ដោយ អ៊ូមុំ
ទស្សនិកជនភាគច្រើនប្រហែលជាមិនចង់ឲ្យចក្ខុរបស់ពួកគេរំលងក្រសែភ្នែកដ៏ទាក់ទាញ និងសម្រស់ផ្ទៃមុខដ៏ស្រស់ផូផង់របស់ម្ចាស់ក្សត្រី ថិងកូ (Tenko)លាយឡំជាមួយនឹងផ្សែងពណ៌ស និងភ្លើងពណ៌ក្រហមដ៏ស្រទន់ ដែលអាចនិយាយបានថាជាការបោកបញ្ចោតមួយដើម្បីទាក់ទាញអារម្មណ៍របស់អ្នកទស្សនាឲ្យផ្តោតទៅលើការសម្តែងសៀករបស់នាង។
តាមពិតទៅម្ចាស់ក្សត្រី ថិងកូ គ្រាន់តែជារហស្សនាមតារាសម្តែងសៀកជនជាតិជប៉ុនដ៏ល្បីមួយរូបតែប៉ុណ្ណោះ។ នាងជាស្រ្តីដំបូងដែលទទួលបានពានរង្វាន់ជាអ្នកសម្តែងសៀកដ៏ប៊ិនប្រសព្វជាងគេ បំផុតប្រចាំឆ្នាំ ពីវិទ្យាល័យសៀក និងវិទ្យាសាស្រ្តនៅសហរដ្ឋអាមេរិក(Academy of Magic and Science in the United State) ដូចគ្នានឹងតារាសម្តែងសៀកមួយចំនួនទៀតដែរគឺ លោក David Copperfield លោក Doung Henning លោក Siegried និង លោក Roy ជាដើម។
ម្ចាស់ក្សត្រី ថិងកូ នឹងមកសម្តែងនៅក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃទី២០រហូតដល់២២ ខែមករា ឆ្នាំ២០១០ នៅសណ្ឋាគារ ណាហ្គាវើល ក្នុងទីក្រុងភ្នំពេញ។ នៅក្នុងសន្និសិទ្ធកាសែតមួយ នៅសណ្ឋាគារ ណាហ្គាវើល នៅថ្ងៃទី២៣ខែធ្នូឆ្នាំ២០០៩ ម្ចាស់ក្សត្រី ថិងកូ បាននិយាយថា នេះជាលើកទី១ហើយ ដែលនាង និងក្រុមរបស់នាងបានមកសម្តែងនៅឥណ្ឌូចិន។
ម្ចាស់ក្សត្រី ថិងកូ ដែលមិនអនុញ្ញត្តិឲ្យគេសួរពីឈ្មោះពិត និងអាយុរបស់នាង បានឲ្យដឹងទៀតថា៖ «អ្នកចាត់ការរបស់ខ្ញុំ មានគម្រោងមកកាន់ទីនេះដើម្បីសម្តែងសៀក។ ខ្ញុំចាប់អារម្មណ៍ប្រជាជនក្មេងៗនៅកម្ពុជា ហើយខ្ញុំកំពុងតែសង្កេតមើលការចាប់អារម្មណ៍របស់ពួកគេ។ ខ្ញុំកំពុងគិតថាតើខ្ញុំត្រូវលើកឈុតឆាកប្រភេទណាមកសម្តែងដើម្បីទាក់ទាញការចាប់អារម្មណ៍របស់ពួកគេ»។
ម្ចាស់ក្សត្រី ថិងកូ បង្ហាញខ្លូនជាលើកដំបូងក្នុងប្រទេសជប៉ុនជាអ្នកចម្រៀង ប៉ុប និងជាតារាខ្សែភាពយន្ត។ បន្ទាប់ពីមរណៈភាពរបស់លោក ហីគីតា ថិងកូ (Hikita Tenko)ដែលជាអ្នកសិល្បករ និងអ្នកលេងសៀករហស្សកម្មដ៏ល្បីឈ្មោះក្នុងប្រទេសជប៉ុន ម្ចាស់ក្សត្រី ថិងកូ ត្រូវបានជ្រើសរើសក្នុងចំណោមកូនសិស្សរបស់លោក ឲ្យធ្វើជាអ្នកបន្តវេន និងប្រើឈ្មោះលោក ហីគីតា ថិងកូ។
នៅថ្ងៃនេះ ថិងកូ ហីគីតាទី២ ត្រូវបានគេទទួលស្គាល់ដោយឈ្មោះលើឆាករបស់នាង ដែលគេតែងតែហៅថា ម្ចាស់ក្សត្រី ថិងកូ ហើយការសម្តែងរបស់នាងមានវត្តមានពេសពេញពិភពលោក ពោលគឺជាមធ្យមប្រហែលជា៣០០ លើកក្នុង១ឆ្នាំៗ។
ក្នុងឆ្នាំ១៩៩៥ ម្ចាស់ក្សត្រី ថិងកូ បានក្លាយទៅជា គំរូនៃវីរៈនារីក្នុងគំនូរជីវចលដែលផលិតនៅសហរដ្ឋអាមេរិកដែលមានចំណងជើងថា ម្ចាស់ក្សត្រី ថិងកូ និង អ្នកអភិរក្សសៀករហ័សកម្ម(Tenko and the Guardian of the Magic)។
ម្ចាស់ក្សត្រី ថិងកូ កំពុងតែជួយជ្រោមជ្រែងការផលិតសកម្មភាពរបស់អ្នកសម្តែងសៀក រហស្សកម្មសម្រាប់ MA ដែលជាក្រុមតន្រ្តីប៉ុបដ៏មានប្រជាប្រិយរបស់ជប៉ុន ហើយ ថិងកូ ក៏បានចូលរួមក្នុងគម្រោងវិនិយោគជាច្រើនតាមរយៈការអភិវឌ្ឍន៍ទីក្រុង និងការឧបត្តម្ភ កីឡាអាជីពជាដើម។
ថិងកូ បាននិយាយទៀតថា «កាលពីមុន ខ្ញុំបានបង្រៀនសៀកដល់មនុស្សក្មេងៗនៅក្នុងប្រទេសចិន ហើយឥឡូវនេះ ខ្ញុំក៏មានបំណងបង្រៀនក្មេងកម្ពុជាផងដែរ។»
ប្រសិនបើយើងមើលនាងពីចង្ងាយ ថិងកូ មើលទៅដូចក្មេងស្រីដែលមានវ័យជាង២០ឆ្នាំ ដែលអាយុនេះ ហាក់បីដូចជាក្មេងពេកសម្រាប់ការសម្តែង ។ ប៉ុន្តែបើយើងមើលឲ្យជិតជាងនេះ វាពិបាកស្មាន អាយុរបស់នាងណាស់ ព្រោះសម្រស់របស់នាងហាក់ដូចជាមិនចាស់តាមអាយុកាលទាល់តែសោះ បើគួបផ្សំទៅនឹងអត្តចរិកទន់ភ្លន់ រួសរាយគួរឲ្យចូលចិត្តថែមទៀតនោះ។
ថិងកូ បានពន្យល់ថា៖ «ការសម្តែងនេះ មិនទាក់ទងទៅនឹងមន្តអាគម វេទមន្ត ឬអារក្សអ្នកតាស្អីទេព្រោះប្រសិនបើអ្នកមើលពីខាងឆ្វេង ខាងស្តាំ ឬមើលពីក្រោយ វាគ្រាន់តែជាការលេងសៀកតែប៉ុណ្ណោះ»។
លោក អ៊ែរិក ចាន់ អគ្គនាយករងទទួលបន្ទុកផ្នែកទីផ្សារនៅសណ្ឋាគារ ណាហ្គាវើល បាននិយាយថា៖ «តាមរយៈព្រឹត្តិការណ៍ដ៏ល្បីនេះ យើងសង្ឃឹមថានឹងអាចទាក់ទាញភ្ញៀវទេសចរជប៉ុន ព្រោះការសម្តែងរបស់ម្ចាស់ក្សត្រី ថិងកូ ក្នុងប្រទេសកម្ពុជា ក៏នឹងត្រូវបានចាក់ផ្សាយក្នុងប្រទេសជប៉ុនផងដែរ»។
ការសម្តែងនេះ ចាប់ផ្តើមនៅម៉ោង៦ និង៣០ នាទីល្ងាច ចាប់ពីថ្ងៃទី២០ រហូតដល់ថ្ងៃទី ២២ ខែ មករាឆ្នាំ២០១០។ សំបុត្រGold Class ម្លៃ៦៥ដុល្លារអាមេរិក និង៧៥ដុល្លារសម្រាប់ Platinum Class បូករួមនឹងការញុំអាហារពេលល្ងាចដែលមានម្ហូប៤មុខផងដែរ។ សំបុត្រចូលទស្សនាអាចរកទិញបាន នៅកន្លែងលក់សំបុត្រសណ្ឋាគារ ណាហ្គាវើល ឬតាមទូរស័ព្ទ ០២៣ ២១៦ ៨៣៤-6 ៕
បែ្រសំរួលដោយ គង់ សុគន្ធ
No comments:
Post a Comment