹងព្យាយាមឲ្យអស់ពីសមត្ថភាពរបស់ខ្ញុំ ដើម្បី ធ្វើឲ្យខ្សែភាពយន្តនេះ មានគុណភាពល្អ»។ គាត់បាននិយាយទៀតថានេះជាលើកទី១ហើយដែលបាន ប្រឡូកខ្លួនក្នុងការផលិតខ្សែភាពយន្ត។
កាលពីមុន លោក សីហា ធ្លាប់ជួយក្នុងការផលិត ស្ប៉ត ខ្លីៗឲ្យក្រសួងអប់រំយុវជន និង កីឡា។
លោកធ្លាប់ទទួលបានជ័យលាភីលេខ១ក្នុងការប្រកួតរឿងប្រលោមលោកប្រចាំតំបន់ទន្លេមេគង្គលើកទី១ កាលពីខែ កុម្ភៈ ឆ្នាំ២០០៩។ សីហា បាននិយាយថា ក្រៅពីនេះ លោកក៏ធ្លាប់ជាសិស្សជំនាន់ទី១ នៃសមាគម អ្នកនិពន្ធខ្មែរ ក្នុងវគ្គបណ្តុះបណ្តាលអ្នកនិពន្ធ នឹងដឹកនាំរឿងផងដែរ ។
ប្រែសំរួល គង់ សុគន្ធ
No comments:
Post a Comment