ដោយ អ៊ូ មុំ
ដោយសារឥទ្ធិពលពីសម័យទំនើប យុវវ័យកម្ពុជាជាច្រើនមិនបានផ្តោតចំណាប់អារម្មណ៍ទៅលើតន្ត្រីបូរាណ ចម្រៀងប្រពៃណី ឬកំណាព្យកាព្យឃ្លោងអ្វីឡើយ។ យ៉ាងណាមិញ មានយុវវ័យមួយក្រុមដែលមានគ្នា ៣០ នាក់ បានកំពុងតែសិក្សាអំពីកំណាព្យខ្មែរ នៅវិទ្យាល័យបាក់ទូក ជារៀងរាល់ព្រឹកថ្ងៃអាទិត្យ។
តើហេតុអ្វីបានជាពួកគេចង់ក្រេបយកចំណេះដឹងពីកំណាព្យខ្មែរ? តើគោលបំណងនៃការសិក្សាកំណាព្យខ្មែរមានអ្វីខ្លះ?
សម្លេងខ្លុយដ៏ពីរោះលន្លង់លន្លោចបានបន្លឺឡើងស្របគ្នាជាមួយនឹងសំនៀងសូត្រកំណាព្យខ្មែរដ៏មានអត្ថន័យ ដើម្បីអប់រំដល់ក្មេងជំនាន់ក្រោយ នាព្រឹកថ្ងៃអាទិត្យកន្លងទៅនេះ។
លោកគ្រូ យ៉ាន បូរិន្ទ ជាអ្នកបង្ហាត់បង្រៀនកំណាព្យខ្មែរ បានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍ថា លោកកំពុងបង្រៀនវិធីសូត្រកំណាព្យ តែងកំណាព្យ និងផ្លុំខ្លុយតាមសំណូមពររបស់សិស្សានុសិស្ស។
លោកគ្រូបង្រៀនកំណាព្យរូបនេះបានឲ្យដឹងថា៖ «សិស្សទាំងនេះផ្ទាល់ជាអ្នកបង្កើតកម្មវិធីសិក្សាដោយខ្លួនឯង ដោយពួកគេគ្រាន់តែអញ្ជើញខ្ញុំឲ្យមកបង្រៀនពួកគេ ដោយបង់នូវកម្រៃតាមលទ្ធភាពរបស់ពួកគេ»។
អតីតគ្រូបង្រៀនវ័យ ៦១ ឆ្នាំ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ រូបនេះ បានចូលនិវត្តន៍រួចហើយក៏ពិតមែន ប៉ុន្តែលោកបានព្យាយាមចែករំលែកពេលវេលា ២ ម៉ោង ជារៀងរាល់ព្រឹកថ្ងៃអាទិត្យដើម្បីបង្ហាត់បង្ហាញថ្នាក់ពិសេសនេះ ដែលចាប់ផ្ដើមដំណើរការចាប់ពីថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០០៩ កន្លងទៅ។
នៅក្នុងទស្សនៈវិស័យរបស់គាត់ លោកគ្រូ បូរិន្ទ ក៏ចង់បន្ថែមនូវថ្នាក់បង្រៀនដូរតន្ត្រី នៅក្នុងកម្មវិធីសិក្សាថ្នាក់វិទ្យាល័យផងដែរ ដូចជានៅតាមបណ្ដាប្រទេសមួយចំនួន ប៉ុន្តែលោកបានឲ្យដឹងថា ប្រទេសកម្ពុជានៅមានកង្វះខាតខាងធនធានមនុស្សដែលមានការយល់ដឹងខាងតន្ត្រីនេះ។
លោកបានបន្ថែមថា៖ «នៅប្រទេសមួយចំនួន សិស្សវិទ្យាល័យយ៉ាងហោចណាស់ក៏ចេះលេងឧបករណ៍តន្ត្រីខ្លះៗដែរ។ សម្រាប់ប្រទេសកម្ពុជាយើង វាទាមទារពេលវេលាយូរឆ្នាំទៅមុខទៀត ក្នុងការបញ្ចូលម៉ោងសិក្សាតន្ត្រីទៅក្នុងកម្មវិធីសិក្សា»។
យ៉ាងណាមិញ លោកគ្រូ បូរិន្ទ ក៏មានមោទនភាពដែរដោយសារសិស្សដែលមករៀនកំណាព្យជាមួយគាត់សុទ្ធសឹងតែមានទេពកោសល្យខាងវិស័យនេះ គួបផ្សំនឹងការតាំងចិត្តខ្ពស់ក្នុងការរៀនសូត្រ។
លោកគ្រូបានកោតសរសើរដល់សិស្សទាំងនោះទៀតថា៖ «ពួកគេថែមទាំងឆាប់ចាប់បានជាងនិសិ្សតដែលខ្ញុំធ្លាប់បង្រៀននៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈទៀតផង»។
ក្លឹបកំណាព្យនេះ ត្រូវបានបង្កើតឡើងដោយសិស្សវិទ្យាល័យបាក់ទូកមួយក្រុម។
ប្អូនប្រុស សីហា ឧត្តម អាយុ ១៥ ឆ្នាំ គឺជាស្ថាបនិកមួយរូបក្នុងចំណោមសិស្សដទៃទៀត បានឲ្យដឹងថា៖ «យើងបានបង្កើតក្លិបកំណាព្យនេះ ដោយសារយើងចង់លើកតម្កើងវិស័យកំណាព្យខ្មែរដែលមិនសូវមានវត្តមានក្នុងសង្គមខ្មែរ ពីព្រោះបច្ចុប្បន្នមិនមានសាលាបង្រៀនកំណាព្យខ្មែរនៅរាជធានីភ្នំពេញឡើយ»។
ឧត្តម និងមិត្តទាំងបីរបស់គេ ធ្លាប់បានទទួលជ័យលាភីក្នុងការប្រកួតកំណាព្យផ្នែកកំណាព្យប្រចាំរាជធានីលើប្រធានបទប្រឆាំងនឹងគ្រឿងញៀន កាលពីខែមិថុនា កន្លងទៅនេះ។
សីហា ឧត្តម ដែលបានទទួលចំណាត់ថ្នាក់លេខ ១ ពីការប្រកួត បានឲ្យដឹងទៀតថា សមាជិកក្លិបរបស់ខ្លួន កំពុងតែខិតខំព្យាយាម ដើម្បីលើកកម្ពស់វិស័យកំណាព្យខ្មែរដល់សិស្សទាំងក្នុងសាលា និងក្រៅសាលា។
ជួនកាលសមាជិកក្លិបក៏មានឱកាសសម្ដែងជំនាញរបស់ខ្លួនទៅកាន់សាធារណជនផងដែរជាពិសេសគឺនៅក្នុងបរិវេណសាលារៀនពួកគេផ្ទាល់តែម្ដង។
ឧត្តម បានឲ្យដឹងថាៈ «ជួនកាលពេលគោរពទង់ជាតិ យើងសុំការអនុញ្ញាតិពីនាយកសាលាដើម្បីសូត្រកំណាព្យដែលបង្កប់នូវអត្ថន័យអប់រំឲ្យសិស្សទាំងឡាយខិតខំរៀនសូត្រ»។
ចំណែក ប្អូនស្រី ឈីវ រចនា អាយុ ១៥ ឆ្នាំ ដែលជាសមាជិកក្លឹប និងធ្លាប់ទទួលបានជ័យលាភីលេខ ៤ ពីការប្រឡងសូត្រកំណាព្យនោះ មានបំណងប្រាថ្នាចង់ចាប់យកអាជីពជាគ្រូពេទ្យនាពេលអនាគត ប៉ុន្តែយ៉ាងណាមិញនាងនៅតែចង់សិក្សាពីកំណាព្យខ្មែរ។
រចនា បានលើកឡើងថា៖ «ប្រសិនបើអ្នកណាម្នាក់ចាប់អារម្មណ៍នឹងកំណាព្យ សូមកុំខ្វល់អំពីសម្លេងរបស់យើងថាពីរោះឬមិនពីរោះនោះ។ យ៉ាងហោចណាស់ក៏យើងអាចស្វែងយល់ពីកំណាព្យខ្មែរជាច្រើនក្នុងសម័យកាលរុងរឿង ដែលមានតម្លៃជាងតន្ត្រីសម័យទៅទៀត»។
លោកគ្រូ យ៉ាន បូរិន្ទ ជឿជាក់ថា ប្រទេសកម្ពុជាមានកំណាព្យច្រើនជាងគេបំផុតនៅក្នុងពិភពលោក។ លោកបានបញ្ជាក់ថា៖ «សហការីរបស់ខ្ញុំ រួមទាំងខ្ញុំបានរកឃើញថា ខ្មែរយើងមានកំណាព្យចំនួន ៦០ ប្រភេទ ហើយយើងនៅតែជឿថានៅមានបន្តទៀត»។
លោកគ្រូ បូរិន្ទ បានស្នើឲ្យអ្នកដែលបម្រើការងារទាក់ទងនឹងវិស័យវប្បធម៌ ជួយឲ្យយកចិត្តទុកដាក់លើអត្តសញ្ញាតិរបស់ជាតិ ឧទាហរណ៍ដូចជាការផលិតនូវតន្ត្រី និងចម្រៀង ប្រពៃណី ដូចជាយីកេ អាយ៉ៃ និងភ្លេងមហោរីជាដើម។
លោកគ្រូ បានអះអាងថា៖ «ខ្ញុំមិនជឿថាគ្មានអ្នកណាម្នាក់ទិញតន្ត្រីប្រពៃណីនោះទេ ព្រោះមានមនុស្សច្រើនណាស់ធ្លាប់បានសុំឲ្យខ្ញុំផលិតនូវបទកំណាព្យរបស់ខ្ញុំ»។
លោកបានមានប្រសាសន៍ទៀតថា៖ «ប្រសិនបើប្រជាជនកម្ពុជាមិនព្យាយាមថែរក្សាវប្បធម៍របស់ខ្លួនទេនោះ តើអ្នកណានឹងថែរក្សាឲ្យយើង?»។
No comments:
Post a Comment