ដោយ អ៊ូ មុំ
គេធ្លាប់តែលឺឈ្មោះល្បុក្កតោ ជាក្បាច់គុនបុរាណដ៏ល្បីល្បាញរបស់ខ្មែរ ប៉ុនែ្តក្រោយមក មានគ្រូក្បាច់គុនមួយរូបទៀតដែលអះអាងថារូបលោកជាគ្រូបង្ហាត់ក្បាច់គុនខ្លាំងពូកែពិតបា្រកដរបស់ខែ្មរគឺយុទ្ធគុនខម រឺខមយុទ្ធ។
លោកសំ ចាន់ប៊ុនធឿន ដែលមានវ័យ៦០ឆ្នាំនិងជាប្រធានក្លឹបខេមរៈខ្លាហោះនៅខ័ណ្ឌចាក់អង្រែក្រោមបានមានប្រសាសន៌បា្រប់ឌឺភំ្នពេញប៉ុស៌្តថារូបលោកបានគ្រោងបង្កើតសមាគមន៌យុទ្ធគុនខមអស់រយៈពេលជិត២ឆ្នាំមកហើយប៉ុន្តែមិនទាន់អាចដំណើរការទៅរួចដោយសារខ្វះអ្នកឧបត្ថម្ភធំ។
ល្បុក្កតោដែលជាក្បាច់គុនបុរាណខ្មែរមួយប្រភេទទៀតត្រូវបានដាក់ជាក្បាច់គុនគោលនៅក្នុងសហព័ន្ធយុទ្ធគុនខ្មែរតាំងពីឆ្នាំ២០០៤មកចាប់តាំងពីមានការបង្កើតសហព័ន្ធយុទ្ធគុនខ្មែរជាផ្លូវការមក។ ទោះបីយ៉ាងនេះក៏ដោយ ក៏លោក សំ ចាន់ប៊ុនធឿននៅតែចង់បង្កើតសហព័ន្ធមួយផ្សេងទៀតសំរាប់ដាក់យុទ្ធគុនខម ជាក្បាច់គុនគោលរបស់សហព័ន្ធ ។ប៉ុនែ្តដោយមើលឃើញពីការលំបាកក្នុងការបង្កើតជាសហព័ន្ធ លោកប៊ុនធឿនក៏សំរេចចិត្តប្តូរមកបង្កើតត្រឹមសមាគមន៌វិញដែលមានលក្ខណៈតូចជាងសហព័ន្ធបន្តិច តែទោះជាយ៉ាងនេះក៏ដោយក៏ឃើញថាគំរោងនេះមិនទាន់បានទទួល ជោគជ័យនៅឡើយ។
លោកសាន គឹមស៊ានដែលជាប្រធានសហព័ន្ធយុទ្ធគុនខ្មែរ បានបដិសេធមិនធ្វើអធ្បាធិបាយវែងពីបញ្ហានេះដោយលោកគ្រាន់តែមានប្រសាសន៌ថា ខ្ញុំមិនចង់ដឹងចង់លឺរឿងរបស់គាត់ទៀតទេ យើងបានលុបឈ្មោះរបស់គាត់ចេញពីសមាជិករបស់សហព័ន្ធល្បុក្កតោរបស់យើងកាលពីប៉ុន្មានឆ្នាំមុនហើយ ដោយគាត់មានគោលជំហរផ្សេងពីយើងគាត់ចង់ធ្វើអីជារឿងរបស់គាត់ ខ្ញុំគ្មានសិទ្ធហាមឃាត់គាត់ទេ។
ទោះបីជាមើលឃើញពីការលំបាកដោយសារការខ្វះខាតបច្ចេកទេសផ្នែកផ្លូវច្បាប់ លោកសំ ចាន់ប៊ុនធឿននៅតែអះអាងថា គ្រប់éកសារទាក់ទងនឹងក្បាច់គុនបុរាណខ្មែរគឺយុទ្ធគុនខមនេះយើងបានរៀបចំទាំងស្រុងហើយ។
សព្វថ្ងៃនេះមានសមាជិកចូលរួមក្នុងការបង្កើតសមាគមន៌របស់លោក ប៊ុនធឿនចំនួន១៥ក្លឹបមកពី៨ខេត្តដូចជា ខេត្តកណ្តាល កំពត កែប កំពង់ឆ្នាំង តាកែវ កំពង់ចាម សៀមរាប និងបាត់ដំបង ។
លោកភូមិ ណាគ្រី ដែលជាគ្រូយុទ្ធគុនខមម្នាក់ដែលលោកសំ ចាន់ប៊ុនធឿនគ្រោងនឹងតែងតាំងជាប្រធានសមាគមន៌យុទ្ធគុនខមនេះបានមានប្រសាសន៌ថា ខ្ញុំហ៊ាននិយាយដោយពិតៗថាគ្រូក្បាច់គុនទូទាំងប្រទេសកម្ពុជាសព្វថ្ងៃអត់មានគ្រូណាចេះក្បាច់គុនបុរាណពិតប្រាកដសូម្បីតែម្នាក់ឡើយ ។បើខ្ញុំនិយាយអញ្ជឹងទៅមតិជាតិ និងអន្តរជាតិគេថាខ្ញុំលើកមោទនភាពខ្លួនðង ហើយបង្អាប់អ្នកដទៃ។មិនមែនទេ ។ ខ្ញុំចង់បង្ហាញអោយឃើញថាក្បាច់គុនរបស់ខ្មែរមានវិសាលភាពធំធេងប៉ុណ្ណា។
ទោះបីជាមានប្រសាសន៌យ៉ាងនេះក្តី ក៏លោកណាគ្រី មិនហ៊ានទទួលឋានៈជាប្រធានសមាគមន៌យុទ្ធគុនខម ដោយសារតែលោកគិតគូរពីជីវភាពប្រចាំថ្ងៃរបស់លោកសំខាន់ជាង។ ខ្ញុំអត់ហ៊ានទទួលឋានៈជាប្រធានហ្នឹងទេព្រោះខ្ញុំអត់ចង់បានឋានៈអីទេ ។ ខ្ញុំអត់មានឧកាសគ្រប់គ្រាន់ក្នុងការផ្សព្វផ្សាយវិជ្ជាគុនរបស់ខ្ញុំនោះទេ ព្រោះអីជីវភាពខ្ញុំជាអ្នកក្រីក្រ ខ្ញុំអត់មានពេលគិតពីរឿងក្បាច់គុន ខ្ញុំគិតតែពីរឿងចិញ្ចឹមក្រុមគ្រួសាររបស់ខ្ញុំអោយមានជីវភាពធូរធារដូចគេដូចðង។
ខុសពីលោកណាគ្រី លោកសំ ចាន់ប៊ុនធឿននៅតែរក្សាជំហរដូចដើមក្នុងការបង្កើតសមាគមន៌យុទ្ធគុនខមនេះ។ ខ្ញុំតស៊ូមកយូរហើយ យើងនៅតែធ្វើដំណើរឆ្ពោះទៅមុខជានិច្ច។ កាលដែលយើងធ្វើទៅ ក៏ព្រោះតែមានការគាំទ្រពីទស្សនិកជនច្រើនរាល់ការប្រកួតម្តងៗ។ខ្ញុំសង្ឃឹមថាក្បាច់គុនរបស់ជាតិយើងគឺអត់សាបសូន្យទេបើកាលណាយើងថយក្រោយគឺថាសម្បត្តិដែលវិរបុរសបន្សល់ទុកអោយគឺត្រូវបាត់ចាប់ពេលដែលខ្ញុំត្រូវលះបង់។
លោកសំ ចាន់ប៊ុនធឿន ដែលមានស្រុកកំណើតនៅខេត្តបាត់ដំបង បានផ្លាស់ទីលំនៅមករស់នៅភំ្នពេញជាមួយក្រុមគ្រួសាររបស់លោកដើម្បីផ្សព្វផ្សាយក្បាច់គុនរបស់ខ្មែរជិត១០មកហើយ។លោកប៊ុនធឿនធ្លាប់បានហាត់ក្បាច់គុននេះជាមួយនឹងជីតាទួតរបស់លោក ឈ្មោះអ៊ួម តាំងពីលោកអាយុ១៥ឆ្នាំមក។សព្វថ្ងៃ លោកប៊ុនធឿន បង្ហាត់យុទ្ធគុនខមនេះនៅ សង្កាត់ចាក់អង្រែក្រោម និងកូនប្រុសរបស់លោកក៏បង្ហាត់ក្បាច់គុននេះនៅក្លឹបមួយជិតក្លឹបពិសិដ្ឋសាច់ដុំក្បែរស្តុបបូកគោផងដែរ។
No comments:
Post a Comment