Monday, December 28, 2009

ស្តេចសៀករបស់ជប៉ុនមកសម្តែងនៅកម្ពុជា

ដោយ អ៊ូមុំ

ទស្សនិកជនភាគច្រើនប្រហែលជាមិនចង់ឲ្យចក្ខុរបស់ពួកគេរំលងក្រសែភ្នែកដ៏ទាក់ទាញ និងសម្រស់ផ្ទៃមុខដ៏ស្រស់ផូផង់របស់ម្ចាស់ក្សត្រី ថិងកូ (Tenko)លាយឡំជាមួយនឹងផ្សែងពណ៌ស និងភ្លើងពណ៌ក្រហមដ៏ស្រទន់ ដែលអាចនិយាយបានថាជាការបោកបញ្ចោតមួយដើម្បីទាក់ទាញអារម្មណ៍របស់អ្នកទស្សនាឲ្យផ្តោតទៅលើការសម្តែងសៀករបស់នាង។

តាមពិតទៅម្ចាស់ក្សត្រី ថិងកូ គ្រាន់តែជារហស្សនាមតារាសម្តែងសៀកជនជាតិជប៉ុនដ៏ល្បីមួយរូបតែប៉ុណ្ណោះ។ នាងជាស្រ្តីដំបូងដែលទទួលបានពានរង្វាន់ជាអ្នកសម្តែងសៀកដ៏ប៊ិនប្រសព្វជាងគេ បំផុតប្រចាំឆ្នាំ ពីវិទ្យាល័យសៀក និងវិទ្យាសាស្រ្តនៅសហរដ្ឋអាមេរិក(Academy of Magic and Science in the United State) ដូចគ្នានឹងតារាសម្តែងសៀកមួយចំនួនទៀតដែរគឺ លោក David Copperfield លោក Doung Henning លោក Siegried និង លោក Roy ជាដើម។

ម្ចាស់ក្សត្រី ថិងកូ នឹងមកសម្តែងនៅក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃទី២០រហូតដល់២២ ខែមករា ឆ្នាំ២០១០ នៅសណ្ឋាគារ ណាហ្គាវើល ក្នុងទីក្រុងភ្នំពេញ។ នៅក្នុងសន្និសិទ្ធកាសែតមួយ នៅសណ្ឋាគារ ណាហ្គាវើល នៅថ្ងៃទី២៣ខែធ្នូឆ្នាំ២០០៩ ម្ចាស់ក្សត្រី ថិងកូ បាននិយាយថា នេះជាលើកទី១ហើយ ដែលនាង និងក្រុមរបស់នាងបានមកសម្តែងនៅឥណ្ឌូចិន។

ម្ចាស់ក្សត្រី ថិងកូ ដែលមិនអនុញ្ញត្តិឲ្យគេសួរពីឈ្មោះពិត និងអាយុរបស់នាង បានឲ្យដឹងទៀតថា៖ «អ្នកចាត់ការរបស់ខ្ញុំ មានគម្រោងមកកាន់ទីនេះដើម្បីសម្តែងសៀក។ ខ្ញុំចាប់អារម្មណ៍ប្រជាជនក្មេងៗនៅកម្ពុជា ហើយខ្ញុំកំពុងតែសង្កេតមើលការចាប់អារម្មណ៍របស់ពួកគេ។ ខ្ញុំកំពុងគិតថាតើខ្ញុំត្រូវលើកឈុតឆាកប្រភេទណាមកសម្តែងដើម្បីទាក់ទាញការចាប់អារម្មណ៍របស់ពួកគេ»។

ម្ចាស់ក្សត្រី ថិងកូ បង្ហាញខ្លូនជាលើកដំបូងក្នុងប្រទេសជប៉ុនជាអ្នកចម្រៀង ប៉ុប និងជាតារាខ្សែភាពយន្ត។ បន្ទាប់ពីមរណៈភាពរបស់លោក ហីគីតា ថិងកូ (Hikita Tenko)ដែលជាអ្នកសិល្បករ និងអ្នកលេងសៀករហស្សកម្មដ៏ល្បីឈ្មោះក្នុងប្រទេសជប៉ុន ម្ចាស់ក្សត្រី ថិងកូ ត្រូវបានជ្រើសរើសក្នុងចំណោមកូនសិស្សរបស់លោក ឲ្យធ្វើជាអ្នកបន្តវេន និងប្រើឈ្មោះលោក ហីគីតា ថិងកូ។

នៅថ្ងៃនេះ ថិងកូ ហីគីតាទី២ ត្រូវបានគេទទួលស្គាល់ដោយឈ្មោះលើឆាករបស់នាង ដែលគេតែងតែហៅថា ម្ចាស់ក្សត្រី ថិងកូ ហើយការសម្តែងរបស់នាងមានវត្តមានពេសពេញពិភពលោក ពោលគឺជាមធ្យមប្រហែលជា៣០០ លើកក្នុង១ឆ្នាំៗ។

ក្នុងឆ្នាំ១៩៩៥ ម្ចាស់ក្សត្រី ថិងកូ បានក្លាយទៅជា គំរូនៃវីរៈនារីក្នុងគំនូរជីវចលដែលផលិតនៅសហរដ្ឋអាមេរិកដែលមានចំណងជើងថា ម្ចាស់ក្សត្រី ថិងកូ និង អ្នកអភិរក្សសៀករហ័សកម្ម(Tenko and the Guardian of the Magic)។

ម្ចាស់ក្សត្រី ថិងកូ កំពុងតែជួយជ្រោមជ្រែងការផលិតសកម្មភាពរបស់អ្នកសម្តែងសៀក រហស្សកម្មសម្រាប់ MA ដែលជាក្រុមតន្រ្តីប៉ុបដ៏មានប្រជាប្រិយរបស់ជប៉ុន ហើយ ថិងកូ ក៏បានចូលរួមក្នុងគម្រោងវិនិយោគជាច្រើនតាមរយៈការអភិវឌ្ឍន៍ទីក្រុង និងការឧបត្តម្ភ កីឡាអាជីពជាដើម។

ថិងកូ បាននិយាយទៀតថា «កាលពីមុន ខ្ញុំបានបង្រៀនសៀកដល់មនុស្សក្មេងៗនៅក្នុងប្រទេសចិន ហើយឥឡូវនេះ ខ្ញុំក៏មានបំណងបង្រៀនក្មេងកម្ពុជាផងដែរ។»

ប្រសិនបើយើងមើលនាងពីចង្ងាយ ថិងកូ មើលទៅដូចក្មេងស្រីដែលមានវ័យជាង២០ឆ្នាំ ដែលអាយុនេះ ហាក់បីដូចជាក្មេងពេកសម្រាប់ការសម្តែង ។ ប៉ុន្តែបើយើងមើលឲ្យជិតជាងនេះ វាពិបាកស្មាន អាយុរបស់នាងណាស់ ព្រោះសម្រស់របស់នាងហាក់ដូចជាមិនចាស់តាមអាយុកាលទាល់តែសោះ បើគួបផ្សំទៅនឹងអត្តចរិកទន់ភ្លន់ រួសរាយគួរឲ្យចូលចិត្តថែមទៀតនោះ។

ថិងកូ បានពន្យល់ថា៖ «ការសម្តែងនេះ មិនទាក់ទងទៅនឹងមន្តអាគម វេទមន្ត ឬអារក្សអ្នកតាស្អីទេព្រោះប្រសិនបើអ្នកមើលពីខាងឆ្វេង ខាងស្តាំ ឬមើលពីក្រោយ វាគ្រាន់តែជាការលេងសៀកតែប៉ុណ្ណោះ»។

លោក អ៊ែរិក ចាន់ អគ្គនាយករងទទួលបន្ទុកផ្នែកទីផ្សារនៅសណ្ឋាគារ ណាហ្គាវើល បាននិយាយថា៖ «តាមរយៈព្រឹត្តិការណ៍ដ៏ល្បីនេះ យើងសង្ឃឹមថានឹងអាចទាក់ទាញភ្ញៀវទេសចរជប៉ុន ព្រោះការសម្តែងរបស់ម្ចាស់ក្សត្រី ថិងកូ ក្នុងប្រទេសកម្ពុជា ក៏នឹងត្រូវបានចាក់ផ្សាយក្នុងប្រទេសជប៉ុនផងដែរ»។

ការសម្តែងនេះ ចាប់ផ្តើមនៅម៉ោង៦ និង៣០ នាទីល្ងាច ចាប់ពីថ្ងៃទី២០ រហូតដល់ថ្ងៃទី ២២ ខែ មករាឆ្នាំ២០១០។ សំបុត្រGold Class ម្លៃ៦៥ដុល្លារអាមេរិក និង៧៥ដុល្លារសម្រាប់ Platinum Class បូករួមនឹងការញុំអាហារពេលល្ងាចដែលមានម្ហូប៤មុខផងដែរ។ សំបុត្រចូលទស្សនាអាចរកទិញបាន នៅកន្លែងលក់សំបុត្រសណ្ឋាគារ ណាហ្គាវើល ឬតាមទូរស័ព្ទ ០២៣ ២១៦ ៨៣៤-6 ៕
បែ្រសំរួលដោយ គង់ សុគន្ធ

“ពេជ្រកូនភ្លោះ” ខ្សែភាពយន្តស្នាដៃរួមថ្មី

ដោយ អ៊ូ មុំ
ដោយសារតែការស្រឡាញ់ចូលចិត្ត វិស័យខ្សែភាពយន្ត សិស្ស និស្សិត៦០នាក់បានព្យាយាមលះបង់ពេលវេលា កំលាំងកាយ ចិត្តរបស់ខ្លួន ដើម្បីកសាងជាសមិទ្ធផលរួមគ្នាលើចូលរួមក្នុងការផលិតជាខ្សែភាពយន្តមួយ ដែលមានចំណងជើងថា “ពេជ្រកូនភ្លោះ” ដោយបានដាក់ឈ្មោះក្រុមរបស់ខ្លួនថា “កុនខ្មែរ កូនខ្មែរ” ។
ការចំណាយពេលអស់រយៈពេល៨ខែ ទាំងការសរសេរ ថត និងកាត់ត ធ្វើឲ្យក្រុម “កុនខ្មែរ កូនខ្មែរ” អាចផលិតជាខ្សែភាពយន្តបែបកំសាន្តមួយដោយបញ្ចូលជាឈុតឆាកកំប្លែង និងបង្កប់នូវភាពច្នៃប្រឌិតខ្ពស់ថែមទៀត។
លោកដាវី ជូ ផលិតករភាពយន្តបារាំងអាយុ២៥ឆ្នាំ បានបង្កើតគំរោងនេះឡើង ដោយការថតភាពយន្តនេះ លោកចង់បង្ហាញថាយុវជនខ្មែរ ទោះបីជាពួកគេមានស្ថានភាពរស់នៅខុសគ្នាក៏ដោយ ក៏ពួកគេអាច បង្កើតខ្សែភាពយន្តរួមគ្នាបានដែរ ។
“ភាពយន្តនេះបង្ហាញថា យុវវ័យទាំងអស់នេះបានស្វែងរកសំលេងតែមួយហើយបានជួយផ្តល់គំនិតថ្មី និងប្លែកៗ ឲ្យគ្នាទៅវិញទៅមក គឺវាបង្កប់នូវអត្ថន័យយ៉ាងច្រើនទៅលើការសហការគ្នា មិត្តភាព និងការយល់ចិត្តគ្នារវាង យុវជននៅប្រទេសកម្ពុជា ។”
លោកដេវី ជូ គំរោងនេះបានបន្តថា “ខ្ញុំធ្លាប់ឃើញគំរោងបែបនេះ នៅប្រទេសបារាំងតាំងពី៨ឆ្នាំមុន ទើបខ្ញុំ មានគំនិតបញ្ចូលក្រុមសិស្ស និស្សិតដែលស្រឡាញ់វិស័យកុនទាំងអស់ឲ្យរៀនពីមូលដ្ឋានគ្រឹះនៃកុន ហើយចេះធ្វើការងាររួមគ្នា តាមរយៈស្នាដៃលើកដំបូងរបស់ខ្លួន។”
ដោយមានអ្នកការសហការពីសិស្ស និស្សិតនិង ការផ្តល់ជាទីតាំងថតពីសាលាផ្េងៗគ្នា ទាំងក្រុមការងារ និងតួសំដែងសរុបប្រហែល១០០នាក់ ត្រូវធ្វើការងាររួមគ្នាសឹងតែរាល់ថ្ងៃ ក្នុងនោះមានផលិតករ១៤នាក់និង មកពីសាលាផ្សេងៗគ្នា ដូចជាអង្គការមិត្តសំលាញ់ សាលារ៉ៃយំ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៌ សាលាលីមកុកវិញ សាលាបារាំងនិង សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្ប ជាដើម។
លោកដេវី ជូបានឲ្យដឹងថា “ការផលិតខ្សែភាពយន្តនេះគឺ យើងមិនមានជំនួយរឺ កញ្ចប់ថវិការផ្ទាល់ខ្លួនឡើយ។ យើងមានត្រឹមការស្ម័គ្រចិត្តចូលរួមផលិតនិងសំដែង ពីសិស្ស និស្សិត និងការសហការពីខាងសាលា និងទីកន្លែងផ្សេងៗ ក្រៅពីនេះ យើងក៏បានទទួលការផ្គត់ផ្គង់នៅពេលថត និងបញ្ជាំងពី ដេប៉ាតឺម៉ង់ ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៌ ខ្លះនិងមួយចំនួនពីអង្គការមិត្តសំលាញ់អន្តរជាំតិសរុបប្រហែល៥០០ដូល្លាប៉ុណ្ណោះ ។”
ក្នុងការផលិតនេះ ក្រុមទាំងអស់មានចំនួន១៤ក្រុមដោយក្នុងនោះក្រុមនីមួយៗត្រូវសរសេរឈុតឆាករៀងៗខ្លួន ផ្អែកលើឈុតឆាករបស់ក្រុមមុនៗ ។
ទោះបីជាសាច់រឿងពីឈុតឆាកមួយទៅឈុតឆាកមួយហាក់ដូចជាពុំសូវសមហេតុផល ប៉ុន្តែសាច់រឿងហាក់ដូចជាបង្កប់នូវ ភាពច្នៃប្រឌិត ដែលក្រុមទាំងអស់អាចបង្កើតបានជាសាច់រឿងមួយ ដែលផ្តល់ចំនាប់អារម្មណ៌ដល់អ្នកទស្សនា។
សន សិដ្ឋភាព និស្សិតឆ្នាំទី៤ផ្នែកស្ថាបត្យកម្មនៃសាកលវិទ្យាល័យន័រតុន ក៏បានចូលរួមធ្វើជា អ្នកកាន់កាម៉ារ៉ា ពេលខ្លះ ធ្វើជា អ្នកគ្រប់គ្រងសំលេង និង ជំនួយការដឹកនាំជាដើម បានឲ្យដឹងថា ប្អូនមានចំណាប់អារម្មណ៌យ៉ាងខ្លាំងទៅលើការផលិតកុនព្រោះជាជំនាញទាក់ទងនឹងសិល្បះដូចជាជំនាញស្ថាបត្យកម្មដែរ ។
សិដ្ឋភាពនិយាយថា “ការផលិតកុនគឺផ្អែកលើឩបនិស្ស័យទៅលើការផលិតការសរសេរ សេណារីយ៉ូឲ្យបានច្បាស់លាស់និងមានភាពច្នៃប្រឌិតខ្ពស់ ព្រមទាំងភាពអំណត់អត់ធន់ព្រោះការ ផលិតត្រូវការការចំណាយពេលវេលា និងជួបប្រទះការលំបាកច្រើនទើបសំរេចបានជាលទ្ធផល ។”
បច្ចុប្បន្ន ប្រទេសកម្ពុជាមិនមានជាសាលាបង្ហាត់ផ្នែកភាពយន្តធំដុំនៅឡើយទេ ដោយយើងឃើញមានត្រឹមតែ ការ សិក្សាមូលដ្ឋានគ្រឹះនៃការផលិតកុននៅ ដេប៉ាតឺម៉ង់ ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៌ និងការបង្ហាត់ជំនាញដឹកនាំរឿងនៅសាកលវិទ្យាល័យវិចិត្រសិល្បៈនិង ការគំរោងបង្កើតការសិក្សាផ្នែកកុននៅសាលាលីមកុកវិងជាដើម ។
ទោះបីជាមិនសូវមានសាលាដើម្បីបង្ហាត់ជំនាញផលិតខ្សែភាពយន្តក៏ដោយ ក៏លោកដាវី ជូ និយាយថា ខ្ញុំជឿជាក់ថា យុវជនជាច្រើនចាប់ អារម្មណ៌លើជំនាញនេះ ហើយក្នុងចំណោមពួកគេមានខ្លះថែមទាំងមានអាចបញ្ចេញទេពកោសល្យរបស់ខ្លួនលើជំនាញនេះថែមទៀតផង គ្រាន់តែពួកគេគ្មានឩកាសប៉ុណ្ណោះ ។ ខ្ញុំជឿជាក់ថា យើងអាចពង្រឹងវិស័យសិល្បះ របស់យើងបាន បើសិនជាពួកគេមានឳកាសកាន់តែច្រើន ។
ខ្សែភាពយន្តដែលមានចំណងជើងថា ពេជ្រកូនភ្លោះត្រូវបានដាក់បញ្ចាំងនៅមជ្ឍមណ្ឌលបារាំងនៅថ្ងៃសៅរ៌ ទី២៦ ខែកញ្ញា និងថ្ងៃទី០៣ តុលាខាងមុខនេះ នៅរោងកុនលុច្យវេលាម៉ោង៥រសៀល។

មុននឹងឈានដល់ពិធីរៀបអាពាហ៌ពិពាហ៌ សាម៊ីខ្លួនទាំងសងខាងព្រមទាំងមាតាបិតាត្រូវរៀបចំអ្វីខ្លះ?

ដោយ អ៊ូ មុំ

ពិធីរៀបអាពាហ៌ពិពាហ៌គឺជាកាតព្វកិច្ចមួយរបស់មាតាបិតា ដើម្បីរៀបចំទុកដាក់កូនចៅឲ្យមានគូស្រករ ជាពិសេសវាគឺជា ទំនៀមទំលាប់ប្រពៃណីខ្មែរដ៏ផូផង់តាំងពីបរមបុរាណមកដែលមិនអាចកាត់ផ្តាច់បាន ។ ចំណែក ការរៀបអាពាហ៌ពិពាហ៌ក៏ជាកាតព្វកិច្ចមួយចាំបាច់របស់កូនប្រុសស្រី ដើម្បីបង្ហាញពីការដឹងគុណដល់អ្នកមានគុណវិញនៅពេលដែលពួកគេចង់មានគូស្រករ តាមរយការប្រព្រឹត្តទៅតាមគន្លងទំនៀមទំលាប់់ប្រពៃណីខ្មែរដែលជាការផ្តល់កិតិ្តយសដ៏ថ្លៃថ្នូរសំរាប់ក្រុមគ្រួសាររបស់ពួកគេ ។

ទោះបីជាមកដល់ពេលបច្ចុប្បន្នដែលជាសម័យរីកចំរើនយ៉ាងណា ក៏គេនៅតែសង្កេតឃើញថា ការរៀបអាពាហ៌ពិពាហ៌ទៅតាមទំនៀមទំលាប់ខ្មែរ នៅតែជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរទូទៅ ដើម្បីបង្ហាញពីការស្រឡាញ់ចំពោះបុគ្គលដែលពួកគេគិតថានឹងអាចកសាងអនាគតជាមួយ ទោះបីជាវាមានលក្ខណរៀងស៊ាំញ៉ាំ និងត្រូវចំណាយថវិការអស់ច្រើនក៏ដោយ ។

មុននឹងឈានដល់ពិធីរៀបអាពាហ៌ពិពាហ៌ សាម៊ីខ្លួនទាំងសងខាងព្រមទាំងមាតាបិតាត្រូវរៀបចំអ្វីខ្លះ?

តាមរយéកសាររបស់ ខ្មែរជំនាន់ដើមមានពិធីចែវចូវ និងពិធីស្តីដណ្តឹង៣ដង គឺទី១ គ្រាន់តែអនុញ្ញាតឲ្យផ្លូវដើរឡើងចុះ ទី២ អនុញ្ញាតឲ្យទំនាក់ទំនងពឹងពាក់ និងទី៣ អនុញ្ញាតឲ្យកូនប្រុសទៅជាមួយ ។ បន្ទាប់មកទើបមានពិធីស៊ីស្លា ដោយមានការរកហោរាគន់គូរ រកពេលាល្អដើម្បីរៀបការ ។ ចំពោះសម័យបច្ចុប្បន្ន គ្រួសារខ្លះមានតែការសាកសួរ និងចូលស្តីដណ្តឹងតែម្តង ចំណែកគ្រួសារខ្លះទៀតមានតែការសាកសួរចិត្តកូនប្រុសស្រីយល់់ព្រម រឺយ៉ាងណាហើយ ចាត់ចែងរកពេលារៀបការតែម្តង ។

អ្នកស្រី អានសុខលាង ដែលជាអាជីករនៅផ្សារអូឬស្សី បានរៀបចំពិធីមង្គលការដល់កូនប្រុសស្រីរបស់អ្នកស្រី អស់បីនាក់មកហើយ ។ អ្នកស្រីបានមានប្រសាសន៌ថា កូនប្រុសស្រីរបស់អ្នកស្រីភាគច្រើនបានត្រឹមតែការសាកសួរ បន្ទាប់មកគឺរកវេលាល្អដើម្បីស្តីដណ្តឹង ដោយមានពេលខ្លះមានជំនូនបន្តិចបន្តួចគ្រាន់ទ្រាប់ដៃ និងកំណត់រកវេលារៀបការតែម្តង ។ អ្នកស្រីបន្តថា ពួកគេទាំងអស់នោះពុំត្រូវបានភ្ជាប់ពាក្យនោះទេ គឺនៅថ្ងៃមង្គលការពួកគេត្រូវហែរជំនូនចូលតែម្តង ។

ក្នុងនាមជាចាស់ទុំមួយរូបដែល គោរពនិងស្រឡាញ់ទំនៀមទំលាប់ ប្រពៃណីខ្មែរ អ្នកស្រីសុខលាង បានមានប្រសាសន៌ថា អ្នកស្រីមិនចូលចិត្តភ្ជាប់ពាក្យកូនទុកនោះទេ ព្រោះខ្លាចមានបញ្ហាទៅថ្ងៃមុខ ។ សំរាប់ក្រុមគ្រួសារខាងប្រុស ពួកគេមិនសូវជាមានការលំបាក និងរវល់ច្រើនដូចជាក្រុមគ្រួសារខាងស្រីឡើយ ។

ក្រោយពីការសាកសួរត្រូវចិត្តគ្នាទាំងសងខាងហើយ អ្នកស្រីសុខលាង បានមានប្រសាសន៌ថា ក្រុមគ្រួសារទាំងសងខាងត្រូវធ្វើការពិភាក្សាលើប្រាក់ខាន់ស្លាដែលគេនិយមហៅថា ថ្លៃទឹកដោះ ព្រមទាំងការចំណាយផ្សេងៗនៅក្នុងពិធីមង្គលការ។ បន្ទាប់មកគេត្រូវពិភាក្សាទៅការរកវេលាល្អដើម្បីភ្ជាប់ពាក្យ រឺរៀបការ និងការទៅធ្វើតេស្តឈាម ។

ការធ្វើតេស្តឈាមអាចធ្វើទៅច្រើនដង ក្នុងករណីសង្ស័យ ។ បន្ទាប់ពីរកវេលាល្អតាមរយការគន់គូរបស់ហោរារួចមក ក្រុមគ្រួសារទាំងសងខាងត្រូវវិភាគរកសំអាងការ ចុងភៅ ភោជនីយដ្ឋាន និងពិភាក្សា ដោយចែកការងារខ្លះឲ្យខាងប្រុសជួយ ហើយចំណែកខាងស្រីត្រូវរៀបចំតុបតែងផ្ទះ រកអ្នកកំដរ គិតគូរកត់ឈ្មោះភ្ញៀវ និងបោះពុម្ពធៀបការជាដើម ។

មានគ្រួសារខាងប្រុសខ្លះជូនតែប្រាក់ខាន់ស្លាប៉ុណ្ណោះ គេទុកឲ្យខាងស្រីជាអ្នកចាត់ចែងទាំងអស់ ដោយគេសុំតែចូលខ្លួន មករៀបការប៉ុណ្ណោះក៏មានដែរ ។ អ្នកស្រីបានបន្តថា វាអាស្រ័យទៅលើការពិភាក្សាព្រមព្រៀងគ្នាតែប៉ុណ្ណោះ ។

អ្នកនាង ទូច សាម៉ៃ ដែលទើបនឹងរៀបការកាលពីចុងខែតុលាកន្លងទៅបានប្រាប់ភ្នំពេញប៉ុស៌្តថា ខ្ញុំជាខាងស្រីត្រូវចាត់ចែងគ្រប់បែបយ៉ាងដូចជា ការកក់សំអាងការ ចុងភៅ ហាងតុ តុបតែងផ្ទះ រកអ្នកកំដរ និងបោះពុម្ពធៀបជាដើម ។ ដោយសារការរវល់នឹងការងារពេក ស្វាមីខ្ញុំបានត្រឹមតែជួយចែកធៀបការតែប៉ុណ្ណោះ ។

កូនកំលោះ និងកូនក្រមុំគួរតែរៀបចំពិធីរៀបអាពាហ៌ពិពាហ៌មុនយ៉ាងតិច២ទៅ ៣ខែ និងចែកធៀបការ អញ្ជើញភ្ញៀវយ៉ាងតិច មួយសប្តាហ៌ រឺពីរសប្តាហ៌មុនថ្ងៃរៀបការ ដើម្បីឲ្យភ្ញៀវបានកាត់សំលៀកបំពាក់ រឺអ្នកដែលនៅតាមខេត្តអាចរៀបចំធ្វើដំណើរមកចូលរួមទាន់ពេល ។ នេះបើតាមគំនិតរបស់អ្នកស្រី អានសុខលាង ។

អ្នកស្រី អាន សុខលាង បានបន្ថែមថា គេក៏អាចចាត់ចែងរៀបការបានតែក្នុងរយពេល២សប្តាហ៌រឺ ១០មុនពេលរៀបការដែរ បើសិនជាចាំបាច់ គ្រាន់តែវាអាចមានការប្រថុចញ៉ុច ហើយម្យ៉ាងទៀត នៅភ្នំពេញសព្វថ្ងៃនេះយើងពិបាករកជួលហាងណាស់ លុះត្រាតែបានកក់មុន១ រឺ ២ខែ ។

ចំណែកការជួលសំអាងការ និងអ្នកភ្លេងផ្សេងៗ អ្នកនាងសៀ សុខហាក់ដែលទើបនឹងរៀបការចុងខែតុលាថ្មីៗនេះ ក៏បាន ផ្តល់យោបល់ថា អ្នកនាងបានជួលសំអាងការមួយកំផ្លេ ដែលមានទាំងអាចារ្យ អ្នកកាត់សក់ អ្នកចំរៀង ឡានដឹកកូនកំលោះ កូនក្រមុំ មេក្រូ តុបតែងផ្ទះ របស់សំអាងការ ស្រីអូន ម្តុំផ្សារដើមគរ ដែលមានផ្តល់ជូននូវការម៉ាស្សាខ្លួនខាត់ស្បែកមួយដងដោយឥតគិតថ្លៃផងដែរ។

សុខហាក់និយាយថា វាហាក់ដូចជាធូរថ្លៃជាងការដែលយើងជ្រើសរើសផ្សេងៗគ្នា ប៉ុន្តែបើសិនជាយើងមិនចង់បានបែបនេះយើងក៏អាចជ្រើសរើសយកអាចារ្យ រឺអ្នកចំរៀងដែលយើងពេញចិត្តដោយគិតតម្លៃផ្សេងពីនេះដែរ ។

កម្ពុជាកំពុងធ្វើការពិចារណាដើម្បីធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតម៉ូតសក់អាស៊ីប៉ាស៊ីភិច នៅឆ្នាំ ២០១១

ដោយ អ៊ូ មុំ

ទោះបីជាប្រទេសកម្ពុជា មិនមានសមាគមជាងច្នៃម៉ូតសក់ និងអ្នកកែសម្ជស្សថ្នាក់ជាតិក៏ដោយ ប៉ុន្តែក្នុងចំណោម គណកម្មាការ នៃការប្រកួតប្រជែងច្នៃម៉ូតសក់ និង កែសម្ជស្ស អាស៊ីប៉ាស៊ីភិច (APHCA) ក៏មានជនជាតិកម្ពុជាម្នាក់ បានចូលរួមក្នុងការដាក់ពិន្ទុ វាយតម្លៃ ផងដែរ ។

ការប្រលងប្រជែងអន្តរជាតិច្នៃម៉ូតសក់សម្រាប់សហគមអ្នកច្នៃម៉ូតសក់ និងកែសម្ជស្ស អាស៊ីប៉ាស៊ីភិច លើកទី ១៣ ដែលត្រូវបានប្រារព្ធធ្វើឡើង កាលពីខែតុលា ឆ្នាំ ២០០៩ កន្លងទៅ នៅក្នុងទីក្រុងម៉ានីល ក្រោមអធិបតីភាពរបស់លោកជំទាវ គ្លេរីយ៉ា ម៉ាហ្គាប៉ាកាល់ អារ៉ូយូ Gloria M. Arroyo ប្រធានាធិបតី ហ្វីលីពីន បានបានអញ្ជើញ អ្នកស្រី សុន ហៀង ដែលជាជាងច្នៃម៉ូតសក់ និងកែសម្ជស្សខ្មែរមួយរូប ចូលរួមធ្វើជាគណកម្មាការ ដាក់ពិន្ទុលើការប្រកួត ។

មិនតែប៉ុណ្ណោះ សហគមអ្នកច្នៃម៉ូតសក់ និងកែសម្ជស្ស អាស៊ីប៉ាស៊ីភិច គ្រោងនឹងធ្វើពិធីប្រកួតប្រជែងនៅប្រទេសកម្ពុជានៅឆ្នាំ ២០១១ ផងដែរ ។

អ្នកស្រី ស៊ុន ហៀង ដែលជានាយិការនៃសាលាកែសម្ជស្ស គ្រីស្ទីណា បានមានប្រសាសន៌ថា « វាគឺជាកិត្តិយសរបស់ប្រទេសកម្ពុជា ដែលគឺជាប្រទេសមួយ ដែលស្ថិតក្នុងចំណោមប្រទេសអាស៊ី និង អាស៊ីប៉ាស៊ីហ្វិច ផ្សេងៗទៀត ដែលមានវត្តមាននៅទីនោះ ក្នុងឋានៈជាគណកម្មាការវាយតម្លៃ»។

អ្នកស្រី បាននិយាយបន្តទៀតថា « ខ្ញុំបានទទួលបទពិសោធន៍ច្រើនជាមួយនឹងអាជីពរបស់ខ្ញុំ និងអាចសិក្សាពីការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រលងប្រជែងនាពេលខាងមុខផងដែរ »។

មុននឹងត្រូវបានបានក្លាយជាសមាជិករបស់ សហគមអ្នកច្នៃម៉ូតសក់ និងកែសម្ជស្ស អាស៊ីប៉ាស៊ីភិច អ្នកស្រីបានបញ្ជាក់ថា សាលាកែសម្ជស្ស គ្រីស្ទីណា ត្រូវបានចុះត្រួតពិនិត្យ និងកត់សំគាល់ដោយ រដ្ឋលេខាធិការនៃ សហគមអ្នកច្នៃម៉ូតសក់ និងកែសម្ជស្ស អាស៊ីប៉ាស៊ីភិច អស់រយៈពេលពីរឆ្នាំ ។

អ្នកស្រី សុន ហៀង អាយុ ៣០ឆ្នាំ ត្រូវបានទទួលការបណ្តុះបណ្តាលតាំងពីអាយុ ១៧ ឆ្នាំមក ដោយចំណាយថវិការជាច្រើនរបស់ក្រុមគ្រួសារអ្នកស្រី ដើម្បីបណ្តុះបណ្តាលខ្លួនឲ្យក្លាយជាជាងច្នៃម៉ូតសក់ និងកែសម្ជស្សអាជីពមួយរូប តាមរយៈវគ្គបណ្តុះបណ្តាលក្នុងស្រុក និងក្រៅស្រុក ជាច្រើនដូចជា ប្រទេស កូរ៉េ អាឡឺម៉ង់ ជប៉ុន បារាំង និងប្រទេសនៅអាស៊ី ប៉ាស៊ីហ្វិចដទៃទៀត និងថែមទាំងបានទទួលពានរង្វាន់ជាជើងឯកបានយ៉ាងច្រើនសម្រាប់ ការប្រកួតប្រជែងលើឆាកអន្តរជាតិទៀតផង។

តាមរយ´ការត្រួតពិនិត្យ លើអាជីព និងបទពិសោធន៍របស់អ្នកស្រីសុន ហៀង ប្រទេសកម្ពុជាក៏បានក្លាយជាសមាជិកមួយ នៃ សហគមអាស៊ីប៉ាស៊ីភិចនេះ ក្នុងឆ្នាំ ២០០៧ នៅប្រទេសជប៉ុន។ ប៉ុន្តែតាំងពីឆ្នាំ ២០០៥ អ្នកស្រី ស៊ុន ហៀង ក៏ត្រូវបានអញ្ជើញជាអ្នកវាយតម្លៃ ក្នុងការប្រកួតរបស់សហគមនេះនៅក្នុងប្រទេសជាច្រើនផងដែរ ។

គោលបំណងរបស់សមាគម ត្រូវបានអ្នកស្រីសុន ហៀងវាយតម្លៃថា «វាជាការដោះដូរវប្បធម៌គ្នា និងការអភិវឌ្ឍន៍ម៉ូតសក់»។ អ្នកស្រី បានបន្តនិយាយថា« ដោយសារតែ សេដ្ឋកិច្ច នយោបាយ និងប្រព័ន្ធផ្សេងៗទៀត ត្រូវបានអភិវឌ្ឍន៍ ដូច្នេះម៉ូតសក់ ក៏គួរតែត្រូវបានអភិវឌ្ឍន៍ផងដែរ បន្ទាប់ពីការអភិវឌ្ឍលើសុខុមាលភាពរបស់ប្រជាជន »។

សុន ហៀង និង លោក កុល ធីដា ដែលជាស្វាមីរបស់គាត់ ធ្លាប់បានស្នើសុំ ទៅមន្ទីរអប់រំ យុវជន និងកីឡា ដើម្បីបើកសហគមអ្នកច្នៃម៉ូតសក់ និងកែសម្ជស្សកម្ពុជា ប៉ុន្តែនៅមិនទាន់មានការឆ្លើយតបមកវិញនៅឡើយ។

យ៉ាងណាក៏ដោយ លោកកុល ធីតា បាននិយាយថា កម្ពុជាអាចនឹងមានឱកាស ដើម្បីធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រលងប្រជែងនាឆ្នាំ ២០១១ ខាងមុខ ប្រសិនបើនឹងមានថវិការ និងអ្នកជួយឧបត្ថម្ភគ្រប់គ្រាន់។ លោកបានបន្តថា « ខ្ញុំតាំងចិត្តធ្វើជាម្ចាស់ផ្ទះសម្រាប់ប្រកួតនៅពេលខាងមុខឲ្យបាន ដើម្បីកិត្តិយសរបស់ប្រទេសកម្ពុជា»។

លោកបានបន្តទៀតថា «ការប្រលងប្រជែងត្រូវចំណាយថវិការអស់ច្រើនណាស់។ ប្រទេសដទៃទៀតមានភាពងាយស្រួលជាងប្រទេសយើង ពីព្រោះពួកគេមានរោងចក្រផលិតគ្រឿងកែសម្ជស្សជាច្រើន ជាអ្នកជួយឧបត្ថម្ភកម្មវិធីរបស់ពួកគេ។ យើងកំពុងពិចារណាយ៉ាងខ្លាំងក្នុងបញ្ហានេះ »។

ប្រៀបធៀបទៅនឹងប្រទេសដទៃទៀត ប្រទេសកម្ពុជា គឺជាប្រទេសដែលមានវប្បធម៌ និងប្រពៃណី រឹតត្បិតបន្តិច។
ទោះបីជាយ៉ាងនេះក៏ដោយ ក៏អ្នកស្រី សុន ហៀងថ្លែងថា « យើងក៏ជាអ្នកលេងម៉ូតមិនធម្មតាដែរ ពីព្រោះប្រជាជនកម្ពុជាភាគច្រើន គឺជាយុវវ័យ។ លើសពីនេះ ខ្មែរយើងក៏មានប្រវត្តិនៃការតុបតែងខ្លួនដ៏ល្អឥតខ្ចោះ ដូចជាការបួងសក់ និង សម្លៀកបំពាក់តាមបែបប្រពៃណី ដែលអាចធ្វើការប្រកួតប្រជែងផងដែរ »។

មកទល់ពេលនេះ មានសិស្សចំនួន ១៨០០ នាក់ បានបញ្ចប់ការសិក្សារបស់ពួកគេពីសាលា កែសម្ជស្ស គ្រីស្ទីណា ។

អ្នកស្រី ស៊ុន ហៀង បានឲ្យដឹងថា « ពីព្រោះប្រទេសកម្ពុជា បានសុខសន្តិភាពមកហើយ ប្រជាជនភាគច្រើន ក៏កំពុងយកចិត្តទុកដាក់ថែរក្សាសុខភាព និងសម្ជស្សរបស់ពួកគេ »។ អ្នកស្រីបាននិយាយបន្តទៀតថា « ការបើកសាលាកែសម្ជស្សអាជីព ក៏អាចជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជាផងដែរ ពីព្រោះសិស្សដែលរៀនចប់ នឹងអាចរកការងារល្អបានធ្វើ និងប្រាក់ចំណូលច្រើន»។

ប្រែសំរួលដោយ ខុន វីរៈ

សាកល្បងទស្សន៌ទាយជោគជតា

ដោយ ចូអិល ខ្វិនប៊ី និង រាយការណ៌បន្ថែម ដោយអ៊ូ មុំ

តាមអប្បិយជំនឿរបស់ខ្មែរ មិនអនុញ្ញាតឲ្យថតរូបបីនាក់ឡើយ។ ប្រជាជនខ្មែរ មានជំនឿថា មនុស្សដែលនៅកណ្តាលនៃរូបថតដែលមានគ្នាបីនាក់ គឺត្រូវបានមានទំនាយថាអាចស្លាប់មុនអាយុកាល និងនាំមកតាមន័យត្រង់ទៅនឹងឃ្លាមួយ « ដកចេញរូបអ្នកដែលនៅកណ្តាលគេ »។

ពីសត្វចម្លែកទៅបន្តោងអាថ៌កំបាំង ដែលមានដូចជាលេខនាំសំណាង រូបសត្វសាក់បង្ហាញពីវេទមន្ត និងរូបសត្វសាក់ធម្មតា ប្រជាជនខ្មែរភាគច្រើន បានងប់ងល់នឹងជំនឿដែលមិនសមហេតុផលនេះយ៉ាងខ្លាំង ។ វប្បធម៌នេះ បានជះឥទ្ធិពលខ្លាំងជាមួយនឹងភាពមិនសមតាមតក្កវិទ្យា ។

លោក មៀច ប៉ុណ្ណ ជាអតីតសាស្រ្តាចារ្យនៅវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យជាតិ បាននិយាយ ថា គ្រូទាយ កំពុងតែគ្រប់គ្រងពាណិជ្ជកម្មរបស់ពួកគេនៅទីនេះអស់រយៈពេលជាង២ពាន់ឆ្នាំមកហើយ។ដូចដែលលោកបានមានប្រសាសន៌ថា «នៅពេលព្រះពុទ្ធ បានចាប់កំនើតក្នុង គ.ស ឆ្នាំ៦២៣ ឪពុកម្តាយរបស់គាត់ បានអញ្ជើញគ្រូទាយកាន់សាសនាព្រាហ្មណ៍ចំនួន៨នាក់ ដើម្បីទាយពីអនាគតរបស់កូនប្រុសគាត់ » ។

សព្វថ្ងៃនេះ ប្រជាជនខ្មែរភាគច្រើន (CIA និយាយថា ៩៦.៤ ភាគរយ) គឺជាអ្នកកាន់ពុទ្ធសាសនា។ ជាមួយនឹងពាក្យកម្ម មានន័យថាសម្រេចអំពីជោគវាសនារបស់ពួកគេ និងមានប្រជាជនជាច្រើនបានមកជួបជុំគ្នាដើម្បីទាយពីជោគវាសនារបស់ពួកគេ ។

សកម្មភាពនៃទម្លាប់នេះ ត្រូវបានប្រើសម្រាប់គ្រូទាយទាំងអស់ដូចជា គ្រូទាយ គ្រូធ្មប់ តារាមាត្រ លេខវិទូ រូបអារក្ស អាថ៌កំបាំង ប្រាជ្ញាញាណ មនុស្សមានភ្នែក និងត្រចៀកទិព្វ និងគ្រូក្លែងក្លាយ។ វាគឺជាឧស្សាហកម្មដែលអាចរកកម្រៃបានច្រើននៅទីផ្សាររបស់ប្រទេសកម្ពុជា។

លោក ផាប ស៊ីណា មានអាយុ ២៧ ឆ្នាំ គឺជាជំនួយការរបស់នាយកអង្គការក្រៅរដ្ឋាភិបាលមួយ បាននិយាយថា «ប្រជាជនខ្មែរជាច្រើន មានជំនឿទៅលើវា (អាចមានសមត្ថភាពដឹងពីអនាគតបាន) ទោះបីពួកគេមិនបានទៅរកវាក៏ដោយ » ។

គ្រូទាយខ្មែរអាចទាយ អំពីជំនួញ សំណង់ផ្សេងៗ ការទិញនិងវិនិយោគ ភាពស្រុះស្រួលគ្នារវាងប្តី និងប្រពន្ធ មិត្តភាព និងជម្លោះ អាចបញ្ជាក់ពេលវេលាដែលយើងអាចមានសំណាង។ អ្នកផ្សងសំណាង ថែមទាំងស្វែងរកការណែនាំទៅលើលេខឆ្នោតទៀតផង។

ចំពោះគុណវិបត្តិ សេចក្តីណែនាំពិតជាពិបាកយល់ ។ លោក ផាប ស៊ីណា ពាក់បន្តោងនាំសំណាងដើម្បីការពារពីអំពើអន្តរាយផេ្សងៗ។ គាត់និយាយថា « អំពើធ្មប់ អាចធ្វើឲ្យមនុស្សស្អប់ និងស្រលាញ់គ្នាទៅវិញទៅមក ឬក៏ថែមទាំងអាចសម្លាប់គ្នាទៀតផង » ។

អ្នកប្រហែលជាចង់ដឹងចង់ឃើញដូចជាខ្ញុំដែរ ខ្ញុំប្រហែលជាអាចមានភ័ព្វសំណាងរបស់ខ្ញុំ ដែលបានប្រាប់ជាលើកដំបូង ។

នៅទីក្រុងភ្នំពេញ គ្រូទាយជាច្រើន រៀបចំរោងនៅកណ្តាលវាល និងដាក់តាំងជាមួយនឹងវិជ្ឈលេខបាតដៃនៃរហស្សវិទ្យាសាស្រ្ត កង់តារាសាស្រ្ត និងសញ្ញាចក្ររាសី នៅតាមទីកែងសាធារណៈ ទីផ្សារ ឬ លានដើរលេងសាធារណៈ។ រោងរបស់គ្រូទាយដទៃទៀត ស្ថិតនៅតាមមាត់ទន្លេ ឬ ក្បែរវត្តជាមួយនឹងតុបត់ ឬ ក្រាលកំរាលនៅលើដី ដែលមានធូប ទៀន បៀរ ដកចេញពីកាបូបរបស់គាត់ ។

«លោកតាថ្មអណ្តែត»បានឆ្លើយតបយ៉ាងអាថ៌កំបាំងសម្រាប់ ទស្សនាវដ្តីព្រះច័ន្ទ និងកម្មវិធីសិរីសួស្តី ពត៌មានរបស់ ទូរទស្សន៌អប្សរារហូតកម្មវិធីនោះត្រូវបានផ្អាកដោយសារតែមិនមានអ្នកឧបត្ថម្ភកម្មវិធី ។
លោកតាថ្មអណ្តែត បានដាក់បង្ហាញព័ត៌មានជឿជាក់របស់គាត់នៅលើ បដាពណ៌លឿងខ្ចីនៅរានហាលមុខផ្ទះ ដែលគាត់បានទស្សន៌ទាយ។ គាត់បានដាក់រហ័សនាមខ្លួនéងថា លោកតាថ្មអណ្តែត ដោយសារគាត់បានរកឃើញថ្មអណ្តែតទឹកមួយនៅលើភ្នំឧត្តុង្គ។ ឈ្មោះពិតរបស់គាត់ត្រូវបានគេស្គាល់ថា ឡុង បូរ៉ា ។ គាត់និយាយថា គាត់ទទួលអតិថិជនបានពី ២០ ទៅ ៣០ នាក់ក្នុងមួយថ្ងៃ។

ប្រហែលជា គាត់បានចាកចេញនៅពេលដែលខ្ញុំទៅដល់ ប៉ុន្តែគាត់បានត្រលប់មកវិញ នៅពេលខ្ញុំបានទូរស័ព្ទទៅគាត់ មិនមែនដោយប្រើទូរចិត្ត គាត់បានមកដល់ដូចយើងបានកំណត់ទុក។ « លោកតា » (ដែលមានអាយុ ៣១ ឆ្នាំ គឺជានិស្សិតឆ្នាំ ទីបី) បានបោយដៃហៅខ្ញុំទៅ តុមុខរានហាលនោះ ព្រះស្ថូបជំនឿជាច្រើន ដែលជាបញ្ញាតិនៃព្រះពុទ្ធ ព្រាហ្មណ៍ និងទេវតាចិន។

សេចក្តីក្លាហានរបស់ខ្ញុំ កំពុងមួម៉ៅបន្តិចម្តងៗមុនពេលនេះ។ ឡុង បូរ៉ា មានត្របកភ្នែកមមីរ។ វាបានផ្តល់ឲ្យគាត់នូវបរិយាកាសផ្សេង ពិតប្រាកដណាស់ គឺជាចំនុចលក់នៅក្នុងជួរខ្សែការងាររបស់គាត់។ ខ្ញុំត្រូវបានស្នើសុំឲ្យសាប់បៀ បន្ទាប់មកចែកបៀ និងរើសយកបៀមួយគូ។ ឡុង បូរ៉ា បន្ទាប់មកបានសុំសញ្ញាចក្ររាសីចិននៃឆ្នាំកំណើតរបស់ខ្ញុំ (ឆ្នាំរោង )។

ឡុង បូរ៉ា បានសិក្សាកតិសញ្ញាមួយចំនួន និងចាប់ផ្តើមរៀបរាប់ចំពោះការអានរបស់គាត់ និងបានទទួលយកឯកតានមិនចូលចិត្តដែលបានប្រើប្រាស់ដោយព្រះសង្ឃពុទ្ធសាសនាកំឡុង ពេលធ្វើសក្ការៈបូជា និងមានសម្លេងហ៊ឹមៗនៅពិធីរបស់ពួកគេ ។ លោក ផាប ស៊ីណា បានបកប្រែថាៈ

«កាលពីមុន អ្នកមានការភាន់ច្រលំ ពិបាកចិត្ត និងតានតឹងច្រើន ព្រោះអ្នកមានរឿងជាច្រើនដែលត្រូវគិត»
ជាការពិត ប៉ុន្តែយើងមិនបានគិតច្រើនពេកនោះទេ? សាប់បៀបន្ថែមទៀត និងសម្លេងហ៊ឹមៗ។
« អ្នកកំពុងមានគម្រោងចង់សួរខ្ញុំនូវរឿងអ្វីមួយ ប៉ុន្តែអ្នកមិនច្បាស់ប្រសិនបើមិនទាន់បានត្រៀមខ្លួននៅឡើយ »។

មហោស្របសិល្បះ និងការផ្សព្វផ្សាយព័ត៌មាននៅតាមប្រទេសនៃដងទន្លេមេគង្គ

ដោយ អ៊ូ មុំ

មហោស្របសិល្បះ និងការផ្សព្វផ្សាយព័ត៌មាននេះ បង្កើតឡើងក្នុងគោលបំណង ដើម្បីផ្លាស់ ប្តូរវប្បធម៌ និងអភិវឌ្ឍគំនិតថ្មីក្នុងការប្រើប្រាស់ការផ្សព្វផ្សាយព័ត៌មានតាមរយះសិល្បះ នៅតាម ប្រទេសនៃដងទន្លេមេគង្គដូចជា ប្រទេសកម្ពុជា វៀតណាម ថៃ ភូមា ឡាវ និងចិន មិនតែប៉ុណ្ណោះក៏មានប្រទេសផ្សេងទៀតនៃសមាជិកអាស៊ាន ដូចជាហ្វីលីពីន និងឥណ្ឌូនេស៊ី ចូលរួមផងដែរ។

លោក ម៉ៅ កុសល នាយកអង្គការ ហ្វាពន្លឺសិល្បះ នៃខេត្តបាត់ដំបង និងជាអ្នករៀបចំ មហោស្របនេះ បានមាន ប្រសាសន៌ថា មហោស្របនេះ អាចផ្តល់ឪកាសដល់សិល្បករ មកពីប្រទេសផ្សេងៗគ្នា បានសិក្សាពីគ្នាទៅវិញទៅមកតាមរយះ ការសំដែងសិល្បះ សន្និសិទ្ធសារព័ត៌មាន និងសិក្ខាសាលាជាដើម ។

លោកបានបន្តទៀតថា ការច្របាច់បញ្ចូលគ្នានៃវប្បធម៌ក៏អាចបង្កើតជាទំរង់សិល្បះថ្មីមួយ ដែលអាចប្រើប្រាស់សំរាប់កែប្រែសង្គមដូចជា ការផ្សព្វផ្សាយអំពីជំងឺអេដស៌ ថ្នាំញៀន ការជួញដូរមនុស្ស ការរំលោភបំពានលើកុមារជាដើម ពីព្រោះសិល្បះមិនសំរាប់តែ ការកំសាន្តប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកអប់រំដ៏ចំបងមួយផងដែរ ។

មហាស្រពនេះត្រូវបានរៀបចំឡើងដោយ សមាគមល្ខោនអប់រំរបស់ ហ្វីលីពីន (PETA) សហការជាមួយ អង្គការហ្វាពន្លឺសិល្បះ Save the Children UK និងអង្គការជាដៃគូផ្សេងទៀត។

ឡាយ រតនា គឺជានិសិ្សតផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៌ និងជាប្រធានក្រុមកុមារ និងយុវជន បាននិយាយថា ក្រុមនេះគឺជាផ្នែកមួយនៃមហាស្រពនេះ។

រតនាបាននិយាយថា « ក្រុមយុវវ័យ និងក្មេងៗ ដែលមកពីអនុតំបន់ទន្លេមេគង្គ អាចប្រើប្រាស់ឱកាសនេះ ដើម្បីប្រឹក្សាអំពីបញ្ហារបស់ពួកគេ។ ពួកគេអាចស្គាល់នូវតួនាទីរបស់ពួកគេសម្រាប់សង្គម ពីព្រោះពួកគេមានសិទ្ធ និងតួនាទីនៅក្នុងសង្គម តាមរយៈការសំដែងសិល្បៈ និងប្រព័ន្ធផ្សព្វផ្សាយពត៌មានផងដែរ»។

មហាស្រពនេះនឹងរៀបចំឡើងពីថ្ងៃទី ២៣ ដល់ ២៧ ខែវិច្ឆិការនៅសណ្ឋាគារ កាំបូឌីយ៉ាណាសម្រាប់សន្និសីទសារពត៌មាន និងសិក្ខាសាលាពីម៉ោង ៨ និង ៣០ នាទី ព្រឹក ដល់ម៉ោង ១២ ថ្ងៃត្រង់ និងពេលរសៀលចាប់ពីម៉ោង ១ និង ៣០ នាទី ដល់ម៉ោង ៤ ល្ងាច និងសាលមហាស្រពចតុមុខ សម្រាប់ការសម្តែងសិល្បះចាប់ពីម៉ោង ៦ ល្ងាច ដល់ ៩ យប់។

យោងតាមអ្នករៀបចំមហាស្រពនេះ មានតំណាងមកពីអង្គការជាច្រើន និងក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បណ្តាសារពត៌មាន និងអ្នកឧបត្ថម្ភកម្មវិធីដទៃទៀត ដើម្បីប្រឹក្សានិង ផ្តល់យោបល់ទូទៅ សម្រាប់សិល្បៈ និងវប្បធម៌ ដែលជាប្រព័ន្ធផ្សព្វផ្សាយពត៌មានដ៏មានប្រសិទ្ធភាពនៅក្នុងការអភិវឌ្ឍន៌សង្គម។

ប្រែសំរួលដោយ ខុន វីរះ

ភាពលំបាករបស់ក្មេងរើសសំរាមនិងត្រូវលាតត្រដាងទៅកាន់មហាជន

ឃួន លក្ខិណា និង អ៊ូ មុំ

នៅថ្ងៃទី៨ខែសីហាសប្តាហ៏ក្រោយនេះអង្គការមូលនិធិកុមារនិងលើកយកនូវការសម្តែងល្ខោនមួយរឿងដែលមានចំណងថា ងងឹតទាំងកណ្តាលថ្ងៃ។ សាច់រឿងនេះត្រូវបានលើកឡើងបង្ហាញពីភាពលំបាករបស់កុមាររើសសំរាមនៅទីលានស្ទឹងមានជ័យនិងតាមផ្លូវសាធារណៈផងដែរ។

លោកសួង សុភក្ត្រ័ប្រធានផ្នែកអប់រំសិល្បៈវប្បធម៌នៃអង្គការមូលនិធិកុមារបានមានប្រសាសន៏ជាមួយប៉ុស្តិ៍កាលពីថ្ងៃពុធថា មូលហេតុដែលធ្វើឲ្យយើងបង្កើតល្ខោនភ្ជាប់នូវសាច់រឿងនេះ ក៍ព្រោះតែយើងបានឃើញនូវទិដ្ឋភាពក្មេងៗជាច្រើនដែលកំពុងនាំគ្នាកាយសំរាមនៅស្ទឹងមានជ័យទាំងសកម្មភាពគួរឲ្យអាណិត។

គោលបំណងនៃការផលិតល្ខោននេះឡើងគឺគ្រាន់តែចង់បង្ហាញពីភាពលំបាករបស់ពួកគេនៅក្នុងជីវភាពជាមួយនិងស្ថានភាពកាយសំរាមផងដែរ ហើយយើងក៏សង្ឈឹមថា ពួកគេនិងកាន់តែមានភាពល្អប្រសើរជាងនេះបន្ទាប់ពីពួកគេបានទទួលការជួយសង្គ្រោះពីអង្គការផ្សេងៗនិងការយកចិត្តទុកដាក់របស់រដ្ឋាភិបាលផងដែរ។

ការសំដែងនេះនិងត្រូវចាប់ផ្តើមនៅថ្ងៃទី៨ ខែកញ្ញានៅមហោស្រពចេនឡាវេលាម៉ោង៧ល្ងាច ដោយឥតគិតថ្លៃ។

អង្គការរបស់ខ្ញុំបានបង្កើតឡើងតាំងពីឆ្នាំ២០០៤មកម្ល៉ោះ ក្នុងនោះប្រធានអង្គការគ្រាន់តែមានបំណងចង់ជួយដល់កុមារដែលក្រីក្រនិងរងគ្រោះតែប៉ុណ្ណោះ។

យើងបានទទួលក្មេងចំនួនតែ៤០នាក់ប៉ុណ្ណោះចាប់តាំងពីអង្គការយើងបានបង្កើតដំបូង រហូតមកដល់ពេលនេះយើងបាន ទទួលក្មេងចំនួន៤០០នាក់ពីកន្លែងចាក់សំរាមស្ទឹងមានជ័យនិងកន្លែងសារធារណៈផេ្សងៗទៀត។លោកនិយាយ

យើងបានផ្តល់ការអប់រំសំរាប់ពួកគេទាំងភាសាខ្មែរ ភាសារអង្គគេ្លស់និងផ្គត់ផ្គង់សំភារៈសិក្សាប្រចាំថ្ងៃផងដែរ។

យើងគិតថា កាលពីមុនមកក្មេងរើសសំរាមនៅស្ទឹងមានជ័យអាចមានចំនួនប្រហែលជា១០០០នាក់ដោយនេះយើងមិនទាន់គិតទៅលើក្មេងដែលរើសនៅតាមទីសាធារណៈរឺក្មេងនៅតាមបណ្តាខេត្តផ្សេងទៀតទេ។

យើងមានការគាំទ្រចំពោះពួកគេនៅក្នុងការរៀបចំសំដែងល្ខោនដែលមានការជាប់ទាក់ទងជាមួយនិងក្មេងរើសសំរាមនេះ ប៉ុន្តែការសម្តែងនេះគួរតែត្រូវបានឆ្លងមកអង្គភាពនៃក្រសួងវប្បធម៌ជាមុន ដើម្បីធ្វើការត្រួតពិនិត្យមើលថា តើស្នាដៃនេះវាមានការប៉ះពាល់អ្វីដែរទេ។ អ៊ុក សុជាតិរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិយាយជាមួយប៉ុស្តិ៍

មុននិងឈានទៅរកការជំរុញរឺការលើកទឹកចិត្តទៅកាន់ក្មេងៗគ្រប់តំបន់ដែលកំពុងទទួលរងគ្រោះនៃភាពខ្វះខាត់ទាំងនេះយើងគួរតែគិតអំពីវិបត្តិរបស់ពួកគេជាមុនសិនទើបការជំរុញអាចមានប្រសិទ្ធភាពខ្ពស់ទៅកាន់ពួកគេ។

ការជំរុញមិនអាចចេះតែធ្វើទៅកើតនោះទេប្រសិនបើគ្មានការចូលរួម ប៉ុន្តែយើងអាចសួរថា តើនៅពេលដែលយើងផ្តល់ការអប់រំក្រៅប្រពន្ធ័រឺកម្មវិធីផ្តល់ការអប់រំមិនយកថ្លៃនៅតាមសាលារៀន តើពួកគេពិតជាស្មគ្រ័ចិត្តចង់ចូលរួមដែរទេ។
តាមរយៈការសំដែងល្ខោននេះយើងគ្រាន់តែចង់ឲ្យសាច់រឿងបានបង្កប់នូវអត្ថន័យការផ្សព្វផ្សាយអប់រំដល់កុមារនិងឳពុក
ម្តាយរបស់ពួកគេអំពីសីលធម៌និងការអប់រំនៅកម្ពុជា ដើម្បីការយល់ដឹងទាំងអស់គ្នា។ អ៊ុក សុជាតិនិយាយ

ខ្ញុំយល់ថាការសំដែងល្ខោនដែលទាក់ទងនិងរឿងក្មេងរើសសំរាមវាគឺជារឿងមួយល្អណាស់ ព្រោះដើម្បីបង្ហាញអំពីផលវិ បាករបស់កុមាររើសសំរាមទៅកាន់មហាជនមួយចំនួនទៀតដែលពួកគេអត់បានដឹងអំពីព័ត៌មានរបស់ពួកគេ។ សំ ផល្លា ប្រធានគំរោងរបស់អង្គការ COMPEDនិយាយជាមួយប៉ុស្តិ៍

ដោយមើលឃើញភាពគួរឲ្យអាណិតអាសូរនេះ បច្ចុប្បន្នអង្គការរបស់លោកបានស្វែងរកជំនួយឧបត្ថម្ភដល់ក្មេងចំនួន៦១នាក់ហើយ។

យោងតាមលោកសំ ផល្លាបានឲ្យដឹងថា នៅភ្នំពេញមានអ្នករើសសំរាមច្រើនជាងគេ ដោយសារទីក្រុងភំ្នពេញក្នុងមួយថ្ងៃមានកាកសំណល់សំរាមប្រមាណ១១០០ទៅ១២០០តោន ហើយបើតាមការចុះឈ្មោះរបស់អង្គការ JICA បានឲ្យដឹងថាមានអ្នករើសសំរាមនៅ២០០៤ ប្រហែល ២០០៨នាក់ ចំណែកអ្នករើសជាអចិន្រ្តៃយ៌ប្រហែល៤០០នាក់ និងអ្នកដែលមកតាមម៉ោងជាង១០០០នាក់។ ខណៈពេលដែលខេត្តបាត់ដំបងត្រឹម៥០តោន ហើយអ្នកសំរាមប្រហែលត្រឹមតែ៤០នាក់ ។

លោកសំ ផល្លា ក៏បានបន្តថា ការបិទនិងដូរទីតាំងចាក់សំរាមពីស្ទឹងមានជ័យបានទៅបឹងជើងឯកបានផ្តល់ផលល្អនិងមិនល្អសំរាប់ពួកគេដែរ ដោយសារទី១ផ្អែកទៅលើការបិទនេះធ្វើអោយអ្នករើសសំរាមមិនអាចរកប្រាក់ចំណូលបានដូចពេលមុនៗ ហើយពួកគេត្រូវធ្វើដំណើរឆ្ងាយដើម្បីទៅកាន់ទីលានចាក់សំរាមថ្មី ទី២មានភាពល្អប្រសើរពេលដែលសំរាមត្រូវបិទនៅក្នុងទីក្រុងហើយផ្លាស់ទីចាក់នៅជាយក្រុងដែលមិនសូវប៉ះពាល់ខ្លាំងដល់ប្រជាជនដែលរស់នៅជុំវិញ ។

ការបង្កើតសមាគមន៌យុទ្ទគុនខមត្រូវបានរាំងស្ទះ

ដោយ អ៊ូ មុំ

គេធ្លាប់តែលឺឈ្មោះល្បុក្កតោ ជាក្បាច់គុនបុរាណដ៏ល្បីល្បាញរបស់ខ្មែរ ប៉ុនែ្តក្រោយមក មានគ្រូក្បាច់គុនមួយរូបទៀតដែលអះអាងថារូបលោកជាគ្រូបង្ហាត់ក្បាច់គុនខ្លាំងពូកែពិតបា្រកដរបស់ខែ្មរគឺយុទ្ធគុនខម រឺខមយុទ្ធ។
លោកសំ ចាន់ប៊ុនធឿន ដែលមានវ័យ៦០ឆ្នាំនិងជាប្រធានក្លឹបខេមរៈខ្លាហោះនៅខ័ណ្ឌចាក់អង្រែក្រោមបានមានប្រសាសន៌បា្រប់ឌឺភំ្នពេញប៉ុស៌្តថារូបលោកបានគ្រោងបង្កើតសមាគមន៌យុទ្ធគុនខមអស់រយៈពេលជិត២ឆ្នាំមកហើយប៉ុន្តែមិនទាន់អាចដំណើរការទៅរួចដោយសារខ្វះអ្នកឧបត្ថម្ភធំ។

ល្បុក្កតោដែលជាក្បាច់គុនបុរាណខ្មែរមួយប្រភេទទៀតត្រូវបានដាក់ជាក្បាច់គុនគោលនៅក្នុងសហព័ន្ធយុទ្ធគុនខ្មែរតាំងពីឆ្នាំ២០០៤មកចាប់តាំងពីមានការបង្កើតសហព័ន្ធយុទ្ធគុនខ្មែរជាផ្លូវការមក។ ទោះបីយ៉ាងនេះក៏ដោយ ក៏លោក សំ ចាន់ប៊ុនធឿននៅតែចង់បង្កើតសហព័ន្ធមួយផ្សេងទៀតសំរាប់ដាក់យុទ្ធគុនខម ជាក្បាច់គុនគោលរបស់សហព័ន្ធ ។ប៉ុនែ្តដោយមើលឃើញពីការលំបាកក្នុងការបង្កើតជាសហព័ន្ធ លោកប៊ុនធឿនក៏សំរេចចិត្តប្តូរមកបង្កើតត្រឹមសមាគមន៌វិញដែលមានលក្ខណៈតូចជាងសហព័ន្ធបន្តិច តែទោះជាយ៉ាងនេះក៏ដោយក៏ឃើញថាគំរោងនេះមិនទាន់បានទទួល ជោគជ័យនៅឡើយ។

លោកសាន គឹមស៊ានដែលជាប្រធានសហព័ន្ធយុទ្ធគុនខ្មែរ បានបដិសេធមិនធ្វើអធ្បាធិបាយវែងពីបញ្ហានេះដោយលោកគ្រាន់តែមានប្រសាសន៌ថា ខ្ញុំមិនចង់ដឹងចង់លឺរឿងរបស់គាត់ទៀតទេ យើងបានលុបឈ្មោះរបស់គាត់ចេញពីសមាជិករបស់សហព័ន្ធល្បុក្កតោរបស់យើងកាលពីប៉ុន្មានឆ្នាំមុនហើយ ដោយគាត់មានគោលជំហរផ្សេងពីយើងគាត់ចង់ធ្វើអីជារឿងរបស់គាត់ ខ្ញុំគ្មានសិទ្ធហាមឃាត់គាត់ទេ។

ទោះបីជាមើលឃើញពីការលំបាកដោយសារការខ្វះខាតបច្ចេកទេសផ្នែកផ្លូវច្បាប់ លោកសំ ចាន់ប៊ុនធឿននៅតែអះអាងថា គ្រប់éកសារទាក់ទងនឹងក្បាច់គុនបុរាណខ្មែរគឺយុទ្ធគុនខមនេះយើងបានរៀបចំទាំងស្រុងហើយ។
សព្វថ្ងៃនេះមានសមាជិកចូលរួមក្នុងការបង្កើតសមាគមន៌របស់លោក ប៊ុនធឿនចំនួន១៥ក្លឹបមកពី៨ខេត្តដូចជា ខេត្តកណ្តាល កំពត កែប កំពង់ឆ្នាំង តាកែវ កំពង់ចាម សៀមរាប និងបាត់ដំបង ។

លោកភូមិ ណាគ្រី ដែលជាគ្រូយុទ្ធគុនខមម្នាក់ដែលលោកសំ ចាន់ប៊ុនធឿនគ្រោងនឹងតែងតាំងជាប្រធានសមាគមន៌យុទ្ធគុនខមនេះបានមានប្រសាសន៌ថា ខ្ញុំហ៊ាននិយាយដោយពិតៗថាគ្រូក្បាច់គុនទូទាំងប្រទេសកម្ពុជាសព្វថ្ងៃអត់មានគ្រូណាចេះក្បាច់គុនបុរាណពិតប្រាកដសូម្បីតែម្នាក់ឡើយ ។បើខ្ញុំនិយាយអញ្ជឹងទៅមតិជាតិ និងអន្តរជាតិគេថាខ្ញុំលើកមោទនភាពខ្លួនðង ហើយបង្អាប់អ្នកដទៃ។មិនមែនទេ ។ ខ្ញុំចង់បង្ហាញអោយឃើញថាក្បាច់គុនរបស់ខ្មែរមានវិសាលភាពធំធេងប៉ុណ្ណា។

ទោះបីជាមានប្រសាសន៌យ៉ាងនេះក្តី ក៏លោកណាគ្រី មិនហ៊ានទទួលឋានៈជាប្រធានសមាគមន៌យុទ្ធគុនខម ដោយសារតែលោកគិតគូរពីជីវភាពប្រចាំថ្ងៃរបស់លោកសំខាន់ជាង។ ខ្ញុំអត់ហ៊ានទទួលឋានៈជាប្រធានហ្នឹងទេព្រោះខ្ញុំអត់ចង់បានឋានៈអីទេ ។ ខ្ញុំអត់មានឧកាសគ្រប់គ្រាន់ក្នុងការផ្សព្វផ្សាយវិជ្ជាគុនរបស់ខ្ញុំនោះទេ ព្រោះអីជីវភាពខ្ញុំជាអ្នកក្រីក្រ ខ្ញុំអត់មានពេលគិតពីរឿងក្បាច់គុន ខ្ញុំគិតតែពីរឿងចិញ្ចឹមក្រុមគ្រួសាររបស់ខ្ញុំអោយមានជីវភាពធូរធារដូចគេដូចðង។

ខុសពីលោកណាគ្រី លោកសំ ចាន់ប៊ុនធឿននៅតែរក្សាជំហរដូចដើមក្នុងការបង្កើតសមាគមន៌យុទ្ធគុនខមនេះ។ ខ្ញុំតស៊ូមកយូរហើយ យើងនៅតែធ្វើដំណើរឆ្ពោះទៅមុខជានិច្ច។ កាលដែលយើងធ្វើទៅ ក៏ព្រោះតែមានការគាំទ្រពីទស្សនិកជនច្រើនរាល់ការប្រកួតម្តងៗ។ខ្ញុំសង្ឃឹមថាក្បាច់គុនរបស់ជាតិយើងគឺអត់សាបសូន្យទេបើកាលណាយើងថយក្រោយគឺថាសម្បត្តិដែលវិរបុរសបន្សល់ទុកអោយគឺត្រូវបាត់ចាប់ពេលដែលខ្ញុំត្រូវលះបង់។

លោកសំ ចាន់ប៊ុនធឿន ដែលមានស្រុកកំណើតនៅខេត្តបាត់ដំបង បានផ្លាស់ទីលំនៅមករស់នៅភំ្នពេញជាមួយក្រុមគ្រួសាររបស់លោកដើម្បីផ្សព្វផ្សាយក្បាច់គុនរបស់ខ្មែរជិត១០មកហើយ។លោកប៊ុនធឿនធ្លាប់បានហាត់ក្បាច់គុននេះជាមួយនឹងជីតាទួតរបស់លោក ឈ្មោះអ៊ួម តាំងពីលោកអាយុ១៥ឆ្នាំមក។សព្វថ្ងៃ លោកប៊ុនធឿន បង្ហាត់យុទ្ធគុនខមនេះនៅ សង្កាត់ចាក់អង្រែក្រោម និងកូនប្រុសរបស់លោកក៏បង្ហាត់ក្បាច់គុននេះនៅក្លឹបមួយជិតក្លឹបពិសិដ្ឋសាច់ដុំក្បែរស្តុបបូកគោផងដែរ។

គេហទំព័ររបស់ ឱក សុគន្ធកញ្ញា ធ្វើឲ្យរំជើបរំជួលដល់អ្នកគាំទ្ររបស់នាង

ដោយអ៊ូ មុំ

មិនមានអ្នកចំរៀងកម្ពុជាច្រើនទេ ដែលមានគេហទំព័រផ្ទាល់ខ្លួន ។ ឱក សុគន្ធកញ្ញា គឺជាអ្នកចំរៀងកម្ពុជាទី២ប៉ុណ្ណោះ ដែលមានគេហទំព័រផ្ទាល់ខ្លួន ។

ដោយគ្រាន់តែវាយអក្សរ Aok Sokunkanha ទៅក្នុងGoogle Search រឺ វាយអក្សរ www.aok-sokunkanha.com នៅក្នុង Search គេនឹងអាចទស្សនានូវគេហទំព័ររបស់តារាចំរៀងល្បីវ័យក្មេងនៅកម្ពុជារូបនេះ ។

ឱក សុគន្ធកញ្ញាបានប្រាប់ ដឺភ្នំពេញប៉ុស្ត៌ថា “ខ្ញុំរំភើបចិត្តណាស់ដែលមានទស្សនិកជនជាច្រើនចុះឈ្មោះនៅលើ គេហទំព័ររបស់ខ្ញុំ តាំងពីមុនពេលខ្ញុំប្រកាសគេហទំព័រនេះទៅពួកគាត់ម្ល៉េះ ។”

អ្នកគាំទ្រយ៉ាងស្មោះស្ម័គ្ររបស់ ឱក សុគន្ធកញ្ញា បានតាមដានគ្រប់សកម្មភាពរបស់នាង ដែលជាហេតុ កំរនឹងធ្វើឲ្យព័តមានណាមួយរបស់នាង រំលងផុតពីការតាមដានរបស់ពួកគាត់ណាស់ ។ កញ្ញា សាន ជំនិត អាយុ១៦ឆ្នាំ តែងតែផ្តល់ព័តមានពីរាល់ការប្រគុំតន្រ្តីដែលមាន ឱក សុគន្ធកញ្ញា សំដែងដល់មិត្តភកិ្តរបស់នាង ។

ជំនិតបាននិយាយថា “ជាក់ស្តែងខ្ញុំបានដឹងថា នាងបានប្រកាសគេហទំព័រផ្ទាល់ខ្លួននៅលើកពា្ជក់ ទូរទស្សន៌ ប៉ុស៌្តលេខ៣ កាលពីចុងសប្តាហ៌មុនពេលបុណ្យភ្ជុំបិណ្យកន្លងទៅ ។ “

ជំនិតបន្តថា វេបសាយនេះគួរឲ្យចាប់អារម្មណ៌ណាស់ ព្រោះវាមានបង្ហោះនូវរូបភាព និងបទចំរៀងថ្មីៗរបស់ សុគន្ធកញ្ញា ជាពិសេសនោះគឺមានព័តមាននិងសកម្មភាពចុងក្រោយបំផុតរបស់នាង ។

អ្នកគាំទ្រ ម្នាក់ទៀត គឺយុវជន រ័ត្នសុធា បាននិយាយថា ប្អូនចូលចិត្តទាំងការស្លៀកពាក់ ក្បាច់រាំ និងការតុបតែងមុខ របស់នាង។ ទោះបីជាខ្ញុំមិនអាចបើកគេហទំព័រនេះដោយខ្លួនéងក៏ដោយ ក៏ខ្ញុំមានមិត្តភក្តិដែលគាំទ្រកញ្ញាជួយបើកឲ្យខ្ញុំ ព្រោះពួកយើងចង់ដឹងពីព័តមានថ្មីៗរបស់នាង។

តារាចំរៀងល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាសរូបនេះ បានឲ្យដឹងថា “ខ្ញុំបានស្វែងយល់ពីបច្ចេកវិទ្យានេះពីមិត្តភក្តិរបស់ខ្ញុំជិតមួយឆ្នាំហើយ ពួកគេជាអ្នកជួយបង្កើត និងបន្ថែមអ្វីថ្មីលើគេហទំព័រនេះ ។” “ខ្ញុំក៏បានដឹងថា មនុស្សទូទៅ និងគ្រប់ទីកន្លែងអាចបើកមើលវាបាន ។”

សុគន្ធ កញ្ញា កំពុងព្យាយាមឆ្លៀតពេលទំនេរខ្លះ ដើម្បីផ្តល់ព័តមាន និងរូបភាពប្លែកថ្មីរបស់នាងដាក់លើគេហទំព័ររបស់នាង ជាពិសេសគឺរូបភាពក្រៅឆាកនៅពេលកំពុងធ្វើការ ដូច្នេះហើយទើបនាងប្រាប់ថា “ឥឡូវខ្ញុំមានការងារបន្ថែមមួយទៀត គឺដាក់កាម៉េរ៉ាតាមខ្លួនជាប់ជានិច្ចនៅពេលធ្វើការ ។”

គេហទំព័រនេះ ចែកជា៧ផ្នែកគឺផ្នែក ទំព័រមុខ (Home) ជីវប្រវត្តិ (Profiles) វិចិត្រសាល (Gallery) ព្រឹត្តិការណ៌ (Events) ហាងរបស់ខ្ញុំ (My Shop) ឃ្លាំង (Store) និង ទំនាក់ទំនងយើងខ្ញុំ (Contact Us)។

ក្រៅពីនេះអ្នកទស្សនាក៏អាចជជែកកំសាន្តក៏ដូចជា ផ្ញើសារមកនាង ដោយគ្រាន់តែចូលទៅក្នុងវិចិត្រសាល(Gallery) និងចុះឈ្មោះលើគេហទំព័ររបស់នាង។

សុគន្ធកញ្ញានិយាយថា “ប្រសិនបើទស្សនិកជនទស្សនាគេហទំព័រនេះ ខ្ញុំចង់ឲ្យពួកគាត់ចុះឈ្មោះលើវា ដោយសរសេរព័តមានលំអិតរបស់ពួកគាត់ ដូច្នេះយើងនឹងអាចទាក់ទងគ្នាបាន ។”

ឱក សុគន្ធកញ្ញា គឺជាតារាចំរៀងកម្ពុជាទី២ប៉ុណ្ណោះដែលមានគេហទំព័រផ្ទាល់ខ្លួន បន្ទាប់ពីកញ្ញា សុគន្ធនិសា ដែលជាតារាចំរៀងល្បីនៅផលិតកម្មជាមួយគ្នា ។ ចំណែកកញ្ញា មាសសុខសោភា ដែលបច្ចុប្បន្នជាអ្នកចំរៀងប្រចាំផលិតកម្មសាន់ដេ ក៏ធ្លាប់ប្រកាសBlog របស់ខ្លួនទៅសាធារណជនផងដែរ ។

ទាក់ទងនឹងអាជីពបច្ចុប្បន្ន ឱក សុគន្ធកញ្ញា ប្រាប់ថា នាងកំពុងថតបទចំរៀងពិរោះៗជាច្រើនជាមួយនឹងតារាចំរៀងផ្សេងទៀតប្រចាំផលិតកម្មរស្មីហង្សមាស សំរាប់ទុកសំរាប់ពិធីបុណ្យអ៊ុំទូកខាងមុខនេះ ។

បច្ចេកវិទ្យាទី១នៃឡានបើកទ្វារដោយប្រើកំលាំងចិត្តរឺវិញ្ញាណ

ដោយអ៊ូមុំ

ដោយចំណាយពេលអស់រយៈពេលជិត២០ខែតាំងពីខែមករាឆ្នាំ២០០៨មក លោកញានផល្លឹកដែលស្ថាបនិកឡានអង្គរ បានចំណាយពេលដោយមិនកំណត់ជារៀងរាល់ថ្ងៃដើម្បីស្ថាបនាឡានអង្គរលើកទី៣របស់លោក។​លោកបានអះអាងថា​ឡាននេះត្រូវបានសំរេច៩៨%ហើយ។

លោកផល្លឹកបានប្រើការគិតរបស់លោកផ្ទាល់រួមផ្សំនឹងឧបនិស្ស័យនិងការអំនត់អត់ធនព្យាយាមគ្រប់បែបយ៉ាងដើម្បីស្ថាបនានូវរថយន្តដែលមានលក្ខណៈពិសេសច្រើនយ៉ាងដោយលោកបានអះអាងថាលោកមិនបានទៅរៀនសូត្រ នៅéណាក្រៅពីគិតនិងការពិសោធន៌ដោយខ្លួនéងនោះទេ។

ឡានទី៣នេះត្រូវបានចំណាយដើមទុនអស់ប្រហែល៥០០០ដូល្លាអាមេរិកដោយមិនគិតពីកំលាំងពលកម្មចំនួន២០ខែរបស់លោកតែម្នាក់éងតាំងពីការកាត់កពា្ចក់ដេរពូកផ្សារឡាននិងតោនផេ្សងៗដែលជាពិសេសនោះ​គឺលក្ខណៈពិសេសរបស់ឡានអង្គរ៣៣៣សេរី២០១០នេះខុសប្លែកពីឡានអង្គរ២០០៣និង២០០៤របស់លោក។

លក្ខណៈពិសេសរបស់ឡានអង្គរ៣៣៣សេរី២០១០ទ្វារឡានអាចបញ្ជាបើកបានដោយម្ចាស់ឡានតែម្នាក់គត់ដោយ​ប្រើកំលាំងចិត្តរឺវិញ្ញាណដោយមិនប្រើកាយវិការអ្វីទាំងអស់មិនមានដៃសំរាប់ទ្វារទាំងក្នុងនិងក្រៅហើយក៏គ្មានសោរសំរាប់ចាក់ដែរ។ពេលកំពុងបើកបរម្ចាស់រថយន្តមិនអាចប្រើចិត្តដើម្បីបើកទ្វារបានទេលុះត្រាតែពេលបញ្ឈប់ម៉ាសីុនទើបអាចបើកបាន។ប៉ុនែ្តលោកផល្លឹកក៏បានបញ្ជាក់ផងដែរថាយើងក៏អាចប្រើឧបករណ៌ម្យ៉ាងជំនួសការប្រើចិត្តផងដែរ។

ឡាននេះសុីសាំងសុទ្ធតែ៦លីត្រប៉ុណ្ណោះក្នុង១០០គីឡូម៉ែតហើយអាចបើកបានក្នុងចំងាយ៨០ទៅ១០០គីឡូម៉ែតក្នុង១ម៉ោងដោយទ្វារឡានរាងបញ្ឆិតពេលបើកឡើងមានសណានដូចជាព្រាបត្រដាងស្លាបហើយតួរថយន្តខាងក្រៅមានពណ៌ទឹកមាសនិងបញ្ចេញពន្លឺ៧ពណ៌ពេលត្រូវពន្លឺ។

ឡាននេះមិនមានម៉ាសីុនសំរាប់ចាក់ឌីសនោះទេប៉ុន្តែគេអាចចាក់ចំរៀងMP3ពីទូរស័ព្ទដៃដោយត្រូវដូរជើងទូរស័ព្ទដៃអោយ​ត្រូវនឹងឧបករណ៌ដាក់ទូរស័ព្ទដៃក្នុងរថយន្តនេះនោះសំលេងរបស់ចំរៀងនឹងលាន់លឺក្នុងឧបករណ៌បំពងសំលេងរបស់រថយន្ត។ពេលកំពុងស្តាប់ចំរៀងគេក៏អាចទទួលទូរស័ព្ទដោយលឺសំលេងគូសន្ទនាក្នុងឧបករណ៌បំពងសំលេងរបស់រថយន្តដែរ។

ពេលទ្វារឡានត្រូវបានបិទខ្លាំងៗរឺឡានត្រូវបានបើករលាក់ខ្លាំងក៏មានសំលេងថ្ងូរជាភាសាខែ្មរថាអ៊ូយ ឈឺណាស់សូមថ្នមៗបន្តិច!សោរឡានមិនអាចចំលងបានងាយស្រួលនោះទេ​ដោយលោកបញ្ជាក់ថាមិនអាច​ធ្វើសោរស្រដៀងគ្នាចាក់បានទេព្រោះខ្ញុំប្រើបច្ចេកវិទ្យាខ្ពស់ដើម្បីផលិតវា។បើសិនជាប្រើសោរផ្សេងមកចាក់នឹងមានសំលេងនិយាយជាភាសាខ្មែរប្រាប់ថាការបញ្ជាបើកបររបស់លោកអ្នកមិនត្រឹមត្រូវទេសូមត្រួតពិនិត្យការបញ្ជាបើកបរសារជាថ្មី ហើយក្នុងរយៈពេល៣០វិនាទីក្រោយមកឡានម៉ាសីុននឹងរលត់ដោយស្វ័យប្រវត្តិពេលនោះគេមិនអាច​បញ្ជាអ្វីបានទាំងអស់។

ស្រី្ត​កម្ពុជា​ចាប់​អារម្មណ៌​ពី​ការ​ផ្តល់​អានុភាព​ដល់​ស្រ្តី

ដោយ អ៊ូ មុំ

ការ​ផ្តល់​សន្ទរកថា​ជា​សាធារណៈ​មួយ​អំពី​ការ​ផ្តល់​អំណាច​ដល់​ស្រ្តី​បាន​ធ្វើ​ឡើង​រយៈ​ពេល​៥​សប្តាហ៌​នៅ​រាជធានី​ភ្នំពេញ​។ ដោយ​មាន​ការ​រៀបចំ​ពី​មូលនិធិ​ហាប់​ស្វែល (Harpswell Foundation) សន្ទរកថា​ប្រចាំ​សប្តាហ៌​នេះ​មាន​គោល​បំនង​ក្នុង​ការ​ផ្តល់​អានុភាព​និង​បណ្តុះ​គំនិត​យុវនារី​អោយ​ក្លាយ​ជា​អនាគត​អ្នក​ដឹក​នាំ​ដ៏​មាន​អានុភាព​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៌​ដូចជា​ប្រទេស​កម្ពុជា​។

ដើម្បី​រៀបចំ​នូវ​ព្រឹត្តិការណ៌​នេះ​ឡើង​មូលនិធិ​ហាប់ស្វែល​បាន​អញ្ជើញ​វាគ្មិន​មួយ​ចំនួន​ដែល​ជា​ស្រ្តី​អ្នក​ដឹក​នាំ​មក​ពី​ស្ថាប័ន​ផ្សេងៗ​គ្នា​។​កញ្ញា​លឹម​សូលីន​គឺ​ជា​វាគ្មិន​មួយ​រូប​ក្នុង​ចំនោម​នោះ​បាន​ចែក​រំលែក​បទ​ពិសោធន៌​និង​យោបល់​របស់​នាង​ក្នុង​ការ​ក្លាយ​ជា​អ្នក​ដឹកនាំ​ក្នុង​ស្ថាប័ន​ដ៏​ជោគជ័យ​មួយ​រូប​។

ក្នុងវ័យ២៩ឆ្នាំសូលីនបច្ចុប្បន្នគឺជាអ្នកសម្របសម្រួលរបស់អង្គការអុកស្វាម (Oxfam America) ប្រចាំតំបន់អាស៊ីបូព៌ាបានអោយដឹងថាសន្ទរកថានេះមិនផ្តោតសំខាន់តែវត្តមានរបស់ស្រ្តីប៉ុណ្ណោះទេថែមទាំងផ្តោតសំខាន់ទៅលើវត្តមានរបស់បុរសផងដែរដើម្បីទទួលបានគំនិតថ្មីពីភាគីបុរស។

ការដាក់ប្រធានបទអំពីការផ្តល់អំណាចដល់ស្រ្តីគឺដោយសារតែផ្នត់គំនិតសង្គមភាគច្រើនតែងចាត់ទុកស្រ្តីជាមេផ្ទះស្របពេលដែលមានអន្តរាគមន៌និងការផ្តល់ភាពងាយស្រួលដល់បុរសដើម្បីទទួលជោគជ័យច្រើនជាងនារី។

កញ្ញា លឹមសូលីនបានបន្តថាបញ្ហានេះមិនមែនកើតមានតែលើប្រទេសកម្ពុជាប៉ុណ្ណោះទេប៉ុន្តែវាក៏កើតឡើងនៅលើប្រទេសអាស៊ីភាគច្រើនផងដែរ។ប៉ុន្តែបើយើងប្រៀបធៀបជាមួយប្រទេសអភិវឌ្ឍនានាវិញឃើញថាស្រ្តីមិនត្រឹមតែជាមេផ្ទះប៉ុណ្ណោះទេពួកគេក៏អាចធ្វើអ្វីៗផ្សេងទៀតដែលគេចង់ធ្វើរួមទាំងជាមេដឹកនាំដ៏ខ្លាំងពូកែផងដែរ។

នៅវ័យ២២ឆ្នាំលឹមសូលីនត្រូវបានតែងតាំងអោយក្លាយជាប្រធានអង្គការសង្គមស៊ីវិលមួយកន្លែងដែលគ្រប់គ្រងលើធនធានធម្មជាតិនិងបរិស្ថាននៅប្រទេសកម្ពុជានិងប្រទេសផ្សេងៗទៀត។ដើម្បីក្លាយជាប្រធានអង្គការសូលីនបានប្រាប់ថានាងត្រូវធ្វើការច្រើនជាងបុរសដើម្បីទទួលបានជោគជ័យ។

អតីតប្រធានអង្គការវ័យកេ្មងរូបនេះបានអោយដឹងថានាងមិនបានខ្លាចរអារនឹងធ្វើជាអ្នកដឹកនាំគេនោះទេប៉ុនែ្តនាងព្រួយបារម្ភខ្លះៗអំពីការសង្ស័យរបស់បុគ្គលិកផ្សេងៗទៀតចំពោះសមត្ថភាពរបស់នាង។

សូលីនបានប្រាប់ទៅក្រុមនិស្សិតនារីរបស់មូលនិធិហាប់ស្វែលថាយើងត្រូវតែមានភាពជឿជាក់លើសមត្ថភាពរបស់ខ្លួនជាមុនសិនទើបអាចអោយអ្នកដទៃជឿជាក់លើយើងបាន។
ក្នុងសន្ទរកថានេះសូលីនបានលើកឡើងបីចំណុចដែលនាងជឿជាក់ថាជាគន្លឹះអាចអោយនារីជោគជ័យនៅក្នុងអាជីពរបស់ខ្លូន។
ទី១គឺការកំណត់គោលបំណងអោយបានច្បាស់លាស់និងត្រូវតាមចំណូលចិត្តរបស់ខ្លួនដែលស្របតាមភាពជាក់ស្តែងនិងអាចធ្វើទៅបាន។ទី២គឺការធ្វើបញ្ជីផែនការដោយត្រូវស្វែងរកអ្នកពិភាក្សាដែលជាមនុស្សគួរអោយទុកចិត្តហើយថែមទាំងមានជំនាញនិងមានបទពិសោធន៌លើគោលបំណងរបស់យើងផងដែរ។ខ្ញុំសូមផ្តល់យោបល់អោយប្អូនៗត្រួតពិនិត្យលើបញ្ជីផែនការរាល់១រឺ២ឆ្នាំម្ដងហើយកែតម្រូវលើវាប្រសិនបើចាំបាច់ផងដែរ។
ចំណុចចុងក្រោយគឺការជឿជាក់លើខ្លួន ដើម្បីសំរេចនូវគោលបំណង។ វាជាការសំខាន់ខ្លាំងណាស់ដែលយើងមិនបណ្តោយអោយផ្នត់គំនិតសង្គមនិងបរិយាកាសជុំវិញខ្លួនយើងមានឥទ្ធិពលមកលើការជឿជាក់របស់យើងបាន។

កញ្ញាសួនរស្មីនិស្សិតផែ្នកជីវៈវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានមកចូលរួមរាល់សន្ទរកថារៀងរាល់សប្តាហ៌តាំងពីថ្ងៃទី១២កក្កដាមកម្ល៉េះ។ខ្ញុំពិតជាអាចស្រូបយកបទពិសោធន៌យ៉ាងច្រើនពី ការស្តាប់យោបល់របស់ស្រ្តីដែលមានជោគជ័យ។វាពិតជាឱកាសដ៏ល្អសំរាប់និស្សិតមកពីខេត្តដូចជាពួកយើងតែងតែទទួលបានឱកាសតិចទាំងការសិក្សានិងការងារ។

ដូចគ្នានេះដែរកញ្ញាហេងលឹមហៀងដែលជានិស្សិតច្បាប់ម្នាក់ហើយកំពុងតែមានបំណងចង់ក្លាយជាសាស្ត្រាចារ្យផែ្នកច្បាប់ដ៏ល្បីឈ្មោះនៅពេលអនាគតក៏រីករាយនឹងការពិភាក្សាផ្តល់យោបល់ជាមួយអ្នកមានបទពិសោធន៌និងជោគជ័យដើម្បីសំរេចគោលដៅរបស់នាងដែរ។លឹមហៀងបាននិយាយថាខ្ញុំតែងតែទាក់ទងទៅអ្នកដែលជោគជ័យមិនថាវិស័យណាទេដើម្បីចង់ដឹងថាពីប្រវត្តិនៃភាពជោគជ័យរបស់ពួកគេ។

អ្នករៀបចំកម្មវិធីរបស់មូលនិធិហាប់ស្វែល Elyssa Ford និយាយថាខ្ញុំសង្ឃឹមថាមូលនិធិនេះនឹងអាចរៀបចំកម្មវិធីស្រដៀងៗបែបនេះទៀតដោយមានការចូលរួមពីវាគ្មិនចំរុះវិស័យពោលមានដូចជាអ្នកដឹកនាំរឿងអ្នកជំនួញនិងអ្នកនិពន្ធ ជាដើម។អ្នករៀបចំកម្មវិធីរូបនេះក៏បានលើកឡើងផងដែរពីគុណសម្បតិ្តកាន់តែប្រសើរនៃការពិភាក្សាប្រសិនបើមានភាគីបុរសចូលរួមផ្តល់យោបល់ផងដែរនោះ៕

Followers