Thursday, July 1, 2010

ការ​ប្រគំ​តន្រ្តី​របស់​យុវ​និស្សិត​ដើម្បី​បង្ហាញ​ពី​ស្នាដៃ​បង្កើត​ដោយ​ខ្លួន​ឯង នា​ចុង​សប្តាហ៌​នេះ​!

ដោយ អ៊ូ មុំ



ទោះ​បី​ជា​មិន​ទាន់​មាន​ឱកាស​ក្នុង​ការ​ផលិត​បទ​ចំរៀង​របស់​ខ្លួន​ទៅ​ក្នុង​ថាស​ចំរៀង ក៏​ក្រុម​យុវ​និស្សិត​មួយ​ក្រុម ដែល​ស្រឡាញ់​វិស័យ​សិល្បះ​និង​ចង់​បង្កើត​ស្នាដៃ​ដោយ​ខ្លួន​ឯង​បាន​ប្រមូល​ផ្តុំ​បង្កើត​ជា​ក្រុម​ចំរៀង​ផ្ទាល់​ខ្លួន ដើម្បី​បញ្ចេញ​សមត្ថភាព​របស់​ខ្លួន​នៅ​លើវិស័យ​តែង​និពន្ធ​លេង​ឧបករណ៌​តន្រ្តី និង​ឧបករណ៌​ខ្មែរ​បុរាណ ។

បទ​ចំរៀង​ថ្មីៗ​និពន្ធ​ដោយ​ខ្លួន​ឯង ជាមួយ​នឹង​បទ​ភ្លេង​កែច្នៃ​ដែល​បន្លឺ​ឡើង​យ៉ាង​រងំ​ចេញ​ពី​ឧបករណ៌ ហ្គីតា លាយ​ឡំ​គ្នា​នឹង​ឧបករណ៌​ខ្មែរ​បុរាណ​នឹង​ត្រូវ​បាន​បង្ហាញ​នា​ល្ងាច​ថ្ងៃ​សៅរ៍​នេះ​ដោយ​និស្សិត​វ័យ​ក្មេង​ដែល​បាន​បញ្ចប់​ការ​សិក្សា និង​កំពុង​បន្ត​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​ចំនួន​៦​រូប ។

យុវ​និស្សិត​វ័យ​២០​ឆ្នាំ ឈ្មោះ “អ៊ួន បឋម” ហៅ ”សាយ” គឺ​ជា​និស្សិត​ឆ្នាំ​ទី​២ នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​និតិសាស្ត្រ និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច​បាន​ឲ្យ​ដឹង​ថា “ការ​បង្កើត​ក្រុម​តន្រ្តី​នេះ​ឡើង គឺ​ដោយ​សារ​តែ​ឧប​និស្ស័យ​របស់​ពួក​​ខ្ញុំ​ផង និង​ចង់​បង្កើត​បរិយា​កាស​សប្បាយ​នៅ​ពេល​ទំនេរ​ពី​ការ​សិក្សា​ផង ដោយ​ធ្វើ​អ្វី​ដែល​មាន​ប្រយោជន៌​ដល់​សង្គម ដូច​ជា​ការ​និពន្ធ​បទ​ភ្លេងបទ​ចំរៀង​ថ្មីៗ និង​ច្រៀង​ដោយ​ខ្លួន​ឯង​ជា​ដើម​។”

សាយ​ដែល​ជា​ប្រធាន​ក្រុម​តន្រ្តី​នេះ​មាន​ស្រុក​កំណើត​នៅ​ខេត្ត​រតនគីរី​ជាមួយ​នឹង​សមាជិក​រួម​ក្រុម​ម្នាក់​ឈ្មោះ គង់ ដែល​ជា​អ្នក​លេង​ហ្គីតា​បាស ចំណែក​ឯ​សមាជិក​៣​នាក់​ទៀត​ដែល​ជា​អ្នក​លេង​ឧបករណ៌​ភ្លេង​ខ្មែរ​​បុរាណ​គឺ​ជា​សិស្ស និង​និស្សិត​ដែល​មាន​ប្រភព​មក​ពី​សមាគម​សិល្បះ​ខ្មែរ​អមតៈ និង សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បះ និង និស្សិត​ម្នាក់​ទៀត​ដែល​មាន​ជំនាញ​ខាង​ឧបករណ៌​សម័យ ចំណែក​និស្សិត​មក​ពី​ខេត្ត​រតនគីរី​​រូប​នេះ ជា​អ្នក​លេង​ហ្គីតា​ផង ច្រៀង​ចំរៀង​ផង​។

សាយ​បាន​រំលឹក​ឡើង​ថា កាល​ដែល​គេ​មាន​គំនិត​បង្កើត​ក្នុង​ការ​បង្កើត​ក្រុម​តន្រ្តី​នេះ​ឡើង​ដោយ​សារ​តែ​បង​ប្អូន​៣​នាក់​ផ្សេង​ទៀត​របស់​គេ គឺ​ជា​អ្នក​ដែល​មាន​និស្ស័យ​ខាង​សិល្បះ ។ ទោះ​បី​ជា​ពួក​គេកំពុង​ប្រកប​របរ​ផ្សេងៗ ក្រៅ​ពី​អាជីព​សិល្បះ​នេះ​ក៏​ដោយ ក៏​ពួក​គេ​តែង​តែ​យក​ពេល​ទំនេរ​ផ្ទាល់​ខ្លួន​ជួប​ជាមួយ​មិត្ត​ភក្តិ​ដែល​មាន​ឧបនិស្ស័យ​ប្រហាក់​ប្រហែល​គ្នា ដើម្បី​បង្កើត​អ្វី​ដែល​ថ្មី តួ​យ៉ាង​ដូច​ជា​បង​ប្រុស​របស់​សាយ ដែល​បាន​តែង​បទ​ចំរៀង​ថ្មី​ៗ​ជា​ច្រើន​ជាមួយ​នឹង​មិត្ត​ភក្តិ​របស់​គាត់​ដូច​គ្នា​។

ដោយ​មាន​ការ​សហការ​ពី​ឆាយនីសហោស និង​ក្រុម​កុន​ខ្មែរ កូន​ខ្មែរ បទ​ចំរៀង​ថ្មី​ៗ ៥​បទ​បែប​យុវវ័យ របស់​សាយ និង​បទ​ចំរៀង​ជា​ច្រើន​បទ​ទៀត​ពី​សមាគម​សិល្បះ​ខ្មែរ​អមតៈ នឹង​ត្រូវ​បាន​លើក​យក​មក​ច្រៀង​នា​ឱកាស​នោះ។

ផលិតករ​​ខ្មែរ បារាំង លោក ជូ ដាវី គឺ​ជា​អ្នក​សម្រប​សម្រប​កម្មវិធី​ប្រគំ​តន្រ្តី​នេះ និង​ជា​អ្នក​បង្កើត​ក្រុម​កុន​ខ្មែរ កូន​ខ្មែរ ឲ្យ​ដឹង​ថា “បើ​ទោះ​បី​ជា​ខ្ញុំ​មិន​អាច​ស្តាប់​យល់​ទាំង​ស្រុង នូវ​អត្ថន័យ​បទ​ខ្មែរ​ក៏​ដោយ ប៉ុន្តែ​ខ្ញុំ​គិត​ថា វា​ជា​រឿង​កំរ​ណាស់​ដែល​កូន​ខ្មែរ​អាច​បង្កើត​នូវ​សាច់​ភ្លេង បទ​ចំរៀង ព្រម​ទាំង​ច្រៀង​បាន​យ៉ាង​ពិរោះ​មិន​ចាញ់​អ្នក​ចំរៀង​អាជីព​ឡើយ​។ លោក​បន្ត​ថា​ “ខ្ញុំ​សង្ឃឹម​ថា នឹង​មាន​ឱកាស​សហការ​រៀបចំ​ព្រឹត្តិការណ៌​បែបនេះ​ម្តង​ទៀត​នៅ​ពេល​ខាង​មុខ។”
ទាក់ទង​នឹង​វិស័យ​សិល្បះ​របស់​ខ្មែរ សាយ យល់​ឃើញ​ថា “វិស័យ​បទ​ចំរៀង មិន​ទាន់​អាច​និយាយ​បាន​ថា​រីក ចំរើន​នោះ​ទេ ពោល​គឺ​ទន់​ខ្សោយ​ណាស់​ដោយ​សារ​តែ​យើង​នៅចំលង​បទ​គេ​នៅ​ឡើយ ទោះ​បី​ជា​ច្រៀង​ពិរោះ​យ៉ាង​ណា​ក៏​ដោយ បទ​គេ​នៅ​តែ​ជា​បទ​គេ​ដដែល​។”

ក្នុង​នាម​ជា​កូន​ខ្មែរ​មួយ​រូប​ដែល​ស្នេហា​វិស័យ​សិល្បះ សាយ​បាន​ផ្តាំ​ផ្ញើ​ដល់​គ្រប់​ស្ថាប័ន​ទាំង​អស់​​ឲ្យចេះ​លើក​ស្ទួយ​វិស័យ​សិល្បះ​ខ្មែរ​តាម​រយៈ​ការ​គាំទ្រ​ស្នាដៃ​ខ្មែរ និង​មិន​លួច​​ចំលង​ស្នាដៃ​គ្នា​ដើម្បី​ផល​ប្រយោជន៌​ផ្ទាល់​ខ្លួន ជា​ពិសេស​ត្រូវ​ចេះ​ឲ្យ​តម្លៃ​ដល់​សិល្បករ ហើយ​សិល្បករ​ទៀត​សោត​ត្រូវ​ប្រព្រឹត្ត​ខ្លួន​ឲ្យ​ល្អ​ដល់​សង្គម ចំណែក​ឯ​ក្រុមហ៊ុន និង​ផលិតករ​នានា​ត្រូវ​ព្យាយាម​និពន្ធ​ស្នាដៃ​ដោយ​ខ្លួន​ឯង ទើប​មាន​ការ​គាំទ្រ​បាន​យូរ​អង្វែង​។

លោក​អ្នក​អាច​ចូល​រួម ការ​ប្រគំ​តន្រ្តី​នេះដោយ​សេរី ពី​ម៉ោង ៧ និង ៣០នាទី ល្ងាច រហូត​ដល់​ម៉ោង​៩​យប់​នៅ​ឆាយនីស​ហោស ផ្ទះ​លេខ​៤៥ ផ្លូវ​ស៊ី​សុវត្តិ ទល់​មុខ​កំពង់ផែ​ក្រុង​ភ្នំពេញ ដើម្បី​ឲ្យ​បាន​ដឹង​ច្បាស់​ថា ក្រុម​និស្សិត​ខ្មែរ​យើង​មាន​ស្នាដៃ​ពិសេស​ដល់​កំរិត​ណា ក្នុង​ការ​បង្កើត​ស្នាដៃ​ផ្ទាល់​ខ្លួន​ដើម្បី​អភិវឌ្ឍ​សិល្បះ​ខ្មែរ​ឲ្យ​រីក​ចំរើន​។

No comments:

Post a Comment

Followers