ដោយ អ៊ូ មុំ
ការផ្តល់សន្ទរកថាជាសាធារណៈមួយអំពីការផ្តល់អំណាចដល់ស្រ្តីបានធ្វើឡើងរយៈពេល៥សប្តាហ៌នៅរាជធានីភ្នំពេញ។ ដោយមានការរៀបចំពីមូលនិធិហាប់ស្វែល (Harpswell Foundation) សន្ទរកថាប្រចាំសប្តាហ៌នេះមានគោលបំនងក្នុងការផ្តល់អានុភាពនិងបណ្តុះគំនិតយុវនារីអោយក្លាយជាអនាគតអ្នកដឹកនាំដ៏មានអានុភាពនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៌ដូចជាប្រទេសកម្ពុជា។
ដើម្បីរៀបចំនូវព្រឹត្តិការណ៌នេះឡើងមូលនិធិហាប់ស្វែលបានអញ្ជើញវាគ្មិនមួយចំនួនដែលជាស្រ្តីអ្នកដឹកនាំមកពីស្ថាប័នផ្សេងៗគ្នា។កញ្ញាលឹមសូលីនគឺជាវាគ្មិនមួយរូបក្នុងចំនោមនោះបានចែករំលែកបទពិសោធន៌និងយោបល់របស់នាងក្នុងការក្លាយជាអ្នកដឹកនាំក្នុងស្ថាប័នដ៏ជោគជ័យមួយរូប។
ក្នុងវ័យ២៩ឆ្នាំសូលីនបច្ចុប្បន្នគឺជាអ្នកសម្របសម្រួលរបស់អង្គការអុកស្វាម (Oxfam America) ប្រចាំតំបន់អាស៊ីបូព៌ាបានអោយដឹងថាសន្ទរកថានេះមិនផ្តោតសំខាន់តែវត្តមានរបស់ស្រ្តីប៉ុណ្ណោះទេថែមទាំងផ្តោតសំខាន់ទៅលើវត្តមានរបស់បុរសផងដែរដើម្បីទទួលបានគំនិតថ្មីពីភាគីបុរស។
ការដាក់ប្រធានបទអំពីការផ្តល់អំណាចដល់ស្រ្តីគឺដោយសារតែផ្នត់គំនិតសង្គមភាគច្រើនតែងចាត់ទុកស្រ្តីជាមេផ្ទះស្របពេលដែលមានអន្តរាគមន៌និងការផ្តល់ភាពងាយស្រួលដល់បុរសដើម្បីទទួលជោគជ័យច្រើនជាងនារី។
កញ្ញា លឹមសូលីនបានបន្តថាបញ្ហានេះមិនមែនកើតមានតែលើប្រទេសកម្ពុជាប៉ុណ្ណោះទេប៉ុន្តែវាក៏កើតឡើងនៅលើប្រទេសអាស៊ីភាគច្រើនផងដែរ។ប៉ុន្តែបើយើងប្រៀបធៀបជាមួយប្រទេសអភិវឌ្ឍនានាវិញឃើញថាស្រ្តីមិនត្រឹមតែជាមេផ្ទះប៉ុណ្ណោះទេពួកគេក៏អាចធ្វើអ្វីៗផ្សេងទៀតដែលគេចង់ធ្វើរួមទាំងជាមេដឹកនាំដ៏ខ្លាំងពូកែផងដែរ។
នៅវ័យ២២ឆ្នាំលឹមសូលីនត្រូវបានតែងតាំងអោយក្លាយជាប្រធានអង្គការសង្គមស៊ីវិលមួយកន្លែងដែលគ្រប់គ្រងលើធនធានធម្មជាតិនិងបរិស្ថាននៅប្រទេសកម្ពុជានិងប្រទេសផ្សេងៗទៀត។ដើម្បីក្លាយជាប្រធានអង្គការសូលីនបានប្រាប់ថានាងត្រូវធ្វើការច្រើនជាងបុរសដើម្បីទទួលបានជោគជ័យ។
អតីតប្រធានអង្គការវ័យកេ្មងរូបនេះបានអោយដឹងថានាងមិនបានខ្លាចរអារនឹងធ្វើជាអ្នកដឹកនាំគេនោះទេប៉ុនែ្តនាងព្រួយបារម្ភខ្លះៗអំពីការសង្ស័យរបស់បុគ្គលិកផ្សេងៗទៀតចំពោះសមត្ថភាពរបស់នាង។
សូលីនបានប្រាប់ទៅក្រុមនិស្សិតនារីរបស់មូលនិធិហាប់ស្វែលថាយើងត្រូវតែមានភាពជឿជាក់លើសមត្ថភាពរបស់ខ្លួនជាមុនសិនទើបអាចអោយអ្នកដទៃជឿជាក់លើយើងបាន។
ក្នុងសន្ទរកថានេះសូលីនបានលើកឡើងបីចំណុចដែលនាងជឿជាក់ថាជាគន្លឹះអាចអោយនារីជោគជ័យនៅក្នុងអាជីពរបស់ខ្លូន។
ទី១គឺការកំណត់គោលបំណងអោយបានច្បាស់លាស់និងត្រូវតាមចំណូលចិត្តរបស់ខ្លួនដែលស្របតាមភាពជាក់ស្តែងនិងអាចធ្វើទៅបាន។ទី២គឺការធ្វើបញ្ជីផែនការដោយត្រូវស្វែងរកអ្នកពិភាក្សាដែលជាមនុស្សគួរអោយទុកចិត្តហើយថែមទាំងមានជំនាញនិងមានបទពិសោធន៌លើគោលបំណងរបស់យើងផងដែរ។ខ្ញុំសូមផ្តល់យោបល់អោយប្អូនៗត្រួតពិនិត្យលើបញ្ជីផែនការរាល់១រឺ២ឆ្នាំម្ដងហើយកែតម្រូវលើវាប្រសិនបើចាំបាច់ផងដែរ។
ចំណុចចុងក្រោយគឺការជឿជាក់លើខ្លួន ដើម្បីសំរេចនូវគោលបំណង។ វាជាការសំខាន់ខ្លាំងណាស់ដែលយើងមិនបណ្តោយអោយផ្នត់គំនិតសង្គមនិងបរិយាកាសជុំវិញខ្លួនយើងមានឥទ្ធិពលមកលើការជឿជាក់របស់យើងបាន។
កញ្ញាសួនរស្មីនិស្សិតផែ្នកជីវៈវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានមកចូលរួមរាល់សន្ទរកថារៀងរាល់សប្តាហ៌តាំងពីថ្ងៃទី១២កក្កដាមកម្ល៉េះ។ខ្ញុំពិតជាអាចស្រូបយកបទពិសោធន៌យ៉ាងច្រើនពី ការស្តាប់យោបល់របស់ស្រ្តីដែលមានជោគជ័យ។វាពិតជាឱកាសដ៏ល្អសំរាប់និស្សិតមកពីខេត្តដូចជាពួកយើងតែងតែទទួលបានឱកាសតិចទាំងការសិក្សានិងការងារ។
ដូចគ្នានេះដែរកញ្ញាហេងលឹមហៀងដែលជានិស្សិតច្បាប់ម្នាក់ហើយកំពុងតែមានបំណងចង់ក្លាយជាសាស្ត្រាចារ្យផែ្នកច្បាប់ដ៏ល្បីឈ្មោះនៅពេលអនាគតក៏រីករាយនឹងការពិភាក្សាផ្តល់យោបល់ជាមួយអ្នកមានបទពិសោធន៌និងជោគជ័យដើម្បីសំរេចគោលដៅរបស់នាងដែរ។លឹមហៀងបាននិយាយថាខ្ញុំតែងតែទាក់ទងទៅអ្នកដែលជោគជ័យមិនថាវិស័យណាទេដើម្បីចង់ដឹងថាពីប្រវត្តិនៃភាពជោគជ័យរបស់ពួកគេ។
អ្នករៀបចំកម្មវិធីរបស់មូលនិធិហាប់ស្វែល Elyssa Ford និយាយថាខ្ញុំសង្ឃឹមថាមូលនិធិនេះនឹងអាចរៀបចំកម្មវិធីស្រដៀងៗបែបនេះទៀតដោយមានការចូលរួមពីវាគ្មិនចំរុះវិស័យពោលមានដូចជាអ្នកដឹកនាំរឿងអ្នកជំនួញនិងអ្នកនិពន្ធ ជាដើម។អ្នករៀបចំកម្មវិធីរូបនេះក៏បានលើកឡើងផងដែរពីគុណសម្បតិ្តកាន់តែប្រសើរនៃការពិភាក្សាប្រសិនបើមានភាគីបុរសចូលរួមផ្តល់យោបល់ផងដែរនោះ៕
No comments:
Post a Comment