Tuesday, February 2, 2010

ប្រវត្តិនៃពិធីបុណ្យមាឃបូជាក្នុងទំនៀមទម្លាប់ព្រះពុទ្ធសាសនា

ដោយ អ៊ូ មុំ

«មាឃបូជា» គឺជាពិធីបុណ្យនៃព្រះពុទ្ធសាសនាសុទ្ធសាធ ដែលប្រារព្ធឡើងដើម្បីរំលឹកដល់ថ្ងៃដែលព្រះពុទ្ធបានកំណត់កាលចូលព្រះបរិនិព្វាន នាថ្ងៃពេញបូណ៍មីខែមាឃ ។ តើហេតុអ្វី បានជាពុទ្ធសាសនិកយកថ្ងៃពេញបូណ៍មី ខែមាឃនេះ ជាថ្ងៃសំខាន់សម្រាប់ព្រះពុទ្ធសាសនា?

លោកអាចារ្យ លឹម លឿម ជាបុគ្គលិកក្រុមជំនុំព្រះត្រៃបិដក នៃវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ បានមានប្រសាសន៌ថា៖ “ថ្ងៃពេញបូណ៍មី ខែមាឃ ត្រូវបានចាត់ទុកជាថ្ងៃដ៏មហាអភិលក្ខិតសម្រាប់ពុទ្ធបរិស័ទទាំងគ្រហស្ថ ទាំងបុព្វជិតគ្រប់ប្រទេសដែល កាន់ព្រះពុទ្ធសាសនា ដើម្បីរៀបគ្រឿងសក្តារបូជាព្រះរតនត្រ័យ និងសូត្រធម៌រំលឹកដល់ថ្ងៃនោះជាប្រពៃណីរៀងមក»។

លោកអាចារ្យ បានបន្តថា ព្រះពុទ្ធទ្រង់កំណត់កាលបរិច្ឆេទ នៅថ្ងៃពេញបូណ៌មី ខែមាឃ ជាវេលាប្រជុំធំ (ចតុរង្គសន្និបាត) នៅកន្លែងបឋមពោធិកាល និងជាឆ្នាំដំបូងដែលព្រះអង្គបានត្រាស់ នាព្រះជន្ម ៣៥ ឆ្នាំ ហៅថា វស្សាទី១។ ចំណែកថ្ងៃពេញបូណ៌មី ខែមាឃ កាលទ្រង់ដាក់ព្រះជន្មាយុសង្ខារនៅក្នុងបច្ឆិមពោធិកាលនោះ គឺវេលាមុន ៣ខែ ដែលព្រះអង្គចូលព្រះរាជនិព្វាន នាព្រះជន្មគម្រប់ ៨០ព្រះវស្សា ហៅថា វស្សាទី ៤៥។

ចំណុចសំខាន់នៃបុណ្យមាឃបូជា
លោកអាចារ្យ លឹម លឿម បានប្រាប់ថា ពិធីបុណ្យមាឃបូជាមាន ២យ៉ាង ដែលយើងគួរចងចាំ៖ ទី១គឺ ព្រះពុទ្ធទ្រង់និមន្តភិក្ខុសង្ឃទាំងអស់ដែលជាសាវ័ក (សិស្ស) ដើម្បីទូន្មានសំដែងប្រាប់ពីខប្រតិបត្តិ។ វេលានោះជាវេលាប្រជុំធំប្រកបដោយអង្គ ៤ ហៅថា ចតុរង្គសន្និបាត គឺនៅថ្ងៃពេញបូណ៌មីខែមាឃ ដែលមានព្រះអរហន្ត ១២៥០ អង្គ គឺក្រុមបុរាណជដិល ១០០០ ក្រុម អគ្គសាវ័ក ២៥០ អង្គ បានមកជួបជុំឯងៗ ដោយញាណដោយគ្មាននរណានិមន្តឡើយហើយព្រះអរហន្តទាំងនោះសុទ្ធតែសម្រេចអភិញាណ៦និងជាឯហិភិក្ខុ ។

ទី២ គឺរំលឹកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធបរមគ្រូទ្រង់ប្រជុំសាវ័ក ហើយទ្រង់ប្រកាសព្រះជន្មាយុសង្ខាររបស់ព្រះអង្គ។ មុនថ្ងៃបរិនិព្វាន ៣ខែ គឺថ្ងៃពេញបូណ៌មី ខែមាឃដែលព្រះអង្គទ្រង់ប្រថាប់នៅបាវាលចេតិយ។ វេលានោះមានក្រុងមារមកនិមន្តព្រះអង្គឲ្យបរិនិព្វាន ព្រះអង្គមានព្រះបន្ទូលថា នែ មារកំបាប! អ្នកកុំចាំបាច់ខ្វល់ខ្វាយ មិនយូរប៉ុន្មានទេ នៅតែ៣ខែទៀត គឺដល់ថ្ងៃពេញបូណ៌មីខែពិសាខខាងមុខនេះ តថគតនឹងបរិនិព្វានហើយ។ វេលាដែលព្រះអង្គដាក់ព្រះជន្មាយុសង្ខារនោះ មានការកគ្រើករំពើកញាប់ញ័រផែនដីគួរឲ្យភ្លកភ្លឹក ព្រឺរោមព្រឺស្បែក ទាំងមហាមេឃក៏ទូរទឹមផ្គរលាន់ឮកងរំពងពេញមហាមេឃជាមហាអស្ចារ្យ។

របៀបប្រារព្ធពិធីមាឃបូជា
តាមរយៈឯកសារព្រះរាជពិធីទ្វាទសមាស ភាគទី៣ដែលរៀបរៀងដោយគណៈកម្មការធម្មវិន័យការផ្សាយរបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ បុណ្យមាឃបូជាប្រែថា បុណ្យថ្វាយគ្រឿងសក្ការៈចំពោះព្រះរតនត្រ័យ ត្រង់ថ្ងៃពេញបូណ៌មី។

ក្នុងថ្ងៃពេញបូណ៌មី ខែមាឃលោកអាចារ្យត្រូវរៀបចំដូចខាងក្រោម៖ ពេលព្រឹកអាចារ្យត្រូវប្រកាសដំណឹង
ប្រាប់កម្មវិធីនិងពេលវេលាដល់ពុទ្ធបរិស័ទឲ្យបានដឹងគ្រប់ៗគ្នាអំពីមាឃបូជា។ លោកអាចារ្យត្រូវរៀបចំបោស សំអាតព្រះពុទ្ធរូប ដើមពោធិ៍ព្រឹក្ស ព្រះបរមសារីរិកធាតុ។ ប្រកាសប្រាប់ពុទ្ធបរិស័ទឲ្យមានគ្រឿងសក្ការបូជា មានផ្កាស្រស់ ជ័រទៀនតូចធំគ្រឿងក្រអូបផ្សេងៗតាមដែលមានដើម្បីបូជាក្នុងពេលប្រារព្ធពិធី។

ក្នុងវត្តអារាមលោកអាចារ្យត្រូវរៀបចំភ្លើងប្រទីបជ្វាលា (អគ្គិសនីចង្កៀងសម្រាប់បំភ្លឺនៅពេលយប់ប្រារព្ធពិធី)។ក្រាលអាសនៈសម្រាប់ព្រះសង្ឃឲ្យបានសមរម្យជាងកន្លែងសម្រាប់ឧបាសក ឧបាសិកា បរិស័ទ។ ពេលវេលា
ប្រារព្ធពិធីចូលមកដល់ លោកអាចារ្យត្រូវជួបជុំពុទ្ធបរិស័ទ នមសិកាព្រះរតនត្រ័យពិស្តាររឺសង្ខេបតាមសមគួរដល់ពេលវេលា។ លោកអាចារ្យត្រូវនាំពុទ្ធបរិស័ទសមាទានសីល។

ពិធីប្រកាសមាឃបូជា

លោកអាចារ្យត្រូវតែជាអ្នកស្ទាត់ជំនាញក្នុងការអានអក្សរបាលី និងអក្សរសំរាយជាភាសាខ្មែរ គឺអានបាលីនិងប្រវត្តិនៃពិធីបុណ្យមាឃបូជាឲ្យបានច្បាស់ៗមួយសង្កាត់ម្តងៗឲ្យពុទ្ធមហាជនចទាំងអស់ថាតាមព្រមៗគ្នា ដើម្បីរំលឹកដល់ព្រះពុទ្ធដែលបានចូលបរិនិព្វាន ប៉ុន្តែទ្រង់បានប្រតិស្ឋាន ព្រះរិសុទ្ធោវាទ គឺព្រះធម៌វិន័យ ក៏បរិសុទ្ធវិសេស ទុកជាតំណាងព្រះអង្គ និងព្រះគុណព្រះអង្គ និងសូមទ្រង់ព្រះមេត្តាទទួលនូវគ្រឿងសក្ការៈរបស់យើងខ្ញុំ។

លុះចប់ពិធីប្រកាសមាឃបូជាហើយ ព្រះសង្ឃទាំងអស់នមស្ការព្រះរតនត្រ័យតាមវិធីត្រៃប្រណម និងធម៌សម្រាប់នមស្ការផ្សេងៗទៀត តាមដែលអាចសូត្របានគ្រប់ព្រះអង្គ។ គាថាហើយនិមន្តធម្មកថិកសម្តែងធម៌ ទេសនា។ លុះចប់ធម៌ទេសនាហើយ ពុទ្ធបរិស័ទណា ចង់សូត្របទផ្សេងៗដែលស្របនឹងបុណ្យនេះក៏សូត្រ ទៅចុះ។

យោងតាមលោក អាចារ្យ លឹម លឿម ជាបុគ្គលិកក្រុមជំនុំព្រះត្រៃបិដក នៃវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ កន្លែងសំខាន់សម្រាប់ពិធីបុណ្យមាឃបូជានេះ គឺនៅក្រោមដើមពោធិ៍ព្រឹក្ស និងនៅទីតាំងសិរីកធាតុ គឺនៅ
លើភ្នំអដ្ឋរស្ស ក្រៅពីនេះ ការប្រារព្ធពិធីបុណ្យមាឃបូជាក៏ត្រូវបានប្រារព្ធនៅគ្រប់បណ្តាវត្តទាំងអស់ផងដែរ។

លើសពីនេះទៅទៀត នៅពុទ្ធមណ្ឌលកម្ពុជាក៏នឹងមានប្រារព្ធពិធីមាឃបូជា នៅតាមទីកន្លែងផ្សេងៗដែលមានរៀបចំទៅតាមពុទ្ធប្រវត្តិ នៅលើដីចំនួន ១០៧ ហិចតា។ ព្រះភិក្ខុជាតមេធី យឺនបញ្ញាវណ្ណ ទីប្រឹក្សានាយកប្រតិបត្តិនៃសមាគមធម្មទូតពុទ្ធមណ្ឌលកម្ពុជា បានមានពុទ្ធដីកាថា នៅក្នុងពុទ្ធមណ្ឌលកម្ពុជានឹងមានក្រុមកាយរិទ្ធនារី និងនិស្សិតមកជួយបោសសម្អាតនៅក្នុងទីធ្លា និងទីកន្លែងដែលត្រូវប្រារព្ធពិធី។ ព្រះភិក្ខុបានមាន
ពុទ្ធដីកាបន្តថា ពិធីបុណ្យនឹងប្រារព្ធឡើង នៅក្នុងក្រោមដើមពោធិ៍ព្រឹក្ស ក្បែរស្ទឹងនេរញ្ញរា និង នៅវត្តមហាវន្ត នៅក្នុងពុទ្ធមណ្ឌលកម្ពុជា ដែលបានរៀបចំឡើងទៅតាមពុទ្ធប្រវត្តិ។

ព្រះភិក្ខុបានមានដីកាថា ពុទ្ធបរិស័ទជាច្រើននឹងទៅចូលរួមពិធីបុណ្យមាឃបូជា ដូច្នេះពុទ្ធបរិស័ទខ្លះអាចនឹងមានសទ្ធាជ្រះថ្លាស្នាក់នៅស្តាប់ធម៌ទាល់ភ្លឺ ប៉ុន្តែដោយពុទ្ធមណ្ឌលកម្ពុជាកំពុងនៅមានការខ្វះខាតធនធានជាច្រើន ដូច្នេះ ព្រះភិក្ខុសូមអំពាវនាវដល់ពុទ្ធបរិស័ទឲ្យនាំយកកន្ទេល ខ្នើយ និងចង្ហាន់ទៅតាមអធ្យាស្រ័យផងចុះ។

No comments:

Post a Comment

Followers