Thursday, January 21, 2010

វិចិត្រករខំតស៊ូដើម្បីក្តីស្រម៉ៃរបស់ខ្លួនក្លាយជាការពិត

ដោយ អ៊ូ មុំ

នៅក្នុងព្រះវិហារវត្តដ៏ធំមួយដែលមិនទាន់ត្រូវបានកសាងរួចជាស្ថាពរនៅឡើយ កំប៉ុងថ្នាំពណ៌ចំនួន៤ -៥ ដាក់តំរៀបគ្នានៅកៀនជញ្ជាំងលើកៅអីវែងមួយ ដែលណន សារ៉ាន់កំពុងអង្គុយផ្ចិតផ្ចង់គូរវាសជញ្ជាំងជាមួយនឹងជក់ថ្នាំពណ៌របស់គាត់ ដើម្បីចេញជារឿងព្រេងបែបពុទ្ធប្រវត្តិដ៏គួរឲ្យជក់ចិត្តបំផុតនៅលើជញ្ជាំងខាងក្នុងនៃព្រះវិហារវត្តមួយនៃខេត្តកំពង់ឆ្នាំង។

អ្នកដំណើរដែលចូលទៅទស្សនាព្រះវិហារដែលកំពុងកសាងនោះតុបតែងដោយគំនូរបន្ថែមនោះខ្លះកំពុងទុចដំណើរ ដោយសារភ្លឹកមើលស្នាដៃវិចិត្រករខ្មែរ ជាពិសេសគឺរូបព្រះភ័ក្រ្តដ៏ស្លូតបូត និងទឹកមុខស្រស់ថ្លាមានពន្លឺភ្លឺចិញ្ចែងចិញ្ចាចរបស់ព្រះពុទ្ធនៅក្នុងព្រះវិហារមួយនៃខេត្តកំពង់ឆ្នាំង។

លោក ណន សារ៉ាន់ គឺជាវិចិត្រករតែមួយគត់ប្រចាំភូមិទួលខ្សាច់ ឃុំជ្រៃបាក់ ស្រុក រលា ផ្អៀរ ខេត្តកំពង់ឆ្នាំង ដែលបានសិក្សាផ្នែកគំនូរទេសភាព និងការធ្វើប៉ាណូវគ្គខ្លីប៉ុណ្ណោះ ។ ដោយសារតែឧបនិស្ស័យ និងទេពកោសល្យពីកំណើតដែល តំរូវឲ្យសារ៉ាន់បានក្លាយជាជាងគំនូរពុទ្ធប្រវត្តិ បន្ទាប់ពីគាត់បានទៅរៀននៅសាលាគំនូរឯកជនមច្ឆាទេពនៃខេត្តបាត់ដំបងចំនួន៧ខែមក នៅឆ្នាំ២០០៥។

សារ៉ាត់បាននិយាយថា “ខ្ញុំមិនដែលបានសិក្សាពីគំនូរពុទ្ធប្រវត្តិនេះទេ តែដោយសារតែខ្ញុំធ្លាប់បួសរៀន និងបានយល់ដឹងខ្លះៗពីពុទ្ធប្រវត្តិ ទើបធ្វើឲ្យខ្ញុំបែកគំនិតទៅគូររូបតាមជញ្ជាំងព្រះវិហារដូច្នេះទៅ។”

សារ៉ាត់បង្ខំចិត្តបញ្ឈប់ការសិក្សារបស់គាត់ត្រឹមថ្នាក់ទី៦ និងបានបួសរៀនបានជិត២ឆ្នាំ ដោយសារតែគ្រួសារគាត់មានជីវភាពខ្វះខាតពេក ។

សារ៉ាត់ដែលមានអាយុ២៧ឆ្នាំបានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ថា “ការគូរគំនូរមិនមានការលំបាកអ្វីទេសំរាប់ខ្ញុំ ដោយសារតែវាជាចំណូលចិត្តរបស់ខ្ញុំ ប៉ុន្តែអ្វីដែលលំបាកនោះគឺការរកការងារធ្វើ ។”

សារ៉ាត់អាចគូរគំនូរពុទ្ធប្រវត្តិបានតាំងពីវគ្គសុបិន្តនិម្មិតរហូតដល់ វគ្គព្រះពុទ្ធចូលព្រះរាជនិព្វាន។

ដោយសារតែការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ទើបធ្វើឲ្យប្អូនស្រីតែមួយគត់របស់សារ៉ាត់បង្ខំចិត្តបញ្ឈប់រៀនដែរ និងកំពុងធ្វើការងារនៅរោងចក្រមួយកន្លែង ហើយពួកគេកំពុងរស់នៅជាមួយម្តាយជាមេផ្ទះ និងឪពុករបស់ពួកគេជាអ្នករត់ម៉ូតូឌុប ។

ទោះបីជាយ៉ាងនេះក្តី សារ៉ាត់មិនចង់បញ្ឈប់ក្តីសង្ឃឹមរបស់គាត់ដែលធ្វើជាវិចិត្រករដ៏ល្បីមួយរូបនៃព្រះរាជាណាចក្រកម្ពុជានោះទេ មិនតែប៉ុណ្ណោះ សារ៉ាត់មានបំណងចង់បើកហាងគូរគំនូរនិង ធ្វើប៉ាណូដែលនឹងចំណាយដើមទុនយ៉ាងតិច ប្រាំពាន់ដូល្លាអាមេរិក។

ចំពោះគំនូរដែលលំបាកសំរាប់សារ៉ាត់នោះ គឺត្រូវវគ្គផ្ចាញ់មារព្រោះដោយសារត្រូវមានតួអង្គច្រើន ហើយពិបាករៀបប្លង់ ជាពិសេសគឺមុខយក្សមិនដែលឃើញមានពិតនៅក្នុងសង្គម ហើយវាត្រូវការ ភាពច្នៃប្រឌិតយ៉ាងខ្លាំងទៅលើគំនូរនេះ។

សារ៉ាត់អាចគូរគំនូរបែបព្រះពុទ្ធសាសនានេះ បានត្រឹម១ម៉ែត ទៅ២ម៉ែតការ៉េ ដែលអាចរកប្រាក់ចំណូលបានពី១០ដូល្លាទៅ ១៣ដូល្លាក្នុងមួយម៉ែតការ៉េ។ ប៉ុន្តែសារ៉ាត់បានបញ្ជាក់ថា គាត់មិនបានទទួលការងារជាប់លាប់ជាប្រចាំនោះទេ។

សារ៉ាត់បានបន្តថា “ដោយសារតែខ្ញុំគឺជាវិចិត្រករថ្មី និងឆ្លងកាត់បទពិសោធន៌ព្រមទាំងការសិក្សាបានតិច ទើបធ្វើឲ្យខ្ញុំមានការលំបាកក្នុងការទាក់ទងការងារជាមួយបណ្តាវត្តផ្សេងៗនៅក្នុងស្រុករបស់ខ្ញុំដើម្បីទទួលការងារ។”

សារ៉ាត់បានប្រាប់ថា “បើតាមជីវភាពនិង ការងាររបស់ខ្ញុំ វាជាការលំបាកណាស់ ក្នុងការបើកហាងនេះ ប៉ុន្តែជំហានដំបូងខ្ញុំសន្សំលុយជាមុនសិន។”

សារ៉ាត់តាំងចិត្តថានឹងសន្សំប្រាក់ឲ្យបានដើម្បីបើកហាង ដោយការទៅធ្វើការនៅប្រទេសកូរ៉េ តាមរយៈការការប្រលងរបស់ក្រសួងការងារ ។ បើទោះជាមានក្តីសង្ឃឹមតិចតួចក៏ពិតមែន តែសារ៉ាត់ នៅតែព្យាយាមដោយការទៅសិក្សាភាសាកូរ៉េជារៀងរាល់ថ្ងៃ ដើម្បីដាក់ពាក្យធ្វើទៅធ្វើការនៅប្រទេសកូរ៉េនៅខែមេសាខាងមុខនេះ។

ទោះបីជាយ៉ាងណាក៏សារ៉ាត់បានប្រាប់ថា “ខ្ញុំមិនចង់ចាកចេញពីប្រទេសកំណើតរបស់ខ្ញុំទេ បើសិនជាខ្ញុំអាចរកការងារសន្សំប្រាក់បានលឿននៅក្នុងប្រទេសកម្ពុជា។ “

No comments:

Post a Comment

Followers